ប្រជាពលរដ្ឋរស់នៅតាមសហគមន៍មួយចំនួនក្នុងខេត្តស្ទឹងត្រែង យល់ដឹងកាន់តែច្រើនអំពីបញ្ហាសុខភាពរបស់ស្ត្រី និងកុមារ ដោយស្ត្រីជាច្រើនបានទៅទទួលសេវាពិនិត្យផ្ទៃពោះ និងសម្រាលកូននៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យនានា។ ទោះជាយ៉ាងណា ការទទួលបានសេវាសុខភាពនៅតែជាបញ្ហាប្រឈមរបស់ស្រ្តី ដោយសារតែចម្ងាយផ្លូវធ្វើដំណើរឆ្ងាយ ស្ថានភាពផ្លូវមិនសូវល្អ និងកង្វះសេវាពេទ្យនៅតាមមូលដ្ឋាន ដែលបង្កការលំបាកសម្រាប់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីមានផ្ទៃពោះ និងកុមារ។
ជាប្រជាពលរដ្ឋរស់នៅភូមិកាមចាំង ឃុំកាមចាំង ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង អ្នកស្រី លៀវ ឡុង បានប្រាប់ប្រជាកាសែតថា ជាទូទៅ នៅពេលមានជំងឺ អ្នកស្រីតែងទៅទទួលការពិនិត្យព្យាបាលនៅមន្ទីរពេទ្យឯកជនដែលនៅក្នុងភូមិ ប៉ុន្តែប្រសិនបើជាជំងឺធ្ងន់ធ្ងរ អ្នកស្រីទៅស្វែងរកការព្យាបាលនៅមន្ទីរពេទ្យក្នុងទីរួមខេត្ត។
អ្នកស្រីនិយាយថា៖ «ខ្ញុំផ្ទាល់មិនសូវមានបញ្ហាសុខភាពច្រើនទេ។ ពេលមានបញ្ហាសុខភាពម្តងៗខ្ញុំទាក់ទងរត់រកពេទ្យឈ្មួញ[ពេទ្យឯកជន]ទេ ពេទ្យក្នុងភូមិ នៅពេលដែលយើងឈឺធ្ងន់ដែលពេទ្យក្នុងភូមិលែងទទួលបាន យើងទៅទទួលសេវានៅពេទ្យក្នុងខេត្ត។ ពេលដែលទៅពេទ្យខេត្តនៅពេលដែលយើងអត់មានលុយ អត់មានបណ្ណ័ក្រីក្រ ខ្ញុំអស់លុយច្រើនដែរតាមជំងឺ បើយើងដេកនៅ ជួនកាលយើងដេកឈឺ ដេកមួយអាទិត្យអី ទាំងហូបទាំងថ្លៃគ្រែ ខ្ទង់៣០ម៉ឺនដែរ»។
អង្គុយផ្ទាល់លើឥដ្ឋការ៉ូក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ អ្នកស្រី លៀវ ឡុង ឱ្យដឹងបន្ថែមថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋានមានការយល់ដឹងកាន់តែច្រើនអំពីការថែទាំសុខភាពស្ត្រីមានផ្ទៃពោះ។ ការកើនឡើងនៃការយល់ដឹងនេះ គឺដោយសារមានការចូលរួមពីអង្គការមួយចំនួន ដែលបានចុះអប់រំផ្សព្វផ្សាយអំពីសុខភាពមាតា និងទារក ព្រមទាំងមានការគាំទ្រ និងជំរុញពីអាជ្ញាធរមូលដ្ឋាន ក្នុងការលើកទឹកចិត្តឱ្យស្ត្រីទៅពិនិត្យសុខភាព និងទទួលការថែទាំនៅមន្ទីរពេទ្យជាប្រចាំ។
