ថៅកែនិងសហជីពឱ្យរដ្ឋាភិបាលជាអ្នកកំណត់ប្រាក់ខែគោលកម្មកររោងចក្រ

សង្គម

​សេចក្ដី​ថ្លែងការណ៍​រួម​មួយរបស់សម្ព័ន្ធសហជីព​ ​សហព័ន្ធ​សហជីព និង​អង្គការ​សង្គម​ស៊ីវិលចំនួន ២៨​ស្ថាប័ន​ស្នើដំឡើង​ប្រាក់ឈ្នួល​អប្បបរមាដល់កម្មកររោងចក្រកាត់ដេរ សម្រាប់ឆ្នាំ២០២៦ កាលពីកាលពីថ្ងៃទី២ ខែកញ្ញា​ ឆ្នាំ២០២៥។ (រូបភាព៖ សង់ត្រាល់)

តំណាងភាគីសហជីពភាគច្រើននិងថៅកែរោងចក្រ បានឯកភាពគ្នាមិនលើកសំណើតួលេខប្រាក់ឈ្នួលអប្បបរមាណាមួយនោះទេ ដោយទុកឱ្យភាគីរដ្ឋាភិបាលជាអ្នកកំណត់ប្រាក់ខែគោលសម្រាប់ឆ្នាំ២០២៦។ ការ​ឯកភាព​គ្នា​នេះ​ធ្វើ​ឡើង​ក្នុងកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាលើកទី២១ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២០២៥។

តាមរយៈសេចក្ដីជូនដំណឹង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ឱ្យដឹងថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានប្រជុំដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនោះ ខាងតំណាងកម្មករ និងថៅកែរោងចក្របានឯកភាពគ្នាថា មិនលើកតួលេខប្រាក់ខែគោល​ណា​​មួយឡើយ ដោយទុកឱ្យភាគីរដ្ឋាភិបាលកំណត់ជូនពួកគេ។

សេចក្ដីជូនដំណឹងបន្តថា៖ «យោងលើស្ថានភាពនៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់ សហរដ្ឋអាមេរិក និងស្ថានភាពជាក់ស្ដែងនៃទីផ្សារការងារ តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពគ្ន ជាឯកច្ឆ័ន្ទមិនលើកនូវសំណើតួលេខណាមួយនោះទេ ដោយទុកជូនភាគីរាជរដ្ឋាភិបាល ដើម្បីសម្រេចលើតួលេខណាមួយ ដោយផ្អែកលើភាពប្រកួតប្រជែង និងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចជាក់ស្ដែងរបស់កម្ពុជា»។

បើតាមប្រភពដដែល នៅក្នុងកិច្ចប្រជុំនេះក៏មានការព្រមព្រៀងគ្នាកំណត់យកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីប្រជុំត្រីភាគីជាលើចុងក្រោយ ក្នុងគោលបំណងបំពេញនីតិវិធីផ្លូវការចុងក្រោយ ដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។

អគ្គ​លេខាធិការ​សហព័ន្ធសហជីពកម្ពុជា(CATU) លោក ម៉ៅ សុភ័ត្រ្តា បានប្រាប់ប្រជាកាសែតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០២៥​ ថា ក្រុមសហជីពដែលជាតំណាងភាគីកម្មករបានកំណត់យកតួលេខ ២១៨ដុល្លារ ​ក្នុងការស្នើសុំជាប្រាក់ខែគោលសម្រាប់កម្មករកាត់ដេរនាឆ្នាំ២០២៦។ ក៏​ប៉ុន្តែ​តំណាង​ភាគី​ថៅកែ​រោចក្រ​មិន​បាន​ដាក់​តួលេខ​​ថ្មីទេ ពោលគឺ​ពួក​គេរក្សាចំនួន ២០៨ដុល្លារដដែលសម្រាប់ប្រាក់ខែគោលឆ្នាំ២០២៦។

លោកថា៖ «យើងនៅចាំថ្ងៃទី១៧ មួយតង់ទៀត ហើយបើដល់១៧ហ្នឹងបើសិនជាគេសម្រេចថា រដ្ឋាភិបាល​ជាអ្នកដំឡើងៗ តែបើអត់ដំឡើងទេ យើងមានតែយកកូតារបស់យើងយកមកបោះឆ្នោតជា​សំឡេង កូតា​យើង​២១៨ហ្នឹង»។

