ពលរដ្ឋមួយចំនួនបារម្ភ បន្ទាប់ពីក្រសួងសុខាភិបាលរកឃើញផលិតផលថែរក្សាស្បែកមានជាតិគីមីលើសកម្រិត

សុខភាព

(ផលិតផលទាំង ៥មុខ ដែលក្រសួងសុខាភិបាលប្រកាសនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ថាមានផ្ទុកសារធាតុគីមីបារតលើសកម្រិត។ រូបភាព៖ ក្រសួងសុខាភិបាល)

ពលរដ្ឋសម្តែងការបារម្ភពីផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ក្រោយពីក្រសួងសុខាភិបាលរកឃើញផលិតផលថែរក្សាស្បែកមានផ្ទុកសារធាតុគីមីលើសកម្រិត។ 

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ក្រសួងសុខាភិបាល អះអាងថា ផលិតផលគ្រឿងសម្អាង ៥មុខ មានផ្ទុកសារធាតុគីមីលើសកម្រិតបទដ្ឋានស្តង់ដា ធ្វើឱ្យប៉ះពាល់ដល់សុខភាព និងស្បែកអ្នកប្រើប្រាស់ធ្ងន់ធ្ងរ។ 

ការផ្សព្វផ្សាយនេះ ធ្វើឡើងបន្ទាប់ពីក្រសួងបានបញ្ជូនផលិតផលខាងលើទៅវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល និងបានរកឃើញថា ផលិតផល ៤មុខ មានផ្ទុកសារធាតុគីមីបារត (Mercury) រីឯមួយទៀតមានផ្ទុកសារធាតុគីមីបារត (Mercury) និងសារធាតុគីមី អាស៊ីត សាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋានស្តង់ដា។

ផលិតផលថែរក្សាស្បែកទាំង៥ រួមមាន N-QUEEN Glow White Lotion, OG Cosmetics Anti Acne & Whitening Night Cream, KissMe Vitamin Plus Premium Night Cream, Bliss Night Cream, Na Sar Clarity Advance Night Cream។

ក្រសួងសុខាភិបាលពន្យល់ថា សារធាតុគីមីបារតលើសកម្រិតបទដ្ឋានស្តង់ដា ធ្វើឱ្យអ្នកប្រើប្រាស់ខ្សោយតម្រងនោម កើតមហារីកស្បែក និងប៉ះពាល់ប្រព័ន្ធប្រសាទ។ ចំណែកឯសារធាតុគីមី និងអាស៊ីត សាលីស៊ីលិច លើសកម្រិតបទដ្ឋានស្តង់ដា អាចបណ្តាលឱ្យខូចរបាំងការពារស្បែក ស្បែកស្ងួតធ្ងន់ធ្ងរ របកស្បែក និងរលាកស្បែកជាដើម។

ក្រសួងអះអាងថា ផលិតផលគ្រឿងសម្អាងទាំង ៥មុខខាងលើ ពុំមានលេខប្រវេទន៍ពីក្រសួងសុខាភិបាលនោះឡើយ។

ក្រៅពីនេះ អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ គឺតម្រូវឱ្យរាល់ការចរាចរផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទក្នុងប្រទេសកម្ពុជា ត្រូវមានលេខប្រវេទន៍ទទួលស្គាល់ពីក្រសួងសុខាភិបាល។ ក្រសួងបញ្ជាក់ថា មុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ ពលរដ្ឋត្រូវពិនិត្យមើលលតាបត្រប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ឱ្យត្រឹមត្រូវ។

