សំឡេងពីក្រោយទ្វារបិទជិត បង្ហាញការឈឺចាប់របស់អ្នកធ្វើការតាមផ្ទះដែលគេមើលមិនឃើញ

សិទ្ធិការងារ

(រូបភាពក្រុមបណ្ដាញអ្នកសម្អាតជួបជុំគ្នាចែករំលែកបទពិសោធន៍ចំណេះដឹង ឱ្យគ្នា )ហ្វេសប៊ុកបណ្ដាញអ្នកសម្អាត២០១៨)។

ទីក្រុងភ្នំពេញជាបេះដូងសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលបង្ហាញពីការរីកចម្រើន តាមរយៈការ​កើនឡើងនៃអគារខ្ពស់ៗ និងផ្ទះវីឡាប្រណីតជាច្រើន។ ទោះជាយ៉ាងណា នៅពីក្រោយភាពស៊ីវិល័យ និងភាពរីកចម្រើននេះ វានៅតែមានបញ្ហាសង្គមមួយចំនួនដែលមិនអាចមើលរំលងបាន ជាពិសេសសម្រាប់ក្រុមស្ត្រីដែលបម្រើការងារតាមផ្ទះក្នុងសម័យទំនើប។

ជាក់ស្តែង របងទ្វារដែលបិទជិតនៅក្នុងគេហដ្ឋានមួយចំនួន បានលាក់បាំងនូវសកម្មភាពកេងប្រវ័ញ្ចកម្លាំងពលកម្ម ពីសំណាក់ថៅកែមួយចំនួន។ បញ្ហាទាំងនេះអាចកើតឡើងដោយសារការចាត់ទុកស្ត្រីទាំងនោះត្រឹមជាអ្នកបម្រើ បណ្តាលឱ្យពួកគេក្លាយជាក្រុមងាយរងគ្រោះ ហើយមិនទទួលបានការការពារយ៉ាងគ្រប់គ្រាន់ពីប្រព័ន្ធច្បាប់។

«យើងមើលទៅឃើញតែថា អ្នកធ្វើការតាមផ្ទះ គ្រាន់ធ្វើម្ហូបធ្វើអី គ្រាន់តែជូតផ្ទះ ជូតអី វាមិនបញ្ហា។ អត់ទេ! ប្រឈមខ្លាំងមែនទែន ប្រឈមនឹងការបៀតបៀន ប្រឈមនឹងគ្រោះថ្នាក់ [ការងារ]»។ នេះជាសម្តីរៀបរាប់ទាំងអួលដើមករបស់អ្នកស្រី យ៉ុង ស្រីមុំ វ័យ ៥១ ឆ្នាំ ដែលបំពេញការងារជាអ្នកធ្វើការតាមផ្ទះនៅក្នុងទីក្រុងភ្នំពេញរយៈពេល ៦ ឆ្នាំមកហើយ។

អ្នកស្រី យ៉ុង ស្រីមុំ បានសម្រេចចិត្តធ្វើការងារតាមផ្ទះនៅក្នុងឆ្នាំ ២០២០ ដើម្បីការរស់រានមានជីវិត និងការចិញ្ចឹមកូន ២ នាក់ ក្រោយបែកបាក់ស្វាមី។ ការងារដំបូងរបស់គាត់ គឺធ្វើការនៅផ្ទះថៅកែជនជាតិខ្មែរម្នាក់ ទទួលបានប្រាក់ខែ ២៥០ ដុល្លារ ដោយត្រូវធ្វើការរយៈពេល ១០ ម៉ោងក្នុងមួយថ្ងៃ និង ៦ ថ្ងៃក្នុងមួយសប្តាហ៍។ អ្នកស្រីប្រាប់ថា គាត់មិនទទួលបានប្រាក់បន្ថែមម៉ោង ឬថ្ងៃឈប់សម្រាកដែលកំណត់ដោយច្បាប់នោះទេ។

