អ្នកស្រឡាញ់ភេទដូចគ្នាសាទរ Pride Month តែពួកគេខ្លះនៅលាក់អត្តសញ្ញាណព្រោះរង​សម្ពាធសង្គម

សង្គម

(ការសម្តែងតន្ត្រីក្នុងកម្មវិធីអបអរខែមោទកភាពឬ Pride Month នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានី​ភ្នំពេញ។ (រូបភាព៖ SamPi- សាមពីរ)

ទង់ពណ៌ឥន្ទធនូដែលតំណាងឱ្យសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាត្រូវបានលើកបង្ហាញនៅក្នុងពិធីអបអរខែមោទកភាព (Pride Month) ហើយសារអំពាវនាវឱ្យមានការគោរពសិទ្ធិ និងភាពចម្រុះយេនឌ័រ ត្រូវបានបន្លឺឡើងជាសាធារណៈ ប៉ុន្តែអ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួននៅកម្ពុជា និយាយថា ពួកគេនៅតែរស់នៅក្រោមសម្ពាធនៃការមិនទទួលស្គាល់ពីគ្រួសារ ការរើសអើងក្នុងសង្គម និងការបង្ខំឱ្យរស់នៅតាមអ្វីដែលអ្នកដទៃរំពឹងទុក។

នៅក្នុងព្រឹត្តិការណ៍អបអរខែមោទកភាព ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែឧសភា ដោយអង្គការសង្គមស៊ីវិលជាង ២០ រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការក្លាហានជាដើម ព្រឹត្តិការណ៍នេះ បានទាក់ទាញអ្នកចូលរួមជាច្រើនកុះករ ភាគច្រើនជាសមាជិកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរអត្តសញ្ញាណយេនឌ័រ ដែលបាន​មកជួបជុំគ្នាដើម្បីបង្ហាញពីការគាំទ្រ សាទរភាពចម្រុះនៃក្ដីស្រឡាញ់ និង សាមគ្គីភាព។

ព្រឹត្តិការណ៍នេះមានរយៈពេលមួយថ្ងៃពេញ ដោយផ្តោតលើការលើកកម្ពស់សាមគ្គីភាព និងការយល់ដឹងអំពីសិទ្ធិ និងអត្តសញ្ញាណយេនឌ័រ។ សកម្មភាពក្នុងកម្មវិធីរួមមានការប្រកួតដេញ​ដោលជាសាធារណៈលើប្រធានបទពាក់ព័ន្ធនឹងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា សកម្មភាពកម្សាន្ត ការសម្តែងរបាំ និងការចែករំលែកបទពិសោធន៍ជីវិតពីសមាជិកសហគមន៍ផ្ទាល់។

ទោះជាយ៉ាងណា សម្រាប់ «ហ្វុក» រូបរាងជាបុរសអាយុ ៣៦ ឆ្នាំ ដែលកំណត់អត្តសញ្ញាណខ្លួនឯង​ថាជាអ្នកស្រឡាញ់ទាំងពីរភេទ (Bisexual) ការចូលរួមក្នុងពិធីអបអរខែមោទកភាពកាលពីចុងខែឧសភាកន្លងទៅនេះ គឺជាពេលដ៏កម្រមួយដែលគាត់អាចបង្ហាញខ្លួនជាខ្លួនឯងដោយគ្មានការភ័យខ្លាច។ ប៉ុន្តែគាត់ថាពេលត្រឡប់ទៅផ្ទះវិញ គាត់ត្រូវប្រឈមមុខនឹងការពិតមួយផ្សេងទៀត។

គាត់ថា ទោះបីជាគ្រួសារដឹងពីអត្តសញ្ញាណយេនឌ័ររបស់គាត់ក៏ដោយ ឪពុកម្តាយនៅតែមិនទទួលស្គាល់ ហើយនៅតែព្យាយាមឱ្យគាត់ផ្លាស់ប្តូរ។

នៅឆ្នាំ២០២៤ គាត់ត្រូវបានបង្ខំឱ្យរៀបការជាមួយស្ត្រីម្នាក់។ អាពាហ៍ពិពាហ៍នោះបានបន្តត្រឹមប្រមាណបួនខែប៉ុណ្ណោះ មុនពេលបញ្ចប់ដោយសារការរស់នៅមិនចុះសម្រុង និងសម្ពាធផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ។

