ក្រសួងមហាផ្ទៃបង្កើត «ភូមិរង់ចាំ» ចំនួន៦ ដោយបំបែកចេញពីភូមិស្លក្រាម ខេត្តបន្ទាយមានជ័យ

សង្គម

(ភូមិរង់ចាំ ទីតាំងដែលពលរដ្ឋភៀសសឹកកំពុងរស់នៅបណ្ដោះអាសន្នក្នុងខេត្តបន្ទាយមានជ័យ។ រូបភាព៖បណ្ដាញសង្គមនៅថ្ងៃនៅទី៩ ខែមិថុនា ឆ្នាំ២០២៦)

ក្រសួងមហាផ្ទៃសម្រេចបង្កើត«ភូមិរង់ចាំ» ចំនួន៦ ក្នុងតំបន់ជម្រកស្នាក់នៅបណ្តោះអាសន្នរបស់ពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដើម្បីងាយស្រួលគ្រប់គ្រង និងផ្ដល់សេវាសាធារណៈផ្សេងៗនៅក្នុងមូលដ្ឋាន។

សេចក្ដីប្រកាសស្ដីពីការបង្កើតភូមិនៅខេត្តបន្ទាយមានជ័យរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឱ្យដឹងថា ភូមិទាំង៦នោះរួមមាន ភូមិរង់ចាំ១ ភូមិរង់ចាំ២ ភូមិរង់ចាំ៣ ភូមិរង់ចាំ៤ ភូមិរង់ចាំ៥ និង ភូមិរង់ចាំ៦ ដែលត្រូវបានបំបែកចេញពីភូមិស្លក្រាម នៃឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សេចក្ដីប្រកាសដដែលបញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងមានការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងភូមិបង្កើតថ្មី ដោយជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ភូមិ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បញ្ជាក់ប្រាប់ប្រជាកាសែតបន្ថែមថា ការបង្កើតភូមិដ្ឋានថ្មីនេះមានសារៈសំខាន់សម្រាប់ពលរដ្ឋភៀសសឹកដែលរងការឈ្លានពានពីយោធាថៃ ដោយពួកគាត់អាចរស់នៅភូមិមួយជាក់លាក់ មានផ្ទះសម្បែងស្នាក់នៅងាយស្រួលជាងពីមុនដែលរស់នៅតាមតង់ ទីអារាម សាលារៀន និងកន្លែងដទៃទៀតមិនពិតប្រាកដ។

លោកបន្ថែមថា ផ្ទះ និងដីដែលរាជរដ្ឋាភិបាលរៀបចំជូនពលរដ្ឋភៀសសឹករស់នៅបណ្តោះអាសន្ននេះ ក៏នឹងត្រូវចែកជូនជាកម្មសិទ្ធិដល់ពលរដ្ឋភៀសសឹកដែរ បើទោះបីជាថ្ងៃខាងមុខកម្ពុជាទាមទារបានទឹកដី ផ្ទះសម្បែង និងភូមិដ្ឋាន ដែលយោធាថៃកាន់កាប់ខុសច្បាប់នោះត្រឡប់មកវិញក៏ដោយ។

លោកនិយាយថា៖ «អ៊ីចឹងមានន័យថាបងប្អូនប្រជាពលរដ្ឋមានកម្មសិទ្ធិទាំងនៅភូមិរង់ចាំផង ហើយអនាគតនៅពេលដែលទាមទារបាន ក៏នៅតែមានកម្មសិទ្ធិនៅលើទឹកដីដែលពួកគាត់ធ្លាប់រស់នៅជាយូរយារពីទឹកន្លែងដែលយោធាថៃដណ្ដើមកាន់កាប់ដោយអាវុធ និងបន្តកាន់កាប់ដោយខុសច្បាប់នាពេលបច្ចុប្បន្ន»។

ជាមួយគ្នានេះដែរ អ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត មាស នី យល់ថា ការបែងចែកភូមិដ្ឋានថ្មីនេះ អាចផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងដោយរៀបចំឱ្យមានភូមិ ឃុំ ត្រឹមត្រូវសម្រាប់ពលរដ្ឋភៀសសឹករស់នៅក្នុងតំបន់នោះ។ 

លោកបន្តថា៖ «ការបង្កើតភូមិដ្ឋានថ្មីនេះ អាចជាការមើលឃើញរបស់រដ្ឋាភិបាលនៅក្នុងការត្រៀមលក្ខណៈរួចជាស្រេចក្នុងកាលៈទេសៈដែលយើងមិនអាចយកដីហ្នឹងមកវិញបាន មានតែភូមិនេះក្លាយជាភូមិកំណើតរបស់កូនចៅភៀសខ្លួនពីពេលនេះតទៅ»។

អ្នកជំនាញភូមិសាស្រ្តនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ គិតថា ការបំបែកភូមិរង់ចាំរហូតដល់៦ភូមិនេះ គ្រាន់តែជាការបែងចែករដ្ឋបាលគ្រប់គ្រងភូមិសាស្រ្ត ដើម្បីងាយស្រួលគ្រប់គ្រងប្រជាពលរដ្ឋភៀសសឹកកំពុងរស់នៅរាប់ពាន់គ្រួសារនៅតំបន់នោះប៉ុណ្ណោះ។

លោកបញ្ជាក់ថា៖ «ពលរដ្ឋភៀសសឹកនឹងត្រូវវិលត្រឡប់ទៅផ្ទះដើមគាត់វិញនៅពេលបញ្ហាបានដោះស្រាយរួច ហើយទីតាំងភូមិរង់ចាំនេះសម្ដេចតេជោបានលើកឡើងដែរថា នឹងប្រគល់ជូនពួកគាត់បន្ថែមទៀត»។

គួរបញ្ជាក់ថា មណ្ឌលស្នាក់នៅបណ្តោះអាសន្នភូមិស្លក្រាម ត្រូវបានប្រសិទ្ធនាមជា«ភូមិរង់ចាំ» បន្ទាប់ពីមានការស្នើពីប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋភៀសសឹក ៣,៣១៨គ្រួសារ នៅមជ្ឈមណ្ឌលភៀសសឹកបណ្តោះអាសន្ន ភូមិស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ មិថុនា ឆ្នាំ២០២៦៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3113}" data-page="1" data-max-pages="1" data-start="1" data-end="1">