ប្រជាពលរដ្ឋរស់នៅលើកោះមាសអំពាវនាវឲ្យមានដំណោះស្រាយចំពោះបញ្ហាដីធ្លីពួកគាត់

ដីធ្លី

សហគមន៍​សាមគ្គីកោះមាសប្រជុំសមាជិកសហគមន៍ ​កាលពីថ្ងៃទី១៥ មិថុនា ២០២៥។

ប្រជាពលរដ្ឋរស់នៅលើកោះមាស ក្នុងស្រុកកៀនស្វាយបង្ហាញការព្រួយបារម្ភចំពេះបញ្ហាដីធ្លីរបស់ពួកគាត់ ស្របពេលមិនទាន់ដំណោះស្រាយណាមួយត្រូវបានធ្វើឡើងឲ្យបានសមស្របពីអាជ្ញាធរពាក់ព័ន្ធ កំឡុងពេលក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលបានដាក់គ្រឿងចក្របម្រុងនឹងឈុះឆាយដីសហគមន៍របស់ពួកគាត់ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ។ 

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលបានចេញអនុក្រឹត្យ ដោយផ្ដល់អនុបយោគដីទៅឱ្យក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត (Khun Sea Import Export Co., Ltd) អាចជួលដីលើកោះមាសនេះបានក្នុងទំហំប្រមាណ ៣៥០ ហិកតា ជាអចិន្ត្រៃយ៍រយៈពេល ៥០ឆ្នាំ សម្រាប់ការវិនិយោគអភិវឌ្ឍន៍លើកោះនោះ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រជាពលរដ្ឋកោះមាស លោក ឈឹម រី អាយុជាង៧៧ឆ្នាំ បានឱ្យដឹងថា កោះនេះជាទឹកដីកំណើតរបស់លោក និងប្រកបរបរកសិកម្មនេះតាំងពីការដួលរំលំនៃរបបខ្មែរក្រហមមក។ 

លោកបន្ថែមថា លោកមានឯកសារកាន់កាប់ដីធ្លីស្របតាមច្បាប់ដែលចេញដោយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ លោកប្រាប់ប្រជាកាសែតឲ្យដឹងទៀតថា ប្រជាពលរដ្ឋដែលរស់នៅ និងប្រកបរបរកសិកម្មលើដីកោះមាសនេះ ប្រមាណ១៦៨ គ្រួសាររងផលប៉ះពាល់ពីការផ្ដល់ដីអនុប្បយោគឱ្យទៅក្រុមហ៊ុន។ លោកអះអាងថា ពលរដ្ឋធ្លាប់ ស្នើសុំប្លង់កម្មសិទ្ធិ និងលុបចោល សជណ របស់រដ្ឋាភិបាលដែលជួលដីឱ្យក្រុមហ៊ុនអភិវឌ្ឍន៍តំបន់កោះមាស ប៉ុន្តែស្នើសុំសំណងសមរម្យជូនពលរដ្ឋជាមុនសិន។

លោកថា៖ «ខាងខ្ញុំនេះបានតវ៉ារកដំណោះស្រាយទៅច្រើនស្ថាប័នហើយមានភូមិ ឃុំ ស្រុក ខេត្ត ក្រសួងមហាផ្ទៃ ក្រសួងដែនដី ទៅអំពើពុករលួយ [អង្គភាព] ចុងក្រោយនឹងទៅព្រឺទ្ធសភា។ គេឲ្យដំណឹងមកដូចគ្នា អត់តែក្រសួងដែនដី និងព្រឹទ្ធសភាទេមិនទាន់ដឹងដំណឹងអីទេ។ ដីនឹងតាំងពីបែកមក [របបប្រល័យពូជសាសន៍] ដីនឹងខ្ញុំមកនៅ និងបង្ករបង្កើនផល»។

លោកបន្ថែមថា៖ «តាម សជណ នោះគេឲ្យតែ៥ ទៅ ៨ដុល្លា ក្នុងម៉ែត្រការ៉េហ្នឹង។ គេហៅប្រជាជនឲ្យទទួលយកតែប្រជាជនអត់ទទួលយកទេ ដូចខ្ញុំអីក៏មិនទទួលយកដែរ។ គេហៅបួនដប់គ្រួសារម្ដង មួយអាទិត្យចឹងគេហៅបួនដប់គ្រសួរទៀត។ គេឲ្យទទួលយកតម្លៃ៥ ទៅ ៨ដុល្លា ហើយប្រជាជនថាតម្លៃហ្នឹងមិនបានចេកគេមួយគុម្ភផងហ្នឹង»។

លោក ឈឹម រី បានលើកឡើងថា តំណាងពលរដ្ឋកោះមាសទាំងមូល ស្នើដោយទទូចទៅរដ្ឋា​ភិបាលឱ្យចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋជាមុនសិន។ លោកថា ប្រជាពលមិនប្រឆាំងទៅនឹងការអភិវឌ្ឍរបស់រដ្ឋាភិបាល តែលោក សុំឱ្យផ្តល់តម្លៃសមរម្យតាមទីផ្សារដែលពួកគាត់អាចរកទីតាំងផ្សេងរស់នៅបាន។