អ្នកស្រីរម្លឹកថា៖ «ធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ យើងឈប់បានតែថ្ងៃអាទិត្យមួយថ្ងៃទេ។ ម៉ោង ៧ ដល់ម៉ោង ៥ ល្ងាច ធម្មតាយើងធ្វើតែ ៨ ម៉ោង តែនេះ ១០ ម៉ោង។ កាលណោះយើងអត់ដឹងថាម៉ោងធ្វើការអីម៉េច ប.ស.ស អីម៉េចយើងអត់ទាន់ដឹង។ ពេលទៅធ្វើការដំបូង យើងអត់មានលុយ ខ្ញុំដើរទៅធ្វើការពីផ្សារទឹកថ្លា ទៅសាលាឥន្ទ្រទេវី។ ខ្ញុំដើរទៅដើរមក ម៉ោង ៦ ម៉ោង ៥ កន្លះ [ព្រឹក] អីខ្ញុំដើរទៅហើយ»។

ដោយសារលក្ខខណ្ឌការងារមិនសមរម្យ អ្នកស្រីក៏បានសម្រេចចិត្តឈប់បន្ទាប់ពីធ្វើការបានមួយឆ្នាំ។

ក្រោយមកអំឡុងឆ្នាំ ២០ cylinders២២ អ្នកស្រីបានធ្វើការឱ្យថៅកែបរទេសដែលមានប្រពន្ធជាជនជាតិខ្មែរ ដែលជាម្ចាស់អគារស្នាក់នៅ (Apartment) មួយកន្លែងក្នុងក្រុងភ្នំពេញ។ នៅទីនោះហើយ ដែលអ្នកស្រីត្រូវជួបប្រទះការងារដែលប្រឈមគ្រោះថ្នាក់ដល់ជីវិត ទោះអ្នកស្រីមិនចង់ធ្វើក៏ដោយ។

អ្នកស្រីរៀបរាប់ទាំងទឹកភ្នែកថា៖ «ថ្ងៃមួយនោះ! ខ្ញុំឡើងជូតកញ្ចក់ជាន់ទី ៨ ប៉ុន្តែផុតដៃទៅ ធ្លាក់។ វាចេះធ្លាក់មកខាងក្នុង [បន្ទប់] បើសិនយើងធ្លាក់មកខាងក្រៅ យើងពិការអីទៅធ្វើម៉េច បាត់បង់ជីវិតអីចឹងទៅ! យើងអត់មានអីទេ [កិច្ចសន្យាការងារ]។ បើគេមិនបង់លុយឱ្យយើង! យើងនៅក្នុងផ្ទះគេ យើងអត់អាចធ្វើអីកើតទេ។ ធម្មតាគេឱ្យយើងធ្វើទាំងអស់ ជូតកញ្ចក់ បោសសម្អាតពីងពាងខ្ពស់ៗណាស់។ អ្នកធ្វើការងារផ្ទះពិបាកណាស់ មិនស្រួលទេ។ ខ្ញុំប្រាប់គាត់ [ថៅកែ] គាត់ថា មកពីយើងធ្វើអត់ប្រយ័ត្ន»។

ក្រៅពីគ្រោះថ្នាក់ការងារ អ្នកស្រីក៏រងការបៀតបៀនរាងកាយពីភ្ញៀវបរទេសម្នាក់ដែលស្នាក់នៅក្នុងអគារនោះជាច្រើនលើក។ ទោះអ្នកស្រីបានរាយការណ៍ទៅកាន់ប្រពន្ធថៅកែ ដែលជាជនជាតិខ្មែរដូចគ្នាក៏ដោយ ក៏មិនមានការអន្តរាគមន៍ ឬដោះស្រាយណាមួយឡើយ រហូតគាត់បង្ខំចិត្តលាឈប់ពីការងារជាលើកទី២។

អ្នកស្រីនិយាយថា៖ «វាច្រើនដង! ២ ទៅ ៣ ដង។ ខ្ញុំប្រាប់ថៅកែគេអត់ដោះស្រាយឱ្យយើងទេ។ គាត់មានបំណងអត់ល្អមកលើយើង និយាយទៅគាត់បៀតបៀន។ លើកទី២ គាត់សង្គ្រប់ខ្ញុំ។ ខ្ញុំរត់រួច ខ្ញុំប្រយ័ត្នណាស់។ ក្រោយមកជនជាតិ [បរទេស] ហ្នឹងគាត់សង្គ្រប់ខ្ញុំម្តងទៀត។ ទៅប្រាប់គេអត់ដោះស្រាយឱ្យ។ យើងអត់មានអីតវ៉ាគេ យើងខ្លាច យើងមានតែឈប់»។