អ្នកស្រី លៀវ ឡុង ដែលជាជនជាតិដើមភាគតិចកួយ ឱ្យដឹងថា មូលហេតុដែលស្ត្រីមានផ្ទៃពោះភាគច្រើនទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យក្នុងទីរួមខេត្ត គឺដោយសារតែនៅក្នុងមូលដ្ឋានរបស់អ្នកស្រីមិនទាន់មានសេវាពេទ្យគ្រប់គ្រាន់នៅឡើយ។ ទោះជាយ៉ាងណា អ្នកស្រីថាស្ថានភាពផ្លូវមិនសូវល្អ និងចម្ងាយផ្លូវធ្វើដំណើរឆ្ងាយក៏ជាបញ្ហាប្រឈមរបស់ពលរដ្ឋ ដែលតម្រូវឱ្យចំណាយថវិកាច្រើន ដើម្បីធ្វើដំណើរទៅទទួលសេវាសុខភាពនៅទីរួមខេត្ត។
ចំណែកស្រ្តីម្នាក់ទៀត គឺអ្នកស្រី ព្រំ សារ៉ា រស់នៅភូមិរំដេង ឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានរៀបរាប់ពីបទពិសោធន៍ការថែទាំសុខភាពរបស់អ្នកស្រីថា ពេលមានផ្ទៃពោះ អ្នកស្រីមិនសូវបានទៅពិនិត្យផ្ទៃពោះ ឬចាក់ថ្នាំ និងលេបថ្នាំបំប៉ននោះទេ។ អ្នកស្រីបន្តថា បច្ចុប្បន្នអ្នកស្រីមានជំងឺប្រចាំកាយ ដូចជា លើសឈាម និងខ្វះជាតិស្ករជាដើម។ ទោះជាបែបនេះក្តី អ្នកស្រីអះអាងថា ក្នុងភូមិរបស់អ្នកស្រី ស្រ្តីភាគច្រើនទៅសម្រាលកូននៅមន្ទីរពេទ្យខេត្ត ដែលមានចម្ងាយប្រហែល ៣២ គីឡូម៉ែត្រ និងត្រូវចំណាយពេលធ្វើដំណើរជាងមួយម៉ោង។
មានអាយុ៤៥ឆ្នាំ និងមានកូនសរុបចំនួន ៥ នាក់នៅក្នុងបន្ទុករួចហើយនោះ អ្នកស្រី ព្រំ សារ៉ា ប្រាប់ថា អ្នកស្រីបានទៅពិគ្រោះជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាព ដើម្បីទទួលបានការណែនាំអំពីការពន្យារកំណើតដែលសមស្របសម្រាប់សុខភាពរបស់អ្នកស្រី។
អ្នកស្រីលើកឡើងថា៖ «សេវាកម្មពីដើមដែលខ្ញុំចូលទៅម្ជុល២ពាន់ ប៉ុន្តែឥលូវនេះវាថ្លៃណាស់ បើថាគ្រុនផ្កាសាយថ្នាំក្រពះអីបន្តិចបន្តួច ៣ពាន់ បើត្រឹមពិនិត្យផ្ទៃពោះអីទៅ៤ពាន់ទៅ៥ពាន់ ហើយខ្ញុំទៅយកថ្នាំមណ្ឌលសព្វថ្ងៃនឹងខ្ញុំទៅយកថ្នាំពន្យារ៤ពាន់ និងថ្នាំលើសឈាម៥ពាន់»។
អ្នកស្រីបានបញ្ជាក់ថា បើប្រៀបធៀបទៅនឹងប្រហែល ៥ ឆ្នាំមុន សេវាព្យាបាលសុខភាពបច្ចុប្បន្នមានតម្លៃថ្លៃជាងមុន។ អ្នកស្រីសង្ឃឹមថា នឹងមានសេវាពេទ្យកាន់តែងាយស្រួល និងមានតម្លៃសមរម្យជាងនេះ ដើម្បីកុំឲ្យប្រជាពលរដ្ឋចំណាយថវិកាច្រើនពេក។ អ្នកស្រីបានឧទាហរណ៍ថា នៅគ្លីនិកឯកជនក្នុងតំបន់ ការពិនិត្យម្តងអាចចំណាយពី ១២ម៉ឺន ទៅ ១៥ម៉ឺនរៀល អាស្រ័យទៅលើស្ថានភាពនៃជំងឺ។
រីឯ អ្នកស្រី លាង សុខា អាយុ ២៥ ឆ្នាំ រស់នៅភូមិរំដេង ឃុំចំការលើ ក្នុងស្រុកថាឡាបរិវ៉ាត់ នៃ ខេត្តស្ទឹងត្រែង និយាយថា អ្នកស្រីទើបតែសម្រាលកូនទីមួយរបស់ខ្លួនបានប្រហែល ៤ ខែ។
