ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះ មានជីវភាពលំបាក និងអនាគតមិនច្បាស់លាស់

ដីធ្លី

(អតីតអ្នកភូមិ​សាលាតាព្រហ្ម លោក ផន សុខនៀង ផ្ដល់សម្ភាសន៍ដល់​ប្រជាកាសែត​នៅ​បរិវេណផ្ទះដែលក្រុមហ៊ុន អូស៊ីអាយស៊ី សង់ជូនពលរដ្ឋដែលព្រម​ដោះដូរដី កា​លពីថ្ងៃទី២១ ខែ​មិថុនា ឆ្នាំ​២០២៦។ រូប៖ ដោយ អ៊ុង សេរីវុទ្ធ)។

ពលរដ្ឋរងផលប៉ះពាល់ដោយសារការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្ដាល កំពុងប្រឈមនឹងស្ថានភាពលំបាក បើទោះបីជាគម្រោងមហាសាលនេះ គឺជាក្ដីសង្ឃឹមនៃដែនអាកាសថ្មីរបស់ប្រទេសកម្ពុជាក្ដី។ សម្រាប់ពលរដ្ឋដែលយល់ព្រមរុះរើលំនៅឋានទៅរស់នៅលើទីតាំងថ្មី អះអាងថា ពួកគេពុំមានជីវិតសុខស្រួលដូចការរំពឹងទុកនោះទេ ខណៈពលរដ្ឋមិនព្រមរើ ហើយបន្តក្រាញននៀលរស់នៅលើទំនប់ក្បែរនោះ ក៏កំពុងបារម្ភពីអនាគតដែលមិនច្បាស់លាស់។

ពលរដ្ឋមួយភូមិដែលធ្លាប់រស់នៅអាស្រ័យនឹងការនេសាទ និងធ្វើស្រែប្រាំងដើម្បីចិញ្ចឹមជីវិត នៃភូមិសាលាតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ពេលនេះពួកគេជាង ១០០ គ្រួសារ នៅចងចាំត្រឹមតែឈ្មោះហៅប៉ុណ្ណោះ ត្បិតភូមិឋានដែលធ្លាប់អ៊ូអរនៅជាប់បឹងធម្មជាតិដ៏ធំល្វឹងល្វើយ ជាមួយសកម្មភាពចែវទូកដាក់មងយកត្រីមួយនេះ នៅពេលនេះ គឺលែងមានសម្រាប់ពួកគេដូចមុនទៀតហើយ។ ផ្ទុយទៅវិញ ពួកគេត្រូវបង្ខំចិត្តរុះរើផ្ទះចោលទាំងស្រុង ដោយសារភូមិត្រូវរំលាយ ហើយមករស់នៅក្នុងផ្ទះថ្មទាបផ្ទាល់ដី ប្រក់ដោយស័ង្កសី ទំហំ ៥ គុណនឹង ២០ ម៉ែត្រ លើដីទួលដែលក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានឈ្មោះ អូស៊ីអាយស៊ី (OCIC) ទើបចាក់ថ្មីនៅក្បែរប្រឡាយទឹកដែលខណ្ឌចែកគម្រោងព្រលាន និងស្រែអ្នកភូមិ។

ចំណែកពលរដ្ឋប្រមាណ ៥០០ គ្រួសារទៀត បន្តក្រាញននៀលមិនបោះបង់ផ្ទះសម្បែងឡើយ បើទោះជាពួកគេរស់នៅលើខ្នងប្រឡាយក្បែរព្រលាន ដែលក្រុមហ៊ុនអភិវឌ្ឍន៍ អូស៊ីអាយស៊ី បានបាញ់ថ្នាំក្រហមលើជញ្ជាំងផ្ទះឱ្យចាកចេញយ៉ាងណាក្ដី។