លោក ម៉ៅ សុភ័ត្រ្តា សង្ឃឹមថា រដ្ឋាភិបាលនឹងពិចារណាលើកត្តានានាដែលកម្មករកាត់ដេរបានជួបប្រទះនៅ​ក្នុងជីវភាពរស់នៅ ហើយដំឡើងប្រាក់ខែឱ្យពួកគេបានរស់នៅសមរម្យ។

លោកបន្ថែមថា៖ «យើងរំពឹងថា រដ្ឋាភិបាលនឹងធ្វើការដោយសុភវិនិច្ឆ័យទៅលើកត្តាផ្សេងៗដែល​តំណាង​សហជីព​ ឬក៏តំណាងឱ្យបងប្អូនកម្មករនិយោជិតនៅក្នុងក្រុមប្រឹក្សាប្រាក់ឈ្នួលហ្នឹងបានពិភាក្សា វាមាន​កត្តាវិនិច្ឆ័យផ្សេងៗទាំងសេដ្ឋកិច្ច ទាំងនយោបាយ ទាំងកំណើនទីផ្សារ ទាំងអតិផរណាទាំងអីហ្នឹង […]​ដើម្បី​ឱ្យមានការ​ដំឡើង​​ប្រាក់ឈ្នួលជូនដល់កម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀក​បំពាក់​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជាឱ្យសមស្របទៅតាមអតិផរណាទីផ្សារ​ដើម្បី​ស្រោច​ស្រង់​ជីវភាព​បង​ប្អូន​កម្មករ​យើង»។

កម្មកររោងចក្រផលិតស្បែកជើងខេនស្ព័តស៊ូ (Can Sports Shoes Cambodia) នៅខេត្តកំពង់ឆ្នាំង លោក នៃ ចាន់ណាក់ ថាលោកចង់ឱ្យគេដំឡើងប្រាក់ខែនាឆ្នាំ២០២៦ឱ្យបានខ្ពស់ជាងបច្ចុប្បន្ន ពី​ព្រោះ​លោក​ត្រូវ​ចំណាយ​ច្រើន​សម្រាប់ការរស់នៅប្រចាំថ្ងៃ ស្របពេលដែលទំនិញលើទីផ្សារ​បានឡើងថ្លៃ។ តែយ៉ាងណា​លោក​ថា លោកនៅតែទទួលយកការសម្រេចរបស់ភាគីពាក់ព័ន្ធ និងរដ្ឋាភិបាលលើការកំណត់ប្រាក់ខែគោលឆ្នាំ​២០២៦ នាពេលខាងមុខ។

លោកថា៖ «ធ្វើម៉េចបើយើងចង់បានច្រើន បើគេអត់ចំណេញក៏គេអត់ជួលយើង បើ​យើង​អត់​ធ្វើ​សោះ​វា​រឹត​តែ​វេទនា​ អ៊ីចឹងមានតែតស៊ូធ្វើ គេកំណត់ឱ្យប៉ុន្មានយើងទទួលប៉ុណ្ណឹងទៅ»។

ប្រជាការសែតមិនអាចសុំការអធិប្បាយបន្ថែមពីអគ្គលេខាធិការនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែក​ជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក ខេន លូ បានទេដោយលោកថាជាប់​រវល់។

ករណីនេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ប្រាប់ក្រុមអ្នក​សារព័ត៌មានដែលបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកក្រសួងថា បច្ចុប្បន្នកម្ពុជាមិនទាន់កំណត់តួលេខប្រាក់​ខែ​គោល​​សម្រាប់កម្មករកាត់ដេរនាឆ្នាំក្រោយនៅឡើយទេ ដោយសារ​ពេល​នេះ​កម្ពុជា​ត្រូវ​ផ្ដោត​លើ​ការ​ពង្រីក​ទីផ្សារ​​ការងារឱ្យបានច្រើន ព្រោះជាឱកាសល្អ។

លោកថា៖ «យើងយល់អំពីស្ថានភាពនេះទាំងអស់គ្នាអ៊ីចឹងយើងមិននិយាយអំពីតួលេខណាមួយនោះទេ។ អ្វីដែលយើងរួមគ្នាគិតនៅពេលនេះគឺថាធ្វើម៉េចពង្រីកទីផ្សារការងារយើងឱ្យបានច្រើន ហើយជាឱកាស​មាសសម្រាប់កម្ពុជាយើងនៅឆ្នាំក្រោយក្នុងការទាញនូវគម្រោងវិនិយោគថ្មី»។