អ្នកស្រីបានរៀបរាប់ថា ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកស្រីបានផ្លាស់ទៅរស់នៅផ្ទះម្តាយបណ្ដោះអាសន្ន ដើម្បីឲ្យងាយស្រួលទៅមណ្ឌលសុខភាព ដោយមានចម្ងាយប្រហែល ៦គីឡូម៉ែត្រពីផ្ទះ។ អ្នកស្រីបញ្ជាក់ថា ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកស្រីបានទៅពិនិត្យផ្ទៃពោះចំនួន ៤ ដង តាមការណាត់របស់គ្រូពេទ្យ។
អ្នកស្រីបានបង្ហាញការយល់ដឹងអំពីការថែទាំសុខភាពម្តាយ និងទារកថាមានសារៈសំខាន់ខ្លាំង ហើយអ្នកស្រីបានយកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់បុគ្គលិកសុខាភិបាល ជាពិសេសក្នុងការទៅពិនិត្យសុខភាពតាមពេលវេលាដែលគ្រូពេទ្យបានណាត់។ បច្ចុប្បន្ន ទារករបស់អ្នកស្រីក៏បានទទួលការចាក់វ៉ាក់សាំងគ្រប់តាមកាលវិភាគផងដែរ។
ទោះជាយ៉ាងណា អ្នកស្រីបានលើកឡើងថា បញ្ហាមួយដែលអ្នកស្រីជួបប្រទះក្នុងអំឡុងពេលមានផ្ទៃពោះ គឺការធ្វើដំណើរផ្លូវឆ្ងាយ។ ដោយសារអ្នកស្រីមានការងារជាគ្រូបង្រៀននៅទីតាំងឆ្ងាយពីផ្ទះ ហើយស្ថានភាពផ្លូវមិនសូវល្អ បានធ្វើឲ្យអ្នកស្រីមានការព្រួយបារម្ភក្នុងការធ្វើដំណើរទៅមក ជាពិសេសនៅពេលត្រូវជិះម៉ូតូតាមផ្លូវមិនល្អ។
អ្នកស្រីបាននិយាយថា៖«ខ្ញុំពិបាករឿងផ្លូវដោយសារតែខ្ញុំធ្វើការរាងឆ្ងាយអីទៅឡើងចុះឡើង ផ្លូវវារាងរលាក់អីចឹងណាផ្លូវគ្រហុក វាអត់សូវល្អនៅនេះ។ កំឡុងពេលនោះយើងចេះតែបារម្ភយើងជិះម៉ូតូច្រើន យើងចេះតែខ្លាចតែកូនអត់នៅជាមួយនឹងយើង ដោយឆ្ងាយផ្លូវរលាក់ ពេទ្យណែនាំដែរពេលនោះក៏ឈប់សម្រាក ហើយពេលពេទ្យណាត់ក៏ទៅពេលណាត់ម្តង»។
ឆ្លើយតបចំពោះការបារម្ភរបស់ពលរដ្ឋពីបញ្ហាផ្លូវមិនសូវល្អ មេឃុំចម្ការលើ លោក សំ ភី បានលើកឡើងថា ការអភិវឌ្ឍផ្លូវនៅក្នុងឃុំ នៅតែមានកម្រិត ដោយសារថវិកាឃុំមានកំណត់ ដូច្នេះការអភិវឌ្ឍន៍ត្រូវអនុវត្តជាបន្តបន្ទាប់តាមលទ្ធភាពថវិកា មិនអាចធ្វើបានគ្រប់ទីកន្លែងភ្លាមៗនោះទេ។
លោកនិយាយថា៖ «កញ្ចប់យើងមានកម្រិត កញ្ចប់យើងមានកម្រិតអភិវឌ្ឍន៍យើងធ្វើដូចជំហានគីង្គក់ដូចសម្តេច ធ្វើម៉េចយើងមិនចេះតែលើកជប់អីណា ធ្វើតាមរយៈមានលទ្ធភាពបានប៉ុណ្ណាយើងធ្វើប៉ុណ្ណឹង»។
លោកបន្តថា មានតែប្រជាពលរដ្ឋនៅភូមិអន្លង់ផេ ដែលត្រូវធ្វើដំណើរផ្លូវឆ្ងាយប្រហែល ២០ ទៅ ៣០ គីឡូម៉ែត្រ ដើម្បីទៅមណ្ឌលសុខភាពចម្ការលើ ហើយដែលបង្កការលំបាក ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ។ បែបនេះក្តី លោកថាស្រ្តីមានផ្ទៃពោះមួយចំនួនអាចសម្រាលនៅមណ្ឌលសុខភាពនៅឯភូមិចម្ការលើ តែប្រសិនជាមានបញ្ហាណាមួយដែលចំបាច់ត្រូវតែបញ្ជូនទៅមន្ទីរពេទ្យនៅឯទីរួមខេត្តវិញ។