ហ្វុក និយាយថា ការបដិសេធពីគ្រួសារ បានធ្វើឱ្យគាត់ធ្លាក់ចូលក្នុងវិបត្តិផ្លូវចិត្ត រហូតដល់ប៉ុន​ប៉ងបញ្ចប់ជីវិតខ្លួនឯង។ ស្នាមសន្លាកនៅលើដៃរបស់គាត់ នៅតែជាសាក្សីនៃរឿងរ៉ាវនោះ។

ហ្វុកមានប្រសាសន៍ថា៖ « សព្វថ្ងៃគាត់ [ឪពុកម្តាយ] នៅតែបង្ខំ [រៀបការ] មិនមែនខ្ញុំមិនស្រឡាញ់ស្រីទេ តែមានតែ២០%ទេ ដែលស្រឡាញ់ស្រី ប៉ុន្តែចិត្តយើងច្រើនគឺស្រឡាញ់មនុស្សប្រុស ប៉ុន្តែបើសិនជាគាត់នៅតែបង្ខំទៀត ខ្ញុំនៅតែព្យាយាមបដិសេធគាត់ដដែល […] មិនមែនគាត់មិនដឹងទេ តែគាត់នៅតែបង្ខំដដែល ដែលវាជាសម្ពាធផ្លូវចិត្ត ហើយពេលខ្លះក៏ចង់គិតខ្លីម្តងៗដែរ ពេលខ្លះគាត់បង្ខំយើង ឱ្យយើងរៀបការទៅ គាត់ថា ប្រសិនបើយើងមិនរៀបការទេ គាត់នឹងសម្លាប់ខ្លួនអីចឹងទៅ ដូច្នេះយើងជាកូនគឺពិបាក ទីមួយអារម្មណ៍របស់យើងផ្ទាល់ មួយទៀតអារម្មណ៍គិតពីគាត់ » ។

បច្ចុប្បន្ន ហ្វុកជ្រើសរើសរស់នៅដោយបិទខ្លួនឯងនៅក្នុងបន្ទប់ បន្ទាប់ពីចេញពីធ្វើការ ដើម្បី​ជៀសវាងការប៉ះទង្គិចពាក្យសម្ដីជាមួយឪពុក។

ហ្វុកបន្តថា៖ « ខ្ញុំក៏ធ្លាប់ជជែកពន្យល់ ម៉ាក់ប៉ារបស់ខ្ញុំដែរ តែឱ្យតែឮពាក្យហ្នឹងមួយ គាត់ខឹង​តែ​ម្តង គាត់ថាបានហើយឈប់និយាយ […] គាត់ក៏ដឹងដែរ មិនមែនគាត់មិនដឹងទេ ប៉ុន្តែគាត់នៅឱ្យយើងព្យាយាមកែប្រែ គឺគាត់មិនទទួលយក ហើយគាត់មានតែពាក្យមួយម៉ាត់ចុងក្រោយ បើសិនជាចង់ធ្វើរឿងហ្នឹងលុះត្រាតែគាត់ស្លាប់សិន » ។

ខែមោទកភាព ឬ Pride Month គឺជាព្រឹត្តិការណ៍អន្តរជាតិដែលប្រារព្ធរៀងរាល់ខែមិថុនា ដើម្បី​អបអរសាទរ និងលើកកម្ពស់សិទ្ធិរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងរំលឹកប្រវត្តិសាស្ត្រនៃការតស៊ូប្រឆាំងនឹងការរើសអើងផ្អែកលើភេទ និងអត្តសញ្ញាណយេនឌ័រ។

ព្រឹត្តិការណ៍នេះក៏ជាវេទិកាសង្គមសំខាន់មួយសម្រាប់ការបង្ហាញ និងការទទួលស្គាល់ភាពចម្រុះ​របស់មនុស្ស ដោយរួមមាននិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញអត្តសញ្ញាណ និងលក្ខណៈផ្លូវភេទ (SOGIESC)។ ខែនេះត្រូវបានប្រើដើម្បីជំរុញការយល់ដឹងសង្គម លើកស្ទួយសមភាព និងបញ្ចប់ការរើសអើងដែលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅតែជួបប្រទះក្នុងសង្គមជាច្រើន។

យ៉ាងណា អ្នកចូលរួមព្រឹត្តិការណ៍ខែមោទកភាពម្នាក់ទៀតគឺ សួន វីន អាយុ ២៧ ឆ្នាំ ដែលជាគ្រូបង្រៀន និងជាសមាជិកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និយាយថា ទោះបីគាត់ហ៊ានបង្ហាញអត្តសញ្ញាណនៅក្នុងការងារសង្គម ឬក្នុងព្រឹត្តិការណ៍ដូចជា Pride Month ក៏ដោយ គាត់នៅតែលាក់វានៅកន្លែងការងារ។

