កូដករណាហ្គាវើលដ៍ កញ្ញា សុខ ថាវុធ បានចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ តាមបណ្តឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ពាក់ព័ន្ធនឹងបទចោទ «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស»។ ក្រោយការចូលបំភ្លឺ កញ្ញានិងអ្នកគាំទ្របានអំពាវនាវឱ្យតុលាការទម្លាក់បទចោទ និងជំរុញឱ្យភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយវិវាទការងារ ដែលបានអូសបន្លាយអស់រយៈពេលជាង ៤ ឆ្នាំមកហើយ។
យោងតាមដីកាបង្គាប់ឱ្យចូលខ្លួនដែលអ្នកសារព័ត៌មានទទួលបាន សាលាដំបូងរាជធានីភ្នំពេញបានកោះហៅកញ្ញា សុខ ថាវុធ ឱ្យចូលខ្លួនបំភ្លឺជាលើកទី២ ពាក់ព័ន្ធនឹងសំណុំរឿងចោទប្រកាន់ពីបទ «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា ៤១០ និង ៤១១ នៃក្រមព្រហ្មទណ្ឌ។ ការកោះហៅលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។
កូដករណាហ្គាវើលដ៍ កញ្ញា សុខ ថាវុធ បានបដិសេធការចោទប្រកាន់ទាំងអស់ ដោយអះអាងថា ខ្លួនគ្រាន់តែចូលរួមកូដកម្មដើម្បីទាមទារដំណោះស្រាយវិវាទការងារប៉ុណ្ណោះ។
កញ្ញានិយាយថា៖ «ខ្ញុំមានអារម្មណ៍ថាវាជារឿងអយុត្តិធម៌ខ្លាំង ដោយសារតែខ្ញុំជាកម្មករ យើងអត់មានដំណោះស្រាយហើយត្រូវបានខាងតុលាការចោទទៀត ចឹងយើងមានអារម្មណ៍ខកចិត្តមែនទែន។ យើងអត់បានធ្វើទេ គោលដៅយើងទៅ គឺយើងទៅតែកូដកម្មដើម្បីរកដំណោះស្រាយពីក្រុមហ៊ុនណាហ្កាវើលដ៍ យើងអត់មានគំនិតកូនចិត្តដែលទៅធ្វើឱ្យខូចខាតទ្រព្យសម្បត្តិក្រុមហ៊ុននោះទេ»។
កញ្ញាបានបន្តថា ការបន្តនីតិវិធីព្រហ្មទណ្ឌនេះ ធ្វើឱ្យកូដករមានអារម្មណ៍ថាកំពុងរងសម្ពាធ និងការគំរាមកំហែង ខណៈដែលវិវាទការងារនៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។
កញ្ញាលើកឡើងទៀតថា៖ «ខ្ញុំស្នើទៅកាន់គ្រប់ថ្នាក់ដឹកនាំទាំងអស់ ស្នើឱ្យពន្លឿនការដោះស្រាយវិវាទនៅណាហ្កានេះទៅ ប្រសិនបើយើងថាគោរពច្បាប់ការងារ ច្បាប់កម្មករ ស្រឡាញ់កម្មករ ខ្ញុំសង្ឃឹមថាអាជ្ញាធរនឹងដោះស្រាយរឿងវិវាទនេះឱ្យចប់ៗទៅ ទើបហៅថាបានគោរពសិទ្ធិ និងគោរពច្បាប់ការងារនៅស្រុកខ្មែរមែន»។
ចំណែកអតីតបុគ្គលិកណាហ្គាវើលដ៍ អ្នកស្រី រតនា ដែលបានទៅចូលរួមគាំទ្រកូដករ ក៏បាននិយាយដែរថា ការចាត់វិធានការផ្លូវច្បាប់លើកូដករគឺមានភាពអយុត្តិធម៌ ព្រោះពួកគេគ្រាន់តែទាមទារសិទ្ធិការងារ និងប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារតែប៉ុណ្ណោះ។
អ្នកស្រីបន្តថា កូដកម្មរបស់ពួកគេមិនពាក់ព័ន្ធនឹងនយោបាយ ឬការប្រព្រឹត្តបទល្មើសឡើយ ហើយបានស្នើឱ្យតុលាការទម្លាក់បទចោទ និងពន្លឿនការដោះស្រាយវិវាទការងារ។