នៅពេលធ្វើដំណើរចូលទៅកាន់តំបន់ព្រលានយន្តហោះថ្មី ក្នុងខេត្តកណ្ដាល ទិដ្ឋភាពដែលអ្នកធ្វើដំណើរបានឃើញ គឺការអភិវឌ្ឍដ៏ធំសម្បើម និងទំនើប។ អគារធំៗកំពុងលេចត្រដែត ខណៈហេដ្ឋារចនាសម្ព័ន្ធថ្មីៗកំពុងបន្តសាងសង់ ហើយគម្រោងនេះត្រូវបានចាត់ទុកថា ជានិមិត្តរូបនៃ ការរីកចម្រើន និងអនាគតថ្មីរបស់កម្ពុជា។

ប៉ុន្តែនៅមិនឆ្ងាយពីភាពទំនើប និងអស្ចារ្យនៃព្រលានយន្តហោះនេះ គេអាចឃើញទិដ្ឋភាពមួយទៀតដែលខុសគ្នាយ៉ាងដាច់ស្រឡះ នោះគឺផ្ទះពលរដ្ឋរងផលប៉ះពាល់ ដែលត្រូវបានផ្លាស់ទីទៅរស់នៅក្នុងលំនៅឋានដែលក្រុមហ៊ុនរៀបចំឱ្យ។ ខាងក្រៅផ្ទះទាំងនេះ អាចមើលទៅឃើញថ្មី និងមានរូបរាងស្អាត ប៉ុន្តែសម្រាប់អ្នករស់នៅខាងក្នុង វាប្រៀបដូចជាការចាប់ផ្តើមជីវិតថ្មីដែលមិនងាយស្រួលឡើយ។ ពួកគេត្រូវប្រឈមនឹងការលំបាកក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត បន្ទាប់ពីត្រូវចាកចេញពីទីលំនៅចាស់។

យុវជនមួយរូបកំពុងអង្គុយចុចទូរស័ព្ទលើគោយន្តក្បែរផ្ទះដែលក្រុមហ៊ុនសង់ថ្មី ជាមួយក្មេងៗមួយចំនួន គឺលោក ជឿន សង្ហា ប្រាប់ប្រជាកាសែតថា ការមករស់នៅទីនេះជាង ៣ ឆ្នាំ គ្រួសាររបស់លោកមិនទទួលបានក្ដីសង្ឃឹមថ្មី លើសពីភូមិចាស់ គឺភូមិសាលាតាព្រហ្ម ទីដែលលោកកើត និងធំធាត់នោះឡើយ។ លោក រៀបរាប់ថា កាលនៅភូមិចាស់ ឪពុកម្ដាយលោកអាចនេសាទបានត្រីលក់ដូរជាប្រចាំ ហើយជីវភាពក៏ល្អប្រសើរជាងនេះ បើទោះបីពួកលោក រស់នៅគ្មានភ្លើងអគ្គិសនីប្រើដូចបច្ចុប្បន្នក្ដី។ យុវជនវ័យ ១៩ ឆ្នាំរូបនេះអះអាងថា ការរស់នៅក្នុងផ្ទះក្រុមហ៊ុនសង់ឱ្យនេះ វាខុសប្លែកទាំងស្រុងពីភូមិចាស់របស់លោក ដែលត្រូវចំណាយតិច ហើយរកប្រាក់បានច្រើនជាង។

បច្ចុប្បន្ន លោក ជឿន សង្ហា ធ្វើការជាអ្នកបើកគ្រឿងចក្រជីកដីឱ្យក្រុមហ៊ុនមួយក្នុងគម្រោងព្រលានថ្មីនេះ។ លោក ជឿន សង្ហា បន្ត៖

«រាល់ថ្ងៃឪពុកខ្ញុំចិញ្ចឹមចៀមតិចតួចបន្ថែមនៅវាលស្រែក្រោយផ្ទះនេះ ណាមួយការងារបន្ទាប់បន្សំគាត់ទៅរកត្រីនៅបឹងភូមិចាស់ ដែលក្រុមហ៊ុនកំពុងចាក់ដីបំពេញ តែរកមិនសូវបានទេ ហើយម៉ែនិងប្អូនស្រីធ្វើការរោងចក្រម្ដុំបាទី។ ឯប្អូនស្រីតូចមួយនៅរៀនបឋម»។