វីន និយាយថា៖ «ខ្ញុំជាគ្រូបង្រៀន មិនអាចបង្ហាញថាខ្លួនស្ថិតនៅក្នុងសហគមន៍អ្នកស្រឡាញ់​ភេទដូចគ្នាបានទេ ដោយសារពេលប៉ាម៉ាក់គេឮថាយើងជា Bisexual គេថាយើងមិនច្បាស់លាស់នឹងខ្លួនឯង ស្រឡាញ់ទាំងពីរភេទបែបនេះ បង្រៀនកូនគេយ៉ាងម៉េច គេថាឱ្យខ្ទើយបង្រៀនកូនគេចឹងទៅ តិចឆ្លងតិចអី ជាពិសេសមានក្មេងប្រុសរៀនជាមួយយើង គេខ្លាចឆ្លងពីខ្ញុំ » ។

លោកនិយាយថា សម្ពាធមិនមែនកើតឡើងតែពីសង្គមខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីក្នុងគ្រួសារផងដែរ។ ទោះបីម្ដាយរបស់គាត់ធ្លាប់គាំទ្រក៏ដោយ ក៏នៅតែចង់ឱ្យគាត់យកប្រពន្ធ។ បន្ទាប់ពីម្ដាយទទួលមរណភាព បងប្អូនខ្លះនៅតែបន្តជំរុញឱ្យគាត់រៀបការ។

វីន បន្តថា៖ « ដល់ពេលគាត់និយាយឱ្យយកប្រពន្ធ យកអី ខ្ញុំឆ្ងល់បែបនេះ ហេតុអ្វីមនុស្សគ្រប់គ្នា កើតមកតម្រូវឱ្យយកគ្រួសារតែម្តង យើងរាងមានសម្ពាធដែរ នៅពេលនិយាយៗទៅ គាត់លើករឿងនេះមក យើងកំពុងសប្បាយផង យើងចាប់ផ្តើមអន់ចិត្តជាមួយ ចាប់ផ្តើមស្ងាត់ ហេតុអ្វីគាត់មិនយល់ពីយើង? »។

វីន បានរៀបរាប់ថា បន្ទាប់ពីគាត់សម្រេចចិត្តបង្ហាញអត្តសញ្ញាណរបស់ខ្លួនជាសាធារណៈនៅអាយុ ២២ ឆ្នាំ គាត់បានជួបប្រទះការរើសអើង និងការយល់ច្រឡំពីមនុស្សជុំវិញខ្លួន។ គាត់បញ្ជាក់ថា មិត្តភក្តិដែលធ្លាប់រាប់អាន និងដើរលេងជាមួយគ្នាជាក្រុមធំប្រមាណ ៣០ នាក់ បានបន្តបាត់បង់ទំនាក់ទំនងជាបន្តបន្ទាប់ រហូតនៅសល់តែ ២ ឬ ៣ នាក់ប៉ុណ្ណោះ។ តាមការលើកឡើងរបស់គាត់ មូលហេតុគឺដោយសារមិត្តភក្តិខ្លះមានការព្រួយបារម្ភ និងយល់ច្រឡំថា ការនៅជិតគាត់អាចធ្វើឱ្យគាត់មានអារម្មណ៍ស្រឡាញ់ពួកគេ។ 

គាត់ក៏បានបន្ថែមថា សមាជិកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាជាច្រើនតែងតែប្រឈមមុខនឹងការមើលឃើញក្នុងន័យអវិជ្ជមានដូចគ្នា សូម្បីតែពេលប្រើប្រាស់បន្ទប់ទឹករួមគ្នា ក៏គេគិតថាសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានឹងលួចមើល ទោះបីការពិតមិនដូចអ្វីដែលគេសន្និដ្ឋាន ក៏ដោយ។

វីនថា ការគាំទ្រពីមិត្តភក្តិ និងអង្គការសង្គមស៊ីវិល បានជួយឱ្យគាត់ឆ្លងផុតការបាក់ទឹកចិត្ត ប៉ុន្តែអ្វីដែលគាត់ចង់បានបំផុត គឺការទទួលស្គាល់ពីគ្រួសារ។