ពាក់ព័ន្ធករណីនេះ មានអ្នកលេងបណ្ដាញបានចូលបញ្ចេញមតិក្នុងការបង្ហោះរបស់ក្រសួងរាប់ពាន់នាក់ ដោយមតិមួយចំនួនលើកឡើងថា៖ «ក្នុងនាមនាងខ្ញុំជាប្រជាពលរដ្ឋ នាងខ្ញុំសុំស្នើទៅខាងក្រសួងគួរតែធ្វើការឱ្យបានលឿនជាងហ្នឹង ព្រោះថាផលិតផលមួយៗមិនមែនទើបតែចេញទេ គឺចេញយូរហើយ ហើយក៏មិនមែនមិនល្បីដែរ គឺសុទ្ធសឹងតែ Brand ល្បីៗ ផ្ទុះពេញបណ្ដាញសង្គម ដោយមានការអះអាងពីម្ចាស់ Brand ទើបពួកខ្ញុំមានទំនុកចិត្តក្នុងការប្រើប្រាស់ ដូច្នេះសូមក្រសួងមានវិធានការចាត់ចែងឱ្យបានរហ័ស ដើម្បីសុខភាពអ្នកប្រើប្រាស់ និងការមានទំនុកចិត្តទៅលើម្ចាស់ផលិតផលនៅក្នុងស្រុក»។

មតិផ្សេងទៀតបានសរសេរថា៖ «ម្ចាស់ប្រេនបង្កើតផលិតផលច្រើនណាស់ហើយជួលអ្នកប្រូម៉ូរាប់រយអ្នកឱ្យផុសបោកប្រជាជនខ្លួនឯងឱ្យងប់ងល់ទិញសាកមិនដែលរំលង ហើយមួយទៀតអ្នកខ្លះប្រូម៉ូតែប្រើអាហ្នឹងទៅមិនត្រូវទេ តែនិយាយពេញៗមាត់ថារបស់ហ្នឹងល្អ របស់ហ្នឹងមិនមានជាតិកាត់ប្រើហើយ ស្អាតហេតុអីនិយាយចេញទៅរួច?» ។

ជាមួយគ្នានេះដែរ នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកតាមដានសង្គម លោកបណ្ឌិត ប៉ា ច័ន្ទរឿន នៅថ្ងៃទី២៨ ខែមិថុនា បានចែករំលែកលើហ្វេសប៊ុកផ្ទាល់ខ្លួនថា ការរកស៊ីបែបកាប់ដាវ (ការធ្វើអាជីវកម្មបែបកេងប្រវ័ញ្ចហួសហេតុ និងខ្វះក្រមសីលធម៌) មិនត្រឹមបំផ្លាញសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋនៅចំពោះមុខនោះទេ ប៉ុន្តែវាកំពុងរុញច្រានសង្គមខ្មែរឱ្យធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច-សង្គម និងសេចក្តីវេទនាដល់ពលរដ្ឋខ្មែរតជំនាន់។ 

លោកសង្កត់ធ្ងន់ថា៖ «ដល់ពេលហើយដែលយើងទាំងអស់គ្នា ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ ត្រូវរួមដៃគ្នាប្រឆាំងនឹងអាជីវកម្មអនាធិបតេយ្យទាំងនេះ តាមរយៈការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងការធ្វើជាអ្នកប្រើប្រាស់ឆ្លាតវៃ ដើម្បីការពារអនាគតនៃសង្គមជាតិយើង»។

ក្រោយមានការប្រកាសពីក្រសួង ម្ចាស់ក្រុមហ៊ុន NASA COSMETIC Co., Ltd. បានសរសេរលើបណ្ដាញសង្គមថា ក្រុមហ៊ុនមានការភ្ញាក់ផ្អើលចំពោះព័ត៌មាននេះ ព្រោះរហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនទាន់បានទទួលការជូនដំណឹង ឬការទាក់ទងជាផ្លូវការពីអាជ្ញាធរពាក់ព័ន្ធ អំពីលទ្ធផលតេស្ត ឬឱកាសឱ្យបំភ្លឺមុនការផ្សព្វផ្សាយនោះទេ។

ម្ចាស់ក្រុមហ៊ុនរូបនេះបញ្ជាក់ថា៖ «ដើម្បីធានាភាពច្បាស់លាស់ និងយុត្តិធម៌ ក្រុមហ៊ុនកំពុងរៀបចំស្នើសុំលទ្ធផលតេស្តលម្អិត និងធ្វើការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាននេះ»។

ចំណែកឯ ម្ចាស់ផលិតផល KissMe Vitamin Plus Premium Night Cream បានចេញវីដេអូក្នុងបណ្ដាញសង្គមនិយាយថា ផលិតផលរបស់់ខ្លួនបានដាច់ស្តុកនៅលើទីផ្សារអស់រយៈពេលមួយឆ្នាំមកហើយ តាំងពីមានជម្លោះជាមួយថៃ ក្រោយពីបានពហិការនាំចូលទំនិញ ឬផលិតនៅប្រទេសថៃ ។