ក្រៅពីអ្នកស្រី យ៉ុង ស្រីមុំ ស្ត្រីជាច្រើនផ្សេងទៀតដែលធ្វើការងារតាមផ្ទះ ក៏បានជួបប្រទះបទពិសោធន៍ជីវិតដ៏លំបាក និងជូរចត់មិនខុសគ្នាប៉ុន្មានដែរ។ ជាពិសេស ការរំលោភបំពានផ្លូវចិត្តបានក្លាយជាបញ្ហាដែលកើតមានជាញឹកញាប់ ដោយបង្ហាញខ្លួនតាមរយៈការមើលងាយ ការជេរប្រមាថ និងអាកប្បកិរិយាដែលបន្ថយតម្លៃមនុស្ស។ សកម្មភាពទាំងនេះបានបង្កើតជាសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ ធ្វើឱ្យស្ត្រីទាំងនោះរស់នៅក្នុងភាពភ័យខ្លាច ខណៈដែលពួកគេមិនទទួលបានការការពារឬការគាំទ្រដែលគ្រប់គ្រាន់។

ស្ត្រីជនជាតិភាគតិចមកពីខេត្តរតនគិរី គឺអ្នកស្រី ថុន ស្រីមុំ អាយុ ៤៤ ឆ្នាំ បានចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងអាជីពជាអ្នកធ្វើការងារតាមផ្ទះជាង ១០ ឆ្នាំមកហើយក្នុងរាជធានីភ្នំពេញ។

អ្នកស្រីថា ចាប់តាំងពីឆ្នាំ ២០១២ មក គាត់បានឆ្លងកាត់ការងារជាអ្នកមើលថែកូនក្មេង ធ្វើម្ហូប និងសម្អាតផ្ទះឱ្យថៅកែជាច្រើនខុសៗគ្នាមានទាំងជនជាតិខ្មែរ និងបរទេស ហើយនិយោជកខ្លះមិនបានចាត់ទុកគាត់ជា «បុគ្គលិក» ឡើយ។

អ្នកស្រីនិយាយថា៖ «គាត់ចាត់ទុកយើងជាអ្នកបម្រើតាមផ្ទះដាច់ថ្លៃតែម្តង! គាត់ចាត់ទុកថាអ្នកធ្វើការងារតាមផ្ទះហ្នឹងគឺជាអ្នកល្ងង់ខ្លៅ បើចេះគេមិនមែនមកធ្វើការតាមផ្ទះទេ»។

អ្នកស្រីរៀបរាប់ទៀតថា បច្ចុប្បន្នគាត់ធ្វើការទាំងគ្មានកិច្ចសន្យាការងារត្រឹមត្រូវ និងគ្មានបណ្ណ ប.ស.ស ទេ ដោយសារតែគាត់គ្មានកិច្ចសន្យាការងារច្បាស់លាស់ និងប្រាក់ចំណូលមិនទៀងទាត់។

បើតាមអ្នកស្រី ថុន ស្រីមុំ ក្រោយឆ្លងកាត់ការផ្លាស់ប្តូរថៅកែជាច្រើននាក់ បច្ចុប្បន្នគាត់ទទួលបានថៅកែបរទេសម្នាក់ដែលផ្តល់សេរីភាពខ្លះដល់គាត់ តែកិច្ចសន្យាការងាររបស់គាត់នឹងត្រូវបញ្ចប់នៅខែសីហាខាងមុខនេះ ដែលតម្រូវឱ្យត្រូវស្វែងរកថៅកែថ្មីទាំងប្រថុយប្រថានទៀត។

បន្ថែមលើនេះ អ្នកស្រីថា មិត្តភក្តិរួមអាជីពខ្លះដែលរស់នៅក្នុងផ្ទះវីឡាធំៗ ពេលខ្លះពេញមួយខែមិនដែលបានដើរចេញក្រៅរបងផ្ទះដើម្បីជួបជុំអ្នកដទៃទាល់តែសោះ ដែលបង្កជាសម្ពាធផ្លូវចិត្តខ្លាំង ប៉ុន្តែពួកគេបង្ខំចិត្តទ្រាំ ដោយសារមានបន្ទុកបំណុលធនាគារ និងចិញ្ចឹមកូនក្នុងបន្ទុក។