យុវជនដដែលបន្តថា ទោះមកនៅទីនេះយូរហើយ តែលោកហាក់មិនទាន់ស៊ាំនឹងស្ថានភាពក្ដៅហួតហែង ពិសេសដំបូលផ្ទះប្រក់ស័ង្កសីទាបពិបាកទ្រាំរស់នៅ។ លោកថា ស្ថានភាពភូមិថ្មីនេះក៏ស្ងាត់ ដោយសារគ្រួសារខ្លះបានលក់ផ្ទះដែលក្រុមហ៊ុនដោះដូរ ហើយទៅរស់នៅក្នុងភូមិកំពង់តាឡុងជាមួយសាច់ញាតិ។

អតីតអ្នកភូមិសាលាតាព្រហ្មម្នាក់ទៀត គឺលោក ផន សុខនៀង ដែលទើបលក់ផ្ទះពីទីនេះទៅរស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង រៀបរាប់ទាំងទឹកមុខស្រពោនថា លោកពុំមានការងារធ្វើជាប់លាប់ឡើយ ដោយសារលោកគ្មានចំណេះជំនាញ និងពុំបានរៀនសូត្រជ្រៅជ្រះ។ បុរសមាឌស្គមរូបនេះបញ្ជាក់ថា លោកតែងដើររកការងារសំណង់ធ្វើ ដោយបានកម្រៃគិតជាថ្ងៃ ក្នុងការចិញ្ចឹមជីវិត និងផ្គត់ផ្គង់គ្រួសារ។

លោក ផន សុខនៀង៖

«ផ្ទះនៅទីនេះខ្ញុំលក់ហើយ បានលុយទៅទិញដីជាប់បងប្អូននៅភូមិកំពង់តាឡុង ហើយធ្វើផ្ទះឱ្យកូនប្រពន្ធនៅ។ កូនទៅរៀនស្រួលក្បែរសាលាបឋមសិក្សាកំពង់តាឡុង។ កាលព្រលានទើបកាប់ឆ្ការ ខ្ញុំបានធ្វើការនៅហ្នឹងដែរ ជាបែបស៊ីឈ្នួលប្រចាំថ្ងៃ»។

ទាំងយុវជន ជឿន សង្ហា និងលោក ផន សុខនៀង អះអាងប្រហាក់ប្រហែលគ្នាថា ពួកគេពីមុនធ្លាប់តែរកត្រីលក់នៅផ្សារ។ ស្របពេលគ្នានោះ កុមារីវ័យ ១០ ឆ្នាំម្នាក់ បន្ទរថា ម៉ាក់កាលនៅភូមិចាស់ រកត្រីលក់បានលុយ ទិញខ្សែកមាសបានពាក់ ប៉ុន្តែបច្ចុប្បន្នលែងមានលុយហើយ។ ចំណែកម្ដាយកុមារីនោះក៏សើច ហើយលាន់មាត់ថា ឥឡូវនេះឱ្យតែបានរួចម្ហូប ទឹក ភ្លើង បានហើយ ទៅមុខចាំគិតទៀត!

ចំណែកអតីតអ្នកភូមិដោល ១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង លោកស្រី ចក់ រ៉េន ដែលទើបមករស់នៅទីតាំងថ្មីនេះជាមួយគ្រួសារ ថ្លែងប្រាប់ប្រជាកាសែតបណ្ដើរធ្វើត្រីបណ្ដើរថា រាល់ថ្ងៃលោកស្រីគ្មានរបរអ្វីក្រៅពីប្រមូលត្រីដែលប្ដីរកបានពីបឹង ៥០០ ដែលក្រុមហ៊ុនកំពុងចាក់បំពេញ ទៅលក់នៅផ្សារភូមិចាស់ដែលធ្លាប់រស់នៅក្នុងនោះទេ។ លោកស្រីអះអាងថា របររកត្រីនេះកាន់តែខ្សត់ទៅៗ ប៉ុន្តែលោកស្រីហាក់គ្មានជម្រើសអ្វីនោះទេ ព្រោះវ័យអ្នកស្រីច្រើន រោងចក្រកាត់ដេរគេមិនទទួលឱ្យចូលធ្វើការឡើយ។

