អ្នកឃ្លាំមើលគាំទ្រសេចក្ដីសម្រេចរបស់សភាប្រើភាសាបារាំងក្នុងការជម្រុញឱ្យកម្ពុជា-ថៃ បន្ថយភាពតានតឹងនៅព្រំដែន តែពួកគេនៅតែជម្រុញឱ្យភាគីកម្ពុជារត់ទៅពឹងពាក់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពីព្រោះថាស្ថាប័នសភានិយាយភាសាបារាំង គ្រាន់តែផ្តោតលើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងនយោបាយទូទៅ មិនមែនជាស្ថាប័នតុលាការ ឬក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានអំណាចបង្ខំឱ្យថៃអនុវត្តតាមច្បាប់នោះឡើយ។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីសភាប្រើភាសាបារាំងអំពាវនាវឱ្យភាគីកម្ពុជា និងថៃបន្ធូរបន្ថយភាពតានតឹង និងបន្តកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ និងការដកកងកម្លាំងប្រដាប់អាវុធទាំងអស់ជាបន្ទាន់ចេញពីតំបន់ជម្លោះ។
សេចក្ដីសម្រេចរបស់សភាប្រើភាសាបារាំងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២៦ ក៏អំពាវនាវឱ្យមានការគោរពបទឈប់បាញ់ និងការអនុវត្តកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ក្រៅពីនេះ សភាប្រើភាសាបារាំងបានជម្រុញឱ្យដោះស្រាយវិវាទដោយសន្តិវិធីក្នុងរយៈពេលដ៏ខ្លីបំផុត តាមរយៈយន្តការទ្វេភាគីទាំងអស់ដែលបានបង្កើតឡើង ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្នុងស្មារតីនៃកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ។
សភាប្រើភាសាបារាំងលើកឡើងថា ភាពតានតឹងដែលនៅតែបន្តកើតមាននៅតាមព្រំដែនរវាងកម្ពុជា -ថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ បានបណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្សយ៉ាងច្រើន ការផ្លាស់ទីលំនៅរបស់ប្រជាជនស៊ីវិល និងរបាយការណ៍អំពីការរំលោភបំពានលើបទឈប់បាញ់ និងបូរណភាពទឹកដីកម្ពុជា រួមទាំងការខូចខាតដល់ទីតាំងវប្បធម៌ និងសាសនា ដែលទីតាំងមួយចំនួនត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
លើសពីនេះ សភាប្រើភាសាបារាំងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តភាពតានតឹង និងសកម្មភាពនានាដែលត្រូវបានរាយការណ៍ នៅក្នុងតំបន់ព្រំដែនក្រោមការកាន់កាប់ដោយប្រទេសថៃ ជាអាទិ៍ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ការរៀបចំពិធីសាសនានៅក្នុងទីតាំងវប្បធម៌ និងសាសនា ក៏ដូចជាគំនិតផ្តួចផ្តើម ក្នុងការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះ។
សេចក្ដីសម្រេចដដែលក៏បានរំលឹកឱ្យមានការគោរពអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ក៏ដូចជាការគោរពតាមការប្តេជ្ញាចិត្តចំពោះសន្តិភាពប្រកបដោយនិរន្តភាព នៅតាមបណ្តោយព្រំដែន និងការជៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយ ដែលអាចបង្កភាពតានតឹងកាន់តែធ្ងន់ធ្ងរផងដែរ។
សភាប្រើភាសាបារាំងណែនាំឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងកម្ពុជា-ថៃ ដោយផ្អែកលើការទទួលស្គាល់គ្នាទៅវិញទៅមកលើអធិបតេយ្យ បូរណភាពទឹកដី និងភាពមិនអាចរំលោភបាននៃព្រំដែន ក៏ដូចជាការខណ្ឌសីមាព្រំដែន អនុលោមតាមក្របខ័ណ្ឌគតិយុត្ត ដែលបានកំណត់ដោយលិខិតូបករណ៍អន្តរជាតិ។