អ្នកស្រីបញ្ជាក់ថា៖ «បងប្អូនស្រីៗខ្លះ គាត់នៅផ្ទះគេ ផ្ទះវីឡាធំៗ ហើយរបងបិទជិតៗ ជួនកាលមួយខែគាត់មិនបានចេញក្រៅរបងផ្ទះម្តងក៏មានដែរ។ សូមជួយយកចិត្តទុកដាក់ពួកគាត់ផង ពេលខ្លះគាត់ស្ត្រេស យូរៗគាត់ចេញក្រៅម្តង ហើយជួបគ្នាយើងអ្នកធ្វើការតាមផ្ទះ សួរសុខទុក្ខគ្នាទៅគាត់ស្ត្រេស [តានតឹងចិត្ត] គាត់អត់ដែលចេញមកខាងក្រៅ»។

ស្ត្រីធ្វើការតាមផ្ទះម្នាក់ទៀត គឺអ្នកស្រី វ៉ុន គឹមស្រ៊ី បានមករស់នៅក្រុងភ្នំពេញ ដើម្បីស្វែងរកប្រាក់ចំណូលចិញ្ចឹមជីវិត កាលពីឆ្នាំ ២០០៧ ដោយចាប់អាជីពជាអ្នកធ្វើការតាមផ្ទះដែរ។

ស្ត្រីវ័យ ៤៦ ឆ្នាំរូបនេះ បានជួបប្រទះនូវការលំបាកយ៉ាងខ្លាំងក្នុងការប្រាស្រ័យទាក់ទងគ្នាព្រោះថៅកែជាជនបរទេស ធ្វើឱ្យគាត់រងនូវការស្តីបន្ទោស និងការមើលងាយ។ សម្ពាធផ្លូវចិត្ត ធ្លាប់បានរុញច្រានឱ្យអ្នកស្រីចង់សម្លាប់ខ្លួនម្តងម្កាលថែមទៀតផង។

អ្នកស្រីរៀបរាប់ថា៖ «យើងអត់មានសិទ្ធិតវ៉ា យើងត្រូវតែធ្វើ យើងអត់មានជម្រើស ការងារហ្នឹងគឺទ្រាំធ្វើ។ អត់ទាន់ប៉ះដល់អំពើហិង្សាលើរាងកាយទេ តែអំពើហិង្សាផ្លូវចិត្ត ពាក្យសម្តីអសុរោះ ភាសាមិនពិរោះស្តាប់! ពេលខ្លះគិតចង់សម្លាប់ខ្លួន»។

បច្ចុប្បន្នអ្នកស្រី ធ្វើការងារតាមផ្ទះឱ្យជនបរទេស តែមិនមានបណ្ណ ប.ស.ស និងកិច្ចសន្យាការងារត្រឹមត្រូវទេ។ អ្នកស្រីស្នើដល់រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធយកចិត្តទុកដាក់លើវិស័យនេះ តាមរយៈការផ្ដល់បណ្ណមូលនិធិសមធម៌សុខាភិបាល ឬបណ្ណ ប.ស.ស ដើម្បីធានារ៉ាប់រងលើសុខភាព ដូចកម្មកររោងចក្រ ឬវិស័យផ្សេងៗទៀត។

អ្នកស្រីថា៖ «សុំកុំរើសអើងពួកខ្ញុំដែលជាកម្មករធ្វើការងារតាមផ្ទះ។ ព្រោះពួកខ្ញុំយកកម្លាំងញើសឈាម កម្លាំងបរិសុទ្ធ កម្លាំងចិត្តកម្លាំងកាយ ទៅដូរយកប្រាក់ អត់មានទៅឆក់ប្លន់ អត់មានទៅធ្វើអំពើដែលសង្គមគេស្អប់ខ្ពើមទេ»។

បញ្ហាដែលស្ត្រីធ្វើការងារតាមផ្ទះនៅកម្ពុជាកំពុងជួបប្រទះ មិនមែនជារឿងដាច់ដោយឡែកនោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីវិបត្តិជាសកលដែលធ្លាក់ចូលក្នុងទម្រង់នៃទាសភាពសម័យថ្មី។

របាយការណ៍សកលស្តីពីទាសភាពសម័យទំនើបរបស់អង្គការសហប្រជាជាតិ (UN) ចេញផ្សាយនៅខែកញ្ញា ឆ្នាំ ២០២២ បានបង្ហាញទិន្នន័យថា មានមនុស្សប្រហែល ៥០ លាននាក់ នៅលើពិភពលោកកំពុងរស់នៅក្នុងស្ថានភាពទាសភាពសម័យថ្មី ហើយក្នុងចំណោមមនុស្ស ១៥០ នាក់ មានម្នាក់ជាជនរងគ្រោះ។