ក្រឡេកទៅមើលត្រីក្នុងកន្ធុនជ័ររបស់អ្នកស្រីមានប្រមាណជាង ២ គីឡូក្រាម ចម្រុះប្រភេទជាកូនត្រីតូចៗដែលទើបលើកពីទឹក ដើម្បីសម្អាតមុនយកទៅលក់នៅផ្សារក្នុងភូមិចាស់របស់គាត់។

អ្នកស្រី ចក់ រ៉េន៖

«ឥឡូវនៅបឹងខ្លះគេមិនទាន់លុបអស់ តែអស់ពីបឹង ៥០០ ទៅ មិនដឹងទៅរកអីទេ ហើយរាល់ថ្ងៃរកបានតិចៗគ្រាន់លក់បានលុយចាយខ្លះ»។

ទីតាំងថ្មីដែលក្រុមហ៊ុនសង់ជូនពលរដ្ឋ គេដាក់ឈ្មោះ «៨៨» គឺអតីតវាលស្រែជម្រៅរបស់ពលរដ្ឋនៅឃុំបឹងខ្យាង។ នារដូវវស្សា ទីតាំងនេះត្រូវជន់លិចសឹងតែផុតដើមស្រូវ។ ប៉ុន្តែក្រោយពីតំបន់នេះត្រូវបានកែប្រែអភិវឌ្ឍជាគម្រោងព្រលាន ទឹកធំដែលធ្លាប់ហូរពីទំនប់កំពង់ទួល ចាក់ចូលបឹងវាលដ៏ធំល្វឹងល្វើយនេះ ក៏លែងមានទឹកជន់ដូចអតីតកាលទៀតហើយ។ ចំណែកហេដ្ឋារចនាសម្ព័ន្ធផ្លូវលំ មិនទាន់ត្រូវបានអភិវឌ្ឍឱ្យបានស្អាតសម្រាប់អ្នកភូមិថ្មី និងពលរដ្ឋឆ្លងកាត់ទីនោះបានល្អប្រសើរនៅឡើយទេ។ ពេលពួកគេត្រូវទៅធ្វើការនៅក្នុងព្រលាន ឬទៅផ្សារលក់ត្រី គឺពួកគេត្រូវជិះកាត់ផ្លូវគ្រលុកតូចធំ រដិបរដុប សាចភក់ ខណៈរដូវប្រាំងហ៊ុយទ្រលោមមើលមិនសឹងយល់។

មេឃុំបឹងខ្យាង លោក ណៃ ចាន់ឌី ថ្លែងប្រាប់ប្រជាកាសែតថា ពលរដ្ឋដែលព្រមដោះដូរមករស់នៅទីតាំងថ្មីដែលក្រុមហ៊ុនរៀបចំជូន តាំងពីឆ្នាំ ២០២២ នោះ មានប្រមាណជិត ២០០ គ្រួសារ។ ប៉ុន្តែមានគ្រួសារខ្លះបានលក់ចេញ ហើយទៅរស់នៅស្រុកកំណើតរបស់ខ្លួនវិញ បន្ទាប់ពីពួកគេត្រូវបានអាជ្ញាធរតម្រូវឱ្យចាកចេញពីភូមិសាលាតាព្រហ្ម ដែលពួកគេបានមកតាំងទីលំនៅកាលពីឆ្នាំ ១៩៨៥ ដោយពួកគេសង់ផ្ទះលើខ្នងទំនប់ និងប្រកបរបររកត្រី និងធ្វើស្រូវប្រាំងជាដើម។ មេឃុំរូបនេះទទួលស្គាល់ថា ការផ្លាស់ប្ដូរទីលំនៅមកកន្លែងថ្មី មានភាពលំបាកខ្លះមែន ប៉ុន្តែលោកថា បើប្រៀបធៀបនឹងភូមិចាស់លើទំនប់ គឺកន្លែងថ្មីនេះប្រសើរជាង ខណៈទីនេះមានទឹកស្អាត ភ្លើងរដ្ឋ ផ្លូវ និងប្លង់កម្មសិទ្ធិរបស់ខ្លួន ខណៈកាលនៅភូមិចាស់ គ្មានភ្លើង ផ្លូវលំបាក ហើយពុំមានប្លង់ដីកម្មសិទ្ធិផ្ទាល់ខ្លួនទេ ព្រោះកន្លែងដែលពលរដ្ឋទាំងនោះរស់នៅ ស្ថិតលើខ្នងទំនប់មិនរៀបរយដែលជាកម្មសិទ្ធិរបស់រដ្ឋ ហើយអាជ្ញាធរតែងយកស្បៀងទៅចែកជូន ពេលទឹកជន់លិចលង់ និងខ្យល់បក់រំលំផ្ទះម្ដងៗ។