លោកមានប្រសាសន៍ថា៖ «សម្រាលតើប៉ុន្តែគ្រាន់តែថាពេទ្យគេ គេដឹងថាស្ត្រីនេះវាខ្សោយហើយ ស្ត្រីខាងមុខវាមានបញ្ហាគេបញ្ជូនទៅៗបញ្ជូនទៅខេត្តទៅ តែគេបញ្ជូនទៅឯកជនអត់មានទេ ទៅៗពេទ្យខេត្ត [ពេទ្យនៅឯទីរួមខេត្ត]»។ លោកបន្តថា៖ «អត់ដែលមានបញ្ហាអីទេ នៅឯចម្ការអត់ដែលមានបញ្ហាអ្វីទេ ប៉ុន្តែនៅភូមិអង្លន់ផេ ស្ត្រីកើតកូនឬក៏ស្ត្រីនិងកុមារ មានការខ្វះកម្រិតចំណេះដឹង និងក្រីក្រ ផ្លូវផងសុទ្ធតែលំបាក ឆ្ងាយមណ្ឌលសុខភាពនៅចម្ការលើ ២០ទៅ៣០គីឡូ»។
លោកបានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានមានក្រុមគាំទ្រតាមដានសុខភាពស្ត្រីមានផ្ទៃពោះ និងកុមារ ដើម្បីកាត់បន្ថយហានិភ័យ។ ទោះបីជាមណ្ឌលសុខភាពអាចព្យាបាលជំងឺមួយចំនួនបានក៏ដោយ ប្រជាពលរដ្ឋមួយចំនួននៅតែជ្រើសរើសទៅព្យាបាលនៅសេវាឯកជន ព្រោះយល់ថាទទួលបានសេវាលឿនជាង។
លោកលើកឡើងថា៖«មណ្ឌលសុខភាពគឺអាចព្យាបាលបាន សព្វថ្ងៃនេះទោះបីជាតិស្ករ ហើយនិងអាស៊ីតគេមានគ្រាំទ្ររហូតរយៈពេល៣០ថ្ងៃក៏មាន ប៉ុន្តែបងប្អូនប្រជាពលរដ្ឋគាត់តែងតែថាមណ្ឌលសុខភាពមើលជំងឺទៅវាយឺតយ៉ាវព្រោះគេមើលតាមមេរៀនប៉ុន្តែសេវាខាងក្រៅគឺគាត់ជាលឿនហ្មងដោយសារតែគេប្រើថ្នាំសុទ្ធតែខ្ពស់ៗផង ហើយគេបុកថ្នាំគេប្រើអត់ស្តង់ដារទៅតាមមណ្ឌលសុខភាព គាត់ព្យាយាមទៅសេវាកម្មខាងក្រៅច្រើនជាង»។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) លោក យង់ គិមអេង កត់សម្គាល់ថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននៅតែប្រឈមបញ្ហាជាច្រើនទាក់ទងនឹងសេវាសុខភាព។ លោកសង្កេតឃើញថា ទោះបីនៅតាមមូលដ្ឋានមានមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពក៏ដោយ ក៏មិនទាន់អាចបំពេញតម្រូវការរបស់ប្រជាពលរដ្ឋបានគ្រប់គ្រាន់នោះទេ ជាពិសេសនៅពេលមានជំងឺធ្ងន់ ឬជំងឺស្មុគស្មាញ ដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យធំៗ។
លោកនិយាយថា៖ «នៅតាមមូលដ្ឋានគឺគាត់មានបញ្ហាប្រឈមច្រើន ដែលសេវាសុខភាពយើងឃើញថាមានមណ្ឌលសុខភាពប៉ុស្តិ៍សុខភាពអីផ្សេងៗ ប៉ុន្តែគ្រាន់តែប៉ុស្តិ៍សុខភាពមណ្ឌលសុខភាពនោះមិនអាចបម្រើបាន តម្រូវការរបស់គាត់។បើសិនជាសម្រាប់ជំងឺល្មមៗអាចចេះទទួលបានដល់ពេលជំងឺដែលរាងធ្ងន់ធ្ងរឬក៏ជំងឺដែលមានភាពស្មុគស្មាញហ្នឹងគឺមិនអាចដោះស្រាយបានទាន់ពេលនៅខេត្តស្រុក អ៊ីចឹងហើយទើបមានការលំបាកសម្រាប់ពួកគាត់ដែរសម្រាប់មធ្យោបាយធ្វើដំណើរលុយកាក់អីផ្សេងៗ»។
