ការសម្រេចចិត្តចាកចេញពីខេត្តព្រះវិហារមកបន្តការសិក្សានៅភ្នំពេញដំបូងយុវតីឈ្មោះ នាទី មិនទទួលបានការគាំទ្រពីគ្រួសារនោះទេ ព្រោះពួកគាត់គិតថានាងជាមនុស្សស្រី ដោយមានផ្នត់គំនិតមិនចង់ឱ្យកូនស្រីទៅរស់នៅទីណាឆ្ងាយ ឬមករស់នៅទីក្រុងឆ្ងាយតែម្នាក់ឯង។ ជាភ័ព្វសំណាង នាទីបានយកឈ្នះលើគំនិតទាំងអស់នេះក្រោយនាងទទួលបានឱកាសអាហារូបករណ៍ និងបានទទូចសុំគ្រួសារជាច្រើនដង ទើបពួកគាត់យល់ព្រមឱ្យមកបន្តការសិក្សានៅភ្នំពេញ។
មកដល់ទីក្រុងភ្នំពេញជាមួយបងប្រុសដែលជូននាងមក នាទី មានលុយជាប់ខ្លួនត្រឹមតែ ៤០ ដុល្លារ ហើយគ្មានសាច់ញាតិបងប្អូននៅទីក្រុងដែលអាចពឹងអាស្រ័យបាននោះឡើយ។ នាងត្រូវរកកន្លែងស្នាក់នៅផង និងរកសាកលវិទ្យាល័យដែលបានជាប់អាហារូបករណ៍ផង។ ប៉ុន្តែ ដោយសារតែភាពខ្វះខាត និងមើលឃើញថាជំនាញដែលនាងជាប់អាហារូបករណ៍នោះ មានទីផ្សារចង្អៀតពិបាករកការងារធ្វើ នាទីក៏បានបោះបង់អាហារូបករណ៍ និងចាប់យកជំនាញថ្មីផ្នែកគណនេយ្យដោយបង់ថ្លៃសិក្សាដោយខ្លួនឯង។
នាងនិយាយបង្កប់ដោយការដឹងគុណថា៖ «មកហ្នឹងមិនរំពឹងលើអាហារូបករណ៍១០០%នោះទេ អាហារូបករណ៍ហ្នឹងគឺដូចជាធ្នាក់មួយដែលជួយឱ្យខ្ញុំអាចឡើងមកភ្នំពេញបាន ព្រោះអីបើមិនមានអាហារូបករណ៍ហ្នឹងទេ ខ្ញុំគិតថាគ្រួសារក៏មិនឱ្យមកដែរដោយសារពួកគាត់មិនមានលទ្ធភាព»។
ការមករស់នៅឆ្ងាយពីស្រុកកំណើតបានតម្រូវឱ្យយុវតី នាទី ត្រូវពឹងលើខ្លួនឯងស្ទើរទាំងស្រុង ព្រោះការរស់នៅក្នុងទីក្រុងត្រូវចំណាយគ្រប់យ៉ាង ហើយប្រសិនជាមិនមានការងារធ្វើដើម្បីបានចំណូលខ្លះទេនោះ នាងប្រាកដជាប្រឈមនឹងការលំបាកខ្លាំង។ តែសំណាងល្អ នាទីរកការងារបានធ្វើ ហើយថៅកែរបស់នាងក៏ជាមនុស្សមានចិត្តសប្បុរស ដោយមិនត្រឹមតែផ្តល់ឱកាសការងារឱ្យនាងប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតឱ្យរូបនាងខ្ចីលុយបង់ថ្លៃសាលាដើម្បីបានចូលរៀនទៀតផង ទើបធ្វើឱ្យនាងអាចដោះស្រាយការចំណាយលើការរស់នៅក្នុងទឹកដីថ្មីនេះបានប្រសើរមួយកម្រិត។
ការងារដែលយុវតីរូបនេះកំពុងធ្វើ ថ្វីត្បិតតែមិនទទួលបានប្រាក់ឈ្នួលច្រើន តែនាងលើកឡើងថា៖ «អាចថាមិនច្រើននោះទេ [ប្រាក់ខែ] ប៉ុន្តែក៏អាចរ៉ាប់រងខ្លួនឯងបានមិនទៅពឹងពីអ្នកផ្ទះ ហើយខ្ញុំនៅតែបន្តធ្វើដោយសារការងារហ្នឹងទាក់ទងនឹងជំនាញរៀន និងចង់បានបទពិសោធន៍ឱ្យបានច្រើនពីការងារហ្នឹងសិន»។