លោក ណៃ ចាន់ឌី៖

«ឥឡូវនេះនៅទីនោះមានគេសង់បុរីលក់ ហើយអ្នកនៅព្រលានចាស់ខ្លះបានមកទិញដីសង់ផ្ទះរស់នៅ។ វាជិតកន្លែងការងារថ្មីគេ ហើយខ្លះទិញពីពលរដ្ឋដែលដូរពីភូមិសាលាតាព្រហ្មអ៊ីចឹង ព្រោះអីវាជិតព្រលានថ្មី»។

ពលរដ្ឋមួយភូមិទៀត នៃភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ដែលនៅជាប់ផ្លូវស៊ីជីនពីន លើខ្នងទំនប់មួយនៅចំភាគខាងជើងព្រលានថ្មី មិនបានចាកចេញទៅរស់នៅទីតាំងថ្មីដែលក្រុមហ៊ុនសង់ដើម្បីដោះដូរជូនពួកគាត់នោះទេ។

យ៉ាងណាក៏ដោយ ពួកគាត់ហាក់បារម្ភខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញ បើនិយាយប្រាប់អ្នកសារព័ត៌មានពីក្ដីកង្វល់របស់ខ្លួន។ ពួកគេអះអាងថា ខ្លួនមកពូនរស់នៅលើខ្នងប្រឡាយនេះ តាំងពីដើមឆ្នាំ ១៩៩០ មក ដោយប្រកបរបរជាអ្នកនេសាទ បេះឈូក និងធ្វើស្រែប្រាំងលើបឹងវាលដាច់កន្ទុយភ្នែក ខណៈពលរដ្ឋមួយចំនួនធ្វើជាកម្មកររោងចក្រ និងចិញ្ចឹមសត្វ មាន់ ទា និងពពែជាដើម។ លើសពីនេះ ពួកគេក៏កំពុងរងសម្ពាធផ្លូវចិត្តនឹងភាពមិនច្បាស់លាស់ដែលអាជ្ញាធរហាក់មិនអើពើថែមទៀត ដូចជា ការមិនទទួលបានប្លង់កម្មសិទ្ធិ គ្មានបណ្ដាញអគ្គិសនី និងទឹកស្អាតសម្រាប់ប្រើប្រាស់ ហើយសាលារៀនរដ្ឋផ្លូវការក៏មិនមានសម្រាប់កូនៗរបស់ពួកគេ។

ទិដ្ឋភាពនៅតំបន់នោះ ផ្ទះពលរដ្ឋទាំងអស់សង់លើខ្នងប្រឡាយភ្លោះ ហើយជើងសសរផ្ទះខាងក្រោយត្រូវដាំចូលក្នុងប្រឡាយ ខណៈមានផ្លូវដីតូចល្មមដែលឡានតូចអាចជៀសគ្នាបាន។

ពលរដ្ឋអះអាងថា ធ្លាប់មានបុគ្គលិកក្រុមហ៊ុនព្រលានយន្តហោះចុះមកបាញ់ថ្នាំក្រហមលើជញ្ជាំងផ្ទះ និងប្រាប់ឱ្យពលរដ្ឋចាកចេញពីតំបន់នោះ ទៅទីតាំងថ្មីដែលក្រុមហ៊ុនធ្វើឡើងដើម្បីដោះដូរជូន។ ប៉ុន្តែពួកគេអះអាងថា ខ្លួនពុំអាចទទួលយកគោលការណ៍ដោះដូរ ជាមួយទឹកប្រាក់ ១,០០០ ដុល្លារ សម្រាប់ផ្ទះមួយខ្នង ដែលពួកគេមក រស់នៅទីនេះតាំងពីឆ្នាំ ១៩៩០ មកនោះទេ។ ពួកគេទទូចឱ្យអាជ្ញាធរអនុញ្ញាតឱ្យពួកគេបានរស់នៅទីនេះជាអចិន្ត្រៃយ៍ ខណៈពួកគេមានសៀវភៅស្នាក់នៅ ហើយបានសង់ផ្ទះសមល្មមអាចរស់នៅបានជាង ៣០ ឆ្នាំមកហើយ។