អ្នកស្រីនិយាយថា៖ «ខ្ញុំសង្ឃឹមថាតុលាការនឹងទម្លាក់ចោលបទចោទ រាល់បទចោទទាំងអស់មិនថាតែកូដករ សុខ ថាវុធ នោះទេ គឺទម្លាក់រាល់បទចោទទាំងអស់ទៅលើកូដករផ្សេងទៀតដែលមានដីកានៅតុលាការ។ សូមឱ្យថ្នាក់ដឹកនាំក្រសួងដែលពាក់ព័ន្ធផ្សេងៗ ជួយពន្លឿនក្នុងការដោះស្រាយរឿងក្រុមហ៊ុនណាហ្គាវើលដ៍ផង ព្រោះវាមានរយៈពេលជិត ៥ ឆ្នាំហើយដែលពួកខ្ញុំរងភាពអយុត្តិធម៌»។
ប្រជាពលរដ្ឋម្នាក់ដែលជាអ្នកគាំទ្រកញ្ញា សុខ ថាវុធ គឺអ្នកស្រី អេង សុខា បានអំពាវនាវឱ្យក្រុមហ៊ុនណាហ្គាវើលដ៍បញ្ចប់វិវាទការងារជាមួយអតីតបុគ្គលិក និងបញ្ឈប់ការបន្តចាត់វិធានការផ្លូវច្បាប់លើកូដករតទៅទៀត។
អ្នកស្រីក៏បានស្នើឱ្យតុលាការផ្តល់យុត្តិធម៌ដោយទម្លាក់បទចោទប្រកាន់ និងលើកទឹកចិត្តឱ្យអាជ្ញាធរគោរពសិទ្ធិមនុស្ស និងសិទ្ធិការងាររបស់ប្រជាពលរដ្ឋផងដែរ។
អ្នកស្រីនិយាយថា៖ «ខ្ញុំយល់ថាថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវតែបញ្ចប់បញ្ហាជាមួយបុគ្គលិកឱ្យបានចប់សព្វគ្រប់ទៅ កុំបន្តការគំរាមកំហែង និងកោះហៅគាត់ឡើងតុលាការទៀតអី។ ព្រោះអតីតបុគ្គលិកណាហ្គាវើលដ៍គាត់មានបញ្ហាជីវភាព ដូចជាម្តាយគាត់ចាស់ជរា ហើយគាត់មានកូនតូចត្រូវការផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់ ដូច្នេះសូមបញ្ចប់វិវាទការងារទាំងអស់ហ្នឹងទៅ»។
ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានមានប្រសាសន៍ថា កូដករណាហ្គាវើលដ៍ និងសមាជិកសហជីពបានធ្វើកូដកម្មដោយសន្តិវិធីដើម្បីទាមទារដំណោះស្រាយវិវាទការងារ ហើយលោកយល់ថា សំណុំរឿងទាំងនេះគួរតែត្រូវបានដោះស្រាយក្រោមច្បាប់ការងារ មិនមែនជានីតិវិធីព្រហ្មទណ្ឌនោះទេ។
លោក អំ សំអាត ក៏បានលើកឡើងបន្ថែមថា វិវាទការងារនេះបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបន្តជះឥទ្ធិពលមិនល្អដល់ភាគីពាក់ព័ន្ធ និងរូបភាពនៃវិស័យការងាររបស់កម្ពុជា។ លោកបានជំរុញឱ្យភាគីពាក់ព័ន្ធពន្លឿនការចរចា និងឈានទៅរកការបញ្ចប់វិវាទ។
លោកបានបញ្ជាក់ថា៖ «ចំពោះសំណុំរឿងនៅតុលាការនេះ គឺតុលាការគួរពិនិត្យមើលលើអង្គហេតុ និងអង្គច្បាប់ ភស្តុតាង និងមូលហេតុ។ បើជាការល្អ គួរលើកលែងការចោទប្រកាន់លើពួកគាត់ ហើយភាគីពាក់ព័ន្ធគួររួមគ្នាដោះស្រាយបញ្ចប់វិវាទការងារខាងលើឱ្យបានឆាប់ ទើបជាការប្រសើរ»។
វិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងបុគ្គលិក បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២១ មកម្ល៉េះ។ ក្នុងអំឡុងពេលនោះ សមត្ថកិច្ចបានចាប់ខ្លួនសមាជិកសហជីពជាច្រើននាក់ រួមទាំងប្រធានរបស់ពួកគេគឺកញ្ញា ឈឹម ស៊ីថា ដែលក្រោយមកត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទញុះញង់។ ការចាប់ខ្លួន និងការចោទប្រកាន់ទៅលើសហជីពកម្មករណាហ្គាវើលដ៍នេះ ក៏ទទួលបានការថ្កោលទោសពីសំណាក់អង្គការសិទ្ធិមនុស្សអន្តរជាតិទៀតផង៕