ម្ចាស់ផលិតផលរូបនេះ បានប្រាប់អ្នកតាមដានថា៖ «សូមឱ្យភ្ញៀវ ឬអ្នកប្រើប្រាស់ផលិតផលរបស់ខ្លួនស្ងប់អារម្មណ៍ ព្រោះត្រូវការពេលវេលាដើម្បីដោះស្រាយ និងស្រាយបំភ្លឺជាសាធារណៈ»។

ម្ចាស់ក្រុមហ៊ុនផលិតផល OG Cosmetics Anti Acne & Whitening Night Cream សំណូមពរអតិថិជន កុំឱ្យមានការភាន់ច្រឡំទៅកាន់ក្រសួងពាក់ព័ន្ធ ដូចដែលអ្នកលេងបណ្ដាញសង្គមលើកឡើងថា លក់យូរឆ្នាំហើយទើបតែពិនិត្យឃើញ ពីព្រោះការត្រួតពិនិត្យឃើញនេះ គឺជាស្តុកចុងក្រោយដែលក្រុមហ៊ុននាំចូលនៅក្នុងឆ្នាំ ២០២៦។

ម្ចាស់ក្រុមហ៊ុនរូបនេះនិយាយថា ក្រសួងពាក់ព័ន្ធមានការត្រួតពិនិត្យជារៀងរាល់ខែ រៀងរាល់ពេលវេលាដែលបានកំណត់ មិនមែន១ឆ្នាំ ៣ឆ្នាំ ៥ឆ្នាំ ឬក៏៨ឆ្នាំ បានត្រួតពិនិត្យម្ដងនោះទេ។

ប្រភពដដែលបញ្ជាក់លើបណ្ដាញសង្គមថា៖ «នេះជាកំហុសខាងរោងចក្រដែលផ្គត់ផ្គង់ឱ្យខ្ញុំនៅស្តុកដែលចេញលក់ចុងក្រោយនៅឆ្នាំ ២០២៦ នេះ ពេលខ្ញុំបញ្ជាទិញយកមកលក់ដល់ប្រទេសកម្ពុជាខ្ញុំក៏ចែកចាយលក់បន្តទៅកាន់តំណាងចែកចាយ និងអតិថិជននៅតាមបណ្ដា ខេត្ត ស្រុក តាមដេប៉ូ អ៊ីចឹងហើយស្តុកដែលលោកពិនិត្យឃើញគឺជាស្តុកចុងក្រោយដែលរោងចក្រមានការធ្វេស ប្រហែស ឬខុសបច្ចេកទេសណាមួយក៏ខ្ញុំមិនដឹងព្រោះខ្ញុំត្រឹមតែជាអ្នកបញ្ជាទិញពីរោងចក្រ ខ្ញុំមានតែពឹងផ្អែកនៅលើក្រសួងពាក់ព័ន្ធដូចគ្នានៅក្នុងការចេញលទ្ធផល» ។

ក្រសួងសុខាភិបាលរំលឹកបន្ថែមថា ដើម្បីធានាបាននូវសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព របស់ឱសថ ឬគ្រឿងសម្អាង ដែលកំពុងចរាចរនៅលើទីផ្សារ ក្រសួងសុខាភិបាល តែងតែ​ទិញ​ឱសថ ផលិតផល បំប៉នសុខភាព ឱសថបុរាណ និងគ្រឿងសម្អាងពីទីផ្សារជាប្រចាំ ដើម្បីធ្វើការត្រួតពិនិត្យគុណភាពឡើងវិញដោយផ្អែកលើកត្តាហានិភ័យ ទោះបីជាផលិតផលទាំងនោះមានលេខបញ្ជីកា ឬប្រវេទន៍ ឬគ្មានលេខបញ្ជីកា ឬប្រវេទន៍ក៏ដោយ៕

អានអត្ថបទផ្សេងទៀតអំពី សុខភាព

សុខភាព","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3104}" data-page="1" data-max-pages="1" data-start="1" data-end="1">