ប្រជាកាសែតមិនអាចសុំការឆ្លើយតបករណីនេះពីអាជ្ញាធរឃុំកណ្ដោក និងភាគីក្រុមហ៊ុន អូស៊ីអាយស៊ី បានទេ គិតត្រឹមពេលអត្ថបទនេះចេញផ្សាយ។

ទោះគម្រោងព្រលានយន្តហោះអន្តរជាតិតេជោត្រូវបានរំពឹងថា នឹងជំរុញសេដ្ឋកិច្ច ការវិនិយោគ និងទេសចរណ៍របស់កម្ពុជាក៏ដោយ របាយការណ៍របស់អង្គការសង្គមស៊ីវិល និងស្ថាប័នអន្តរជាតិជាច្រើន ដូចជា Equitable Cambodia, Stiftung Asienhaus ជាដើម បានលើកឡើងពីក្តីបារម្ភអំពីជម្លោះដីធ្លី សំណងមិនសមរម្យ ការបាត់បង់ជីវភាពរបស់ពលរដ្ឋរាប់រយគ្រួសារ និងហានិភ័យបរិស្ថានជាដើម។

ជុំវិញករណីនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា គម្រោងព្រលានយន្តហោះអន្តរជាតិថ្មីដែលមានតម្លៃរាប់ពាន់លានដុល្លារ ត្រូវបានចាត់ទុកថា ជាគម្រោងយុទ្ធសាស្ត្រសម្រាប់ទាក់ទាញវិនិយោគបរទេស រួមទាំងការចូលរួមពីស្ថាប័ន និងក្រុមហ៊ុនអាមេរិកមួយចំនួន។ ប៉ុន្តែប្រសិនបើវិវាទដីធ្លី និងការតវ៉ារបស់ពលរដ្ឋនៅតែមិនទាន់ដោះស្រាយដោយយុត្តិធម៌ នោះវាមិនត្រឹមតែធ្វើឱ្យពលរដ្ឋរងទុក្ខបន្តទៀតប៉ុណ្ណោះទេ ថែមទាំងបង្កើតហានិភ័យដល់កេរ្តិ៍ឈ្មោះគម្រោង ប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគអន្តរជាតិ និងរូបភាពកម្ពុជានៅលើពិភពលោក។ អ្នកឃ្លាំមើលរូបនេះ ជំរុញឱ្យរដ្ឋាភិបាល និងក្រុមហ៊ុនដោះស្រាយសំណងដោយតម្លាភាព និងសមធម៌ ព្រោះការអភិវឌ្ឍប្រកបដោយចីរភាព មិនគួរផ្លាស់ប្តូរដោយការបាត់បង់សិទ្ធិ និងទឹកភ្នែករបស់ប្រជាពលរដ្ឋឡើយ។

លោក សេក សុជាតិ៖

«រឿងធំដែលខ្ញុំចង់និយាយហ្នឹងគឺ មុខមាត់របស់ប្រទេសជាតិ មុខមាត់របស់ក្រុមហ៊ុនដៃគូ ដែលពួកគាត់មករកស៊ីនៅក្នុងប្រទេសកម្ពុជា ឬក៏ដាក់ទុនវិនិយោគនៅកម្ពុជា ហើយគាត់មិនចង់ឱ្យមានការនិយាយអ្វីអាក្រក់ពីគាត់ទេ។ ហើយយើងឃើញហើយ សហរដ្ឋអាមេរិកក៏បានសម្រេចចិត្តនឹងមានការដាក់ទុនវិនិយោគទៅលើគម្រោងហ្នឹងដែរ ដូច្នេះរឿងរ៉ាវទាំងអស់ហ្នឹងគួរតែដោះស្រាយ ដើម្បីធ្វើការយ៉ាងណាកុំឱ្យវាល្អក់កករ ពិបាកនៅក្នុងការទាក់ទាញអ្នកវិនិយោគធំៗ ពីប្រទេសនៅក្នុងសហគមន៍អឺរ៉ុប»។

