ក្រសួងទេសចរណ៍នឹងរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦» ក្នុងខេត្តស្ទឹងត្រែង
ក្រសួងទេសចរណ៍នឹងរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦» ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណទីលានតេជោ-ធិបតី ទល់មុខសាលាខេត្តស្ទឹងត្រែង។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ភូមិភាគឦសាន, ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងសហគមន៍ទេសចរណ៍ ដោយបង្កើនឱកាសការងារ និងប្រភពចំណូលផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់ និងចូលរួមគាំទ្រ និងផ្សព្វផ្សាយ «យុទ្ធនាការទស្សនា កម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦»។ នៅក្នុងព្រឹត្តិការណ៍នោះ ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធីបន្ថែមមានដូចជា ស្តង់ពិព័រណ៍ម្ហូបអាហារ ផលិតផល មុខម្ហូបប្រចាំតំបន់ភូមិភាគឦសាន ផ្លែឈើធម្មជាតិប្រចាំរដូវកាល និងផលិតផលកែច្នៃរបស់សហគមន៍មូលដ្ឋានផងដែរ។ ក្រៅពីនេះ ក្រសួងក៏មានវេទិកាជជែកស្តីពី «សក្តានុពលអេកូទេសចរណ៍នៅភូមិភាគឦសានក្នុងរដូវកាលបៃតងឆ្នាំ២០២៦» និងកម្មវិធីកីឡាទេសចរណ៍រត់កម្សាន្តមហាជនក្រោមប្រធានបទ «រត់ដើម្បីសត្វផ្សោតទន្លេមេគង្គ៖ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង» រួមទាំងកម្មវិធីសម្តែងទស្សនីយភាពសិល្បៈ និងការប្រគុំតន្ត្រី។ ពលរដ្ឋរស់នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងជាជនជាតិកួយ អ្នកស្រី យឹម សុធី លើកឡើងថា អ្នកស្រីមិនសូវជាដឹងអំពីព័ត៌មានជូនដំណឹងរបស់ក្រសួងពីព្រឹត្តិការណ៍នេះប៉ុន្មានទេ ប៉ុន្តែទើបបានដឹងព័ត៌មានខ្លះពីអ្នកស្គាល់ដែលជាអ្នកធ្លាប់បានចូលរួមព្រឹត្តិការណ៍នេះនៅឆ្នាំមុនៗ។ អ្នកស្រីបញ្ជាក់ថា នឹងយកកសិផល និងដំណាំវល្លិ៍ជាច្រើនមុខដែលមានប្រចាំតំបន់ ដើម្បីចូលរួមដាក់បង្ហាញក្នុងកម្មវិធីខាងលើដែរ។ ប្រភពដដែលនិយាយថា៖ «ភូមិដែលរស់នៅគឺនៅឆ្ងាយពីតំបន់ទេសចរណ៍ ការលក់ដូរក្នុងភូមិក៏ស្រួលលក់ដែរទេបើសិនជាមាន ជួនកាលអ្នកភូមិគាត់ទិញហូប ហើយសព្វថ្ងៃក៏ដាំសណ្ដែក ត្រសក់ ត្រប់ ត្រកួន ននោង ម្ទេស សម្រាប់ហូបរាល់ថ្ងៃ និងលក់តិចតួច»។ ក្រសួងទេសចរណ៍ធ្លាប់បានលើកឡើងកន្លងមកថា តាមរយៈកិច្ចសហការរវាងរដ្ឋ និងឯកជន រដូវកាលបៃតងឆ្នាំ២០២៦ នឹងក្លាយជា «រដូវកាលមាស» ដែលនាំមកនូវស្នាមញញឹម ការបង្កើតការងារ និងការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល៕
២៩ កក្កដា ២០២៦

«វប្បធម៌ជេរតាមអនឡាញ»រីកសាយចំណោមមហាជនខ្មែរ នាំឱ្យអ្នកឃ្លាំមើលព្រមានពីមហន្តរាយ
«វប្បធម៌ជេរតាមអនឡាញ»រីកសាយចំណោមមហាជនខ្មែរ នាំឱ្យអ្នកឃ្លាំមើលព្រមានពីមហន្តរាយ។ អ្នកឃ្លាំមើលសង្គមកំពុងព្រួយបារម្ភពីការកើនឡើងនៃការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅតាមប្រព័ន្ធឌីជីថលក្នុងប្រទេសកម្ពុជា ជាពិសេសនៅលើវេទិកាបណ្តាញសង្គម ហ្គេមអនឡាញ និងវេទិកាពិភាក្សាជាសាធារណៈជាដើម។ ពួកគេថាបញ្ហានេះ អាចជះឥទ្ធិពលមិនល្អដល់យុវជន និងសង្គមជាតិទាំងមូល ប្រសិនបើមិនមានវិធានការអប់រំឱ្យបានត្រឹមត្រូវ។ គេសង្កេតឃើញថា បច្ចុប្បន្នអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ហាក់ចូលចិត្តប្រើប្រាស់ពាក្យពេចន៍ឌឺដង ជេរប្រមាថគ្នា ដោយប្រហែលជាគិតថាវាជារឿងធម្មតា ដោយមិនខ្វល់ពីផលប៉ះពាល់ដល់សង្គមរយៈពេលវែង ឬធ្វើឱ្យអ្នកដទៃឈឺចាប់ ដោយសារតែពាក្យសម្តី ឬសំណេររបស់ពួកគេឡើយ។ ការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ មិនមែនកើតឡើងតែលើជម្លោះបុគ្គលនៅលើបណ្តាញសង្គមនោះទេ អ្នកផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គមអនឡាញខ្លះ ក៏ហាក់ចូលរួមដោយប្រយោលក្នុងការជំរុញបន្ថែមទៀតឱ្យមានការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យដែរ តាមរយៈការផ្តល់ក្បាលមេក្រូឱ្យប្រភពនិយាយដោយមិនខ្វល់ពីក្រមសីលធម៌ ព្រោះតែចង់ឱ្យមានចំនួនអ្នកទស្សនាច្រើន។ ចំណែកការប្រើប្រាស់ភាសាមិនសមរម្យខ្លះទៀត គឺកើតឡើងទៅលើជនអត្ថាធិប្បាយនៅលើបណ្តាញសង្គមតែម្តង។ អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថល លោក ង៉ែត មូសេ លើកឡើងថា ចុងក្រោយនេះ ពាក្យសម្តីស្អប់ខ្ពើមត្រូវបានប្រើប្រាស់ច្រើននៅក្នុងការពិភាក្សានយោបាយ បញ្ហាអយុត្តិធម៌សង្គម បញ្ហាជម្លោះព្រំដែន និងបញ្ហាបន្ទាប់បន្សំដូចជារឿងជម្លោះឯកជនជាដើម។ លោកបន្តថា នៅពេលដែលអ្នកនយោបាយបញ្ចេញនូវការស្អប់ដល់គូប្រជែង អ្នកគាំទ្ររបស់អ្នកនយោបាយទាំងនោះ ក៏ចាប់ផ្តើមប្រើប្រាស់ពាក្យសម្តីស្អប់ខ្ពើមវាយប្រហារគ្នាទៅវិញទៅមក។ ដោយឡែក ភាពអយុត្តិធម៌កើតឡើងក្នុងសង្គម ដែលសាធារណជនមើលឃើញថា ច្បាប់ទំនងជាកាន់ជើងខាងអ្នកមានលុយ មានអំណាច បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានអារម្មណ៍ខឹង និងស្អប់ដល់មន្ត្រីអនុវត្តច្បាប់។ ចំណែកឯមនុស្សនៅលើបណ្តាញសង្គមដែលមានគេស្គាល់ច្រើន ក៏បានប្រើប្រាស់ភាពល្បីល្បាញរបស់ពួកគេ ក្នុងការបង្ហោះមាតិកាជេរប្រមាថដល់ដៃគូជម្លោះក៏មាន។ លោក ង៉ែត មូសេ សង្កេតឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមដែលមានឥរិយាបថបែបនេះភាគច្រើនមានវ័យចាប់ពី ១៥ ឆ្នាំឡើងទៅ។ លោកថា៖ «កាលពីមុន មនុស្សវ័យកណ្តាលចន្លោះអាយុ ២៥-៣៥ ឆ្នាំ មានការប្រើប្រាស់ច្រើន គឺដោយសារពួកគេជាក្រុមអាយុដែលប្រើប្រាស់បណ្តាញសង្គមច្រើនជាងក្រុមអាយុដទៃទៀត។ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំអង្កេតឃើញថា ក្រុមអាយុវ័យក្មេង (អនីតិជនដែលចូលមកប្រើប្រាស់បណ្តាញសង្គមជាមួយមនុស្សពេញវ័យ) និងក្រុមអាយុពី ៥០ ឆ្នាំឡើង ហាក់មានការកើនឡើង។ ការកើនឡើងនៃក្រុមអាយុវ័យក្មេង និងចាស់នេះ គឺដោយសារពួកគេចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គម ដោយមិនមានការណែនាំឱ្យបានត្រឹមត្រូវ»។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកយល់ថា មនុស្សស្រី និងកុមារី គឺជាក្រុមរងគ្រោះច្រើនជាងគេ បន្ទាប់មកក្រុមមនុស្សដែលមានអត្តសញ្ញាណយេនឌ័រចម្រុះ (LGBTQ+) ជាងក្រុមមនុស្សប្រុស។ ប្រភពដដែលរំលឹកដោយភ្ជាប់ពីមេរៀននៅអតីតកាលថា ពាក្យសម្តីស្អប់ខ្ពើម ដែលបង្កប់នូវការចោទប្រកាន់ និងរើសអើង ក៏ជាផ្នែកមួយបណ្តាលឱ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងរបប ប៉ុល ពត ពោលគឺការបែកបាក់សាមគ្គីជាតិ។ លោកនិយាយថា៖ «ដូចយើងឃើញសព្វថ្ងៃ ការខ្វែងគំនិតគ្នាបន្តិចបន្តួច ក៏អាចក្លាយជាការស្អប់ខ្ពើម ជេរប្រមាថ និងពេលខ្លះបង្កឱ្យមានអំពើហិង្សាទៀត»។ លោកពន្យល់ថា រឿងដែលពិបាកទប់ស្កាត់នោះគឺ វេទិកាឌីជីថលទាំងនោះហាក់មិនខ្វល់ខ្វាយក្នុងការបង្កើនការចំណាយរបស់ពួកគេ ដើម្បីទប់ស្កាត់ពាក្យសម្តីស្អប់ខ្ពើមទាំងនោះជាភាសាខ្មែរនោះទេ ដែលធ្វើឱ្យមានអ្នកផលិតមាតិកាវីដេអូជេរប្រមាថ និងរើសអើង បានដោយសេរីនៅលើបណ្តាញសង្គម ជាពិសេសហ្វេសប៊ុក (Facebook)។ លោកបញ្ជាក់ថា រឿងនេះគឺខុសគ្នាទៅនឹងមាតិកាវីដេអូជាភាសាអង់គ្លេស ឬភាសាផ្សេងទៀតដែលមានអ្នកប្រើប្រាស់ច្រើនជាងភាសាខ្មែរ ដែលក្រុមហ៊ុនហ្វេសប៊ុក មេតា (Meta) អាចទប់ស្កាត់បាន។ អ្នកជំនាញទស្សនវិជ្ជា និងអ្នកឃ្លាំមើលសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង ឱ្យដឹងថា ឥឡូវនេះមិនមែនមានត្រឹមតែជនសាមញ្ញដែលប្រើពាក្យជេរប្រទេច បណ្តាសា ពាក្យអសុរោះលើបណ្ដាញសង្គម