ចាប់តាំងពីឡើងមកបន្តការសិក្សានៅភ្នំពេញ នាទី បានជួលបន្ទប់មួយដើម្បីស្នាក់នៅ។ ប៉ុន្តែនាងថា បន្ទប់ជួលដែលនាងកំពុងស្នាក់នៅនោះ គឺមានសភាពស្ងាត់ ហើយសម្បូរដោយក្មេងទំនើង ដែលជាក្ដីកង្វល់សម្រាប់រូបនាងជាមនុស្សស្រី រួមទាំងមិត្តរួមបន្ទប់ ក្នុងការធ្វើដំណើរចេញចូលទីនោះ។ យុវតីដដែលឱ្យដឹងថា តំបន់នោះក៏ធ្លាប់មានករណីបាត់ម៉ូតូជាញឹកញាប់ និងបញ្ហាអសន្តិសុខផ្សេងៗ ហើយនាងចង់ស្នើសុំថា៖ «បើសិននៅតាមសាកលវិទ្យាល័យនីមួយៗមានកន្លែងស្នាក់នៅសម្រាប់និស្សិតពិតជាល្អ ព្រោះអាចកាត់បន្ថយបានច្រើន ហើយធានាសុវត្ថិភាពជាពិសេសសម្រាប់និស្សិតស្រី»។
ក្រៅពីយុវតី នាទី ភ្នំពេញគឺជាកន្លែងប្រមូលផ្តុំនៃនិស្សិតមកពីតាមខេត្តនានា។ និស្សិតជំនាញនីតិសាស្ត្រ កញ្ញា នង់ វាច្ចា អាយុ២៣ ឆ្នាំ ឱ្យដឹងថា កញ្ញាបានសម្រេចចិត្តចាកចេញពីទ្រនំដ៏កក់ក្ដៅជាមួយគ្រួសារ បងប្អូន មករស់នៅបន្ទប់ជួលតែម្នាក់ឯង គឺដើម្បីចាប់យកឱកាសសិក្សារៀនសូត្របានខ្ពង់ខ្ពស់នៅរាជធានីភ្នំពេញ។
វាច្ចា ជាមនុស្សដំបូងក្នុងចំណោមបងប្អូនសរុប៦នាក់ ដែលបានមកបន្តការសិក្សានៅភ្នំពេញ ព្រោះតែកត្តាជីវភាពបងប្អូន៣នាក់ត្រូវបោះបង់ការសិក្សា ចំណែកប្អូន២នាក់ទៀតកំពុងរៀននៅថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ។ រឿងរ៉ាវរបស់យុវតីរូបនេះក៏មិនខុសពីយុវតីដែលបានរៀបរាប់ខាងលើដែរ ដោយសារតែជាប់អាហារូបករណ៍មិនបង់ថ្លៃសិក្សាទើបមានឱកាសបានមកបន្តការសិក្សានៅភ្នំពេញ ដោយធ្វើការងារ និងរៀនសូត្រក្នុងពេលតែមួយ ព្រោះមិនចង់ឱ្យគ្រួសារចំណាយច្រើន។
កញ្ញាពោលដូច្នេះថា៖ «ពិបាកណាស់ព្រោះធ្លាប់រស់នៅជុំគ្រួសារមានពុកម៉ែនៅមើលថែ តែពេលមកបន្តការសិក្សានៅភ្នំពេញត្រូវរស់នៅក្នុងបន្ទប់ជួលដ៏តូចចង្អៀតម្នាក់ឯងដោយការភ័យខ្លាច គ្មានបងប្អូន គ្មានសាច់ញាតិ នៅពេលដែលឈឺ គ្រុនម្តងៗគ្មានថវិកាសម្រាប់ចំណាយទេ ចង់តែទៅផ្ទះតែមិនអាចទៅបាន»។
និស្សិតស្រីមួយរូបទៀតដែលមកពីខេត្តព្រះវិហារដែរនោះគឺ កញ្ញា ស្រាយ ចាន់ទ្រា អាយុ២៥ឆ្នាំ រៀបរាប់ថា នៅពេលឡើងមកដល់ទីក្រុងភ្នំពេញ កញ្ញានៅមិនទាន់ស្គាល់ភូមិសាស្ត្រតំបន់ច្បាស់លាស់ ដែលធ្វើឱ្យការសម្រេចចិត្តជួលបន្ទប់ស្នាក់នៅនាពេលនោះហាក់ស្រពិចស្រពិលមិនដឹងរើសទីតាំងណាដែលមានសុវត្ថិភាពល្អឡើយ។
ចាន់ទ្រាបញ្ជាក់ថា៖ «ខ្ញុំឡើងមកមិនសូវស្គាល់ភ្នំពេញទេ រកបន្ទប់ជួលខ្លះចំបន្ទប់អ្នកជិតខាងផឹកឡូឡា ស្រវឹង ឈ្លោះគ្នារញ៉េរញ៉ៃ មានសំឡេងខ្លាំងពេលយប់ព្រលប់ ហើយក៏ខ្លាចខ្លាំងដែរព្រោះឆ្ងាយពីផ្ទះ ណាមួយប៉ះពាល់ដល់ការរៀនយើងដែរ និងដូរបន្ទប់ជួលជាច្រើនកន្លែងហើយ»។
យុវតីរូបនេះជួបបញ្ហាលើការរកបន្ទប់ស្នាក់នៅខ្លាំងជាងគេ ថ្វីត្បិតតែមានមិត្តភក្តិស្នាក់នៅរួមគ្នាក៏ពិតមែន តែនៅពេលនាងចង់បានកន្លែងសុវត្ថិភាពទាល់តែចំណាយប្រាក់ច្រើនព្រោះបន្ទប់ជួលទាំងនោះមានតម្លៃខ្ពស់ ប៉ុន្តែដោយសារតែមកពីគ្រួសារមិនសូវធូរធារ និងមកពីខេត្តឆ្ងាយផងក៏មានតែរកបន្ទប់ជួលណាដែលមានតម្លៃទាបប៉ុណ្ណោះសម្រាប់ស្នាក់នៅ។
នាងប្រាប់ថា៖ «តាំងពីមកនៅភ្នំពេញនេះ ដូរបន្ទប់ជួល៥ដងហើយដោយសារតែបន្ទប់ជួលខ្លះឆ្ងាយពីសាលា និងមកពីអ្នកជិតខាងផង ដោយពេលនោះដូរញឹកដែរ ៣ទៅ៤ខែដូរ ខ្លះទៀតតែ២ទៅ៣ខែប៉ុណ្ណោះ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយាវី យល់ឃើញថា និស្សិតស្រីរងបញ្ហាប្រឈមច្រើនជាងបុរស មានទាំងបញ្ហាសុវត្ថិភាព កន្លែងរស់នៅ ការហូបចុក ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោយសារកន្លងមកសិស្ស និស្សិតបានបាត់បង់ជីវិតច្រើនណាស់លើដងផ្លូវ។
អ្នកស្រីចង់ឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើបញ្ហាទាំងនេះបន្ថែម ជាពិសេសផ្ដោតសំខាន់លើនិស្សិតជាស្រ្ដីឱ្យបានច្រើន ពីព្រោះស្រ្តីក៏ជាចលកររបស់ប្រទេសជាតិដ៏សំខាន់ដែរ។
ប្រភពដដែលនិយាយថា៖ «បើសិនជាទទួលការអប់រំច្រើន និងមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ពីស្ថាប័នអង្គការណាដែលធ្វើការលើការពារសិទ្ធិស្រ្តី នោះពួកគេនឹងរួចផុតពីការរំលោភបំពានគ្រប់បែបយ៉ាង តែធ្វើយ៉ាងណាឱ្យការអនុវត្តមានប្រសិទ្ធភាព ឧទាហរណ៍ថា យើងមានកន្លែងស្នាក់នៅឱ្យហើយ តែធ្វើឱ្យពួកគាត់គ្មានអាហារហូបចុក ពិបាកធ្វើដំណើរ ហើយបើសិនពួកគាត់មានកន្លែងស្នាក់នៅ អាហារហូបចុក និងសន្តិសុខគ្រប់គ្រាន់ ខ្ញុំជឿថាពួកគាត់មិនបោះបង់ចោលការសិក្សាទេ ព្រោះគាត់គ្រប់គ្នាសុទ្ធតែចង់ទទួលបានការងារសមរម្យ ចង់មានប្រាក់ខែដើម្បីចិញ្ចឹមជីវិត»។
អ្នកជំនាញទស្សនវិជ្ជា និងអ្នកឃ្លាំមើលសង្គម លោកបណ្ឌិត ឈត ប៊ុនថង សង្កេតឃើញថា កន្លងមកថ្នាក់ដឹកនាំបានយកចិត្តទុកដាក់លើសិស្ស និស្សិត ជាពិសេសនិស្សិតស្រី ដោយមានផ្ដល់កន្លែងស្នាក់នៅ និងមានការឧបត្ថម្ភពិសេស ប៉ុន្តែលោកមិនដឹងថាការជួយរបស់រដ្ឋាភិបាលជាមួយតម្រូវការជាក់ស្ដែងខ្វះខាតយ៉ាងណានោះទេ បើសិនជាចន្លោះប្រហោងកន្លែងណាគួរតែពិចារណាជួយបន្ថែមទៀត។
លោកបណ្ឌិតនិយាយថា៖ «យើងឃើញរដ្ឋាភិបាលបានជួយ ប៉ុន្តែវាខ្វះកម្រិតណានោះអាចនឹងប្អូនៗនិស្សិត ឬអ្នកគ្រប់គ្រងទាំងអស់ហ្នឹងទៅផ្ដល់ព័ត៌មាន និងធ្វើសំណើទៅរាជរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធឱ្យពិនិត្យមើលតើនៅខ្វះអី ឬយ៉ាងម៉េច ដើម្បីជួយបន្ថែមទៀត»។
