អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) មកទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០ core២៦។
អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក អេនឌ្រូ នឹងវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា រំលេចទាំងបញ្ហាពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជម្លោះព្រំដែន សេរីភាពបញ្ចេញមតិ សេរីភាពបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី ព្រមទាំងសិទ្ធិរបស់ក្រុមជនដែលស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះ។
អ្នករាយការណ៍ពិសេសរូបនេះ នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន តំណាងសង្គមស៊ីវិល ជនរងគ្រោះ អ្នករស់រានមានជីវិតពីការរំលោភបំពាន ព្រមទាំងភាគីពាក់ព័ន្ធនានាផ្សេងទៀត។ ក្រៅពីនេះ អ្នករាយការណ៍ពិសេសលោក អេនឌ្រូ ក៏នឹងធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
ជាមួយគ្នានេះដែរ អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០ នាទីរសៀល នៅសណ្ឋាគារ និងអាផាតមិន ហ៊ីម៉ាវ៉ារី (Himawari Hotel Apartment) ក្នុងរាជធានីភ្នំពេញ។ លើសពីនេះ អ្នករាយការណ៍ពិសេសលោក អេនឌ្រូ ក៏នឹងបង្ហាញនូវរបាយការណ៍ទស្សនកិច្ចរបស់លោក ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅខែតុលា ឆ្នាំ២០២៦ ខាងមុខ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា លោក ស្រ៊ាង ចិន្តា លើកឡើងថា ដំណើរទស្សនកិច្ចនេះ ជាកាតព្វកិច្ចរបស់លោក ថម អេនឌ្រូ ដែលមានន័យថា បន្ទាប់ពីត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសប្រចាំកម្ពុជានោះ លោកនឹងមានកាតព្វកិច្ចចុះទៅបំពេញទស្សនកិច្ច ហើយប្រមូលព័ត៌មាន ដើម្បីចងក្រងជារបាយការណ៍ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ។ លោកបន្តថា តាមរយៈដំណើរទស្សនកិច្ចក្នុងនាមជាអ្នករាយការណ៍ពិសេស គឺមានកាតព្វកិច្ចផ្ដល់នូវជំនួយបច្ចេកទេសផ្នែកសិទ្ធិមនុស្សមកដល់កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ និងលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ប្រភពដដែលរំលេចថា៖ «ដំណើរទស្សនកិច្ចនេះ ជាឱកាសមួយ ជាពិសេសលោកមានគម្រោងចុះទៅពិនិត្យស្ថានភាពជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដូច្នេះយើងក៏រំពឹងដែរថា តាមរយៈការមើលឃើញពីការលំបាក ភាពឈឺចាប់របស់ជនភៀសសឹកនៅតាមខេត្តមួយចំនួននេះ លោកនឹងចងក្រង និងកត់ត្រាក្នុងរបាយការណ៍របស់ខ្លួន ហើយផ្សព្វផ្សាយទៅកាន់សហគមន៍អន្តរជាតិឱ្យកាន់តែយល់ច្បាស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ ដែលកើតឡើងដោយសារការឈ្លានពានរបស់ភាគីថៃ»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិមានភារកិច្ច វាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្ស ហើយរាយការណ៍ជាសាធារណៈ ដោយធ្វើការជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសិទ្ធិមនុស្ស។ អ្នករាយការណ៍ពិសេស ត្រូវធ្វើទស្សនកិច្ចជាទៀងទាត់ ហើយធ្វើសេចក្តីរាយការណ៍ជារៀងរាល់ឆ្នាំទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយមានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ជាជំនួយការផ្នែកភស្តុភារ និងបច្ចេកទេស។
គួរបញ្ជាក់ថា អ្នករាយការណ៍ពិសេស គឺជាអ្នកជំនាញឯករាជ្យដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បីតាមដាន និងរាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ម្យ៉ាងទៀត អ្នករាយការណ៍ពិសេសនេះ ក៏មិនមែនជាមន្ត្រី ឬបុគ្គលិករបស់អង្គការសហប្រជាជាតិដែរ ហើយមិនទទួលបានប្រាក់បៀវត្សពីអង្គការសហប្រជាជាតិ និងមិនធ្វើការឱ្យរដ្ឋាភិបាល ឬក្រុមផលប្រយោជន៍ណាមួយឡើយ៕