ជាពិសេសក្នុងរឿងឯកជន ឬជម្លោះបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកចេះដឹង អ្នកនិយាយជាសាធារណៈ អ្នកមានឋានៈតួនាទីធំៗ និងអ្នកនយោបាយមួយចំនួនទៀត។ លោកមើលឃើញថា ពួកគេហាក់បីដូចជាប្រើប្រាស់ពាក្យដៀលត្មិះទាំងអស់នេះទៅវិញទៅមក ដើម្បីលើកតម្កើងខ្លួនឯង និងបង្អាប់អ្នកដទៃ។ ជាទស្សនៈរបស់លោក បញ្ហាទាំងនេះពិតជាពិបាកទប់ស្កាត់ ព្រោះនេះជាសង្គមឌីជីថល ហើយបុគ្គលម្នាក់អាចមានគណនីបណ្ដាញសង្គមរបស់ខ្លួនលើសពីមួយ ប៉ុន្តែបើសិនជាមិនទប់ស្កាត់ទេ មនុស្សនឹងយល់ថា ការជេរប្រទេច ការដៀលត្មិះគ្នា ការបង្កាច់បង្ខូចផ្សេងៗ ជារឿងធម្មតាដែលអាចធ្វើទៅបាន នោះរឿងនឹងរីករាលដាលកាន់តែធំឡើងៗ។ លោកណែនាំថា៖ «បងប្អូនមានសិទ្ធិបញ្ចេញយោបល់ ហើយយោបល់ខ្លះអាចស្របគ្នា យោបល់ខ្លះអាចខ្វែងគំនិតគ្នា ក៏ប៉ុន្តែសូមលើកហេតុលើកផល ហើយធ្វើយ៉ាងម៉េចចៀសវាងជេរប្រទេច បណ្ដាសា ប្រើពាក្យអសុរោះ ព្រោះរឿងខ្លះតូចទេតែបំប៉ោងឱ្យធំដើម្បីបង្អាប់ឬដៀលនរណាម្នាក់»។ លើសពីនេះ លោកបន្ថែមថា៖ «ល្មមហើយដែលយើងត្រូវចេះទប់ ចេះចាប់ហ្វ្រាំង ចេះអត់ធ្មត់ ចេះកំណត់ព្រំដែននៃពាក្យសម្ដីថា ពេលណាគួរប្រើ និងមិនគួរប្រើ និយាយពាក្យណាដែលរក្សាកិត្តិយស សេចក្ដីថ្លៃថ្នូរ ចៀសវាងកុំឱ្យខូចពូជ ខូចអម្បូររបស់យើង»។ និស្សិតឆ្នាំទី៤ នៃជំនាញទូរគមនាគមន៍ លោក សយ ភីសា យល់ឃើញថា ភាគច្រើនអ្នកដែលប្រើប្រាស់ពាក្យមិនសមរម្យលើបណ្ដាញសង្គម គឺចេញពីបុគ្គលដែលមិនអាចគ្រប់គ្រងអារម្មណ៍បានល្អ ឬគិតថាការលាក់អត្តសញ្ញាណនៅលើបណ្ដាញសង្គមអាចធ្វើឱ្យពួកគេនិយាយអ្វីក៏បានដោយមិនគិតពីផលប៉ះពាល់។ លោកថា៖ «ពាក្យមិនសមរម្យទាំងនេះអាចធ្វើឱ្យកុមារ និងយុវជនយកតម្រាប់តាម ប៉ះពាល់ដល់សីលធម៌ ការគោរពគ្នា និងសុខភាពផ្លូវចិត្តរបស់អ្នកដែលត្រូវគេជេរប្រមាថ។ ក្នុងនាមជាយុវជនមួយរូប លោកនឹងមិនចូលរួមជេរតបវិញទេ ប្រសិនបើខ្លឹមសារមានលក្ខណៈបំពាន នោះលោកនឹងរាយការណ៍ (Report) ហើយបើចាំបាច់លោកនឹងបញ្ចេញមតិដោយសុភាពរាបសា ដើម្បីលើកទឹកចិត្តឱ្យមានការគោរពគ្នា»។ អ្នកធ្វើការងារតាមផ្ទះ និងជាអាណាព្យាបាលមួយរូប អ្នកស្រី ហេង សារុំ មានកូន២នាក់ក្នុងបន្ទុក ដោយកូនទីមួយបានរៀនចប់ហើយ និងម្នាក់ទៀតកំពុងរៀននៅឆ្នាំទី២។ អ្នកស្រីសង្កេតឃើញថា នៅពេលមានការផ្សាយផ្ទាល់ករណីឈ្លោះប្រកែកគ្នានៅលើបណ្តាញសង្គម អ្នកចែករំលែក និងអ្នកចូលបញ្ចេញមតិយោបល់ហាក់មានច្រើន…
២៨ កក្កដា ២០២៦

កម្ពុជាជំរុញឱ្យថៃចូលខ្លួនដោះស្រាយបញ្ហាព្រំដែនគោក ទោះដំណោះស្រាយព្រំដែនសមុទ្រតាម UNCLOS បន្តដំណើរការ
កម្ពុជាបដិសេធការអះអាងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដែលថាកម្ពុជាសម្រេចចិត្តដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បាន «បិទទ្វារ» ចំពោះការចរចាលើព្រំដែនគោក។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសថៃលោក សីហៈសក្តិ ភួងកេតកែវ បានលើកឡើងនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីពេលថ្មីៗនេះថា ការចរចាលើបញ្ហាព្រំដែនគោករវាងកម្ពុជា-ថៃ នឹងជាប់គាំងដោយសារតែជំហររបស់កម្ពុជានាំយកបញ្ហាព្រំដែនទឹកទៅដោះស្រាយតាមយន្តការ UNCLOS។ ទោះជាយ៉ាងណា ក្រសួងការបរទេសកម្ពុជាប្រតិកម្មថា ព្រំដែនសមុទ្រ និងព្រំដែនគោកត្រូវបានគ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ផ្សេងគ្នា និងយន្តការទ្វេភាគីផ្សេងគ្នា។ ដោយឡែក កម្ពុជាជ្រើសរើសផ្លូវដោះស្រាយតាម UNCLOS គឺពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រតែមួយគត់។ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) គឺជាមធ្យោបាយសន្តិវិធី ដែលបានព្រមព្រៀងគ្នាសម្រាប់ដោះស្រាយវិវាទលើដែនសមុទ្រ ហើយការប្រើប្រាស់នីតិសមុទ្រនេះគួរតែត្រូវបានចាត់ទុកថា ជាការធានានូវការផ្តល់ទំនុកចិត្ត ជាជាងបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងណាមួយ ដែលមានការប្តេជ្ញាចិត្តពិតប្រាកដចំពោះគោលការណ៍ច្បាប់អន្តរជាតិ។ ជាងនេះទៅទៀត សេចក្ដីប្រកាសបញ្ជាក់ថា ជម្រើសផ្លូវដោះស្រាយតាមនីតិសមុទ្រមិនអាចចាត់ទុកជាមូលដ្ឋានសមស្របសម្រាប់ផ្អាកការងារដែលមិនទាក់ទងគ្នាលើការកំណត់ខណ្ឌសីមាព្រំដែនគោកតាមរយៈគណកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក ដែលបានព្រមព្រៀងគ្នារួចហើយ តាមអនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងបានបញ្ជាក់ជាថ្មីនៅក្នុងបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងការបទេសកម្ពុជារំលឹកថា ប្រទេសថៃបានដកខ្លួនជាឯកតោភាគីចេញពីយន្តការទ្វេភាគីតែមួយគត់ ដែលបានព្រមព្រៀងគ្នាសម្រាប់ការចរចាទ្វេភាគីលើបញ្ហាក្នុងដែនសមុទ្រ ទោះបីជាកម្ពុជាបានស្នើសុំដោយផ្ទាល់មិនឱ្យធ្វើដូច្នេះក៏ដោយ។ ទន្ទឹមនេះដែរ ក្រសួងក៏បានរំលេចថា ខណៈដែលថៃកំពុងតវ៉ាប្រឆាំងនឹងកម្ពុជាដែលចាប់ផ្តើមដំណើរយន្តការដោះស្រាយវិវាទក្រោម UNCLOS កន្លងមកនេះ ប្រទេសថៃខ្លួនឯងបានបង្ហាញពីចេតនារបស់ខ្លួនម្តងហើយម្តងទៀត ក្នុងការពឹងផ្អែកលើ UNCLOS ដើម្បីដោះស្រាយបញ្ហាសមុទ្រ។ កម្ពុជាទាមទារឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេលដោយចេតនារបស់ខ្លួន ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញដោយសុច្ឆន្ទៈ តាមការព្រមព្រៀងគ្នារួចហើយរវាងប្រទេសទាំងពីរ ក្រោមលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងការបរទេសកម្ពុជាសង្កត់ធ្ងន់ថា គ្មានហេតុផលអ្វីទាំងអស់ ទាំងខាងផ្នែកច្បាប់ ទាំងលើការអនុវត្តជាក់ស្តែង សម្រាប់ឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកពន្យារពេលបន្តអនុវត្តការងារ ខណ្ឌសីមាព្រំដែន ស្របគ្នានឹងដំណើរការលើបញ្ហាដែនសមុទ្រក្រោម UNCLOS នោះទេ។ ក្រសួងការបរទេសកម្ពុជាក៏មិនភ្លេចរម្លឹកទៅកាន់ភាគីថៃអំពីការអំពាវនាវរបស់សភានៃប្រទេសនិយាយភាសាបារាំង ដែលកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានអនុម័តសេចក្តីសម្រេចមួយ ដែលបញ្ជាក់ជាថ្មីនូវការគាំទ្រអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងបង្ហាញការគាំទ្រដល់ដំណើរការខណ្ឌសីមាព្រំដែន ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនជាបន្តទៀតផងដែរ។ លើសពីនេះ សហគមន៍អន្តរជាតិក៏រំពឹងថា ប្រទេសថៃនឹងគោរពសាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីប្រាសាទព្រះវិហារ និងការកំណត់ព្រំដែនគោកស្របតាមអនុសញ្ញាឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ដូចដែលភាគីទាំងពីរបានបញ្ជាក់ការទទួលស្គាល់តាមអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០។ ក្រសួងការបរទេសកម្ពុជា សង្កត់ធ្ងន់ថា ការពន្យារពេលដំណើរការងារខណ្ឌសីមាព្រំដែនដោយគ្មានកំណត់ ដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍ និងកាត់យកទឹកដីកម្ពុជា ដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញអាស៊ាន ដែលមិនអាចអនុញ្ញាតឱ្យបន្តបានឡើយ៕

ក្រសួងការងារឱ្យក្រុមហ៊ុនឯកជនជ្រើសរើសពលករសំណង់ខ្មែរទៅធ្វើការនៅវៀតណាម
