ក្រសួងទេសចរណ៍នឹងរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦» ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណទីលានតេជោ-ធិបតី ទល់មុខសាលាខេត្តស្ទឹងត្រែង។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ភូមិភាគឦសាន, ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងសហគមន៍ទេសចរណ៍ ដោយបង្កើនឱកាសការងារ និងប្រភពចំណូលផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់ និងចូលរួមគាំទ្រ និងផ្សព្វផ្សាយ «យុទ្ធនាការទស្សនា កម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦»។
នៅក្នុងព្រឹត្តិការណ៍នោះ ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធីបន្ថែមមានដូចជា ស្តង់ពិព័រណ៍ម្ហូបអាហារ ផលិតផល មុខម្ហូបប្រចាំតំបន់ភូមិភាគឦសាន ផ្លែឈើធម្មជាតិប្រចាំរដូវកាល និងផលិតផលកែច្នៃរបស់សហគមន៍មូលដ្ឋានផងដែរ។
ក្រៅពីនេះ ក្រសួងក៏មានវេទិកាជជែកស្តីពី «សក្តានុពលអេកូទេសចរណ៍នៅភូមិភាគឦសានក្នុងរដូវកាលបៃតងឆ្នាំ២០២៦» និងកម្មវិធីកីឡាទេសចរណ៍រត់កម្សាន្តមហាជនក្រោមប្រធានបទ «រត់ដើម្បីសត្វផ្សោតទន្លេមេគង្គ៖ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង» រួមទាំងកម្មវិធីសម្តែងទស្សនីយភាពសិល្បៈ និងការប្រគុំតន្ត្រី។
ពលរដ្ឋរស់នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងជាជនជាតិកួយ អ្នកស្រី យឹម សុធី លើកឡើងថា អ្នកស្រីមិនសូវជាដឹងអំពីព័ត៌មានជូនដំណឹងរបស់ក្រសួងពីព្រឹត្តិការណ៍នេះប៉ុន្មានទេ ប៉ុន្តែទើបបានដឹងព័ត៌មានខ្លះពីអ្នកស្គាល់ដែលជាអ្នកធ្លាប់បានចូលរួមព្រឹត្តិការណ៍នេះនៅឆ្នាំមុនៗ។
អ្នកស្រីបញ្ជាក់ថា នឹងយកកសិផល និងដំណាំវល្លិ៍ជាច្រើនមុខដែលមានប្រចាំតំបន់ ដើម្បីចូលរួមដាក់បង្ហាញក្នុងកម្មវិធីខាងលើដែរ។ ប្រភពដដែលនិយាយថា៖ «ភូមិដែលរស់នៅគឺនៅឆ្ងាយពីតំបន់ទេសចរណ៍ ការលក់ដូរក្នុងភូមិក៏ស្រួលលក់ដែរទេបើសិនជាមាន ជួនកាលអ្នកភូមិគាត់ទិញហូប ហើយសព្វថ្ងៃក៏ដាំសណ្ដែក ត្រសក់ ត្រប់ ត្រកួន ននោង ម្ទេស សម្រាប់ហូបរាល់ថ្ងៃ និងលក់តិចតួច»។
ក្រសួងទេសចរណ៍ធ្លាប់បានលើកឡើងកន្លងមកថា តាមរយៈកិច្ចសហការរវាងរដ្ឋ និងឯកជន រដូវកាលបៃតងឆ្នាំ២០២៦ នឹងក្លាយជា «រដូវកាលមាស» ដែលនាំមកនូវស្នាមញញឹម ការបង្កើតការងារ និងការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល៕