វីនបន្តថា៖ « ខ្ញុំចង់ប្រាប់ទៅសង្គម និងអ្នកជុំវិញខ្លួនថាភេទមិនអាចកំណត់សមត្ថភាព និងជោគវាសនារបស់ពួកខ្ញុំបានទេ អ្វីដែលពួកខ្ញុំអាចធ្វើបានគឺសមត្ថភាព និងសូមផ្តល់ឱកាសពួកខ្ញុំដូចមនុស្សទូទៅដូចគ្នា សូមឱ្យឃើញពួកខ្ញុំដូចមនុស្សធម្មតា ហើយពួកខ្ញុំក៏ជាកោសិកាមួយនៃសង្គម ហើយសូមបើកចិត្តទូលាយ និយាយថាទទួលយកពួកយើងដោយក្តីស្រឡាញ់ » ។

ចំណែក ប៉ិត វីរៈ អាយុ ៤១ ឆ្នាំ ដែលជាអ្នកប្តូរអត្តសញ្ញាណយេនឌ័រ និយាយថា គាត់ដឹងពីអត្តសញ្ញាណខ្លួនឯងតាំងពីអាយុ ៨ ឆ្នាំ។ ដំបូងឡើយ គ្រួសារមិនទទួលស្គាល់ទេ ប៉ុន្តែក្រោយមកបានប្ដូរឥរិយាបថ។

វីរៈ និយាយថា៖ « សំរាប់គ្រួរសារខ្ញុំគាត់មានការរើសអើង និងណែនាំខ្ញុំមិនអោយធ្វើជាភេទទី៣ ដែរ តែនៅពេលដែលខ្ញុំធ្វើជាកូនល្អ ក្មេងល្អ ចេះជួយដល់គ្រួសារ គាត់លេងគិតរឿងហ្នឹងទៅ ហើយគាត់ក៏ចេះតែធ្វើមិនដឹងៗទៅ តែសំរាប់អ្នកជិតខាងវិញគេរើសអើងណាស់ […] សម្រាប់ក្មេងៗជំនាន់ក្រោយ បើគេលាក់ អត្តសញ្ញាណ នោះគេនឹងរស់នៅក្នុងគំនាបផ្លូវចិត្ត និងរាងកាយជាខ្លាំង ធ្វើអោយទំនាក់ទំនងជាមួយគ្រួសារក៏មិនសូវល្អដែរ» ។

ក្នុងឱកាសខែមោទកភាព (Pride Month) ដែលប្រព្រឹត្តទៅពេញមួយខែមិថុនា លោក វីរៈ ស្នើឱ្យមានការយកចិត្តទុកដាក់បន្ថែមពីគ្រួសារ អាជ្ញាធរ និងសាលារៀន ចំពោះកុមារ និងយុវជនរស់នៅក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។

លោកថា ការគាំទ្រពីគ្រួសារ គឺជាកត្តាសំខាន់ដែលអាចជួយឱ្យពួកគេជំនះការរើសអើង និងបន្តការសិក្សាបាន។ លោកក៏សង្ឃឹមថា សង្គមនឹងផ្តល់ឱកាសស្មើគ្នាដល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ក្នុងការអប់រំ ការងារ និងការចូលរួមក្នុងជីវិតសាធារណៈ ដើម្បីឱ្យពួកគេអាចរស់នៅដោយសេចក្តីថ្លៃថ្នូរ និងបង្ហាញសមត្ថភាពដូចប្រជាពលរដ្ឋដទៃទៀត។

របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លើកឡើងថា ទោះបីកម្ពុជាមិនមានច្បាប់ដាក់ទោសចំពោះទំនាក់ទំនងភេទដូចគ្នាក៏ដោយ ក៏ក្របខណ្ឌច្បាប់នៅមិនទាន់មានការការពារជាក់លាក់ប្រឆាំងនឹងការរើសអើងដោយផ្អែកលើទំនោរផ្លូវភេទ អត្តសញ្ញាណ​យេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈផ្លូវភេទ (SOGIESC) នៅឡើយ។

របាយការណ៍ដដែល បន្ថែមថា សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាជាច្រើននៅកម្ពុជា នៅតែប្រឈមនឹងការរើសអើងនៅក្នុងគ្រួសារ សាលារៀន កន្លែងធ្វើការ និងទីសាធារណៈ។ 