លោក ហេង សួរ សង្ឃឹមថា ភាគីពាក់ព័ន្ធមាន​គោល​ជំហរ​រួម​មួយ​ដើម្បី​កំណត់​បាន​នូវ​ប្រាក់​ឈ្នួល​អប្បបរមា​របស់កម្មករវិស័យកាត់ដេរ ដែលមិនខ្ពស់ជាងប្រទេសដែលជា​គូប្រជែងរបស់កម្ពុជាឡើយ។

រដ្ឋមន្ត្រីក្រសួងការងាររូបនេះបន្តថា មកដល់ពេលនេះ ប្រទេស​មួយ​ចំនួន​មិន​ទាន់​បាន​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​រដល់កម្មករនៅឡើយទេ​ដោយសារ​តែ​ភាព​មិន​ប្រាកដប្រជា​នៃ​ផល​ប៉ះពាល់​ដែល​កើត​ឡើង​ដោយសារ​​ការ​កំណត់​ពន្ធ​​បដិការថ្មី​របស់​សហរដ្ឋអាមេរិក​។

លោកបន្ថែមថា៖ «បង​ប្អូន​យើង​បាន​រួម​គ្នា​លះបង់​បន្តិច​ដើម្បី​ធ្វើ​ម៉េច​ឱ្យ​កម្ពុជា​យើង​មាន​ភាព​ទាក់​ទាញ​សម្រាប់​ឆ្នាំ​​នេះ​ហើយនិងឆ្នាំ​ក្រោយ ហើយនិយោជកក៏បានសន្យាដែរថា ឆ្នាំក្រោយស្ថានភាព​បានវិល​ទៅ​រក​ល្អ ​ហើយមានការកែ​ទម្រង់​គឺភាគីនិយោជកអាចនឹងប៉ះប៉ូវបន្ថែមជូនទៅដល់បងប្អូន​យើងបន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​ក្រោយ»។​

កាលពីថ្ងៃទី២ ខែកញ្ញា​ ឆ្នាំ២០២៥ សម្ព័ន្ធសហជីព​ ​សហព័ន្ធ​សហជីព និង​អង្គការ​សង្គម​ស៊ីវិលចំនួន ២៨​ស្ថាប័ន​រួមានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) សមាគមការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍នៅកម្ពុជា (ADHOC) និងសហព័ន្ធសហជីពកម្ពុជា (CATU) ជា​ដើម​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ស្នើដំឡើង​ប្រាក់ឈ្នួល​អប្បបរមាយ៉ាង​តិច​ចំនួន​ ២៣២ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែសម្រាប់​កម្ម​ករ​និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែក​ជើង​ និង​ផលិត​ផល​ធ្វើដំណើរសម្រាប់ឆ្នាំ២០២៦។ តួលេខដែលបានលើកឡើងនេះ គឺផ្អែកតាមការសិក្សាស្រាវជ្រាវមួយចំនួន។ តួយ៉ាងក្នុងឆ្នាំ ២០២៤ វិទ្យាស្ថាន​ស្រាវជ្រាវ Anker បាន​​ប៉ាន់ប្រមាណ​ថា កម្មករ​និយោជិត​ម្នាក់​​នៅតំបន់នានាក្នុងកម្ពុជា​ ត្រូវ​ទទួល​បាន​ប្រាក់ចំណូល​ចំនួន​ ២៣២ ដុល្លារអាមេរិក​​ ខណៈ​កម្មករ​រស់នៅ​ទីប្រជុំជន ​​ត្រូវទទួល​បាន​​ប្រាក់ចំណូល​​ចំនួន ៤១៧ ដុល្លារអាមេរិក​ក្នុង​មួយខែ​ ទើ​បគ្រប់គ្រាន់សម្រាប់ការ​ចំណាយ​លើការ​រស់នៅ​ក្នុង​​​​​​ជីវភាព​​​សមរម្យ ព្រមទាំងចំណាយលើ​តម្រូវ​​ការ​សំខាន់ផ្សេងៗទៀត ​ក្នុង​នោះរួម​ទាំង​របប​សន្តិសុខ​សង្គម​។

បច្ចុប្បន្ននៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានកម្មករនិយោជិតសរុបប្រមាណជាជាង ៩០ម៉ឺននាក់ និងមានក្រុមហ៊ុនដែលជារោងចក្រ​សហគ្រាសកាត់ដេរចំនួនជាង ១៦០០ក្រុមហ៊ុន។ នេះបើតាមសហព័ន្ធសហជីពកម្ពុជា(CATU)៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម, សិទ្ធិការងារ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1218}" data-page="1" data-max-pages="2" data-start="1" data-end="1">