ទាសភាពសម័យទំនើប សំដៅដល់ស្ថានភាពនៃការកេងប្រវ័ញ្ច ដែលបុគ្គលម្នាក់ត្រូវបានគេគ្រប់គ្រង បង្ខំឱ្យធ្វើការងារ ឬសកម្មភាពណាមួយប្រឆាំងនឹងឆន្ទៈរបស់ខ្លួន ហើយមិនអាចបដិសេធបាន ដោយសារការគំរាមកំហ脅 អំពើហិង្សា ការបង្ខិតបង្ខំ ការបោកប្រាស់ និងការរំលោភបំពានអំណាចជាដើម។

បើតាមរបាយការណ៍ដដែល ក្នុងចំណោមនោះ មាន ២៧.៦ លាននាក់ ធ្លាក់ក្នុងស្ថានភាពបង្ខំឱ្យលក់កម្លាំងពលកម្ម ដោយក្នុងនោះមាន ៨៦% កើតឡើងក្នុងវិស័យឯកជន ដូចជាការងារតាមផ្ទះ សំណង់ និងកសិកម្ម។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ឱ្យដឹងថា ទិន្នន័យកាលពីឆ្នាំ ២០១២ អ្នកធ្វើការតាមផ្ទះនៅកម្ពុជាមាន ២៥ ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី តែមិនទាន់មានការធ្វើបច្ចុប្បន្នភាពចំនួនអ្នកធ្វើការតាមផ្ទះក្នុងឆ្នាំ ២០២៦ នេះទេ។

យ៉ាងណា លោកថា បើពិនិត្យលើការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការធ្វើការហួសម៉ោងកំណត់ ទទួលបានប្រាក់ឈ្នួលទាប គឺមានរហូតដល់ ៩០ ភាគរយ ហើយចំពោះការចុះបញ្ជីបណ្ណ ប.ស.ស. វិញ មានប្រមាណ ១០ ភាគរយប៉ុណ្ណោះនៃចំនួនអ្នកធ្វើការងារតាមផ្ទះទាំងអស់។

លោកគូសបញ្ជាក់ទៀតថា ឧបសគ្គចម្បងគឺដោយសារតែក្រសួងការងារតម្រូវឱ្យម្ចាស់ផ្ទះ ឬថៅកែ ជាអ្នកទៅចុះបញ្ជី ប៉ុន្តែម្ចាស់ផ្ទះរហូតដល់ទៅ ៩០ ភាគរយ មិនទាន់បានទៅចុះបញ្ជីជូនកម្មកររបស់ខ្លួនទេ។

បច្ចុប្បន្ន ស្ត្រីធ្វើការតាមផ្ទះ និងសង្គមស៊ីវិលកំពុងសកម្មក្នុងការតស៊ូមតិដើម្បីឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តអនុសញ្ញាលេខ ១៨៩ របស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលជាច្បាប់អន្តរជាតិគាំពារសិទ្ធិអ្នកធ្វើការងារតាមផ្ទះ។

កាលពីថ្ងៃ ១៦ ខែមិថុនា ឆ្នាំ ២០២៦ ក្នុងទិវាអន្តរជាតិកម្មករការងារតាមផ្ទះ សមាគម IDEA និងតំណាងកម្មករការងារតាមផ្ទះ បានដាក់ញត្តិនៅក្រសួងការងារ ដើម្បីជំរុញការផ្តល់សច្ចាប័នលើអនុសញ្ញាលេខ ១៨៩ របស់អង្គការពលកម្មអន្តរជាតិ (ILO) ដើម្បីធានាការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ។

លោក វន់ ពៅ បញ្ជាក់ថា ប្រទេសក្នុងតំបន់ដូចជា ហ្វីលីពីន និងស្រីលង្កា បានផ្តល់សច្ចាប័នអនុសញ្ញានេះរួចរាល់ហើយ ប៉ុន្តែកម្ពុជា មិនទាន់មានការអនុវត្តនៅឡើយ។