លោកលើកឡើងថា៖ «ខ្ញុំវាអស់ជំនឿលើអាជ្ញាធរឃុំ ស្រុក និងខេត្តហើយព្រោះការអនុវត្តតែប៉ុណ្នឹង។ ខ្ញុំចង់សុំអស់លោកដែលពាក់ព័ន្ធ ឬមួយដល់សម្ដេចទៀតពីរ សូមលោកជួយរកយុត្តិធម៌ឲ្យប្រជាជនយើងនេះផង ព្រោះយើងខ្ញុំទាំងអស់រួមរស់នៅដោយស្របច្បាប់ ព្រោះខាងខ្ញុំរស់តែនឹងមុខរបរនឹងទេ អត់មានអីទេ។ ចឹងសូមសម្ដេចទាំងពីរជួយផ្ដល់ជាប្លង់កម្មសិទ្ធ ឬមួយផ្ដល់សំណងតាមតម្លៃទីផ្សារដែលយើងអាចទៅនៅកន្លែងថ្មីបាន»។

លោកបន្ថែមថា ប្រជាពលរដ្ឋតំណាងឱ្យជាង១០០គ្រួសារនៅសហគមន៍កោះមាស ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកពីរផ្សេងទៀតក្នុងខេត្តកណ្តាល បាននាំគ្នាទៅដាក់ញត្តិនៅព្រឹទ្ធសភា ដើម្បីស្នើឱ្យប្រធានព្រឹទ្ធសភាជួយអន្តរាគមន៍ដោះស្រាយរឿងទំនាស់ដីធ្លីជូនពួកគេ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ តែលោកថាមិនទាន់មានដំណឹងនៅឡើយ។

ប្រជាកាសែតមិនអាចសុំការអត្ថាធិប្បាយពីលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទេនៅថ្ងៃទី៩ ខែមីនានេះ។

ក្នុងថ្ងៃទិវាសិទ្ធិអន្តរជាតិនារី កាលពីថ្ងៃទី៨ មីនា ឆ្នាំ២០២៦ តំណាងសហគមន៍កោះមាស បានដឹកនាំប្រជាពលរដ្ឋ១៦៨គ្រួសារ ដែលរស់នៅលើកោះមាស ស្ថិតក្នុងឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្តាលនេះធ្វើបុណ្យបួងសួងតាមបែបសាសនាសូមឱ្យម្ចាស់ទឹកម្ចាស់ដីជួយការពារទឹកដីរបស់ពួកគាត់ និង ទាមទារសូមឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធបាលឆាប់ចេញ
បណ្ណកាន់កាប់ដីធ្លីឱ្យពួកគាត់ស្របទៅតាមច្បាប់។

ពលរដ្ឋម្នាក់ទៀតក្នុងចំណោមពលរដ្ឋទាំង ១៦៨ គ្រួសារ លោកជុំ សំអឿន អាយុ៧១ឆ្នាំ លើកឡើងថា លោកជាអ្នកមកពីតំបន់កោះពេជ្រ តែលោកបានទិញដីពីប្រជាពលរដ្ឋនៅកោះមាសចំនួន២ហិកតាកាលពីឆ្នាំ២០០៥ និងបន្តរស់នៅលើដីនោះតាំងពីពេលនោះមក។ លោកថាពីមុនប្រជាពលរដ្ឋទទួលបានប្លង់ស្លាបមាន់ ដែលប្លង់នេះត្រូវបានធ្វើឡើងចន្លោះឆ្នាំ ១៩៧៩ រហូតដល់ ១៩៩៤ ហើយអាចប្រើ ដើម្បីបញ្ជាក់អំពីកម្មសិទ្ធិស្របច្បាប់របស់ខ្លួន តែអាជ្ញាធរឃុំបានបោះត្រាទទួលស្គាល់ឡើងវិញ។ លោកថា លោកមិនអាចទទួលយកតម្លៃសំណងដែលក្រុមហ៊ុនផ្ដល់ឲ្យ ព្រោះក្រោមតម្លៃទីផ្សារ មិនអាចទិញដីកន្លែងផ្សេងបាន។

លោកថា៖ «បើតាមក្រុមហ៊ុនអចលនទ្រព្យវាយតម្លៃដីនេះនៅសង្កាត់ក្បាលកោះនេះ គឺដីមួយម៉ែតការ៉េ៦០០ដុល្លា។ នេះជាអំពើមួយដែលអយុតិធម៌ខ្លាំងណាស់ចំពោះប្រជាពលរដ្ឋដែលអាស្រ័យផលលើកោះមាសហ្នឹង»។ 