បន្ថែមពីនេះ លោក សេក សុជាតិ អំពាវនាវឱ្យអាជ្ញាធរ និងក្រសួងអប់រំចាត់វិធានការបន្ទាន់ សាងសង់សាលារៀន និងធានាឱ្យកុមារគ្រប់រូបអាចបន្តការសិក្សា ព្រោះការវិនិយោគដ៏ធំមិនគួរសម្រេចបានដោយការលះបង់អនាគតកុមារឡើយ។ លោកបន្តថា ការអភិវឌ្ឍមិនគួរមានន័យថា កុមារត្រូវបាត់បង់សិទ្ធិទទួលបានការអប់រំនោះទេ ហើយការខ្វះសាលារៀនសម្រាប់កុមារនៅតំបន់រងផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះថ្មី អាចបង្កហានិភ័យ​កុមារ​បោះបង់ការសិក្សា និងបន្សល់ទុកអារម្មណ៍ថា ត្រូវបានរដ្ឋមើលរំលង។ អ្នកឃ្លាំមើលរូបនេះនៅតែយល់ថា បើមិនដោះស្រាយទាន់ពេលទេ វានឹងក្លាយជាបញ្ហាសង្គម និងជាបន្ទុកធ្ងន់សម្រាប់ប្រទេសនាពេលអនាគត។

គម្រោងព្រលានយន្តហោះថ្មី ធ្លាប់មានវិវាទឈានដល់ការប៉ះទង្គិចរវាងពលរដ្ឋ និងសមត្ថកិច្ច កាលពីឆ្នាំ ២០២១ ដែលនាំឱ្យមានការចាប់ខ្លួនពលរដ្ឋ ៣០ នាក់។ ក្នុងនោះ ៩ នាក់ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន មុនពេលទទួលបានសេរីភាពវិញក្រោមលក្ខខណ្ឌឱ្យបញ្ឈប់ការតវ៉ា សុំទោស និងទទួលយកសំណងក្នុងតម្លៃដី ៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតុលាការបានទម្លាក់បទចោទទាំងអស់នៅឆ្នាំ ២០២២។

គម្រោងនេះសាងសង់លើផ្ទៃដីប្រមាណ ២,៦០០ ហិកតារ ក្នុងខេត្តកណ្ដាល និងខេត្តតាកែវ ដោយចំណាយថវិកាជាង ២ ពាន់លានដុល្លារអាមេរិក។ គម្រោងនេះមិនត្រឹមតែជាការវិនិយោគរួមរវាងរដ្ឋ និងក្រុមហ៊ុន អូស៊ីអាយស៊ី ប៉ុណ្ណោះទេ ថែមទាំងទទួលបានការចូលរួមពីក្រុមហ៊ុន និងស្ថាប័នល្បីៗមកពី សហរដ្ឋអាមេរិក ចិន អង់គ្លេស បារាំង កាណាដា សិង្ហបុរី កូរ៉េខាងត្បូង និងហូឡង់។

ទន្ទឹមនឹងការផ្សព្វផ្សាយថា ព្រលានថ្មីនេះជានិមិត្តរូបនៃ ការអភិវឌ្ឍ និងការទាក់ទាញ​វិនិ​យោគអន្តរជាតិ គម្រោងនេះក៏ធ្លាប់រងការរិះគន់ជុំវិញវិវាទដីធ្លី សំណង និងជីវភាពរបស់ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងដ៏ធំនេះផងដែរ៕

(អត្ថបទដោយ៖ អ៊ុង សេរីវុទ្ធ)

អានអត្ថបទផ្សេងទៀតអំពី ដីធ្លី

ដីធ្លី","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3392}" data-page="1" data-max-pages="1" data-start="1" data-end="1">