លោកគូសបញ្ជាក់ថា៖ «អនុសញ្ញា ១៨៩ នេះ វាមានសារៈប្រយោជន៍សម្រាប់កម្មករដែលធ្វើការតាមផ្ទះក្នុងស្រុកគឺ ទទួលបានប្រាក់ឈ្នួលសមរម្យ ទទួលបានការគោរពសិទ្ធិ មានម៉ោងឈប់សម្រាក មានប្រាក់ឈ្នួលអប្បបរមា មានកិច្ចសន្យាការងារ និងមានការទទួលស្គាល់ជាផ្លូវការថា កម្មករតាមផ្ទះមានសិទ្ធិដូចកម្មករដទៃដែរ»។

លើសពីនេះ លោកថា អនុសញ្ញានេះ ក៏ជួយការពារសិទ្ធិស្ត្រីខ្មែរដែលចំណាកស្រុកទៅធ្វើការងារផ្ទះនៅបរទេស ដូចជា ម៉ាឡេស៊ី ឬអារ៉ាប៊ីសាអូឌីតជាដើម តាមរយៈកាតព្វកិច្ចការពាររួមគ្នារវាងប្រទេសបញ្ជូន និងប្រទេសទទួលផងដែរ។

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បញ្ជាក់ថា ប្រទេសកម្ពុជាតែងតែគិតគូរនិងផ្តល់អាទិភាពខ្ពស់ជូនចំពោះកម្មករនិយោជិតទាំងអស់ រួមទាំងអ្នកធ្វើការតាមផ្ទះផងដែរ ដោយលើកកម្ពស់ការងារសមរម្យ និងកិច្ចគាំពារសង្គមស្របតាមច្បាប់។

លោកបន្តថា៖ «យើងកំពុងបន្តសិក្សា និងវាយតម្លៃពីផលវិជ្ជមាន និងផលជះ និងបន្តថ្លឹងថ្លែងក្នុងកម្រិតតំបន់ផងដែរដើម្បីធានាផលប្រយោជន៍ល្អបំផុតសម្រាប់គ្រប់ភាគី។ ជាមួយគ្នានេះ ក្រសួងការងារ ក៏សូមអំពាវនាវឱ្យបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកធ្វើការតាមផ្ទះសិក្សាជំនាញដោយឥតគិតថ្លៃដើម្បីទទួលបានជំនាញលឿនរហ័ស និងការងារមានចំណូលសមរម្យ»។

ត្រលប់ទៅកាន់ជីវិតរបស់អ្នកស្រី យ៉ុង ស្រីមុំ វិញ ក្នុងរយៈពេល ៦ ឆ្នាំក្នុងការងារជាស្ត្រីធ្វើការតាមផ្ទះដែលធ្លាប់រងការបំពានរាងកាយ និងកេងប្រវ័ញ្ចកម្លាំងពលកម្ម បច្ចុប្បន្នអ្នកស្រីបានបំពេញការងារជាមួយថៅកែជនបរទេសម្នាក់ដែលឱ្យសេរីភាពខ្លះដល់គាត់ខុសពីថៅកែមុនៗ។ ប៉ុន្តែគាត់នៅតែបន្តតស៊ូមតិ និងទាមទារឱ្យក្រសួងការងារ អនុវត្តអនុសញ្ញាលេខ ១៨៩ របស់អង្គការពលកម្មអន្តរជាតិ (ILO) សម្រាប់ស្ត្រីធ្វើការងារតាមផ្ទះទាំងអស់នៅកម្ពុជា។

អ្នកស្រី យ៉ុង ស្រីមុំ និយាយថា៖ «ខ្ញុំចង់សំណូមពរឱ្យក្រសួងជួយសម្របសម្រួល បង្កើតបណ្ណ ប.ស.ស (បេឡាជាតិរបបសន្តិសុខសង្គម) ដល់អ្នកធ្វើការងារតាមផ្ទះ ដូចជាកម្មកររោងចក្រដែរ។ កន្លងមក ពេលយើងទៅស្នើសុំ គឺមន្ត្រីតែងតែបដិសេធ ដោយសារយើងមិនមានប្រាក់ខែទៀងទាត់ ឬមិនដឹងថាឈប់ធ្វើការថ្ងៃណា។ ម្យ៉ាងទៀត យើងចង់ឱ្យមានកិច្ចសន្យាការងារត្រឹមត្រូវ ដើម្បីការពារសិទ្ធិ និងផ្ដល់ភាពកក់ក្ដៅ»៕

(អត្ថបទដោយ៖ សែន សច្ចៈ)

សិទ្ធិការងារ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3066}" data-page="1" data-max-pages="1" data-start="1" data-end="1">