មន្ត្រីសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក លឹម បូរិន ថាការរើស​អើង និងការមិនទទួលយកពីសំណាក់សមាជិកគ្រួសារ គឺជាឧបសគ្គធំបំផុតសម្រាប់​សហគមន៍​អ្នកស្រឡាញ់ភេទដូចគ្នា។ លោកថា ប្រសិនបើគ្រួសារបដិសេធអត្តសញ្ញាណរបស់ពួកគេ តែងធ្វើឱ្យបុគ្គលនោះបាត់បង់ទំនុកចិត្ត និងកម្លាំងចិត្តក្នុងការរស់នៅជាខ្លួនឯង។

លោកបន្តថា មនុស្សជាច្រើននៅតែខ្លាចបង្ហាញអត្តសញ្ញាណរបស់ខ្លួន ព្រោះព្រួយបារម្ភថានឹងត្រូវបដិសេធពីឪពុកម្តាយ សាច់ញាតិ ឬបាត់បង់ការងារ។

លោកមានប្រសាសន៍ថា៖ « បើទោះបីជាមានការកើនឡើង មានការជជែក ប៉ុន្តែការរើសអើង ការមិនទទួលយកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅតែបន្ត ដូច្នេះហើយ ធ្វើឱ្យអ្នកមួយចំនួនគាត់មិនទាន់ហ៊ានក្នុងការចេញជាចំហឬក៏បង្ហាញអត្តសញ្ញាណរបស់គាត់ជាសាធារណៈទេ » ។

លោកបន្ថែមថា៖ « ការរើសអើងនៅក្នុងរង្វង់គ្រួសារគឺជាឧបសគ្គធំជាងគេសម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាឆ្លងកាត់ តាមរយៈការជជែកជាមួយពួកគាត់ ពួកគាត់ថាវាធំធេង ប្រសិនជាគ្រួសារមិនទទួលយក គ្រួសារបដិសេធ អាហ្នឹងវាជាជំហានទីមួយរបស់គាត់ពិបាក មិនមានកម្លាំងថាមពល កម្លាំងចិត្ត កម្លាំងកាយចិត្តក្នុងការបង្ហាញជាសាធារណៈនៃ អត្តសញ្ញាណយេនឌ័ររបស់គាត់ […] ការរើសអើងពីអ្នកខាងក្រៅ ពីសាធារណជន ពីប្រព័ន្ធគាំពារសង្គមមួយចំនួននោះគឺវាមិនធ្ងន់ធ្ងរដូចការរើសអើងពីសំណាក់សមាជិកគ្រួសារ ឱពុកម្តាយ ប្រសិនបើសមាជិកគ្រួសារ គាត់បដិសេធមិនទទួលយក នោះគឺជាឧបសគ្គធំមែនទែននៅក្នុងការរស់នៅប្រចាំថ្ងៃរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា » ។

ទោះយ៉ាងនេះក្តី លោកកត់សម្គាល់ថា ស្ថានភាពនៅកម្ពុជាបានផ្លាស់ប្តូរវិជ្ជមានជាងមុន ដោយ​មានគ្រួសារកាន់តែច្រើនចាប់ផ្តើមទទួលស្គាល់ និងគាំទ្រកូនដែលជាអ្នកស្រឡាញ់ភេទដូចគ្នា។ ប៉ុន្តែលោកថា ការផ្លាស់ប្តូរនេះមិនទាន់កើតឡើងស្មើគ្នានៅគ្រប់ទីកន្លែងនោះទេ ហើយការរើសអើងនៅតែមាននៅក្នុងបរិបទខ្លះ ដូចជាគ្រួសារ សាលារៀន និងកន្លែងការងារ។

លោកបន្តថា ក្រៅពីការផ្លាស់ប្តូរផ្នត់គំនិតសង្គម កម្ពុជាក៏ត្រូវការយន្តការ និងគោលនយោបាយច្បាស់លាស់បន្ថែមទៀត ដើម្បីការពារសិទ្ធិ និងកាត់បន្ថយការរើសអើង​លើ​សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។

