មនុស្សជាង២០០នាក់ជួបជុំគ្នាទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី

សិទ្ធិមនុស្ស

នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ពលរដ្ឋ សហជីព អង្គការសង្គមស៊ីវិល និងអ្នកនយោ​បាយដែលគាំទ្រលោកបណ្ឌិត កែម ឡី ប្រមូលផ្ដុំគ្នា និងដាក់កម្រងផ្កានៅស្តុបបូកគោ រាជ​ធានីភ្នំពេញ ជាទីដែលលោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពី១០ឆ្នាំមុន។( រូបភាព៖ ពូ សូរាជីនី

ប្រជាពលរដ្ឋ សកម្មជន យុវជន តំណាងសហជីព អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយក្រៅរដ្ឋាភិបាលប្រមាណជាង ២០០ នាក់ បានជួបជុំគ្នានៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីរំលឹកខួប១០ឆ្នាំ នៃការបាញ់សម្លាប់បណ្ឌិត កែម ឡី ដោយដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងធ្វើពិធីសាសនាឧទ្ទិសកុសលជូនលោក។ អ្នកចូលរួមនៅតែអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកយុត្តិធម៌ពេញលេញជូនលោកបណ្ឌិត កែម ឡី និងគ្រួសារ។

ពិធីសូត្រមន្តឧទ្ទិសកុសល និងរម្លឹកវិញ្ញណក្ខន្ធឆ្នាំនេះ មិនមានវត្តមានព្រះសង្ឃចូលរួមនោះទេ ដោយពិធីនេះ ត្រូវបានដឹកនាំដោយអាចារ្យសូត្រឧទ្ទិសកុសលជូនលោក។ អ្នករៀបចំពិធីបានលើកឡើងថា ការមិនមានព្រះសង្ឃចូលរួម គឺដោយសារការព្រួយបារម្ភអំពីផលប៉ះពាល់ ឬសម្ពាធដែលអាចកើតមានចំពោះព្រះសង្ឃ ដូចដែលធ្លាប់កើតឡើងកន្លងមក។

កាលពីឆ្នាំ២០២០ អាជ្ញាធរខណ្ឌចំការមនបានហាមឃាត់ការប្រារព្ធពិធីរំលឹកជាសាធារណៈ ខណៈសកម្មជនយុវជន និងព្រះសង្ឃមួយចំនួនត្រូវបានរារាំងមិនឱ្យចូលរួមរំលឹកខួប៤ឆ្នាំនៃការស្លាប់របស់បណ្ឌិត កែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាល់តិច។ ប៉ុន្តែសម្រាប់ការប្រារព្ធនៅឆ្នាំនេះ អាជ្ញាធរមិនបានដាក់កម្លាំង ឬរបាំងរារាំងអ្នកចូលរួមឡើយ ដោយគ្រាន់តែមានសមត្ថកិច្ចមួយចំនួនស្លៀកពាក់ស៊ីវិលចូលរួមឃ្លាំមើលការជួបជុំប៉ុណ្ណោះ។

ថ្លែងនៅចំពោះមុខអ្នកចូលរួម ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបន្តរំលឹកដល់វីរភាពរបស់បណ្ឌិត កែម ឡី ជារៀងរាល់ថ្ងៃទី១០ ខែកក្កដា។

លោកមានប្រសាសន៍ថា៖ «ថ្ងៃនេះខ្ញុំសូមអំពាវនាវដល់កូនខ្មែរទាំងក្នុង និងក្រៅប្រទេស ឱ្យតែដល់ថ្ងៃទី១០ ខែកក្កដា ត្រូវតែរួមគ្នាគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី»។

លោកក៏បានអំពាវនាវដល់រដ្ឋាភិបាលឱ្យពិនិត្យ និងស៊ើបអង្កេតឡើងវិញលើករណីសម្លាប់បណ្ឌិត កែម ឡី និងសកម្មជនដទៃទៀត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធទាំងអស់ និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត បានលើកឡើងថា ការរំលឹកខួបបណ្ឌិត កែម ឡី គឺជាការចងចាំនូវវីរភាព និងគុណតម្លៃដែលលោកបានបន្សល់ទុកសម្រាប់សង្គម ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ។