លោកណែនាំបន្តថា៖ «បើគាត់ចេញពីកន្លែងនៅ ឬចេញពីកន្លែងហ្នឹងទៅរៀន មកវិញមានបញ្ហាអីត្រូវតែសិក្សាឱ្យបានច្បាស់ ហើយត្រូវរៀបចំ ការពារ បញ្ចៀសនូវអ្វីដែលគាត់ថាអសុវត្ថិភាពទៅតាមហ្នឹង តើនៅកន្លែងស្នាក់នៅរបស់គាត់មានអ្នកណាមករំខាន នរណាមកឆាឆៅ ឬក៏យាយីអីមួយត្រូវតែមានព័ត៌មានច្បាស់បើសិនយើងនិយាយតែរឿងសន្តិសុខមួយយើងអត់ដឹងថាជួយយ៉ាងម៉េចទេ»។
ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ធ្លាប់ផ្ដល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានក្នុងឆ្នាំ២០២២កន្លងទៅថា ការផ្តល់ឱ្យនិស្សិតស្រីស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរបស់ក្រសួងអប់រំគឺមានកម្រិត។ ប៉ុន្តែប្រសិនបើមានលទ្ធភាព ក្រសួងអប់រំ នឹងពង្រីកអន្តេវាសិកដ្ឋានទទួលនិស្សិតស្រីឱ្យបានច្រើននៅថ្ងៃអនាគត បន្ទាប់ពីសង្កេតឃើញពីការឡើងមកបន្តសិក្សារបស់និស្សិតស្រីនៅភ្នំពេញមានការលំបាកជាងនិស្សិតប្រុសៗ។
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុកនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ថា លោក និងក្រុមគ្រួសារ សម្រេចផ្ដល់ដី ២ហិកតា ដែលមានតម្លៃជាង ១០លានដុល្លារ ស្ថិតនៅខណ្ឌជ្រោយចង្វារ ត្រៀមសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រីក្រីក្រមកពីបណ្ដាខេត្តឱ្យបន្តការសិក្សានៅរាជធានីភ្នំពេញ។ ការសាងសង់នេះ គឺចំណាយថវិការបស់លោក និងក្រុមគ្រួសារផ្ទាល់ បន្ទាប់ពីសាងសង់រួច នឹងប្រគល់ជាសម្បត្តិរដ្ឋ ដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកិច្ចការនារី។
ក្នុងខ្លឹមសារនោះលោក ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថាអន្តេវាសិកដ្ឋាននេះ នឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិនិយោគ កសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួមរបស់ស្រ្តីក្នុងការកសាងប្រទេសជាតិ»។
បើតាមគម្រោង អន្តេវាសិកដ្ឋានខាងលើ គឺសម្រាប់និស្សិតស្រ្តីស្នាក់នៅចំនួន ៥០០នាក់ ក្នុង ១បន្ទប់ស្នាក់នៅ ៤នាក់ មានបន្ទប់ទឹក និងចង្ក្រានបាយ ដោយត្រូវសាងសង់ចំនួន ១២០បន្ទប់។ បន្ថែមពីនេះ អន្តេវាសិកដ្ឋានក៏មានសាងសង់ប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការ ដើម្បីជួយពេលមានជំងឺផ្សេងៗផងដែរ។
ទោះជាយ៉ាងណា អ្នកសារព័ត៌មានមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងអប់រំអ្នកស្រី ឃួន វិច្ឆិកា ដើម្បីសុំការអធិប្បាយជុំវិញរឿងនេះបានឡើយ៕







