លោក ហ៊ុន ម៉ាណែត បញ្ជាមន្រ្តីពាក់ព័ន្ធខិតខំស្រាវជ្រាវរកជំងឺរបេងនៅតាមសហគមន៍

សុខភាព

ក្រុមការងាររបស់លោកហ៊ុន សែន ចុះជួបសួរសុខទុក្ខអ្នកជំងឺរបេងម្នាក់នៅពេទ្យបង្អែកខេត្តសៀមរាប (រូបភាពខែកុម្ភៈ២០២៦)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ណែនាំស្ថាប័នរដ្ឋពាក់ព័ន្ធ ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវរកជំងឺរបេង រាប់បញ្ចូលទាំងសកម្មភាពរកជំងឺរបេងនៅតាមសេវាមូលដ្ឋានសុខាភិបាល សហគមន៍ និងទីកន្លែងសាធារណៈ។

បើតាមសារលិខិតរបស់លោកហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ!យើងអាចបញ្ចប់ជំងឺរបេង៖ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន» ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា។ ការរៀបចំទិវានេះក្នុងគោល​បំណងបន្តជំរុញ និងលើកកម្ពស់សុខភាពរបស់ពលរដ្ឋ រួមទាំងបំផុសការយល់ដឹងក្នុងការប្រយុទ្ធនឹងជំងឺរបេង។

សារលិខិតដដែល បានគូសបញ្ជាក់ថា៖ក្នុងរយៈពេល២៤ឆ្នាំចុងក្រោយ អត្រាពលរដ្ឋខ្មែរស្លាប់ដោយសារជំងឺរបេងបានធ្លាក់ចុះ៧៨ភាគរយ ពោលគឺមានត្រឹម១៨ករណី ក្នុងឆ្នាំ២០២៤ ដោយបានធ្លាក់ចុះពី៨០ករណី នៅក្នុងឆ្នាំ២០០០ ក្នុងចំណោមពលរដ្ឋ១០ម៉ឺននាក់។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី៨៥៣ករណី នៅឆ្នាំ២០០០ មកត្រឹម២៧២ករណីនៅឆ្នាំ២០២៤ ក្នុងចំណោមពលរដ្ឋ១០ម៉ឺននាក់។

លោក ហ៊ុន ម៉ាណែត ថា ប្រទេសកម្ពុជានៅតែមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុងកម្រិតខ្ពស់នៅឡើយ បើធៀបនឹងបណ្ដាប្រទេសមួយចំនួននៅសកលលោក ដែលលោកទាម​ទារ​ឱ្យយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហារោគរបេង ប្រកបដោយប្រសិទ្ធភាពខ្ពស។ 

ជាដំណោះស្រាយ លោកនាយករដ្ឋមន្រ្តី បានប្រាប់ឱ្យស្ថាប័នរដ្ឋពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេង រាប់បញ្ចូលទាំងសកម្មភាពស្រាវជ្រាវរកជំងឺរបេងនៅតាមសេវាមូលដ្ឋានសុខាភិបាល សហគមន៍ និងទីកន្លែងសាធារណៈនានា។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែ ក៏ណែនាំឱ្យខិតខំកៀរគរធនធានបន្ថែមទៀតសម្រាប់បម្រើឱ្យការងារប្រយុទ្ធជំងឺរបេង និងបន្តរក្សានូវអត្រាព្យាបាលជោគជ័យនៃជំងឺរបេងលើសពី៩០ភាគរយ។

ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោក ហួត ចាន់យុដា មានប្រសា​សន៍ថា ដើម្បីព្យាបាលនិងកាត់បន្ថយអត្រាស្លាប់ដោយជំងឺរបេង កម្មវិធីជាតិកំចាត់រោគរបេង និងហង់សិន បានពង្រីកសេវាព្យាបាលរបេងនៅមន្ទីរពេទ្យបង្អែកចំនួន១០៣ទីតាំង និងមណ្ឌលសុខភាពជាង១០០០កន្លែងនៅទូទាំងប្រទេស។

លោក បន្ថែមថា តាមការស្រាវជ្រាវមានពលរដ្ឋប្រមាណ៣ទៅ៤ម៉ឺននាក់ក្នុងមួយឆ្នាំបានកើតជំងឺរបេង ស្របពេលដែលក្នុងមួយឆ្នាំៗ មានអ្នកស្លាប់ដោយរោគរបេងប្រមាណ ២០០ ទៅ៤០០​នាក់។

លោកបញ្ជាក់ថា ពលរដ្ឋកើតជំងឺរបេងដែលបានស្លាប់ភាគច្រើនមានជំងឺបន្ថែម ដូចជា ជំងឺទឹកនោមផ្អែម ឡើងឈាម បេះដូង ឬមហារីក ជាដើម អំឡុងពេលទទួលការព្យាបាលរបេង។

លោក និយាយថា៖ «មូលហេតុខ្លះដែលយើងអាចដឹងថាគាត់អាចស្លាប់គឺទី១ គាត់លេបថ្នាំមិនទៀងទាត់ ហើយទី២ វាអាចស៊ាំថ្នាំរបេង។ ហើយទី៣ ដោយសារមានមេរោគឱកាសនិយមអីផ្សេងៗទៀតដែលគាត់ឈឺ»។

ចំណែកប្រធានមណ្ឌលសុខភាពត្បែងមានជ័យ ខេត្តព្រះវិហារ លោក សុខ រដ្ឋា មានប្រសា​សន៍ថា ការព្យាបាលរោគរបេងមិនជាសះស្បើយ ដោយសារអ្នកជំងឺមួយចំនួន បានផ្អាកលេបថ្នាំរបេងទាក់ទិននឹងការធ្វើទុករបស់ថ្នាំ ផ្ទះនៅឆ្ងាយ និងអ្នកជំងឺផ្សេងទៀតផឹកស្រាជាដើម។ 
លោកបន្ថែមថា នៅមណ្ឌលសុខភាពរបស់លោកនៅពេលនេះមានអ្នកជំងឺរបេងចំនួន៥នាក់កំពុងទទួលការព្យាបាល ខណៈជារៀងរាល់ឆ្នាំមានអ្នកមកពិនិត្យនិងព្យាបាលរោគរបេងប្រមាណ១០នាក់។

លោក និយាយថា៖ «(មូលហេតុព្យបាលអត់ជាសះស្បើយ) ជូនកាលគាត់លេបហើយគាត់ផ្អាកលេប គាត់ផឹកស្រា គាត់ឈប់លេប។ លេបបានមួយខែជាង ពីរខែ ជូនកាលគាត់បោះបង់ដល់ចឹងទៅគាត់មកលេបថ្នាំទៀត គាត់ព្យាបាលសារដើមទៀតចឹង។ មួយទៀតផលប៉ះពាល់ថ្នាំ លេបទៅគាត់ធ្វើទុកខ្លាំងពេក គាត់អាចផ្អាកសិន។ ធ្វើទុកខ្លាំង យើងអាចឱ្យគាត់ផ្អាកលេបសិន»។

យោងតាមរបាយការណ៍ជំងឺរបេងសកលឆ្នាំ ២០២៥ របស់អង្គការសុខភាពពិភពលោក (WHO) ជំងឺរបេង (TB) នៅតែជាជំងឺមួយក្នុងចំណោមជំងឺរាតត្បាតដ៏សាហាវបំផុតរបស់ពិភពលោក ដោយបានឆក់យកជីវិតមនុស្សជាង ១,២ លាននាក់ និងប៉ះពាល់ដល់មនុស្សប្រមាណ ១០,៧ លាននាក់កាលពីឆ្នាំ២០២៤។ បើទោះបីជាមានវឌ្ឍនភាពដែលអាចវាស់វែងបានក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការច្នៃប្រឌិតក៏ដោយ ក៏បញ្ហាប្រឈមជាបន្តបន្ទាប់ក្នុងការផ្តល់មូលនិធិ និងការទទួលបានការថែទាំប្រកបដោយសមធម៌បានគំរាមកំហែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងជាសកល៕

អានអត្ថបទផ្សេងទៀតអំពី សុខភាព

សុខភាព","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2008}" data-page="1" data-max-pages="1" data-start="1" data-end="1">