លោកមានប្រសាសន៍ថា៖ «ទោះបីជាលោកបណ្ឌិត កែម ឡី បានបាត់បង់ជីវិតទៅហើយក៏ដោយ ប៉ុន្តែអ្វីដែលគាត់បានសាបព្រោះ និងបន្សល់ទុក នឹងត្រូវបានយុវជនជំនាន់ក្រោយបន្ត ដើម្បីជាតិ និងការហ៊ាននិយាយការពិតនៅក្នុងសង្គម»។

លោក អំ សំអាត ក៏បានបញ្ជាក់ផងដែរថា អង្គការសង្គមស៊ីវិលនៅតែបន្តទាមទារឱ្យមានការស៊ើបអង្កេតឱ្យបានពេញលេញ ដើម្បីស្វែងរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី។

មន្រ្តីគោលនយោបាយនិងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ(PED) កញ្ញា ហេង គឹមសួ បានសម្តែងការសោកស្តាយចំពោះការបាត់បង់បណ្ឌិត កែម ឡី ដោយចាត់ទុកលោកជាគំរូនៃការហ៊ានលើកឡើងពីបញ្ហាសង្គម និងនិយាយការពិត។

កញ្ញា បានដកស្រង់ពាក្យមួយដែលបណ្ឌិត កែម ឡី ធ្លាប់លើកឡើងថា៖ «បើទោះបីជាយើងមិនបានធ្វើអ្វីសោះ ក៏គង់តែទទួលរងគ្រោះ ដែលគ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ»។

កញ្ញាបានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាប្រឆាំងអយុត្តិធម៌ និងកសាងសង្គមដែលមានយុត្តិធម៌។

ក្រោយចប់ពិធីជួបជុំនៅស្ថានីយប្រេងឥន្ធនៈកាល់តិច ក្រុមអ្នកចូលរួមបាននាំគ្នាធ្វើដំណើរទៅកាន់វត្តពោធិយារាម ហៅវត្តចាស់ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដើម្បីធ្វើពិធីសាសនាបន្ត។ វត្តពោធិយារាមនេះហើយ ដែលសពរបស់បណ្ឌិត កែម ឡី ត្រូវបានតម្កល់ធ្វើបុណ្យនៅទីនោះ កាលពីឆ្នាំ២០១៦ មុនត្រូវបានដង្ហែទៅបញ្ចុះនៅគេហដ្ឋានរបស់លោកក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

ជុំវិញការទាមទារឱ្យមានការស៊ើបអង្កេតបន្ថែមលើឃាតកម្មបណ្ឌិត កែម ឡី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ លើកឡើងថា ការទាមទារនេះ គឺជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពួកគាត់ក្នុងនាមជាពលរដ្ឋស្ថិតនៅក្នុងប្រទេសដែលអនុវត្តប្រជាធិបតេយ្យដូចកម្ពុជា។

លោកបន្តថា៖« អ៊ីចឹងគាត់មានសិទ្ធិចង់បាននេះចង់បាននោះជាសិទ្ធិរបស់គាត់ ហើយហ្នឹងបង្ហាញប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា។ ក៏ប៉ុន្តែពួកគាត់មានសិទ្ធិ ពួកគាត់ក៏ត្រូវគោរពចំពោះការសម្រេចចិត្តរបស់តុលាការដែរ ចឹងការទៅតុលាការគេសម្រេចយ៉ាងណាគេបើកការស៊ើបអង្កេតឆន្ទានុសិទ្ធិរបស់តុលាការក្នុងការកាត់សេចក្តីរកឃើញបែបណា នោះគឺជាសិទ្ធិរបស់តុលាការកុំគ្រាន់តែទាមទារឲ្យគេគោរពសិទ្ធិ ឬក៏អនុវត្តតាមការទាមទាររបស់ខ្លួន ប៉ុន្តែមិនគោរពសិទ្ធិរបស់គេវិញមិនដឹងថា គួរតែស្ថិតនៅក្នុងការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ»។

គួររំលឹកថា ក្នុងករណីឃាតកម្មលើបណ្ឌិតសំដីមាសរូបនេះ អាជ្ញាធរបានចាប់ខ្លួនបុរសឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ហើយតុលាការបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតកាលពីឆ្នាំ២០១៩។ ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលមួយចំនួន នៅតែយល់ថា សំណុំរឿងនេះមិនទាន់ត្រូវបានស៊ើបអង្កេតឱ្យបានពេញលេញនៅឡើយ ហើយបន្តអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ថែម ដើម្បីធានាថាយុត្តិធម៌ពេញលេញត្រូវបានផ្តល់ជូនលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់លោក៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3183}" data-page="1" data-max-pages="1" data-start="1" data-end="1">