សាលាដំបូងរាជធានីភ្នំពេញគ្រោងប្រកាសសាលក្រមលើសំណើសុំនៅក្រៅឃុំរបស់សកម្មជនសន្ធិសញ្ញាសន្តិភាពទីក្រុងបារីសចំនួន១០នាក់ នៅថ្ងៃទី០៣ខែកញ្ញា បន្ទាប់ពីតុលាការបានបើកសវនាមុនអង្គសេចក្ដី តាមសំណើរបស់មេធាវីចុងចោទ។ អ្នកទាំង១០នាក់នោះ ត្រូវជាប់ពន្ធនាគារអស់រយៈពេល១៣ខែមកហើយ។ អ្នកឃ្លាំមើលយល់ថាជា រយៈពេលឃុំខ្លួនបណ្ដោះអាសន្នរហូតដល់១៣ខែនេះ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពរបស់ពួកគេ។ សាច់ញាតិជនជាប់ចោទទាំងនោះ ទទូចឱ្យតុលាការដោះលែងពួកគេឱ្យមានសេរីភាពវិញ។ មេធាវីការពាររឿងក្ដីនេះ ប្រាប់ថា អ្នកទាំង១០នាក់ដែលបានស្នើសុំនៅក្រៅឃុំ រួមមាន លោក ស៊្រុនស្រ៊ន ,កញ្ញា ភឹង សោភា , លោកសាន សិទ្ធ , អ្នកស្រីពៅ លីតា, អ្នកស្រី សែម សុផល, លោក ហោ សុខុន, លោក ធែល ធីលែន ,អ្នកស្រី ញិប សារ៉ុម ,លោក ឈឹន ចម្រុង និងលោក គឹម វឿន។ សហមេធាវីការពារក្ដីឱ្យសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺលោក សឺន ជុំជួន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ដំបូងឡើយ សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានបើកសវនាការអង្គសេចក្ដីលើសំណុំរឿងរបស់សកម្មជនសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ក្រោមបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ក្រោយមក តុលាការបានផ្អាកសវនាការអង្គសេចក្ដីនេះ និងបានបើកសវនាការមុនអង្គសេចក្ដី លើ សំណើសុំដោះលែងសកម្មជនទាំងនោះវិញ តាមការស្នើសុំពីសំណាក់មេធាវីពួកគេ ដោយលោកមេធាវីលើកឡើងថា សំណុំរឿងនេះអាចចំណាយពេលយូរ ខណៈកូនក្ដីលោកត្រូវបានឃុំខ្លួនជាងមួយឆ្នាំមកហើយ។ លោកថា៖ «តាមពិតជាសាវនាការអង្គសេចក្តី ប៉ុន្តែដោយសារតែយើងជាមេធាវីពិនិត្យឃើញថានិតិវិធីដែលយើងគប្បីថាស្នើសុំប្តឹងឱ្យដោះលែងនៅក្រៅឃុំជាបណ្តោះអាសន្នសិននៅពេលដែលយើងអង្គសេចក្តី។ ដូច្នេះជាការសម្រេចរបស់តុលាការ គឺតុលាការគាត់អនុញ្ញតឱ្យយើង ទទួលយកពាក្យបណ្តឹងរបស់យើងប៉ុន្តែបណ្តឹងផ្ទាល់មាត់ទេណ៎ា ដើម្បីធ្វើការពិភាក្សាដែញដោលទាក់ទងនឹងការស្នើសុំឱ្យនៅក្រៅឃុំ ប៉ុន្តែពាក់ព័ន្ធទៅនឹងការស្នើសុំឱ្យនៅក្រៅឃុំនេះ គឺជាសវនាការហៅថាមុនអង្គសេចក្តី។ មុនចូលសវនាការអង្គសេចក្តីគឺតុលាការគាត់បានដំណើរការនិតិវិធីអង្គសេចក្តីជាទំនៀមបឋមសិន ដោយលើកឡើងអំពីសាវតាហើយនិងអង្គហេតុរបស់ជនជាប់ចោទ ហើយបានបិទសវនាការអង្គសេចក្តីហ្នឹង បានចូលសវនាការមុនអង្គសេចក្តី»។ លោក សឺន ជុំជួន ឱ្យដឹងថា សវនាការសើសំណើសុំនៅក្រៅឃុំនេះ បានប្រព្រឹត្តទៅប្រមាណ២ម៉ោងកន្លះ គឺពីម៉ោង៩ ដល់ម៉ោង១១កន្លះព្រឹកថ្ងៃទី២៧ ខែសីហា ហើយតុលាការនឹងប្រកាសសាលក្រមករណីនេះនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥។ លោក សឺន ជុំជួន សង្ឃឹមថាតុលាការនឹងដោះលែងកូនក្ដីលោកឱ្យនៅក្រៅឃុំ។ លោកបន្ថែមថា៖ «តាមធម្មតាយើងសិក្សាទៅលើនីតិវិធីយើងខ្ញុំជាមេធាវីតែងតែមានទៅសង្ឃឹមថាតុលាការនឹងពិចារណាដើម្បីឱ្យពួកគាត់បាននៅក្រៅឃុំដោយសារ ហេតុផលដែលយើងលើកមានន័យថា ហេតុផលជាច្រើន ទាក់ទងទៅនឹងធមធានសង្គមផង ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចគ្រួសាររបស់គាត់[…]បញ្ហាជាច្រើនទៀតដែលជាហេតុផលមួយដែលតុលាការគម្បីពិចារណា»។ បងស្រីបង្កើតរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កញ្ញា ភឹង សោភា គឺកញ្ញា ភឹង សោភ័ណ បានប្រាប់ថា ការបន្តឃុំខ្លួនសកម្មជនទាំងនោះរួមទាំងប្អូនស្រីគាត់ផង បានធ្វើឱ្យប៉ះពាល់សិទ្ធិរបស់ពួកគាត់និងបានបង្កឱ្យមានការលំបាកផ្នែកជីវភាពជាច្រើន។ កញ្ញាថា៖ «រយៈពេលនៃការអូសបន្លាយនេះគឺវាប៉ះពាល់ទៅដល់សិទ្ធិរបស់ជនជាប់ចោទ ទី២គឺប៉ះពាល់ទៅដល់ជីវភាពធ្ងន់ធ្ងរទាំងបងស្រ៊នមានកូនតូចៗក្នុងបន្ទុក ទាំងបងសាន សិទ្ធិ មានកូនតូចៗ៦នាក់នៅក្នុងបន្ទុក ទាំងសោភាដែលមានឪពុកម្តាយចាស់ជរានៅក្នុងបន្ទុក ចឹងហេតុផលទាំងអស់នេះវាប៉ះពាល់ដល់ជីវភាពធ្ងន់ធ្ងរសម្រាប់ក្រុមគ្រួសារ ពិសេសគឺបញ្ហាផ្លូវចិត្តនិងអារម្មណ៍ធ្លាក់ចុះនានា។ ម៉្យាងវិញទៀត ក្រុមគ្រួសារនីមួយៗត្រូវចំណាយទាំងអស់ ទៅលើការសួរសុខទុក្ខ ហើយនិងផ្គត់ផ្គង់ទៅអ្នកជាប់នៅខាងក្នុង»។ ជាមួយគ្នានេះ កញ្ញា ភឹង សោភ័ណ អំពាវនាវឱ្យតុលាការនឹងពិចារណាឱ្យសកម្មជនទាំងអស់បាននៅក្រៅឃុំ ដើម្បីឱ្យពួកគេបានជួយសង្គម និងសហគមន៍។ «ជាក្ដីសង្ឃឹម