សេរីភាពបញ្ចេញមតិ ត្រូវជជែកគ្នាក្នុងជំនួបរវាងលោក ហ៊ុន សែន និងអ្នករាយការណ៍ពិសេស UN

សង្គម

(អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេន​ឌ្រូ ជជែកជាមួយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។)

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេន​ឌ្រូ លើកយកបញ្ហាសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិ ជជែកជាមួយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

លោក ថម អេនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា បានមកទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២០ ដល់ ៣១ ខែកក្កដា។ 

អំឡុងពេលទស្សនកិច្ច អ្នករាយការណ៍រូបនេះ គ្រោងជួបជាមួយមន្ត្រីរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានតំណាងសង្គមស៊ីវិល ជនរងគ្រោះ អ្នករស់រានមានជីវិតពីការរំលោភបំពាន ព្រមទាំងភាគីពាក់ព័ន្ធនានាផ្សេងទៀត។

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ មានប្រសាសន៍ថា កំឡុងពេលពិភាក្សាគ្នា លោក អេនឌ្រូ លើកឡើងនូវបញ្ហាសិទ្ធិមនុស្សពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិនៅកម្ពុជា ប្រាប់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលបានឆ្លើយតបវិញថា រដ្ឋាភិបាលកម្ពុជាទាំងពេលនេះ និងពេលមុន បានបើកសិទ្ធិពេញលេញដល់ពលរដ្ឋក្នុងការបញ្ចេញមតិ ប៉ុន្តែត្រូវស្ថិតក្រោមច្បាប់។

លោកនិយាយថា៖ «លោក [ហ៊ុន សែន] បើកសិទ្ធិក្នុងការរិះគន់ក្នុងន័យស្ថាបនា ប៉ុន្តែបើប្រាសចាកពីរដ្ឋធម្មនុញ្ញកម្ពុជាហើយ នោះមិនមែនជាសិទ្ធិក្នុងការបញ្ចេញមតិទេ»។

លោក ធីរិទ្ធ បន្ថែមថា ប្រធានបក្សកាន់អំណាច លោក ហ៊ុន សែន ក៏ប្រាប់ទៅកាន់អ្នករាយការណ៍ពិសេសផងដែរថា គ្មានប្រទេសណាអនុវត្តប្រជាធិបតេយ្យ និងសិទ្ធិមនុស្សល្អឥតខ្ចោះនោះទេដោយសង្កត់ធ្ងន់ថា រាល់ចំណុចខ្វះខាត នឹងត្រូវបានកែតម្រូវ និងស្ថាបនាជាបន្តបន្ទាប់។

លោកបន្តថា៖ «សម្តេចតេជោ សង្ឃឹមថា លោក ថម អេនឌ្រូ នឹងបានធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាយ៉ាងជិតស្និទ្ធ ក្នុងការធ្វើយ៉ាងណា ដើម្បីធ្វើឱ្យវឌ្ឍនភាពអំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាកាន់តែល្អ»។

កាលពីពេលថ្មីៗនេះ សាលាដំបូងរាជធានីភ្នំពេញ សម្រេចកាត់ទោស អតីតអ្នកកាសែត និងជាអ្នករត់កង់បីដែលពិការជើងម្ខាងផងនោះ ឱ្យជាប់ពន្ធនាគារបួនឆ្នាំ ពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាលលើបញ្ហាព្រំដែន តាមបណ្តាញសង្គមហ្វេសប៊ុក។

បើតាមអង្គការលីកាដូ មានសកម្មជននយោបាយ ដីធ្លី សហជីព អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រើប្រាស់បណ្តាញសង្គមចំនួន ១២៥ នាក់ហើយ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន ពាក់ព័ន្ធនឹងការបញ្ចេញមតិពីបញ្ហាសង្គម។

លោក ម៉ៃ រុន បងប្រុសរបស់លោក ម៉ៃ បុត្រ បុគ្គលិកធនាគារដែលតុលាការ បានផ្តន្ទាទោសដាក់ពន្ធនាគារ ២ ឆ្នាំ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធការផ្ញើជាកម្រងសារសន្ទនាក្នុងក្រុមតេឡេក្រាមមួយដែលរិះគន់ថ្នាក់ដឹកនាំ ស្នើសុំរដ្ឋាភិបាលដោះលែងប្អូនរបស់ខ្លួនវិញ ដោយចាត់ទុក សារសន្ទនានោះ គ្រាន់តែជាការបញ្ចេញមតិ។ ជាងនេះទៅទៀត លោក រុន ថា ប្អូនរបស់លោកក៏មានកូនតូចៗចំនួន ៥ នាក់ ដែលមានអាយុក្រោម ៦ ឆ្នាំ ស្ថិតក្នុងបន្ទុកដែលត្រូវរ៉ាប់រងផងដែរ។

លោកនិយាយថា៖ «ខ្ញុំចង់ឱ្យថ្នាក់ដឹកនាំដោះលែងវិញ ..។មូលហេតុប្រពន្ធកូនមិនមានអ្នកណាចិញ្ចឹម កូនតូចៗ ៣ និង ៤ ឆ្នាំ ៥ នាក់នោះ អាយុចាប់ពី ៦ ឆ្នាំចុះ»។

ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញថា កន្លងមកនេះ មានពលរដ្ឋ សកម្មជននយោបាយ ការងារ បរិស្ថាន និងសកម្មជនសហជីពជាដើម ត្រូវបានចាប់ខ្លួន ឃុំខ្លួន ចោទប្រកាន់ និងកាត់ទោស ដែលពាក់ព័ន្ធនឹងការបង្ហោះ​សារ ការចែករំលែកព័ត៌មាន និងការសន្ទនាតាមបណ្តាញសង្គមជាដើម។

លោកនិយាយថា៖ «យើងជាអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកសិទ្ធិមនុស្សទាំងជាតិ និងអន្តរជាតិ គឺមានការព្រួយបារម្ភទៅលើបញ្ហាហ្នឹង។ បើសិនជាទាំងអាជ្ញាធរ ក៏ដូចជាតុលាការមិនបានបែងចែកឱ្យបានត្រឹមត្រូវថា អ្វីជាសេរីភាពក្នុងការបញ្ចេញមតិ អ្វីជាបទល្មើសទេ អាហ្នឹងអាចនឹងធ្វើឱ្យប៉ះពាល់ទៅដល់សេរីភាពក្នុងការបញ្ចេញមតិ»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3320}" data-page="1" data-max-pages="1" data-start="1" data-end="1">