សមាជិកគ្រួសារកំពុងទន្ទឹងចាំមើលផ្លូវអ្នកនេសាទខ្មែរ ៣ រូប ដែលថៃបានចាប់ខ្លួន និងកាត់ទោស បន្ទាប់ពីពួកគាត់ទទួលដំណឹងថា ថៃនឹងដោះលែងអ្នកនេសាទទាំងបីនាក់ឱ្យមានសេរីភាពវិញនៅចុងខែកក្កដា ឆ្នាំ២០២៦។
កញ្ញា ងឹម គឹមឡាយ វ័យ ១៩ ឆ្នាំ ជាប្អូនស្រីបង្កើតរបស់លោក ងឹម រដ្ឋ ដែលជាអ្នកនេសាទមួយរូបត្រូវថៃចាប់ខ្លួន និយាយថា កញ្ញាមានភាពសប្បាយរីករាយ ក្រោយទទួលដំណឹងថា បងប្រុសនឹងត្រូវបានដោះលែងវិញនៅថ្ងៃទី ៣០ ខែកក្កដានេះ។ ស្របពេលជាមួយគ្នា កញ្ញាក៏ស្នើឱ្យមន្ត្រីកម្ពុជាជូនបងប្រុសត្រឡប់មកវិញដោយសុវត្ថិភាព និងកាន់តែឆាប់រហ័ស។
កញ្ញា និយាយថា៖ «មានអារម្មណ៍ថាសប្បាយចិត្ត ហើយខ្ញុំសំណូមពរដល់អាជ្ញាធរកម្ពុជាឱ្យគាត់ជួយចាត់ចែងរឿងនេះ ឱ្យបានកាន់តែលឿនកាន់តែល្អ»។
ចំណែកលោក យ៉ង មុត អាយុ ៤០ ឆ្នាំ ជាបងជីដូនមួយរបស់អ្នកនេសាទពីរនាក់ដែលថៃចាប់ខ្លួន ដែលមានឈ្មោះ ជូន ភាព និង ងឹម រដ្ឋ។ លោក យ៉ង មុត ក៏ជាម្ចាស់ទូកនេសាទដែលថៃបានរឹបអូសទៅជាមួយអ្នកទាំងបីផងដែរ។
លោក មុត និយាយថា លោកបានទទួលដំណឹងរួចហើយ អំពីការដោះលែងអ្នកទាំងបីនាក់នោះ។ ទន្ទឹមនឹងនេះ លោកក៏ស្នើឱ្យអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍ឱ្យទូកនេសាទរបស់លោកបានត្រឡប់មកវិញដែរ ដើម្បីបន្តប្រកបរបរនេសាទសម្រាប់ចិញ្ចឹមប្រពន្ធ កូន។
លោក និយាយថា៖ «សំណូមពរដល់មន្ត្រីរាជការសុំជួយអន្តរាគមន៍យកទូកមករកស៊ីចិញ្ចឹមប្រពន្ធកូនវិញ ព្រោះអីយើងមានតែមុខរបរហ្នឹង បើគេយកទៅ ហើយយើងជំពាក់គេទៀត ខ្ចីលុយគេមកទិញរកស៊ី»។
អ្នកនាំពាក្យស្ដីទីនៃក្រសួងការបរទេសកម្ពុជាលោក ចាន់ រតនា មានប្រសាសន៍ថា ភាគីថៃបានយល់ព្រមដោះលែងអ្នកនេសាទខ្មែរ ៣ រូប នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីមានការតវ៉ាពីមន្ត្រីកម្ពុជាជាច្រើនលើកច្រើនសារ។ លោកបន្តថា អាជ្ញាធរថៃបានសម្រេចបន្ធូរបន្ថយទោសពួកគេ នៅថ្ងៃបុណ្យចម្រើនព្រះជន្មមហាក្សត្រថៃ។
ដោយឡែកករណីទូកនេសាទខ្មែរ លោកថា អាជ្ញាធរថៃតម្រូវឱ្យភាគីកម្ពុជាដោះស្រាយតាមយន្តការតុលាការ ដោយម្ចាស់ទូកត្រូវរកមេធាវីដោះស្រាយតាមច្បាប់របស់ថៃ។
លោកនិយាយថា៖ «ដោយសារកន្លងមកមានបុណ្យមហាក្សត្រថៃចម្រើនព្រះជន្ម ថៃបានសុំនីតិវិធីក្នុងការលើកលែងទោស បន្ធូរបន្ថយទោស ហើយស្ថានអគ្គកុងស៊ុលយើងក៏ចេញចូលតវ៉ាឱ្យដោះលែង។ ឥឡូវនេះ ខាងពន្ធនាគារថៃប្រាប់ថា គេនឹងដោះលែងថ្ងៃទី ៣០ ខែ ៧ នេះ»។
កាលពីថ្ងៃទី ១ ខែមេសា តុលាការខេត្តត្រាតថៃ បានកាត់ទោសអ្នកនេសាទខ្មែរទាំង ៣ នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ៤ ខែ ដល់ ១ ឆ្នាំ ៤ ខែ និងផាកពិន័យ ៥០០ បាត ក្នុងមួយថ្ងៃ ក្រោមបទចោទចូលដែនទឹកថៃ និងនេសាទខុសច្បាប់។ បន្ទាប់មក ពួកគេក៏បានផ្ញើក្ដីនឹករលឹករួមគ្នាតាមរយៈសំបុត្រសរសេរដោយផ្ទាល់ដៃមកកាន់ក្រុមគ្រួសារ កាលពីខែមិថុនាកន្លងទៅ ឱ្យបានដឹងពីសុខទុក្ខ អំឡុងពេលរស់នៅក្នុងពន្ធនាគារថៃ។
អ្នកនេសាទខ្មែរទាំង ៣ នាក់នេះ ត្រូវបានកងទ័ពជើងទឹកថៃចាប់ខ្លួនកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលថៃចោទថា បានចូលនេសាទត្រីក្នុងដែនសមុទ្រថៃនៅក្បែរខេត្តត្រាត។
ក្រោយការចាប់ខ្លួនភ្លាមៗ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីប្រកាសដោយច្រានចោលការចោទនេះ និងទាមទារឱ្យភាគីថៃដោះលែងពលរដ្ឋខ្មែរត្រឡប់មកវិញជាបន្ទាន់។ កម្ពុជានិយាយថា កងទ័ពជើងទឹកថៃបានចាប់ខ្លួនអ្នកនេសាទខ្មែរទាំងនោះ ក្នុងដែនទឹកកម្ពុជា ដែលស្ថិតនៅក្បែរកោះយ៉រ ខេត្តកោះកុង។
លុះក្រោយមក អាជ្ញាធរថៃសម្រេចឃុំខ្លួនពួកគេទាំង ៣ នាក់ ក្នុងពន្ធនាគារខេត្តត្រាតជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ចំនួន ៤ បទល្មើស។ បទចោទទាំងនោះរួមមាន ការគ្រប់គ្រង ប្រើប្រាស់នាវាសញ្ជាតិបរទេស និងទី ២ រួមគ្នាធ្វើនេសាទបែបពាណិជ្ជកម្មដោយគ្មានការអនុញ្ញាតពីថៃ។ ទី ៣ ជនបរទេសដែលចូលទឹកដីថៃដោយខុសច្បាប់ និងបទចោទទី ៤ ពាក់ព័ន្ធនឹងការបង្កើត និងប្រើប្រាស់វិទ្យុទាក់ទងដែលគ្មានច្បាប់អនុញ្ញាត៕







