មនុស្ស ៤ រូប ត្រូវបន្តជាប់ទោសម្នាក់ៗ ១៨ ខែ ក្នុងបទចោទ «ញុះញង់» តាមអំណាចសាលដីកាសាលាឧទ្ធរណ៍។ សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសសាលដីកាតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយផ្តន្ទាទោស ៤ នាក់ ក្នុងចំណោមនោះមានអ្នកប្រើប្រាស់បណ្ដាញសង្គម ២ នាក់ និងសកម្មជននយោបាយមកពីបក្សប្រឆាំង ២ នាក់។ ការតម្កល់នេះ គឺតម្រូវឱ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល ១៨ ខែ និងពិន័យជាប្រាក់ ២ លានរៀល ក្រោមបទចោទ «ញុះញង់»។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង បានប្រាប់អ្នកសារព័ត៌មានតាមតេឡេក្រាមថា៖ «សាលាឧទ្ធរណ៍ប្រកាសតម្កល់សាលក្រមលើឈ្មោះ ឆាន់ បញ្ញា, ផង់ ប្រុស, ឈ្មោះ សឿន ចាន់ដែន និងឈ្មោះ អយ ឌីណា»។
យោងតាមកំណត់ត្រារបស់អង្គការលីកាដូ អ្នកទាំង ៤ រូប រួមមាន៖ លោក ឆាន់ បញ្ញា អាយុ ៤៧ ឆ្នាំ និងលោក ផង់ ប្រុស អាយុ ៥៣ ឆ្នាំ ដែលជាសកម្មជនគណបក្សភ្លើងទៀន ត្រូវបានផ្តន្ទាទោសពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ លោក សឿន ចាន់ដែន ជាអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏ត្រូវបានផ្តន្ទាទោសពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ កញ្ញា អយ ឌីណា ជាអ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវបានផ្តន្ទាទោសពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កន្លងមក អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ និងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបង្ហាញក្តីព្រួយបារម្ភចំពោះការចាប់ខ្លួន ការចោទប្រកាន់ និងការផ្តន្ទាទោសលើអ្នកបញ្ចេញមតិ អ្នកចែករំលែកព័ត៌មានតាមបណ្ដាញសង្គម សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជនសហជីព និងសកម្មជននយោបាយ ដោយថាអាចប៉ះពាល់ដល់សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «អាជ្ញាធរ និងតុលាការ គួរពិចារណាឱ្យបានច្បាស់លាស់មុនធ្វើការចាប់ខ្លួន ចោទប្រកាន់ ឃុំខ្លួន និងផ្តន្ទាទោសដល់បុគ្គលណាមួយលើការបង្ហាញសារ បញ្ចេញមតិ ការចែករំលែកព័ត៌មានតាមបណ្តាញសង្គម និងសកម្មភាពរបស់ពួកគេ ថាមួយណាជាបទល្មើស និងមួយណាជាការអនុវត្តសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងអន្តរជាតិ ដើម្បីកុំឱ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ»។
លោក អំ សំអាត បន្ថែមថា អ្នកទាំង ៤ រូប ស្ថិតក្នុងចំណោមមនុស្ស ១២៤ នាក់ ដែលអង្គការលីកាដូបានចងក្រងថា កំពុងជាប់ឃុំពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិជាមូលដ្ឋាន។
ជុំវិញសេចក្តីសម្រេចនេះ អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ យល់ថា ការតម្កល់សាលក្រមរបស់សាលាឧទ្ធរណ៍ គឺជាការសម្រេចចិត្តទាំងអយុត្តិធម៌។ លោកទទូចឱ្យសាលាឧទ្ធរណ៍គួរតែច្រានចោលសាលក្រមសាលាដំបូង និងផ្តល់សេរីភាពដល់ពួកគាត់វិញ។ លោកក៏លើកឡើងថា ការផ្តន្ទាទោសលើការបញ្ចេញមតិ បង្កក្តីបារម្ភដល់គណបក្សនយោបាយ និងអាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ ដែលជាសិទ្ធិធានាដោយច្បាប់។
លោកមានប្រសាសន៍ថា៖ «វាគឺជាកង្វល់មួយរបស់គណបក្សនយោបាយ។ ហេតុអ្វីការបញ្ចេញមតិលើបញ្ហាសង្គមត្រូវមានទោស ឬមានពិរុទ្ធ ឬភ្ជាប់នឹងនយោបាយ? ការបញ្ចេញមតិគឺជាផ្នែកមួយនៃប្រជាធិបតេយ្យ។ ពលរដ្ឋ និងសកម្មជនសង្គម ឬសកម្មជននយោបាយ មានសិទ្ធិដែលធានាដោយច្បាប់ក្នុងការបញ្ចេញមតិស្រប ឬមិនស្របលើបញ្ហាសង្គម និងការអនុវត្តរបស់ស្ថាប័នជាតិ រួមទាំងរាជរដ្ឋាភិបាលផងដែរ។ ក្នុងសង្គមប្រជាធិបតេយ្យ ទស្សនៈនយោបាយ ឬសង្គមខុសគ្នាគឺគ្មានទោសទេ វាគឺជាទស្សនៈកែលម្អ»។
លោក លី សុធារ៉ាយុទ្ធ បានអំពាវនាវដល់ស្ថាប័នតុលាការថ្នាក់លើ សូមពិចារណាទម្លាក់ចោលបទចោទលើការបញ្ចេញមតិមិនស្របរបស់ពលរដ្ឋ សកម្មជនសង្គម និងនយោបាយ ដើម្បីភាពសុខដុមក្នុងសង្គមជាតិ៕







