អង្គការលីកាដូបង្ហាញថាក្មេងស្រីវ័យជំទង់ជាជនរងគ្រោះចម្បងនៃការបំពានរូបភាពស្រើបស្រាលតាមអនឡាញនៅកម្ពុជា។ លីកាដូបានចងក្រងករណីពាក់ព័ន្ធនឹងការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពានចំនួន ២៤ ករណី ក្នុងពេល ៥ ឆ្នាំ ចាប់តាំងពីឆ្នាំ២០២១មក ហើយក្នុងចំណោមពាក់កណ្ដាលនៃជនរងគ្រោះគឺជាក្មេងស្រីអាយុចន្លោះពី ១៣ ដល់ ១៧ ឆ្នាំ។
អង្គការលីកាដូអំពាវនាវឱ្យរាជរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ និងធានាការការពារជនរងគ្រោះឱ្យមានប្រសិទ្ធភាព។
យោងតាមលីកាដូផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះលើកឡើងថា ជាងមួយភាគបីនៃករណីទាំងនោះ ជាករណីដែលបានកើតមានឡើងនៅក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ហើយការចងក្រងទាំងនេះ អាចគ្រាន់តែបង្ហាញឱ្យឃើញជាផ្នែកតូចមួយនៃចំនួនករណីបែបនេះ។
ការចងក្រងបញ្ជាក់ថា ការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពាន រួមមានការថត ការចែកចាយ ឬការគំរាមកំហែងថានឹងចែកចាយរូបភាព ឬវីដេអូស្រើបស្រាលរបស់បុគ្គលណាម្នាក់ ដោយគ្មានការយល់ព្រម។ រូបភាពទាំងនោះអាចជារូបភាពពិត ឬរូបភាពដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)។
អង្គការ លីកាដូ បានចងក្រង៖ «ជនល្មើសបានប្រើរូបភាពស្រើបស្រាលទាំងនេះ ដើម្បីបង្ខិតបង្ខំ បំបិទមាត់ និងគ្រប់គ្រងស្ត្រី និងក្មេងស្រី។ ក្នុងករណីយ៉ាងតិច ១០ ដែលត្រូវបានចងក្រង ជនល្មើសបានចែកចាយរូបភាព ឬវីដេអូស្រើបស្រាលតាមអ៊ីនធឺណិត ឬផ្ញើទៅកាន់ក្រុមគ្រួសារ ឬសហគមន៍ដែលស្ត្រី ឬក្មេងស្រីរងគ្រោះកំពុងរស់នៅ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពាន គឺជាប្រភេទមួយនៃអំពើហិង្សាផ្អែកលើយេនឌ័រ។
លោកបន្តថាមូលហេតុដែលករណីនេះមានការកើនឡើង គឺដោយសារការអនុវត្តច្បាប់នៅមិនទាន់មានភាពច្បាស់លាស់ និងម៉ឺងម៉ាត់ ការខ្វះកិច្ចការពារជនរងគ្រោះ និងការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យា រួមទាំងបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើតរូបភាពក្លែងក្លាយ។
លោកមានប្រសាសន៍ថា៖ «ដោយសារការមិនទាន់ទទួលស្គាល់ជាសាធារណៈថាការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពានជាបទល្មើស ទើបការអនុវត្តច្បាប់នៅមានភាពស្រពិចស្រពិល និងធូរលុងលើបទល្មើសនេះ។ ច្បាប់ស្តីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងក្រមព្រហ្មទណ្ឌ ក៏មានកំណត់បទល្មើស និងដាក់ទោសលើអំពើមួយចំនួនដែលទាក់ទងការប្រើប្រាស់រូបភាពស្រើបស្រាល និងអាសអាភាស ដូច្នេះសមត្ថកិច្ចគឺអនុវត្តឱ្យមានប្រសិទ្ធភាព»។
លោកបន្តថាដោយសារការដែលមិនទាន់ទទួលស្គាល់ជាសាធារណៈ ថាទង្វើទាំងអស់នេះជាបទល្មើស ទើបធ្វើឱ្យជនរងគ្រោះមិនទាន់មានទំនុកចិត្តក្នុងការស្វែងរកកិច្ចគាំពារ និងការពារចំពោះខ្លួន និងភាគច្រើនមិនបានប្តឹង ឬរាយការណ៍ទៅសមត្ថកិច្ច ម្យ៉ាងទៀតសមត្ថកិច្ចមួយចំនួនក៏នៅមិនទាន់ប្រាកដថាទង្វើទាំងនេះជារឿងខុសច្បាប់។
