ក្រសួងការងារអនុញ្ញាតឱ្យក្រុមហ៊ុន ផេស៊ីហ្វិក អ៊ុមផ្លយម៉ិន អេជេន ឯ.ក ដែលជាទីភ្នាក់ងារជ្រើសរើសឯកជនធ្វើការសាកល្បងជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងជនទេសន្តរប្រវេសន៍ការងារខ្មែរក្នុងវិស័យសំណង់ទៅធ្វើការនៅប្រទេសវៀតណាម។នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារកាលពីសប្ដាហ៍មុន។
សេចក្ដីប្រកាសព័ត៌មានក្រសួងការងារឱ្យដឹងថា ក្រុមហ៊ុននឹងទទួលរ៉ាប់រងលើមធ្យោបាយធ្វើដំណើរទៅមកពីប្រទេសកម្ពុជាទៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងផ្តល់កន្លែងស្នាក់នៅ ទឹក-ភ្លើង ដោយឥតគិតថ្លៃ និងឧបត្ថម្ភថ្លៃអាហារចំនួន ៥០% ផងដែរ។
លក្ខខណ្ឌជ្រើសរើសរួមមាន ភេទប្រុស មានអាយុចន្លោះពី ២៣ ដល់ ៣៩ឆ្នាំ, មានចំណេះដឹងភាសាវៀតណាម ត្រូវបានផ្តល់អាទិភាព, មានបទពិសោធន៍ការងារផ្នែកសំណង់, មានកាយសម្បទារឹងមាំ និងស្មារតីល្អ អាចបំពេញការងារក្រោមបរិយាកាសក្តៅបាន និងមានកិរិយាមារយាទជាពលរដ្ឋល្អ មិនធ្លាប់ប្រើប្រាស់គ្រឿងញៀន ឬញៀនគ្រឿងស្រវឹង មិនមានប្រវត្តិប្រព្រឹត្តបទល្មើស ឬជាប់ពន្ធនាគារ ឬទោសឧក្រិដ្ឋ។
ចំណែកឯប្រភេទការងារ រួមបញ្ជូលទាំងពលករទូទៅប្រើប្រាស់កម្លាំង, ពលករជាងផ្សារ, ពលករជំនាញសំណង់ទូទៅ, ពលករជំនាញបេតុង, ពលករបញ្ជាគ្រឿងចក្រ និងវិស្វករសំណង់ស៊ីវិល ដែលនឹងទទួលបានប្រាក់ខែចាប់ពី ៦០០ដុល្លារ រហូតដល់១៣៣០ ដុល្លារ អាស្រ័យលើប្រភេទការងារដែលបានរៀបរាប់ខាងលើ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ លោក ស៊ុន មេសា បញ្ជាក់ថា នេះជាកិច្ចសហប្រតិបត្តិការថ្មី និងជាការបើកទំព័រទីផ្សារការងារមួយបន្ថែមទៀតសម្រាប់អ្នកដែលមានជំនាញនៅក្នុងវិស័យសំណង់។
លោកលើកឡើងថា៖ «កិច្ចសហប្រតិបត្តិការទាំងអស់របស់កម្ពុជា យើងធ្វើលើប្រទេសណាដែលមានគុណតម្លៃខ្ពស់សម្រាប់យើង មិនត្រឹមតែមានការងារទេ ប៉ុន្តែមានលក្ខខណ្ឌការងារល្អ មានប្រាក់ឈ្នួលសមរម្យ ហើយពលរដ្ឋយើងត្រឡប់មកវិញមានជំនាញមួយជាប់ខ្លួន អ្វីដែលសំខាន់ជាងនេះទៅទៀត និងអ្វីដែលយើងចង់បានគឺមានការការពារសិទ្ធិត្រឹមត្រូវ»។
អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ឃើញថា នេះជាការសាកល្បងមួយស្របពេលដែលប្រទេសវៀតណាមកំពុងមានតម្រូវការកម្លាំងពលកម្ម ហើយគួបផ្សំនឹងកម្លាំងពលកម្មរបស់កម្ពុជាដែលហូរមកពីប្រទេសថៃមានចំនួនច្រើន ដែលជាឱកាសសម្រាប់ធ្វើទំនាក់ទំនង និងអាចជួយបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ លោកបន្ថែមថា៖ «នេះក៏ជាការដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងទុក្ខលំបាកមួយចំនួនតាមរយៈការបង្កើតឱកាសការងារ ដោយយើងឃើញថា ប្រាក់ខែមានចំនួនខ្ពស់គួរសមដែរ ហើយក្នុងនោះការចំណាយក្នុងប្រទេសវៀតណាមក៏មានទំហំតិចតួចដែរ ដូច្នេះនេះជាការសម្រាលបន្ទុក និងការលើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋយើង»។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា BWTUC លោក សុខ គីន និយាយថា រាល់ការបញ្ជូនពលករចំណាកស្រុកពីប្រទេសមួយទៅប្រទេសមួយ បើមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋ ឬរវាងរដ្ឋ និងក្រុមហ៊ុនឯកជន នោះនឹងមានលក្ខណៈប្រសើរបើសិនជាក្រុមហ៊ុនជាក់លាក់ និងអនុវត្តតាមកិច្ចព្រមព្រៀង។
លោកបន្តថា៖ «ពាក់ព័ន្ធនឹងពលករចំណាកស្រុកទៅប្រទេសផ្សេងៗកន្លងមកអាចមានពីរ ដោយទីមួយទៅតាមមេខ្យល់មានន័យថាគាត់ទៅផ្លូវកាត់ ហើយមិនមានតម្រូវការឯកសារផ្សេងៗ មេខ្យល់ជាអ្នករៀបចំឯកសារឱ្យ ប៉ុន្តែមិនស្របច្បាប់ដែលជាចំណុចហានិភ័យដល់ពួកគាត់ដែរ និងមួយទៀតបើសិនមានការរៀបចំតាមរយៈក្រុមហ៊ុននាំពលករទៅខាងក្រៅគឺប្រសើរជាងដោយគេមាននិយាយលក្ខខណ្ឌម៉ោងការងារ និងប្រាក់ឈ្នួល ហើយមានការទទួលខុសត្រូវលើបញ្ហាណាមួយពេលបំពេញការងារ»។
កាលពីពេលថ្មីៗនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនជនទេសន្តរប្រវេសន៍ការងារខ្មែរទៅធ្វើការនៅប្រទេសអ៊ីស្រាអែល ក្នុងវិស័យកសិកម្ម ចំនួន ២ ០០០នាក់ ដោយអាចទទួលបានប្រាក់ឈ្នួលប្រមាណជាង ២០០០ដុល្លារអាមេរិកក្នុងខែ។
ក្រសួងការងារបញ្ជាក់ថា ការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងជនទេសន្តរប្រវេសន៍ការងារ ខ្មែរទៅធ្វើការនៅប្រទេសអ៊ីស្រាអែលក្នុងវិស័យកសិកម្ម គឺជាយន្តការបញ្ជូនរដ្ឋនិងរដ្ឋ រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាប្រតិបត្តិករតែមួយគត់ និងរដ្ឋាភិបាលនៃប្រទេសអ៊ីស្រាអែល៕