លោកបន្ថែមថា៖ «ខ្ញុំបានសំណូមពរទេ គឺសូមតែមួយគត់ទេគឺប្លង់ដីកម្មសិទ្ធ។ ចង់បានតែប្លង់ហ្នឹងទេពីព្រោះមកដល់ពេលនេះហើយមិនអាចលក់ដូរទេ តម្លៃហ្នឹងថោកណាស់។ យើងមិនអាចទៅរស់នៅកន្លែងដទៃបានទេ។ យើងចេះតែរបរដាំដុះហ្នឹងហើយបើលក់ទៅទៅទិញឯណាបាន»។

អ្នកស៊ើបអង្កេតជាន់ខ្ពស់ផ្អែកសិទ្ធិមនុស្សនៃសមាគមអាដហុក លោក យី សុខសាន្ត យល់ឃើញថា រដ្ឋាភិបាលគួរតែទទួលស្គាល់សិទ្ធិដីធ្លីរបស់ពលរដ្ឋនៅកោះមាសនេះ ទោះបីពួកគាត់មិនមានប័ណ្ណកម្មសិទ្ធិផ្លូវការដូចជាប្លង់រឹងក៏ដោយ ព្រោះពលរដ្ឋភាគច្រើន បានរស់នៅតំបន់នោះជាច្រើនឆ្នាំមកហើយ។ លោកបន្តថា ប្រសិនបើប្រទេសកម្ពុជាដំណើរការជាទីផ្សារសេរី ប្រជាពលរដ្ឋសមនឹងទទួលបានសំណងសមរម្យ នឹងមិនជំទាស់ទៅនឹងការអភិវឌ្ឍរបស់រដ្ឋាភិបាលទេ។ 
លោកថា៖ «ការដែលរដ្ឋាភិបាលជាពិសេសអាជ្ញាធរនឹងមិនបានយកច្បាប់មកដោះស្រាយ។ ពាក្យថាយកច្បាប់មកដោះស្រាយនេះប្រជាពលរដ្ឋដែលរស់នៅកោះមាស ដីដែលពួកគាត់អាស្រ័យផលលើនឹងជាដីភោគៈដែលពួកគាត់កាន់កាប់យូរហើយ ទោះបីថាពួកគាត់មិនមានគេហៅថាបណ្ណកម្មសិទ្ធ ប្លង់ត្រឹមត្រូវ ប៉ុន្តែដីភោគៈនេះគាត់ធ្វើដំណាំលើកោះហ្នឹង បង្កើតកូន។ អីចឹងបើរដ្ឋាភិបាលចង់បានរដ្ឋាភិបាលត្រូវដោះស្រាយលើសំណងសមរម្យ មិនមែនគោលនយោបាយទេ។ បច្ចុប្បន្នកម្ពុជាជាទីផ្សារសេរី មិនមែនកុម្មុយនីស្តដូចសម័យមុនទេ»។
លោកបន្ថែមថា៖ «រដ្ឋាភិបាលត្រូវដោះស្រាយផលប៉ះពាល់ឲ្យសមរម្យ។ ពាក់ព័ន្ធច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញក៏មាន ច្បាប់ភូមិបាលក៏មាន។ គេថាយកច្បាប់មកដោះស្រាយជូនគាត់។ កុំឲ្យអភិវឌ្ឍចេះតែចោទប្រជាពលរដ្ឋថាខុសច្បាប់ ព្រោះពួកគាត់រស់នៅយូរហើយ។ បើចង់បានឲ្យតម្លៃតាមទីផ្សារសេរីទៅគឺគាត់ស្ម័គ្រចិត្តហើយ»។
អង្គការសមាគមធាងត្នោត (STT) បានចេញផ្សាយរបាយការណ៍មួយ ដែលមានចំណងជើងថា «សុវត្ថិភាពដីធ្លីនៃសហគមន៍ក្រីក្រនៅទីក្រុង»។ របាយការណ៍នេះរៀបរាប់លម្អិតអំពីបញ្ហាសុវត្ថិភាពដីធ្លី ដែលកំពុងញាំញីសហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ ដោយសហគមន៍ទាំងនេះបានសម្តែងការព្រួយបារម្ភចំពោះការបណ្តេញចេញ និងសំណងមិនគ្រប់គ្រាន់។ យោងតាមរបាយការណ៍ដដែល ដំណើរការស្វែងរកដំណោះស្រាយនៅពេលធ្វើការអភិវឌ្ឍ និងការបណ្តេញចេញ។សហគមន៍ក្រីក្រទាំងនេះក៏ខកខានមិនបានទទួលឯកសារជាក់លាក់មួយចំនួន ដែលអាចគាំទ្រសិទ្ធិកាន់កាប់ដីធ្លីរបស់ពួកគាត់ផងដែរ៕

អានអត្ថបទផ្សេងទៀតអំពី ដីធ្លី

ដីធ្លី","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1819}" data-page="1" data-max-pages="1" data-start="1" data-end="1">