លោកនិយាយថា៖ «គ្មាននរណាម្នាក់គួរតែត្រូវបានគេធ្វើឱ្យមានអារម្មណ៍ខ្មាសអៀន ឬរងការស្តីបន្ទោស ដោយអ្នកដទៃបានរំលោភបំពានឯកជនភាព ឬទំនុកចិត្តរបស់សាមីខ្លួនឡើយ។ ទង្វើនៃការប្រើប្រាស់រូបភាព ឬវីដេអូ ស្រើបស្រាល ឬអាសអាភាសដោយរំលោភបំពាន គឺជាអំពើខុសច្បាប់។ ជនរងគ្រោះដោយការប្រើប្រាស់រូបភាព ឬវីដេអូ ស្រើបស្រាល ឬអាសអាភាស ប្រឈមនឹងផលប៉ះពាល់ដូចជា៖ បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវចិត្ត ការផ្តាច់ខ្លួនចេញពីគ្រួសារ សហគមន៍ បោះបង់ការសិក្សា ពួកគេបាក់ទឹកចិត្ត ឬជំងឺធ្លាក់ទឹកចិត្ត មិនហ៊ានរាយការណ៍អំពីអំពើហិង្សាផ្លូវភេទ និងការរំលោភបំពានបែបនេះ ឬឈានដល់ការធ្វើអត្តឃាត»។
ជុំវិញរឿងនេះ លីកាដូ អំពាវនាវឱ្យរាជរដ្ឋាភិបាលទទួលស្គាល់ការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពានថា ជាទម្រង់ធ្ងន់ធ្ងរនៃអំពើហិង្សាផ្អែកលើយេនឌ័រ ពង្រឹងសមត្ថភាពអាជ្ញាធរអនុវត្តច្បាប់ និងតុលាការ ធានាការទទួលបានយុត្តិធម៌សម្រាប់ជនរងគ្រោះ ប្រើប្រាស់បទល្មើសព្រហ្មទណ្ឌដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងបង្កើនការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់នៃអំពើនេះ។
លីកាដូលើកឡើងថា៖ «ធានានូវការទទួលបានយុត្តិធម៌ និងសេវាកម្មគាំទ្រ ដែលផ្តោតសំខាន់លើជនរងគ្រោះ គ្មានការស្តីបន្ទោស និងការរើសអើងលើជនរងគ្រោះ។ ជនរងគ្រោះគួរតែអាចជ្រើសរើសអាជ្ញាធរ ដែលជាស្រី្ត ឬបុរស ដែលពួកគេអាចទុកចិត្តសហការជាមួយនឹងពួកគេ ហើយរូបភាពស្រើបស្រាល មិនគួរអនុញ្ញាតឱ្យអាជ្ញាធរច្រើននាក់ មានសិទ្ធិអំណាចមើលបាននោះទេ ហើយអ្នកដែលមានសិទ្ធិមើលរូបនោះ ត្រូវគោរពឱ្យបាននូវសិទ្ធិឯកជនភាព និងការសម្ងាត់យ៉ាងតឹងរ៉ឹងបំផុត»។
លីកាដូបន្ថែមថា អ្នកដែលមានបញ្ហាដូចខាងលើនេះអាចផ្តល់ព័ត៌មានទៅកាន់អង្គការដោយធានាថាជាការសម្ងាត់ និងគ្មានការរើសអើង។
លីកាដូនិយាយថា៖ «ប្រសិនបើអ្នករងគ្រោះពីអំពើនៃការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពាន អ្នកមិនឯកោទេ។ ស្ត្រី និងក្មេងស្រីជាច្រើននាក់ បានជួបប្រទះបញ្ហាស្រដៀងគ្នានេះ ហើយអ្វីដែលបានកើតឡើងមិនមែនជាកំហុសរបស់អ្នកទេ ។ អង្គការ លីកាដូ ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងជម្រើសមួយចំនួនដល់អ្នក ដោយធានាការសម្ងាត់ និងគ្មានការរើសអើង»។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា ថ្លែងថាកម្ពុជាមានច្បាប់សម្រាប់ការពារកុមារ និងផ្ដន្ទាទោសការរំលោភបំពានលើអនីតិជនរួចហើយ ប៉ុន្តែការអនុវត្តច្បាប់គួរតែមានប្រសិទ្ធភាព និងស្មើភាពគ្នាចំពោះមុខច្បាប់។
លោកបានអំពាវនាវឱ្យរដ្ឋាភិបាល ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរ អង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងការរំលោភបំពានកុមារ និងស្ត្រី។
លោកបន្តថា៖ «ក្នុងនាមជាបក្សក្រៅរដ្ឋាភិបាល បើយើងចង់ឃើញការចាត់វិធានការទៅតាមច្បាប់ជាតិនិងអន្តរជាតិ គឺត្រូវតែមានការសហការរវាងអាជ្ញាធរសមត្ថកិច្ចជាមួយមហាជន ឱ្យបានដឹងឮដល់ប្រជាពលរដ្ឋ មិនថានៅតាមសាលារៀន និងកន្លែងសាធារណៈឡើយ»។
លោកបន្តថា៖ «អ៊ីចឹងខ្ញុំថាការបង្ហាញរបស់អង្គការលីកាដូមួយផ្នែកតូចនេះ គឺថាជាការដាស់តឿនដល់រដ្ឋាភិបាល។ ក្នុងនាមជាអង្គការសង្គមស៊ីវិលទទួលបន្ទុកផ្នែកសិទ្ធិមនុស្សដែលមានអាយុកាលជាង ៣០ ឆ្នាំ ក៏រួមចំណែកជួយស៊ើបអង្កេតស្រាវជ្រាវ កុំឱ្យប្រទេសជាតិមួយក្លាយជាអនាធិបតេយ្យ»
អ្នកនាំពាក្យក្រសួងកិច្ចការនារី អ្នកស្រី ស ស៊ីណែត មិនបានឆ្លើយតបនឹងអ្នកសារព័ត៌មានភ្លាមៗនោះទេ៕