លោកបន្តថា ស្ថានភាពនេះបង្កការលំបាកសម្រាប់ប្រជាពលរដ្ឋ ទាំងការធ្វើដំណើរ និងការចំណាយថវិកា។ ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ ការពិនិត្យផ្ទៃពោះ និងការសម្រាលកូនដោយសុវត្ថិភាពនៅតែជាបញ្ហាប្រឈម ព្រោះបើមានអាការៈបន្ទាន់នៅពេលយប់ ឬនៅតំបន់ឆ្ងាយ មណ្ឌលសុខភាពនៅជិតមិនអាចដោះស្រាយបានទាន់ពេល ហើយត្រូវផ្ទេរទៅមន្ទីរពេទ្យឆ្ងាយ ដែលអាចបង្កហានិភ័យដល់សុខភាព និងជីវិត។ លោកយល់ថា បញ្ហានេះពាក់ព័ន្ធនឹងការខ្វះបុគ្គលិកជំនាញ និងឧបករណ៍បច្ចេកទេសគ្រប់គ្រាន់នៅតាមមូលដ្ឋាន។
លោកលើកឡើថា៖ «ជាផលវិជ្ជមានយើងក៏សង្កេតឃើញមានផលវិជ្ជមានច្រើនដែរថាពួកគាត់មានការប្រឹងប្រែងស្ទុះស្ទាររកសេវាសុខភាពដោយសារតែពួកគាត់នឹងមានការយល់ដឹង ពីបញ្ហាសុខភាព ពីផលវិបាក ផ្សេងៗដែលពាក់ព័ន្ធ តើមានផ្ទៃពោះក៏ដូច ទារកទើបកើតអីហូរហែអ៊ីចឹងខ្ញុំថាជាទូទៅគាត់កាលណាទៅមណ្ឌលសុខភាពកាន់តែច្រើនបានន័យថាក៏ពួកគាត់មានការយល់ដឹងពាក់ព័ន្ធនឹងបញ្ហាសុខភាពមាតាទារកហ្នឹងច្រើនហើយ»។
លោក យង់ គិមអេងស្នើឱ្យរដ្ឋាភិបាលពង្រីកសេវាសុខភាពបន្ថែម ដោយបង្កើត ឬពង្រឹងមន្ទីរពេទ្យឱ្យមាននៅគ្រប់ស្រុក ដើម្បីឱ្យប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលអាចទទួលបានសេវាសុខភាពងាយស្រួល និងមិនចាំបាច់ធ្វើដំណើរឆ្ងាយពេក។ លោកបញ្ជាក់ថា ការមានមន្ទីរពេទ្យបង្អែកនៅតាមស្រុកនីមួយៗ អាចជួយកាត់បន្ថយគម្លាតក្នុងការទទួលបានសេវាសុខភាព ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារ។
ងាកមកមើលអ្នកស្រុកនៅឯភូមិកាមចាំង គឺអ្នកស្រី លៀង ឡុង និងអ្នកភូមិដទៃទៀតវិញ ពួកគាត់មើលឃើញស្រដៀងគ្នាថា ប្រសិនបើមានមណ្ឌលសុខភាពនៅជិតភូមិ និងមានផ្លូវធ្វើដំណើរល្អ វានឹងជួយឱ្យប្រជាពលរដ្ឋងាយស្រួលទទួលបានសេវាព្យាបាល និងមានភាពជឿទុកចិត្តលើសេវាសុខភាព។ ពួកគាត់បានសំណូមពរឱ្យអាជ្ញាធរបង្កើតមណ្ឌលសុខភាពនៅជិតសហគមន៍ ដើម្បីកាត់បន្ថយការធ្វើដំណើរឆ្ងាយ និងការចំណាយពេលច្រើន ជាពិសេសសម្រាប់ការថែទាំសុខភាពស្ត្រីមានផ្ទៃពោះ ការសម្រាលកូន និងការថែទាំកុមារ៕