ក្រសួងការងារអនុញ្ញាតឱ្យក្រុមហ៊ុន ផេស៊ីហ្វិក អ៊ុមផ្លយម៉ិន អេជេន ឯ.ក ដែលជាទីភ្នាក់ងារជ្រើសរើសឯកជនធ្វើការសាកល្បងជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងជនទេសន្តរប្រវេសន៍ការងារខ្មែរក្នុងវិស័យសំណង់ទៅធ្វើការនៅប្រទេសវៀតណាម។នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារកាលពីសប្ដាហ៍មុន។ សេចក្ដីប្រកាសព័ត៌មានក្រសួងការងារឱ្យដឹងថា ក្រុមហ៊ុននឹងទទួលរ៉ាប់រងលើមធ្យោបាយធ្វើដំណើរទៅមកពីប្រទេសកម្ពុជាទៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងផ្តល់កន្លែងស្នាក់នៅ ទឹក-ភ្លើង ដោយឥតគិតថ្លៃ និងឧបត្ថម្ភថ្លៃអាហារចំនួន ៥០% ផងដែរ។ លក្ខខណ្ឌជ្រើសរើសរួមមាន ភេទប្រុស មានអាយុចន្លោះពី ២៣ ដល់ ៣៩ឆ្នាំ, មានចំណេះដឹងភាសាវៀតណាម ត្រូវបានផ្តល់អាទិភាព, មានបទពិសោធន៍ការងារផ្នែកសំណង់, មានកាយសម្បទារឹងមាំ និងស្មារតីល្អ អាចបំពេញការងារក្រោមបរិយាកាសក្តៅបាន និងមានកិរិយាមារយាទជាពលរដ្ឋល្អ មិនធ្លាប់ប្រើប្រាស់គ្រឿងញៀន ឬញៀនគ្រឿងស្រវឹង មិនមានប្រវត្តិប្រព្រឹត្តបទល្មើស ឬជាប់ពន្ធនាគារ ឬទោសឧក្រិដ្ឋ។ ចំណែកឯប្រភេទការងារ រួមបញ្ជូលទាំងពលករទូទៅប្រើប្រាស់កម្លាំង, ពលករជាងផ្សារ, ពលករជំនាញសំណង់ទូទៅ, ពលករជំនាញបេតុង, ពលករបញ្ជាគ្រឿងចក្រ និងវិស្វករសំណង់ស៊ីវិល ដែលនឹងទទួលបានប្រាក់ខែចាប់ពី ៦០០ដុល្លារ រហូតដល់១៣៣០ ដុល្លារ អាស្រ័យលើប្រភេទការងារដែលបានរៀបរាប់ខាងលើ។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ លោក ស៊ុន មេសា បញ្ជាក់ថា នេះជាកិច្ចសហប្រតិបត្តិការថ្មី និងជាការបើកទំព័រទីផ្សារការងារមួយបន្ថែមទៀតសម្រាប់អ្នកដែលមានជំនាញនៅក្នុងវិស័យសំណង់។ លោកលើកឡើងថា៖ «កិច្ចសហប្រតិបត្តិការទាំងអស់របស់កម្ពុជា យើងធ្វើលើប្រទេសណាដែលមានគុណតម្លៃខ្ពស់សម្រាប់យើង មិនត្រឹមតែមានការងារទេ ប៉ុន្តែមានលក្ខខណ្ឌការងារល្អ មានប្រាក់ឈ្នួលសមរម្យ ហើយពលរដ្ឋយើងត្រឡប់មកវិញមានជំនាញមួយជាប់ខ្លួន អ្វីដែលសំខាន់ជាងនេះទៅទៀត និងអ្វីដែលយើងចង់បានគឺមានការការពារសិទ្ធិត្រឹមត្រូវ»។ អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ឃើញថា នេះជាការសាកល្បងមួយស្របពេលដែលប្រទេសវៀតណាមកំពុងមានតម្រូវការកម្លាំងពលកម្ម ហើយគួបផ្សំនឹងកម្លាំងពលកម្មរបស់កម្ពុជាដែលហូរមកពីប្រទេសថៃមានចំនួនច្រើន ដែលជាឱកាសសម្រាប់ធ្វើទំនាក់ទំនង និងអាចជួយបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ លោកបន្ថែមថា៖ «នេះក៏ជាការដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងទុក្ខលំបាកមួយចំនួនតាមរយៈការបង្កើតឱកាសការងារ ដោយយើងឃើញថា ប្រាក់ខែមានចំនួនខ្ពស់គួរសមដែរ ហើយក្នុងនោះការចំណាយក្នុងប្រទេសវៀតណាមក៏មានទំហំតិចតួចដែរ ដូច្នេះនេះជាការសម្រាលបន្ទុក និងការលើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋយើង»។ ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា BWTUC លោក សុខ គីន និយាយថា រាល់ការបញ្ជូនពលករចំណាកស្រុកពីប្រទេសមួយទៅប្រទេសមួយ បើមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋ ឬរវាងរដ្ឋ និងក្រុមហ៊ុនឯកជន នោះនឹងមានលក្ខណៈប្រសើរបើសិនជាក្រុមហ៊ុនជាក់លាក់ និងអនុវត្តតាមកិច្ចព្រមព្រៀង។ លោកបន្តថា៖ «ពាក់ព័ន្ធនឹងពលករចំណាកស្រុកទៅប្រទេសផ្សេងៗកន្លងមកអាចមានពីរ ដោយទីមួយទៅតាមមេខ្យល់មានន័យថាគាត់ទៅផ្លូវកាត់ ហើយមិនមានតម្រូវការឯកសារផ្សេងៗ មេខ្យល់ជាអ្នករៀបចំឯកសារឱ្យ ប៉ុន្តែមិនស្របច្បាប់ដែលជាចំណុចហានិភ័យដល់ពួកគាត់ដែរ និងមួយទៀតបើសិនមានការរៀបចំតាមរយៈក្រុមហ៊ុននាំពលករទៅខាងក្រៅគឺប្រសើរជាងដោយគេមាននិយាយលក្ខខណ្ឌម៉ោងការងារ និងប្រាក់ឈ្នួល ហើយមានការទទួលខុសត្រូវលើបញ្ហាណាមួយពេលបំពេញការងារ»។ កាលពីពេលថ្មីៗនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនជនទេសន្តរប្រវេសន៍ការងារខ្មែរទៅធ្វើការនៅប្រទេសអ៊ីស្រាអែល ក្នុងវិស័យកសិកម្ម ចំនួន ២ ០០០នាក់ ដោយអាចទទួលបានប្រាក់ឈ្នួលប្រមាណជាង ២០០០ដុល្លារអាមេរិកក្នុងខែ។ក្រសួងការងារបញ្ជាក់ថា ការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងជនទេសន្តរប្រវេសន៍ការងារ ខ្មែរទៅធ្វើការនៅប្រទេសអ៊ីស្រាអែលក្នុងវិស័យកសិកម្ម គឺជាយន្តការបញ្ជូនរដ្ឋនិងរដ្ឋ រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាប្រតិបត្តិករតែមួយគត់ និងរដ្ឋាភិបាលនៃប្រទេសអ៊ីស្រាអែល៕

អ្នកជំនាញសិទ្ធិមនុស្ស UN មកទស្សនកិច្ចកម្ពុជា ១១ ថ្ងៃ ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) មកទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០ core២៦។ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក អេនឌ្រូ នឹងវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា រំលេចទាំងបញ្ហាពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជម្លោះព្រំដែន សេរីភាពបញ្ចេញមតិ សេរីភាពបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី ព្រមទាំងសិទ្ធិរបស់ក្រុមជនដែលស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះ។ អ្នករាយការណ៍ពិសេសរូបនេះ នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន តំណាងសង្គមស៊ីវិល ជនរងគ្រោះ អ្នករស់រានមានជីវិតពីការរំលោភបំពាន ព្រមទាំងភាគីពាក់ព័ន្ធនានាផ្សេងទៀត។ ក្រៅពីនេះ អ្នករាយការណ៍ពិសេសលោក អេនឌ្រូ ក៏នឹងធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ជាមួយគ្នានេះដែរ អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០ នាទីរសៀល នៅសណ្ឋាគារ និងអាផាតមិន ហ៊ីម៉ាវ៉ារី (Himawari Hotel Apartment) ក្នុងរាជធានីភ្នំពេញ។ លើសពីនេះ អ្នករាយការណ៍ពិសេសលោក អេនឌ្រូ ក៏នឹងបង្ហាញនូវរបាយការណ៍ទស្សនកិច្ចរបស់លោក ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅខែតុលា ឆ្នាំ២០២៦ ខាងមុខ។ អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា លោក ស្រ៊ាង ចិន្តា លើកឡើងថា ដំណើរទស្សនកិច្ចនេះ ជាកាតព្វកិច្ចរបស់លោក ថម អេនឌ្រូ ដែលមានន័យថា បន្ទាប់ពីត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសប្រចាំកម្ពុជានោះ លោកនឹងមានកាតព្វកិច្ចចុះទៅបំពេញទស្សនកិច្ច ហើយប្រមូលព័ត៌មាន ដើម្បីចងក្រងជារបាយការណ៍ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ។ លោកបន្តថា តាមរយៈដំណើរទស្សនកិច្ចក្នុងនាមជាអ្នករាយការណ៍ពិសេស គឺមានកាតព្វកិច្ចផ្ដល់នូវជំនួយបច្ចេកទេសផ្នែកសិទ្ធិមនុស្សមកដល់កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ និងលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ប្រភពដដែលរំលេចថា៖ «ដំណើរទស្សនកិច្ចនេះ ជាឱកាសមួយ ជាពិសេសលោកមានគម្រោងចុះទៅពិនិត្យស្ថានភាពជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដូច្នេះយើងក៏រំពឹងដែរថា តាមរយៈការមើលឃើញពីការលំបាក ភាពឈឺចាប់របស់ជនភៀសសឹកនៅតាមខេត្តមួយចំនួននេះ លោកនឹងចងក្រង និងកត់ត្រាក្នុងរបាយការណ៍របស់ខ្លួន ហើយផ្សព្វផ្សាយទៅកាន់សហគមន៍អន្តរជាតិឱ្យកាន់តែយល់ច្បាស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ ដែលកើតឡើងដោយសារការឈ្លានពានរបស់ភាគីថៃ»។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិមានភារកិច្ច វាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្ស ហើយរាយការណ៍ជាសាធារណៈ ដោយធ្វើការជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសិទ្ធិមនុស្ស។ អ្នករាយការណ៍ពិសេស ត្រូវធ្វើទស្សនកិច្ចជាទៀងទាត់ ហើយធ្វើសេចក្តីរាយការណ៍ជារៀងរាល់ឆ្នាំទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយមានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ជាជំនួយការផ្នែកភស្តុភារ និងបច្ចេកទេស។ គួរបញ្ជាក់ថា អ្នករាយការណ៍ពិសេស គឺជាអ្នកជំនាញឯករាជ្យដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បីតាមដាន និងរាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ម្យ៉ាងទៀត អ្នករាយការណ៍ពិសេសនេះ ក៏មិនមែនជាមន្ត្រី ឬបុគ្គលិករបស់អង្គការសហប្រជាជាតិដែរ ហើយមិនទទួលបានប្រាក់បៀវត្សពីអង្គការសហប្រជាជាតិ និងមិនធ្វើការឱ្យរដ្ឋាភិបាល ឬក្រុមផលប្រយោជន៍ណាមួយឡើយ៕