យោងតាមអង្គការសហប្រជាជាតិ បើទោះបីជាទំនាក់ទំនងផ្លូវភេទដូចគ្នា មិនត្រូវបានដាក់ជាទោសព្រហ្មទណ្ឌក្តី អ្នកស្រឡាញ់ភេទដូចគ្នាទាំងនោះ មិនត្រូវបានការពារ ឬទទួលស្គាល់ដោយច្បាប់កម្ពុជានោះទេ។ បើតាមអង្គការសហប្រជាជាតិ និងបណ្តាញសិទ្ធិមនុស្សអន្តរជាតិ ខែមោទកភាព ឬ Pride Month ត្រូវបានចាត់ទុកថាជាឧបករណ៍សំខាន់មួយនៅក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងការទទួលស្គាល់ភាពចម្រុះរបស់មនុស្សនៅទូទាំងពិភពលោក។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ប៉ា ប៉ុណ្ណារ៉ាដា ថា អាជ្ញាធរកម្ពុជា បានព្យាយាមលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស និងការមិនរើសអើងចំពោះអ្នកស្រឡាញ់​ភេទ​ដូចគ្នា។

លោកថា ថ្នាក់ដឹកនាំកម្ពុជា ក៏ធ្លាប់ និងតែងតែអំពាវនាវកុំឱ្យមានការរើសអើង ឬប្រើពាក្យសម្ដីដែលប៉ះពាល់ដល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។

លោកមានប្រសាសន៍ថា៖ « នៅកម្ពុជារបស់យើងមិនមានច្បាប់ទទួលស្គាល់សមភាពអាពាហ៍​ពិពាហ៏ទេ ប៉ុន្តែយើងក៏មិនមានការដាក់ទោស ឬក៏ហាមឃាត់ដែរ មានន័យថាយើងមិនយកទោសពៃរ៍នោះទេ »។​

លោកក៏បានអំពាវនាវឱ្យសាធារណជនបញ្ឈប់ការរើសអើងចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ដោយលើកឡើងថា ពួកគេក៏ជាពលរដ្ឋដូចប្រជាពលរដ្ឋទូទៅដែរ មានសិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូរ និងក្តីស្រឡាញ់ដូចគ្នា។ លោកជំរុញឱ្យមានការទទួលស្គាល់ និងគោរពសិទ្ធិរបស់ពួកគេដោយស្មើភាព ដោយមិនគួរមានការរើសអើង ឬមើលងាយដោយសារអត្តសញ្ញាណផ្លូវភេទនោះទេ។

លោកមានប្រសាសន៍ថា៖ « មិនត្រូវរើសអើងទេ ត្រូវស្រឡាញ់ពួកគាត់ អាណិតពួកគាត់ ព្រោះនេះជាលក្ខណៈធម្មជាតិរបស់ពួកគាត់កើតមកដូច្នេះ។ កុំមានការរើសអើងទៅលើសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ព្រោះគាត់ក៏ដូចជាយើងដែរ ប្រជាជនទូទៅតើ ដូចតែគេ តែឯងដែរហ្នឹង ពួកគាត់មានបេះដូង មានក្តីស្រឡាញ់ដូចគ្នា ពួកគាត់ក៏មានសិទ្ធិសេរីភាពរបស់ពួកគាត់ ដូច្នេះសូមឱ្យប្រជាពលរដ្ឋទាំងអស់ កុំមានការរើសអើងពួកគាត់ សូមទទួលស្គាល់ពួកគាត់ សូមផ្តល់សិទ្ធិសេរីភាព និងតម្លៃភាពថ្លៃថ្នូរដល់ពួកគាត់ឱ្យដូចពលរដ្ឋដទៃ » ។

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ដូច ហ្វុក ការផ្លាស់ប្ដូរនៃការបើកទូលាយក្នុ្ងងការជជែកជាសាធារណៈ មិនទាន់អាចផ្លាស់ប្ដូរជីវិតប្រចាំថ្ងៃរបស់គាត់បាននៅ​ឡើយ។ សម្រាប់ហ្វុក ការទទួលស្គាល់ពីសង្គមមានន័យ ប៉ុន្តែការទទួលស្គាល់ពីឪពុកម្តាយមានន័យធំជាងនេះ។

ហ្វុកសង្កត់ធ្ងន់ថា៖ « បើថ្ងៃណាមួយឪពុកម្តាយខ្ញុំទទួលស្គាល់ខ្ញុំវិញ ខ្ញុំគិតថាជីវិតខ្ញុំនឹងផ្លាស់ប្ដូរខ្លាំងណាស់។ ដូចជាកង្កែបចេញពីអណ្ដូង ទៅដល់ទន្លេអ៊ីចឹង។ ខ្ញុំនឹងមានសេរីភាព និងសប្បាយចិត្តជាងមុន »៕ 

(អត្ថបទដោយ)៖ សោម សុធារី

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2957}" data-page="1" data-max-pages="1" data-start="1" data-end="1">