ហើយនិងជាសំណូមពរគឺសុំឱ្យលោកតុលាការពិចារណាទៅលើចំណុចដែលបានកត់សម្គាល់ ទាំងផលលំបាកទាំងកិច្ចការងារល្អៗដែលភឹង សោភា ស្រ៊ុន ស្រ៊ន និង សាន សិទ្ធិ គាត់ប្រឹងប្រែងធ្វើក្នុងរយៈពេល ៥-៦ ឆ្នាំនេះ ដោយអប់រំផ្សព្វផ្សាយអំពីច្បាប់ អ៊ីចឹងពួកគាត់បានបញ្ជាក់ហើយៗថាគាត់គ្រាន់តែចង់នៅខាងក្រៅឃុំដើម្បីបន្តការងារសង្គម បន្តការងារជួយសហគមន៍»។ ចំណែកឯភរិយារបស់សកម្មជនមួយរូបទៀតលោក សាន សិទ្ធិ គឺអ្នកស្រី ស្វាយ ពៅ ថាតាំងពីលោក សាន សិទ្ធិ ជាប់ឃុំមក អ្នកស្រីត្រូវរ៉ាប់រងគ្រប់យ៉ាងក្នុងគ្រួសារដែលមានសមាជិកក្នុងបន្ទុក៦នាក់ ហើយអ្នកស្រីមានការលំបាកក្នុងការមើលថែគ្រួសារតែម្នាក់ឯង ព្រោះមានជំងឺប្រចាំកាយ។ អ្នកស្រីថា៖ «លំបាកច្រើន កូន៤-៥នាក់ ហើយដូចជាដឹងស្រាប់ហើយស្រុកយើងនេះខាងធនាគារ ខាងកូនរៀនផង ទឹកភ្លើងគ្រប់មុខធ្លាប់បន្ទុកមកលើខ្ញុំម្នាក់ឯងអត់ពីស្វាមីទៅ បើមានគាត់ទៅចេះតែជួយយើងទប់លិចទប់កើតទៅវាធូរ»។ អ្នកស្រី ស្វាយ ពៅ បន្ថែមថា៖ «ចង់ឱ្យថា តុលាការមានការពិចារណាទម្លាក់បទចោទគាត់ ហើយមើលទៅប៉ាវា មើលទៅសុខភាពគាត់ទ្រុឌទ្រោមខ្លាំងណាស់ មើលថ្ងៃនេះស្គមក៏ស្គម ព្រោះអីគាត់មានជំងឺត្រអកទីមួយអាជំងឺគាត់យូរហើយ។ ទី២ត្រចៀកគាត់នេះធ្លាប់មានការវះកាត់។ កាលមុនស្តាប់បាន៥០/៥០ ដល់ពេលឥឡូវនេះគាត់ថាស្តាប់បានតែ៣០ទេហើយស្គមឡើងជ្រួញឡើងស្លេកធម្មតាវាជាប់នេះវាចង្អៀតដេកពួនអីក៏ពិបាកអ៊ីចឹងទៅណ៎ា»។ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលបានចូលស្ដាប់សវនាការព្រឹកនេះ កត់សម្គាល់ថា រយៈពេលនៃការឃុំខ្លួនសកម្មជនសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស គឺបានហួសរយៈពេលឃុំខ្លួន។ លោកនិយាយថា៖ «ដោយសារតែនីតិវិធីនៃការឃុំខ្លួនគាត់ហ្នឹងវាលើសច្រើនពេក ឧទាហរណ៍ថានៅក្នុងច្បាប់កាត់ទោសឱ្យជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ ហើយមកដល់សព្វថ្ងៃនេះ គឺឃុំគាត់ជាងមួយឆ្នាំហើយ ១៣ខែហើយមិនទាន់បានកាត់ក្ដី ។ ដូច្នេះថ្ងៃនេះគេយកសំណុំរឿងទាំង៥នេះ អ្នកដែលជាប់ពាក់ព័ន្ធស្នើសុំនៅក្រៅឃុំហ្នឹង គេបើកសវនាការរឿងមុនអង្គសេចក្ដី គឺសុំនៅក្រៅឃុំ។ ករណីនេះ លោក យី…