ប្រមុខការទូតកម្ពុជានឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន៥ថ្ងៃនៅប្រទេសហ្វីលីពីន
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឱ្យដឹងថា ដំណើរបេសកកម្មនេះ គឺតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន អ្នកស្រី ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងធ្វើឡើង ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» ដែលផ្តល់នូវវេទិកាដ៏សំខាន់មួយ ដើម្បីពិភាក្សា និងតាមដានលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨។ សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា កិច្ចប្រជុំ ក៏នឹងផ្តល់ឱកាសដល់អាស៊ាន និងដៃគូខាងក្រៅ ផ្លាស់ប្តូរទស្សនៈអំពីការវិវត្តក្នុងតំបន់ និងអន្តរជាតិ ក្នុងបរិបទនៃការកើនឡើងទិដ្ឋភាពភូមិសាស្ត្រនយោបាយដែលកាន់តែស្មុគស្មាញ និងវិវត្តយ៉ាងឆាប់រហ័ស។ ក្រៅពីកិច្ចប្រជុំខាងលើនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងចូលរួមការប្រារព្ធខួបលើកទី៥០ នៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ ក្រសួងការបរទេសលើកឡើងថា ព្រឹត្តិការណ៍នេះ គឺជាខួបគម្រប់ប្រាំទសវត្សរ៍ នៃសន្ធិសញ្ញា ដែលបានដើរតួនាទីជាមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាពក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការដែលផ្អែកលើច្បាប់ ដោយគូសបញ្ជាក់ឡើងវិញនូវគោលការណ៍ដ៏យូរអង្វែងរបស់អាស៊ាន ក្នុងទិដ្ឋភាពតំបន់ និងពិភពលោកដែលកំពុងបន្តវិវត្ត។ លើសពីនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏ចូលរួមកិច្ចប្រជុំផ្សេងទៀតក្រោមក្របខ័ណ្ឌមេគង្គ និងសន្និសីទលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសអាស៊ីបូព៌ា សម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីនហើយមានជំនួបទ្វេភាគីជាមួយសមភាគីនានា ដើម្បីជំរុញ និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។ កាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាអ្នកស្រី Flerida Ann Camille P. Mayo បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា និងមានជំនួបសម្ដែងការគួរសម ជាមួយប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងជំនួបនេះ អ្នកស្រីបានរំលេចថា ក្នុងឋានៈហ្វីលីពីនជាប្រធានអាស៊ាន នឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញនូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ឱ្យប្រព្រឹត្តទៅដោយលទ្ធផលផ្លែផ្កា៕

និស្សិតស្រីមកពីខេត្តទទូចសុំឱ្យរដ្ឋទទួលខុសត្រូវ និងផ្តល់អន្តេវាសិកដ្ឋានសម្រាប់និស្សិតដែលមករៀននៅភ្នំពេញ
ការសម្រេចចិត្តចាកចេញពីខេត្តព្រះវិហារមកបន្តការសិក្សានៅភ្នំពេញដំបូងយុវតីឈ្មោះ នាទី មិនទទួលបានការគាំទ្រពីគ្រួសារនោះទេ ព្រោះពួកគាត់គិតថានាងជាមនុស្សស្រី ដោយមានផ្នត់គំនិតមិនចង់ឱ្យកូនស្រីទៅរស់នៅទីណាឆ្ងាយ ឬមករស់នៅទីក្រុងឆ្ងាយតែម្នាក់ឯង។ ជាភ័ព្វសំណាង នាទីបានយកឈ្នះលើគំនិតទាំងអស់នេះក្រោយនាងទទួលបានឱកាសអាហារូបករណ៍ និងបានទទូចសុំគ្រួសារជាច្រើនដង ទើបពួកគាត់យល់ព្រមឱ្យមកបន្តការសិក្សានៅភ្នំពេញ។ មកដល់ទីក្រុងភ្នំពេញជាមួយបងប្រុសដែលជូននាងមក នាទី មានលុយជាប់ខ្លួនត្រឹមតែ ៤០ ដុល្លារ ហើយគ្មានសាច់ញាតិបងប្អូននៅទីក្រុងដែលអាចពឹងអាស្រ័យបាននោះឡើយ។ នាងត្រូវរកកន្លែងស្នាក់នៅផង និងរកសាកលវិទ្យាល័យដែលបានជាប់អាហារូបករណ៍ផង។ ប៉ុន្តែ ដោយសារតែភាពខ្វះខាត និងមើលឃើញថាជំនាញដែលនាងជាប់អាហារូបករណ៍នោះ មានទីផ្សារចង្អៀតពិបាករកការងារធ្វើ នាទីក៏បានបោះបង់អាហារូបករណ៍ និងចាប់យកជំនាញថ្មីផ្នែកគណនេយ្យដោយបង់ថ្លៃសិក្សាដោយខ្លួនឯង។ នាងនិយាយបង្កប់ដោយការដឹងគុណថា៖ «មកហ្នឹងមិនរំពឹងលើអាហារូបករណ៍១០០%នោះទេ អាហារូបករណ៍ហ្នឹងគឺដូចជាធ្នាក់មួយដែលជួយឱ្យខ្ញុំអាចឡើងមកភ្នំពេញបាន ព្រោះអីបើមិនមានអាហារូបករណ៍ហ្នឹងទេ ខ្ញុំគិតថាគ្រួសារក៏មិនឱ្យមកដែរដោយសារពួកគាត់មិនមានលទ្ធភាព»។ ការមករស់នៅឆ្ងាយពីស្រុកកំណើតបានតម្រូវឱ្យយុវតី នាទី ត្រូវពឹងលើខ្លួនឯងស្ទើរទាំងស្រុង ព្រោះការរស់នៅក្នុងទីក្រុងត្រូវចំណាយគ្រប់យ៉ាង ហើយប្រសិនជាមិនមានការងារធ្វើដើម្បីបានចំណូលខ្លះទេនោះ នាងប្រាកដជាប្រឈមនឹងការលំបាកខ្លាំង។ តែសំណាងល្អ នាទីរកការងារបានធ្វើ ហើយថៅកែរបស់នាងក៏ជាមនុស្សមានចិត្តសប្បុរស ដោយមិនត្រឹមតែផ្តល់ឱកាសការងារឱ្យនាងប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតឱ្យរូបនាងខ្ចីលុយបង់ថ្លៃសាលាដើម្បីបានចូលរៀនទៀតផង ទើបធ្វើឱ្យនាងអាចដោះស្រាយការចំណាយលើការរស់នៅក្នុងទឹកដីថ្មីនេះបានប្រសើរមួយកម្រិត។ ការងារដែលយុវតីរូបនេះកំពុងធ្វើ ថ្វីត្បិតតែមិនទទួលបានប្រាក់ឈ្នួលច្រើន តែនាងលើកឡើងថា៖ «អាចថាមិនច្រើននោះទេ [ប្រាក់ខែ] ប៉ុន្តែក៏អាចរ៉ាប់រងខ្លួនឯងបានមិនទៅពឹងពីអ្នកផ្ទះ ហើយខ្ញុំនៅតែបន្តធ្វើដោយសារការងារហ្នឹងទាក់ទងនឹងជំនាញរៀន និងចង់បានបទពិសោធន៍ឱ្យបានច្រើនពីការងារហ្នឹងសិន»។ ចាប់តាំងពីឡើងមកបន្តការសិក្សានៅភ្នំពេញ នាទី បានជួលបន្ទប់មួយដើម្បីស្នាក់នៅ។ ប៉ុន្តែនាងថា បន្ទប់ជួលដែលនាងកំពុងស្នាក់នៅនោះ គឺមានសភាពស្ងាត់ ហើយសម្បូរដោយក្មេងទំនើង ដែលជាក្ដីកង្វល់សម្រាប់រូបនាងជាមនុស្សស្រី រួមទាំងមិត្តរួមបន្ទប់ ក្នុងការធ្វើដំណើរចេញចូលទីនោះ។ យុវតីដដែលឱ្យដឹងថា តំបន់នោះក៏ធ្លាប់មានករណីបាត់ម៉ូតូជាញឹកញាប់ និងបញ្ហាអសន្តិសុខផ្សេងៗ ហើយនាងចង់ស្នើសុំថា៖ «បើសិននៅតាមសាកលវិទ្យាល័យនីមួយៗមានកន្លែងស្នាក់នៅសម្រាប់និស្សិតពិតជាល្អ ព្រោះអាចកាត់បន្ថយបានច្រើន ហើយធានាសុវត្ថិភាពជាពិសេសសម្រាប់និស្សិតស្រី»។ ក្រៅពីយុវតី នាទី ភ្នំពេញគឺជាកន្លែងប្រមូលផ្តុំនៃនិស្សិតមកពីតាមខេត្តនានា។ និស្សិតជំនាញនីតិសាស្ត្រ កញ្ញា នង់ វាច្ចា អាយុ២៣ ឆ្នាំ ឱ្យដឹងថា កញ្ញាបានសម្រេចចិត្តចាកចេញពីទ្រនំដ៏កក់ក្ដៅជាមួយគ្រួសារ បងប្អូន មករស់នៅបន្ទប់ជួលតែម្នាក់ឯង គឺដើម្បីចាប់យកឱកាសសិក្សារៀនសូត្របានខ្ពង់ខ្ពស់នៅរាជធានីភ្នំពេញ។ វាច្ចា ជាមនុស្សដំបូងក្នុងចំណោមបងប្អូនសរុប៦នាក់ ដែលបានមកបន្តការសិក្សានៅភ្នំពេញ ព្រោះតែកត្តាជីវភាពបងប្អូន៣នាក់ត្រូវបោះបង់ការសិក្សា ចំណែកប្អូន២នាក់ទៀតកំពុងរៀននៅថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ។ រឿងរ៉ាវរបស់យុវតីរូបនេះក៏មិនខុសពីយុវតីដែលបានរៀបរាប់ខាងលើដែរ ដោយសារតែជាប់អាហារូបករណ៍មិនបង់ថ្លៃសិក្សាទើបមានឱកាសបានមកបន្តការសិក្សានៅភ្នំពេញ ដោយធ្វើការងារ និងរៀនសូត្រក្នុងពេលតែមួយ ព្រោះមិនចង់ឱ្យគ្រួសារចំណាយច្រើន។ កញ្ញាពោលដូច្នេះថា៖ «ពិបាកណាស់ព្រោះធ្លាប់រស់នៅជុំគ្រួសារមានពុកម៉ែនៅមើលថែ តែពេលមកបន្តការសិក្សានៅភ្នំពេញត្រូវរស់នៅក្នុងបន្ទប់ជួលដ៏តូចចង្អៀតម្នាក់ឯងដោយការភ័យខ្លាច គ្មានបងប្អូន គ្មានសាច់ញាតិ នៅពេលដែលឈឺ គ្រុនម្តងៗគ្មានថវិកាសម្រាប់ចំណាយទេ ចង់តែទៅផ្ទះតែមិនអាចទៅបាន»។ និស្សិតស្រីមួយរូបទៀតដែលមកពីខេត្តព្រះវិហារដែរនោះគឺ កញ្ញា ស្រាយ ចាន់ទ្រា អាយុ២៥ឆ្នាំ រៀបរាប់ថា នៅពេលឡើងមកដល់ទីក្រុងភ្នំពេញ កញ្ញានៅមិនទាន់ស្គាល់ភូមិសាស្ត្រតំបន់ច្បាស់លាស់ ដែលធ្វើឱ្យការសម្រេចចិត្តជួលបន្ទប់ស្នាក់នៅនាពេលនោះហាក់ស្រពិចស្រពិលមិនដឹងរើសទីតាំងណាដែលមានសុវត្ថិភាពល្អឡើយ។ ចាន់ទ្រាបញ្ជាក់ថា៖ «ខ្ញុំឡើងមកមិនសូវស្គាល់ភ្នំពេញទេ រកបន្ទប់ជួលខ្លះចំបន្ទប់អ្នកជិតខាងផឹកឡូឡា ស្រវឹង ឈ្លោះគ្នារញ៉េរញ៉ៃ មានសំឡេងខ្លាំងពេលយប់ព្រលប់ ហើយក៏ខ្លាចខ្លាំងដែរព្រោះឆ្ងាយពីផ្ទះ ណាមួយប៉ះពាល់ដល់ការរៀនយើងដែរ និងដូរបន្ទប់ជួលជាច្រើនកន្លែងហើយ»។ យុវតីរូបនេះជួបបញ្ហាលើការរកបន្ទប់ស្នាក់នៅខ្លាំងជាងគេ ថ្វីត្បិតតែមានមិត្តភក្តិស្នាក់នៅរួមគ្នាក៏ពិតមែន តែនៅពេលនាងចង់បានកន្លែងសុវត្ថិភាពទាល់តែចំណាយប្រាក់ច្រើនព្រោះបន្ទប់ជួលទាំងនោះមានតម្លៃខ្ពស់ ប៉ុន្តែដោយសារតែមកពីគ្រួសារមិនសូវធូរធារ និងមកពីខេត្តឆ្ងាយផងក៏មានតែរកបន្ទប់ជួលណាដែលមានតម្លៃទាបប៉ុណ្ណោះសម្រាប់ស្នាក់នៅ។ នាងប្រាប់ថា៖ «តាំងពីមកនៅភ្នំពេញនេះ ដូរបន្ទប់ជួល៥ដងហើយដោយសារតែបន្ទប់ជួលខ្លះឆ្ងាយពីសាលា និងមកពីអ្នកជិតខាងផង ដោយពេលនោះដូរញឹកដែរ ៣ទៅ៤ខែដូរ ខ្លះទៀតតែ២ទៅ៣ខែប៉ុណ្ណោះ»។ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយាវី យល់ឃើញថា និស្សិតស្រីរងបញ្ហាប្រឈមច្រើនជាងបុរស មានទាំងបញ្ហាសុវត្ថិភាព កន្លែងរស់នៅ ការហូបចុក ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោយសារកន្លងមកសិស្ស និស្សិតបានបាត់បង់ជីវិតច្រើនណាស់លើដងផ្លូវ។ អ្នកស្រីចង់ឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើបញ្ហាទាំងនេះបន្ថែម ជាពិសេសផ្ដោតសំខាន់លើនិស្សិតជាស្រ្ដីឱ្យបានច្រើន ពីព្រោះស្រ្តីក៏ជាចលកររបស់ប្រទេសជាតិដ៏សំខាន់ដែរ។ ប្រភពដដែលនិយាយថា៖ «បើសិនជាទទួលការអប់រំច្រើន និងមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ពីស្ថាប័នអង្គការណាដែលធ្វើការលើការពារសិទ្ធិស្រ្តី នោះពួកគេនឹងរួចផុតពីការរំលោភបំពានគ្រប់បែបយ៉ាង តែធ្វើយ៉ាងណាឱ្យការអនុវត្តមានប្រសិទ្ធភាព ឧទាហរណ៍ថា យើងមានកន្លែងស្នាក់នៅឱ្យហើយ តែធ្វើឱ្យពួកគាត់គ្មានអាហារហូបចុក ពិបាកធ្វើដំណើរ ហើយបើសិនពួកគាត់មានកន្លែងស្នាក់នៅ អាហារហូបចុក និងសន្តិសុខគ្រប់គ្រាន់ ខ្ញុំជឿថាពួកគាត់មិនបោះបង់ចោលការសិក្សាទេ ព្រោះគាត់គ្រប់គ្នាសុទ្ធតែចង់ទទួលបានការងារសមរម្យ ចង់មានប្រាក់ខែដើម្បីចិញ្ចឹមជីវិត»។ អ្នកជំនាញទស្សនវិជ្ជា និងអ្នកឃ្លាំមើលសង្គម លោកបណ្ឌិត ឈត ប៊ុនថង សង្កេតឃើញថា កន្លងមកថ្នាក់ដឹកនាំបានយកចិត្តទុកដាក់លើសិស្ស និស្សិត ជាពិសេសនិស្សិតស្រី ដោយមានផ្ដល់កន្លែងស្នាក់នៅ និងមានការឧបត្ថម្ភពិសេស ប៉ុន្តែលោកមិនដឹងថាការជួយរបស់រដ្ឋាភិបាលជាមួយតម្រូវការជាក់ស្ដែងខ្វះខាតយ៉ាងណានោះទេ បើសិនជាចន្លោះប្រហោងកន្លែងណាគួរតែពិចារណាជួយបន្ថែមទៀត។ លោកបណ្ឌិតនិយាយថា៖ «យើងឃើញរដ្ឋាភិបាលបានជួយ ប៉ុន្តែវាខ្វះកម្រិតណានោះអាចនឹងប្អូនៗនិស្សិត ឬអ្នកគ្រប់គ្រងទាំងអស់ហ្នឹងទៅផ្ដល់ព័ត៌មាន និងធ្វើសំណើទៅរាជរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធឱ្យពិនិត្យមើលតើនៅខ្វះអី ឬយ៉ាងម៉េច ដើម្បីជួយបន្ថែមទៀត»។ លោកណែនាំបន្តថា៖ «បើគាត់ចេញពីកន្លែងនៅ ឬចេញពីកន្លែងហ្នឹងទៅរៀន មកវិញមានបញ្ហាអីត្រូវតែសិក្សាឱ្យបានច្បាស់ ហើយត្រូវរៀបចំ ការពារ បញ្ចៀសនូវអ្វីដែលគាត់ថាអសុវត្ថិភាពទៅតាមហ្នឹង តើនៅកន្លែងស្នាក់នៅរបស់គាត់មានអ្នកណាមករំខាន នរណាមកឆាឆៅ ឬក៏យាយីអីមួយត្រូវតែមានព័ត៌មានច្បាស់បើសិនយើងនិយាយតែរឿងសន្តិសុខមួយយើងអត់ដឹងថាជួយយ៉ាងម៉េចទេ»។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ធ្លាប់ផ្ដល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានក្នុងឆ្នាំ២០២២កន្លងទៅថា…

អាជ្ញាធរជាតិអប្សរា ហាមអ្នកស្លៀកឈុតបុរាណខុសពីទម្រង់ដើមរបស់ខ្មែរចូលទស្សនាប្រាសាទអង្គរ
អាជ្ញាធរជាតិអប្សរាប្រកាសថា ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ តទៅ អ្នកដែលស្លៀកសម្លៀកបំពាក់បុរាណ ដែលច្នៃខុសពីទម្រង់ដើមនៃបែបផែនខ្មែរ គ្មានក្បួនខ្នាតត្រឹមត្រូវ ឬប្រាសចាកពីទម្រង់ដើម គឺមិនអនុញ្ញាតឱ្យចូលទៅទស្សនាអង្គរទៀតឡើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរជាតិអប្សរាសហការជាមួយមន្ទីរវប្បធម៌ខេត្តសៀមរាប និងអាជ្ញាធរដែនដី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានចុះអប់រំណែនាំដល់អាជីវករជួលឈុតបុរាណនៅមុខប្រាសាទអង្គរវត្ត។ ក្នុងជំនួបនោះ អាជ្ញាធរជាតិអប្សរាបានណែនាំឱ្យក្រុមអាជីវករទាំងអស់ ដែលប្រកបមុខរបរបម្រើសេវាតុបតែង ឬជួលសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដល់ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរ ត្រូវឈ្វេងយល់ឱ្យបានត្រឹមត្រូវនូវរចនាបថ និងក្បួនខ្នាតសម្លៀកបំពាក់ប្រពៃណីបុរាណរបស់ខ្មែរ និងបែងចែកឱ្យច្បាស់នូវអ្វីដែលមិនមែនជាប្រពៃណីខ្មែរ ហើយអ្វីដែលជាការបម្រើឱ្យវប្បធម៌បរទេស។ មន្ត្រីការិយាល័យសូនរូប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដែលជំនាញលើសិល្បៈបុរាណខ្មែរ និងបានស្រាវជ្រាវលើផ្នែកសម្លៀកបំពាក់ខ្មែរអស់រយៈពេលជាច្រើនឆ្នាំ លោក ចាន់ សោភ័ន ឱ្យដឹងថា ពេលបច្ចុប្បន្ននេះ គឺមានអាជីវករមួយចំនួននៅខាងមុខបរិវេណប្រាសាទអង្គរវត្ត បានជួលឈុតបុរាណ ដែលបានស្លៀកពាក់ខុសពីទម្រង់ដើម មាន៧០ភាគរយ ជាពិសេស មានការប្រើប្រាស់ក្រណាត់ និងគ្រឿងអលង្ការនាំចូលមកពីប្រទេសថៃ។ លោកចាត់ទុកសកម្មភាពនេះថា ប្រាសចាកពីអត្តសញ្ញាណជាតិ និងវប្បធម៌របស់ខ្មែរទាំងស្រុង និងជាការបម្រើឱ្យវប្បធម៌បរទេស។ លោកពន្យល់ថា៖ «ការស្លៀកពាក់តាមបែបបុរាណខ្មែរ គឺត្រូវតែប្រើក្រណាត់ និងគ្រឿងអលង្ការដែលជារបស់ខ្មែរ ហើយក៏មិនត្រូវកែច្នៃឈុតណាមួយឱ្យខុសពីក្បួនខ្នាតខ្មែរដែរ។ ការប្រើគ្រឿងអលង្ការ និងក្រណាត់ទៀតសោត ក៏មិនត្រឹមត្រូវទៅតាមឋានៈរបស់មនុស្សខ្មែរក្នុងសម័យបុរាណដែរ»។ លើសពីនេះ លោកបញ្ជាក់ថា ការស្លៀកពាក់ និងការតុបតែងខ្លួនរបស់ខ្មែរបុរាណ មានទម្រង់ច្បាស់លាស់ទៅតាមឋានៈយសសក្ដិ រាប់ចាប់ពីព្រះមហាក្សត្រដល់រាស្រ្តសាមញ្ញ។ លោកលើកឧទាហរណ៍ ដូចជាសម្លៀកបំពាក់ហូលដែលធ្វើពីសូត្រសម្រាប់ព្រះមហាក្សត្រ ម្ចាស់ក្សត្រី ក្រណាត់ល្បើក និងល្បើករងជើង សម្រាប់ឋានៈសេដ្ឋី គហបតី និងក្រណាត់ដែលត្បាញពីកប្បាស សម្រាប់មនុស្សសាមញ្ញទូទៅជាដើម។ លោក ចាន់ សោភ័ន លើកទឹកចិត្តឱ្យអាជីវករទាំងអស់ ត្រូវតែកែប្រែបន្តិចម្តងៗ មកប្រើហូល សូត្រ ឬល្បើកពេជ្រ ល្បើករងជើង និងអលង្ការខ្មែរ ដែលជាការលើកតម្លៃអ្នកតម្បាញ និងជាងទងខ្មែរ ហើយវប្បធម៌ខ្មែរនឹងនៅគង់វង្សមិនបាត់បង់។ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា លោក ទេស សុធីរ លើកឡើងថា ការជួលសម្លៀកបំពាក់ ឬឈុតបុរាណមួយចំនួននៅក្នុងតំបន់អង្គរ មិនត្រឹមត្រូវតាមទម្រង់ដើម និងមានការរិះគន់ជាបន្តបន្ទាប់ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃនៃវប្បធម៌ខ្មែរ។ អាជ្ញាធរជាតិអប្សរា និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ក៏សំណូមពរឱ្យក្រុមអាជីវករ ដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់ ឬឈុតបុរាណ កាត់បន្ថយ និងបញ្ឈប់ការប្រើប្រាស់ក្រណាត់បរទេស ដែលមានតម្លៃថោក ជាពិសេសនាំចូលពីប្រទេសថៃ។ សេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា សង្កត់ធ្ងន់ថា សម្លៀកបំពាក់ ដែលប្រើប្រាស់ក្រណាត់មកពីថៃ ត្រូវតែបញ្ចប់ជាស្ថាពរនៅត្រឹមខែមករា ឆ្នាំ២០២៧។ ក្រោយពីអាជ្ញាធរជាតិអប្សរាសម្រេចបែបនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហាក់មានការគាំទ្រ ប៉ុន្តែក៏មានអ្នកព្រួយបារម្ភលើការអនុវត្តជាក់ស្ដែងរបស់ក្រុមអាជីវករ ថាតើនឹងមានប្រសិទ្ធភាពកម្រិតណា ហើយក៏មានអ្នកចង់ឱ្យក្រសួង ឬស្ថាប័នពាក់ព័ន្ធ ជួយចែករំលែកពីរបៀប និងការស្លៀកពាក់ឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យប្រជាពលរដ្ឋខ្មែរយល់ខុសតទៅទៀត។ អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់សរសេរថា៖ «អាជីវករខ្លះនៅតែបន្ត និងបន្លំ យករបស់ថៃមកជួលដដែល ដោយសំអាងថា ភ្ញៀវខ្លះចង់បានតម្លៃថោក ធ្វើតាមចំនួនទឹកប្រាក់ដែលភ្ញៀវមាន តែមិនគិតថាសម្លៀកបំពាក់ខ្មែរទិញមកជួលឱ្យភ្ញៀវតែមួយឈុតគឺមិនមែនជួលបានតែម្ដងនោះទេ គឺជួលបានភ្ញៀវរាប់ភ្លេច»។ ម្ចាស់គណនីម្នាក់ទៀតសរសេរថា៖ «គាំទ្រចំណាត់ការមួយនេះ ដើម្បីឱ្យអ្នកលក់យល់ពីមួយណាជារបស់ខ្មែរ មួយណាជារបស់បរទេស កុំឱ្យលក់បូកឡូកគ្នា»។ រីឯអ្នកខ្លះទៀតចោទជាសំណួរថា៖ «តើមានប្រសិទ្ធភាពបានប៉ុន្មានភាគរយដែលអាជីវករទាំងនោះគោរពតាម?» គួរបញ្ជាក់ថា កន្លងមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានផ្សព្វផ្សាយពីលក្ខណៈដើមនៃសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីជំរុញការអភិរក្ស និងតម្រង់ទិសការច្នៃប្រឌិតឱ្យផ្អែកលើមូលដ្ឋានវប្បធម៌ជាតិ ព្រមទាំងព្រមានឱ្យអ្នកប្រើប្រាស់ប្រុងប្រយ័ត្ន ចៀសវាងការប្រើប្រាស់ខុសឆ្គង ឬកែច្នៃបំភាន់ដែលអាចប៉ះពាល់ដល់អត្តសញ្ញាណសម្លៀកបំពាក់ប្រពៃណីខ្មែរ៕

អ្នកឃ្លាំមើលគាំទ្រសេចក្ដីសម្រេចរបស់សភាប្រើភាសាបារាំងជម្រុញឱ្យថៃគោរពបូរណភាពទឹកដីកម្ពុជា
អ្នកឃ្លាំមើលគាំទ្រសេចក្ដីសម្រេចរបស់សភាប្រើភាសាបារាំងក្នុងការជម្រុញឱ្យកម្ពុជា-ថៃ បន្ថយភាពតានតឹងនៅព្រំដែន តែពួកគេនៅតែជម្រុញឱ្យភាគីកម្ពុជារត់ទៅពឹងពាក់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពីព្រោះថាស្ថាប័នសភានិយាយភាសាបារាំង គ្រាន់តែផ្តោតលើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងនយោបាយទូទៅ មិនមែនជាស្ថាប័នតុលាការ ឬក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានអំណាចបង្ខំឱ្យថៃអនុវត្តតាមច្បាប់នោះឡើយ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីសភាប្រើភាសាបារាំងអំពាវនាវឱ្យភាគីកម្ពុជា និងថៃបន្ធូរបន្ថយភាពតានតឹង និងបន្តកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ និងការដកកងកម្លាំងប្រដាប់អាវុធទាំងអស់ជាបន្ទាន់ចេញពីតំបន់ជម្លោះ។ សេចក្ដីសម្រេចរបស់សភាប្រើភាសាបារាំងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២៦ ក៏អំពាវនាវឱ្យមានការគោរពបទឈប់បាញ់ និងការអនុវត្តកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ក្រៅពីនេះ សភាប្រើភាសាបារាំងបានជម្រុញឱ្យដោះស្រាយវិវាទដោយសន្តិវិធីក្នុងរយៈពេលដ៏ខ្លីបំផុត តាមរយៈយន្តការទ្វេភាគីទាំងអស់ដែលបានបង្កើតឡើង ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្នុងស្មារតីនៃកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ។ សភាប្រើភាសាបារាំងលើកឡើងថា ភាពតានតឹងដែលនៅតែបន្តកើតមាននៅតាមព្រំដែនរវាងកម្ពុជា -ថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ បានបណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្សយ៉ាងច្រើន ការផ្លាស់ទីលំនៅរបស់ប្រជាជនស៊ីវិល និងរបាយការណ៍អំពីការរំលោភបំពានលើបទឈប់បាញ់ និងបូរណភាពទឹកដីកម្ពុជា រួមទាំងការខូចខាតដល់ទីតាំងវប្បធម៌ និងសាសនា ដែលទីតាំងមួយចំនួនត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។លើសពីនេះ សភាប្រើភាសាបារាំងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តភាពតានតឹង និងសកម្មភាពនានាដែលត្រូវបានរាយការណ៍ នៅក្នុងតំបន់ព្រំដែនក្រោមការកាន់កាប់ដោយប្រទេសថៃ ជាអាទិ៍ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ការរៀបចំពិធីសាសនានៅក្នុងទីតាំងវប្បធម៌ និងសាសនា ក៏ដូចជាគំនិតផ្តួចផ្តើម ក្នុងការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះ។ សេចក្ដីសម្រេចដដែលក៏បានរំលឹកឱ្យមានការគោរពអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ក៏ដូចជាការគោរពតាមការប្តេជ្ញាចិត្តចំពោះសន្តិភាពប្រកបដោយនិរន្តភាព នៅតាមបណ្តោយព្រំដែន និងការជៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយ ដែលអាចបង្កភាពតានតឹងកាន់តែធ្ងន់ធ្ងរផងដែរ។ សភាប្រើភាសាបារាំងណែនាំឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងកម្ពុជា-ថៃ ដោយផ្អែកលើការទទួលស្គាល់គ្នាទៅវិញទៅមកលើអធិបតេយ្យ បូរណភាពទឹកដី និងភាពមិនអាចរំលោភបាននៃព្រំដែន ក៏ដូចជាការខណ្ឌសីមាព្រំដែន អនុលោមតាមក្របខ័ណ្ឌគតិយុត្ត ដែលបានកំណត់ដោយលិខិតូបករណ៍អន្តរជាតិ។ អ្នកវិភាគភូមិសាស្ត្រនយោបាយ និងជាអ្នកជំនាញទំនាក់ទំនងអន្តរជាតិ លោក សេង វ៉ាន់លី យល់ឃើញថា អ្វីដែលកម្ពុជាត្រូវស្វែងរកបន្ថែម គឺយន្តការតាមដាន និងការសម្របសម្រួលជាក់ស្តែងពីសំណាក់ស្ថាប័នដែលមានឥទ្ធិពលជាងនេះ ដូចជាអាស៊ាន (ASEAN) ឬតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប្រសិនបើមានការរំលោភបំពានធ្ងន់ធ្ងរ។ លោកនិយាយថា កម្ពុជាគួររំពឹងឱ្យសហគមន៍អន្តរជាតិដើរតួជាអាជ្ញាកណ្តាលមិនលម្អៀង ក្នុងការជំរុញឱ្យមានការចរចាទ្វេភាគីដោយផ្អែកលើផែនទី និងសន្ធិសញ្ញាប្រវត្តិសាស្ត្រដែលទទួលស្គាល់ដោយច្បាប់អន្តរជាតិ។ លោកបន្តថា៖ «ការអំពាវនាវនេះមានទម្ងន់ផ្នែក «អំណាចទន់» និងជួយបង្កើនភាពស្របច្បាប់ជាអន្តរជាតិដល់កម្ពុជា ហើយនេះជាសារដាស់តឿនមួយទៅកាន់ភាគីពាក់ព័ន្ធ ពិសេសគឺថៃ ឱ្យប្រុងប្រយ័ត្នចំពោះសកម្មភាពឯកតោភាគីណាមួយដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។ ដូច្នេះ សេចក្តីថ្លែងការណ៍នេះ មិនមានគំនាបគតិយុត្តិ ឬយន្តការទណ្ឌកម្មណាមួយដែលអាចបង្ខំឱ្យថៃត្រូវតែធ្វើតាមនោះទេ ពោលគឺវាគ្រាន់តែជាការគាំទ្រផ្នែកស្មារតី និងជាឧបករណ៍ការទូតសម្រាប់កម្ពុជាយកទៅប្រើប្រាស់នៅលើឆាកអន្តរជាតិតែប៉ុណ្ណោះ»។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បញ្ជាក់ថា បើទោះបីជាការសម្រេចរបស់សភាប្រើភាសាបារាំងមិនមានកាតព្វកិច្ចផ្លូវច្បាប់ដូចនឹងការសម្រេចរបស់តុលាការ ឬក៏ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយ សេចក្តីសម្រេចនេះ បង្ហាញឱ្យឃើញថាបញ្ហាព្រំដែនកម្ពុជា-ថៃ មិនមែនជាបញ្ហាទ្វេភាគីនៃប្រទេសទាំងពីរ តែកំពុងទទួលបានការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ។ លោកបន្ថែមថា៖ «សហគមន៍អន្តរជាតិគួរជួយបង្កើតបរិយាកាសដែលធ្វើឱ្យការគោរពច្បាប់អន្តរជាតិមានន័យជាក់ស្ដែង មិនមែនគ្រាន់តែពាក្យពេចន៍ដ៏ពីរោះនៃផ្នែកការទូតប៉ុណ្ណោះទេ បើសិនភាគីណាមួយបន្តរំលោទបំពាន បំភ័ន្ត បន្តបង្កើតអង្គហេតុថ្មីលើដីជាក់ស្ដែង សហគមន៍អន្តរជាតិត្រូវមានសារមួយច្បាស់លាស់ និងមានសម្ពាធការទូតច្បាស់លាស់»។ ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ចាន់រ័ត្ន លើកឡើងថា ជម្រើសរបស់កម្ពុជាមិនមានច្រើនក្រៅពីគោរពច្បាប់អន្តរជាតិ នយោបាយការទូត និងព្យាយាមចរចាជាមួយប្រទេសថៃឱ្យបានច្រើននោះទេ ទោះបីជាភាគីថៃមិនយល់ព្រមក៏ដោយ។ លោកគិតថា សហគមន៍អន្តរជាតិនឹងអាចចេញថ្កោលទោសលើថៃដែលនៅតែបន្តឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា។ ប្រភពរូបនេះបានសង្កត់ធ្ងន់ថា៖ «កម្ពុជាមានតែបន្តជម្រុញកិច្ចការទូត ផ្លូវច្បាប់ និងជម្រុញទៅប្រទេសដែលមានឥទ្ធិពល ដើម្បីឱ្យថៃងាកមកគោរពច្បាប់ បូរណភាពទឹកដីរបស់កម្ពុជាវិញ ហើយក៏ជាឱកាសដែលយើងជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ព្រោះជារឿងប្រសើរសម្រាប់យើងដែលចំបរិបទប្រទេសយើងកំពុងមានបញ្ហាទាំងអស់ហ្នឹង ដែលយើងអាចលើកឡើងបញ្ជាក់ទៅប្រទេសទាំងអស់នោះ ព្យាយាមយ៉ាងម៉េចឱ្យគេយល់ថា វាជាការរំលោភបំពានរបស់ប្រទេសថៃមកលើកម្ពុជា»។ គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលលហ្វ្រង់កូហ្វូនី (OIF) លើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងរិះរកដំណោះស្រាយ ជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាចំណុចអាទិភាពបំផុតរបស់សមាជិកអង្គការ OIF។ កាលពីពេលថ្មីៗនេះ ក្រសួងការពារជាតិក៏បានប្រកាសតវ៉ាជាបន្តបន្ទាប់ចំពោះសកម្មភាពរំលោភបំពានខុសច្បាប់មកលើទឹកដីកម្ពុជា ហើយក្រសួងក៏បានបញ្ជាក់ថាកាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងកម្ពុជាបានរងរបួស ៤នាក់ ដោយសារអម្បែងគ្រាប់ បន្ទាប់ពីបានដើរល្បាតនៅតំបន់ចំការស្វាយចន្ទី ភូមិសាស្ត្រចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយបានជួបជាមួយនឹងក្រុមល្បាតរបស់យោធាថៃ ដែលកំពុងដើរល្បាតនៅម្ខាងទៀតនៃលួសបន្លាដែលយោធាថៃបានដាក់ពង្រាយ៕

ក្រសួងពាណិជ្ជកម្មស៊ើបអង្កេតរកមន្ត្រីស៊ីសំណូកពីក្រុមហ៊ុនជប៉ុនសម្រាប់សេវាកែប្រែឯកសារចុះបញ្ជី
ក្រសួងពាណិជ្ជកម្មប្រកាសបើកការស៊ើបអង្កេតផ្ទៃក្នុងរកអ្នកពាក់ព័ន្ធការចុះបញ្ជីកែប្រែក្រុមហ៊ុនឯកជនមួយនៅកម្ពុជា ដើម្បីកំណត់មុខសញ្ញាបុគ្គលនោះយកមកចាត់ការតាមនីតិវិធីច្បាប់ និងត្រៀមសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយដើម្បីចាត់វិធានការលើករណីនេះ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឱ្យដឹងថា ក្រសួងបានឃើញសារព័ត៌មានជប៉ុន The Japanese Times ចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងនីតិវិធីចុះបញ្ជីកែប្រែក្រុមហ៊ុនឯកជនមួយនៅកម្ពុជាក្នុងអំឡុងឆ្នាំ២០២១។ សារព័ត៌មានជប៉ុន បានបញ្ជាក់ថា ករណីនេះក៏កំពុងស្ថិតក្នុងដំណើរការនីតិវិធីស៊ើបអង្កេតរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុនផងដែរ។ សារព័ត៌មានជប៉ុន The Japanese Times បានរាយការណ៍ថា អាជ្ញាធរមានសមត្ថកិច្ចរបស់ជប៉ុនបានចោទប្រកាន់ក្រុមហ៊ុនជប៉ុនមួយឈ្មោះ Fujipassc និងបុគ្គលិកចំនួន ៣នាក់ ពីបទសូកប៉ាន់មន្ត្រីកម្ពុជាម្នាក់ ក្នុងទឹកប្រាក់ ១០០០ដុល្លារអាមេរិក ក្នុងគោលបំណងពន្លឿនការកែប្រែឯកសារពាក់ព័ន្ធនឹងការចុះបញ្ជីក្រុមហ៊ុននៅកម្ពុជា។ ការសូកប៉ាន់នេះបានធ្វើឡើងតាំងពីឆ្នាំ ២០២១។ បើតាមក្រមព្រហ្មទណ្ឌរបស់ជប៉ុន បទល្មើសសូកប៉ាន់មន្រ្តីសាធារណៈនៃរដ្ឋបរទេសដើម្បីទទួលបានផលប្រយោជន៍ណាមួយ អ្នកប្រព្រឹត្តល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគារពី៥រហូតដល់៧ឆ្នាំ។ ទោះជាយ៉ាងណា ក្រសួងពាណិជ្ជកម្ម រៀបរាប់ថា ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាពាក់ព័ន្ធផ្សេងៗទៀត ត្រូវបានធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន www.registrationservices.gov.kh ដើម្បីបង្កើនប្រសិទ្ធភាព សម្រួល នីតិវិធីចុះបញ្ជីពាណិជ្ជកម្ម និងសេវាសាធារណៈពាក់ព័ន្ធឱ្យបានឆាប់រហ័ស ដើម្បីលើកកម្ពស់តម្លាភាព បង្កើនសុចរិតភាព និងលុបបំបាត់ចំណាយក្រៅផ្លូវការ។ ក្រសួងលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស ត្រូវទៅចុះបញ្ជីពាណិជ្ជកម្ម និងចុះបញ្ជីរាល់ការកែប្រែផ្សេងៗ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងអាចស្វែងរកការពិគ្រោះយោបល់ និងជំនួយផ្នែកបច្ចេកទេស និងនីតិវិធីពីសេវាកម្មឯកជន ដែលទទួលបានការបណ្តុះបណ្តាល និងទទួលស្គាល់ដោយក្រសួង។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូរសព្ទសាធារណៈលេខ១២៦៦ សម្រាប់ ការសាកសួរ និងផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួង និងបានតភ្ជាប់សេវាសាធារណៈរបស់ក្រសួងជាមួយថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange - CamDX) រួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យប្រសើរឡើង។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញយ៉ាងសកម្មលើការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (ឌីជីថល) តាមរយៈ «អង្គភាពច្រកចេញចូលតែមួយ» ទូទាំង ២៥ រាជធានី-ខេត្ត ដើម្បីផ្តល់ភាពងាយស្រួល សន្សំសំចៃពេលវេលា និងលុបបំបាត់ភាពយឺតយ៉ាវជូនប្រជាពលរដ្ឋផងដែរ៕

ក្រសួងមហាផ្ទៃបង្កើត «ភូមិរង់ចាំ» ចំនួន៦ ដោយបំបែកចេញពីភូមិស្លក្រាម ខេត្តបន្ទាយមានជ័យ
ក្រសួងមហាផ្ទៃសម្រេចបង្កើត«ភូមិរង់ចាំ» ចំនួន៦ ក្នុងតំបន់ជម្រកស្នាក់នៅបណ្តោះអាសន្នរបស់ពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដើម្បីងាយស្រួលគ្រប់គ្រង និងផ្ដល់សេវាសាធារណៈផ្សេងៗនៅក្នុងមូលដ្ឋាន។ សេចក្ដីប្រកាសស្ដីពីការបង្កើតភូមិនៅខេត្តបន្ទាយមានជ័យរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឱ្យដឹងថា ភូមិទាំង៦នោះរួមមាន ភូមិរង់ចាំ១ ភូមិរង់ចាំ២ ភូមិរង់ចាំ៣ ភូមិរង់ចាំ៤ ភូមិរង់ចាំ៥ និង ភូមិរង់ចាំ៦ ដែលត្រូវបានបំបែកចេញពីភូមិស្លក្រាម នៃឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សេចក្ដីប្រកាសដដែលបញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងមានការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងភូមិបង្កើតថ្មី ដោយជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ភូមិ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បញ្ជាក់ប្រាប់ប្រជាកាសែតបន្ថែមថា ការបង្កើតភូមិដ្ឋានថ្មីនេះមានសារៈសំខាន់សម្រាប់ពលរដ្ឋភៀសសឹកដែលរងការឈ្លានពានពីយោធាថៃ ដោយពួកគាត់អាចរស់នៅភូមិមួយជាក់លាក់ មានផ្ទះសម្បែងស្នាក់នៅងាយស្រួលជាងពីមុនដែលរស់នៅតាមតង់ ទីអារាម សាលារៀន និងកន្លែងដទៃទៀតមិនពិតប្រាកដ។ លោកបន្ថែមថា ផ្ទះ និងដីដែលរាជរដ្ឋាភិបាលរៀបចំជូនពលរដ្ឋភៀសសឹករស់នៅបណ្តោះអាសន្ននេះ ក៏នឹងត្រូវចែកជូនជាកម្មសិទ្ធិដល់ពលរដ្ឋភៀសសឹកដែរ បើទោះបីជាថ្ងៃខាងមុខកម្ពុជាទាមទារបានទឹកដី ផ្ទះសម្បែង និងភូមិដ្ឋាន ដែលយោធាថៃកាន់កាប់ខុសច្បាប់នោះត្រឡប់មកវិញក៏ដោយ។ លោកនិយាយថា៖ «អ៊ីចឹងមានន័យថាបងប្អូនប្រជាពលរដ្ឋមានកម្មសិទ្ធិទាំងនៅភូមិរង់ចាំផង ហើយអនាគតនៅពេលដែលទាមទារបាន ក៏នៅតែមានកម្មសិទ្ធិនៅលើទឹកដីដែលពួកគាត់ធ្លាប់រស់នៅជាយូរយារពីទឹកន្លែងដែលយោធាថៃដណ្ដើមកាន់កាប់ដោយអាវុធ និងបន្តកាន់កាប់ដោយខុសច្បាប់នាពេលបច្ចុប្បន្ន»។ ជាមួយគ្នានេះដែរ អ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត មាស នី យល់ថា ការបែងចែកភូមិដ្ឋានថ្មីនេះ អាចផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងដោយរៀបចំឱ្យមានភូមិ ឃុំ ត្រឹមត្រូវសម្រាប់ពលរដ្ឋភៀសសឹករស់នៅក្នុងតំបន់នោះ។ លោកបន្តថា៖ «ការបង្កើតភូមិដ្ឋានថ្មីនេះ អាចជាការមើលឃើញរបស់រដ្ឋាភិបាលនៅក្នុងការត្រៀមលក្ខណៈរួចជាស្រេចក្នុងកាលៈទេសៈដែលយើងមិនអាចយកដីហ្នឹងមកវិញបាន មានតែភូមិនេះក្លាយជាភូមិកំណើតរបស់កូនចៅភៀសខ្លួនពីពេលនេះតទៅ»។ អ្នកជំនាញភូមិសាស្រ្តនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ គិតថា ការបំបែកភូមិរង់ចាំរហូតដល់៦ភូមិនេះ គ្រាន់តែជាការបែងចែករដ្ឋបាលគ្រប់គ្រងភូមិសាស្រ្ត ដើម្បីងាយស្រួលគ្រប់គ្រងប្រជាពលរដ្ឋភៀសសឹកកំពុងរស់នៅរាប់ពាន់គ្រួសារនៅតំបន់នោះប៉ុណ្ណោះ។ លោកបញ្ជាក់ថា៖ «ពលរដ្ឋភៀសសឹកនឹងត្រូវវិលត្រឡប់ទៅផ្ទះដើមគាត់វិញនៅពេលបញ្ហាបានដោះស្រាយរួច ហើយទីតាំងភូមិរង់ចាំនេះសម្ដេចតេជោបានលើកឡើងដែរថា នឹងប្រគល់ជូនពួកគាត់បន្ថែមទៀត»។ គួរបញ្ជាក់ថា មណ្ឌលស្នាក់នៅបណ្តោះអាសន្នភូមិស្លក្រាម ត្រូវបានប្រសិទ្ធនាមជា«ភូមិរង់ចាំ» បន្ទាប់ពីមានការស្នើពីប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋភៀសសឹក ៣,៣១៨គ្រួសារ នៅមជ្ឈមណ្ឌលភៀសសឹកបណ្តោះអាសន្ន ភូមិស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ មិថុនា ឆ្នាំ២០២៦៕

ពលរដ្ឋមួយចំនួនបារម្ភ បន្ទាប់ពីក្រសួងសុខាភិបាលរកឃើញផលិតផលថែរក្សាស្បែកមានជាតិគីមីលើសកម្រិត
ពលរដ្ឋសម្តែងការបារម្ភពីផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ក្រោយពីក្រសួងសុខាភិបាលរកឃើញផលិតផលថែរក្សាស្បែកមានផ្ទុកសារធាតុគីមីលើសកម្រិត។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ក្រសួងសុខាភិបាល អះអាងថា ផលិតផលគ្រឿងសម្អាង ៥មុខ មានផ្ទុកសារធាតុគីមីលើសកម្រិតបទដ្ឋានស្តង់ដា ធ្វើឱ្យប៉ះពាល់ដល់សុខភាព និងស្បែកអ្នកប្រើប្រាស់ធ្ងន់ធ្ងរ។ ការផ្សព្វផ្សាយនេះ ធ្វើឡើងបន្ទាប់ពីក្រសួងបានបញ្ជូនផលិតផលខាងលើទៅវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល និងបានរកឃើញថា ផលិតផល ៤មុខ មានផ្ទុកសារធាតុគីមីបារត (Mercury) រីឯមួយទៀតមានផ្ទុកសារធាតុគីមីបារត (Mercury) និងសារធាតុគីមី អាស៊ីត សាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋានស្តង់ដា។ ផលិតផលថែរក្សាស្បែកទាំង៥ រួមមាន N-QUEEN Glow White Lotion, OG Cosmetics Anti Acne & Whitening Night Cream, KissMe Vitamin Plus Premium Night Cream, Bliss Night Cream, Na Sar Clarity Advance Night Cream។ ក្រសួងសុខាភិបាលពន្យល់ថា សារធាតុគីមីបារតលើសកម្រិតបទដ្ឋានស្តង់ដា ធ្វើឱ្យអ្នកប្រើប្រាស់ខ្សោយតម្រងនោម កើតមហារីកស្បែក និងប៉ះពាល់ប្រព័ន្ធប្រសាទ។ ចំណែកឯសារធាតុគីមី និងអាស៊ីត សាលីស៊ីលិច លើសកម្រិតបទដ្ឋានស្តង់ដា អាចបណ្តាលឱ្យខូចរបាំងការពារស្បែក ស្បែកស្ងួតធ្ងន់ធ្ងរ របកស្បែក និងរលាកស្បែកជាដើម។ ក្រសួងអះអាងថា ផលិតផលគ្រឿងសម្អាងទាំង ៥មុខខាងលើ ពុំមានលេខប្រវេទន៍ពីក្រសួងសុខាភិបាលនោះឡើយ។ ក្រៅពីនេះ អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ គឺតម្រូវឱ្យរាល់ការចរាចរផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទក្នុងប្រទេសកម្ពុជា ត្រូវមានលេខប្រវេទន៍ទទួលស្គាល់ពីក្រសួងសុខាភិបាល។ ក្រសួងបញ្ជាក់ថា មុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ ពលរដ្ឋត្រូវពិនិត្យមើលលតាបត្រប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ឱ្យត្រឹមត្រូវ។ ពាក់ព័ន្ធករណីនេះ មានអ្នកលេងបណ្ដាញបានចូលបញ្ចេញមតិក្នុងការបង្ហោះរបស់ក្រសួងរាប់ពាន់នាក់ ដោយមតិមួយចំនួនលើកឡើងថា៖ «ក្នុងនាមនាងខ្ញុំជាប្រជាពលរដ្ឋ នាងខ្ញុំសុំស្នើទៅខាងក្រសួងគួរតែធ្វើការឱ្យបានលឿនជាងហ្នឹង ព្រោះថាផលិតផលមួយៗមិនមែនទើបតែចេញទេ គឺចេញយូរហើយ ហើយក៏មិនមែនមិនល្បីដែរ គឺសុទ្ធសឹងតែ Brand ល្បីៗ ផ្ទុះពេញបណ្ដាញសង្គម ដោយមានការអះអាងពីម្ចាស់ Brand ទើបពួកខ្ញុំមានទំនុកចិត្តក្នុងការប្រើប្រាស់ ដូច្នេះសូមក្រសួងមានវិធានការចាត់ចែងឱ្យបានរហ័ស ដើម្បីសុខភាពអ្នកប្រើប្រាស់ និងការមានទំនុកចិត្តទៅលើម្ចាស់ផលិតផលនៅក្នុងស្រុក»។ មតិផ្សេងទៀតបានសរសេរថា៖ «ម្ចាស់ប្រេនបង្កើតផលិតផលច្រើនណាស់ហើយជួលអ្នកប្រូម៉ូរាប់រយអ្នកឱ្យផុសបោកប្រជាជនខ្លួនឯងឱ្យងប់ងល់ទិញសាកមិនដែលរំលង ហើយមួយទៀតអ្នកខ្លះប្រូម៉ូតែប្រើអាហ្នឹងទៅមិនត្រូវទេ តែនិយាយពេញៗមាត់ថារបស់ហ្នឹងល្អ របស់ហ្នឹងមិនមានជាតិកាត់ប្រើហើយ ស្អាតហេតុអីនិយាយចេញទៅរួច?» ។ ជាមួយគ្នានេះដែរ នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកតាមដានសង្គម លោកបណ្ឌិត ប៉ា ច័ន្ទរឿន នៅថ្ងៃទី២៨ ខែមិថុនា បានចែករំលែកលើហ្វេសប៊ុកផ្ទាល់ខ្លួនថា ការរកស៊ីបែបកាប់ដាវ (ការធ្វើអាជីវកម្មបែបកេងប្រវ័ញ្ចហួសហេតុ និងខ្វះក្រមសីលធម៌) មិនត្រឹមបំផ្លាញសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋនៅចំពោះមុខនោះទេ ប៉ុន្តែវាកំពុងរុញច្រានសង្គមខ្មែរឱ្យធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច-សង្គម និងសេចក្តីវេទនាដល់ពលរដ្ឋខ្មែរតជំនាន់។ លោកសង្កត់ធ្ងន់ថា៖ «ដល់ពេលហើយដែលយើងទាំងអស់គ្នា ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ ត្រូវរួមដៃគ្នាប្រឆាំងនឹងអាជីវកម្មអនាធិបតេយ្យទាំងនេះ តាមរយៈការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងការធ្វើជាអ្នកប្រើប្រាស់ឆ្លាតវៃ ដើម្បីការពារអនាគតនៃសង្គមជាតិយើង»។ ក្រោយមានការប្រកាសពីក្រសួង ម្ចាស់ក្រុមហ៊ុន NASA COSMETIC Co., Ltd. បានសរសេរលើបណ្ដាញសង្គមថា ក្រុមហ៊ុនមានការភ្ញាក់ផ្អើលចំពោះព័ត៌មាននេះ ព្រោះរហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនទាន់បានទទួលការជូនដំណឹង ឬការទាក់ទងជាផ្លូវការពីអាជ្ញាធរពាក់ព័ន្ធ អំពីលទ្ធផលតេស្ត ឬឱកាសឱ្យបំភ្លឺមុនការផ្សព្វផ្សាយនោះទេ។ ម្ចាស់ក្រុមហ៊ុនរូបនេះបញ្ជាក់ថា៖ «ដើម្បីធានាភាពច្បាស់លាស់ និងយុត្តិធម៌ ក្រុមហ៊ុនកំពុងរៀបចំស្នើសុំលទ្ធផលតេស្តលម្អិត និងធ្វើការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាននេះ»។ ចំណែកឯ ម្ចាស់ផលិតផល KissMe Vitamin Plus Premium Night Cream បានចេញវីដេអូក្នុងបណ្ដាញសង្គមនិយាយថា ផលិតផលរបស់់ខ្លួនបានដាច់ស្តុកនៅលើទីផ្សារអស់រយៈពេលមួយឆ្នាំមកហើយ តាំងពីមានជម្លោះជាមួយថៃ ក្រោយពីបានពហិការនាំចូលទំនិញ ឬផលិតនៅប្រទេសថៃ ។ ម្ចាស់ផលិតផលរូបនេះ បានប្រាប់អ្នកតាមដានថា៖ «សូមឱ្យភ្ញៀវ ឬអ្នកប្រើប្រាស់ផលិតផលរបស់ខ្លួនស្ងប់អារម្មណ៍ ព្រោះត្រូវការពេលវេលាដើម្បីដោះស្រាយ និងស្រាយបំភ្លឺជាសាធារណៈ»។ ម្ចាស់ក្រុមហ៊ុនផលិតផល OG Cosmetics Anti Acne & Whitening Night Cream សំណូមពរអតិថិជន កុំឱ្យមានការភាន់ច្រឡំទៅកាន់ក្រសួងពាក់ព័ន្ធ ដូចដែលអ្នកលេងបណ្ដាញសង្គមលើកឡើងថា លក់យូរឆ្នាំហើយទើបតែពិនិត្យឃើញ ពីព្រោះការត្រួតពិនិត្យឃើញនេះ គឺជាស្តុកចុងក្រោយដែលក្រុមហ៊ុននាំចូលនៅក្នុងឆ្នាំ ២០២៦។ ម្ចាស់ក្រុមហ៊ុនរូបនេះនិយាយថា ក្រសួងពាក់ព័ន្ធមានការត្រួតពិនិត្យជារៀងរាល់ខែ រៀងរាល់ពេលវេលាដែលបានកំណត់ មិនមែន១ឆ្នាំ ៣ឆ្នាំ ៥ឆ្នាំ ឬក៏៨ឆ្នាំ បានត្រួតពិនិត្យម្ដងនោះទេ។ ប្រភពដដែលបញ្ជាក់លើបណ្ដាញសង្គមថា៖ «នេះជាកំហុសខាងរោងចក្រដែលផ្គត់ផ្គង់ឱ្យខ្ញុំនៅស្តុកដែលចេញលក់ចុងក្រោយនៅឆ្នាំ…