អ្នកវិភាគភូមិសាស្ត្រនយោបាយ និងជាអ្នកជំនាញទំនាក់ទំនងអន្តរជាតិ លោក សេង វ៉ាន់លី យល់ឃើញថា អ្វីដែលកម្ពុជាត្រូវស្វែងរកបន្ថែម គឺយន្តការតាមដាន និងការសម្របសម្រួលជាក់ស្តែងពីសំណាក់ស្ថាប័នដែលមានឥទ្ធិពលជាងនេះ ដូចជាអាស៊ាន (ASEAN) ឬតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប្រសិនបើមានការរំលោភបំពានធ្ងន់ធ្ងរ។
លោកនិយាយថា កម្ពុជាគួររំពឹងឱ្យសហគមន៍អន្តរជាតិដើរតួជាអាជ្ញាកណ្តាលមិនលម្អៀង ក្នុងការជំរុញឱ្យមានការចរចាទ្វេភាគីដោយផ្អែកលើផែនទី និងសន្ធិសញ្ញាប្រវត្តិសាស្ត្រដែលទទួលស្គាល់ដោយច្បាប់អន្តរជាតិ។
លោកបន្តថា៖ «ការអំពាវនាវនេះមានទម្ងន់ផ្នែក «អំណាចទន់» និងជួយបង្កើនភាពស្របច្បាប់ជាអន្តរជាតិដល់កម្ពុជា ហើយនេះជាសារដាស់តឿនមួយទៅកាន់ភាគីពាក់ព័ន្ធ ពិសេសគឺថៃ ឱ្យប្រុងប្រយ័ត្នចំពោះសកម្មភាពឯកតោភាគីណាមួយដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។ ដូច្នេះ សេចក្តីថ្លែងការណ៍នេះ មិនមានគំនាបគតិយុត្តិ ឬយន្តការទណ្ឌកម្មណាមួយដែលអាចបង្ខំឱ្យថៃត្រូវតែធ្វើតាមនោះទេ ពោលគឺវាគ្រាន់តែជាការគាំទ្រផ្នែកស្មារតី និងជាឧបករណ៍ការទូតសម្រាប់កម្ពុជាយកទៅប្រើប្រាស់នៅលើឆាកអន្តរជាតិតែប៉ុណ្ណោះ»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បញ្ជាក់ថា បើទោះបីជាការសម្រេចរបស់សភាប្រើភាសាបារាំងមិនមានកាតព្វកិច្ចផ្លូវច្បាប់ដូចនឹងការសម្រេចរបស់តុលាការ ឬក៏ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយ សេចក្តីសម្រេចនេះ បង្ហាញឱ្យឃើញថាបញ្ហាព្រំដែនកម្ពុជា-ថៃ មិនមែនជាបញ្ហាទ្វេភាគីនៃប្រទេសទាំងពីរ តែកំពុងទទួលបានការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ។
លោកបន្ថែមថា៖ «សហគមន៍អន្តរជាតិគួរជួយបង្កើតបរិយាកាសដែលធ្វើឱ្យការគោរពច្បាប់អន្តរជាតិមានន័យជាក់ស្ដែង មិនមែនគ្រាន់តែពាក្យពេចន៍ដ៏ពីរោះនៃផ្នែកការទូតប៉ុណ្ណោះទេ បើសិនភាគីណាមួយបន្តរំលោទបំពាន បំភ័ន្ត បន្តបង្កើតអង្គហេតុថ្មីលើដីជាក់ស្ដែង សហគមន៍អន្តរជាតិត្រូវមានសារមួយច្បាស់លាស់ និងមានសម្ពាធការទូតច្បាស់លាស់»។
ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ចាន់រ័ត្ន លើកឡើងថា ជម្រើសរបស់កម្ពុជាមិនមានច្រើនក្រៅពីគោរពច្បាប់អន្តរជាតិ នយោបាយការទូត និងព្យាយាមចរចាជាមួយប្រទេសថៃឱ្យបានច្រើននោះទេ ទោះបីជាភាគីថៃមិនយល់ព្រមក៏ដោយ។ លោកគិតថា សហគមន៍អន្តរជាតិនឹងអាចចេញថ្កោលទោសលើថៃដែលនៅតែបន្តឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា។
ប្រភពរូបនេះបានសង្កត់ធ្ងន់ថា៖ «កម្ពុជាមានតែបន្តជម្រុញកិច្ចការទូត ផ្លូវច្បាប់ និងជម្រុញទៅប្រទេសដែលមានឥទ្ធិពល ដើម្បីឱ្យថៃងាកមកគោរពច្បាប់ បូរណភាពទឹកដីរបស់កម្ពុជាវិញ ហើយក៏ជាឱកាសដែលយើងជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ព្រោះជារឿងប្រសើរសម្រាប់យើងដែលចំបរិបទប្រទេសយើងកំពុងមានបញ្ហាទាំងអស់ហ្នឹង ដែលយើងអាចលើកឡើងបញ្ជាក់ទៅប្រទេសទាំងអស់នោះ ព្យាយាមយ៉ាងម៉េចឱ្យគេយល់ថា វាជាការរំលោភបំពានរបស់ប្រទេសថៃមកលើកម្ពុជា»។
គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលលហ្វ្រង់កូហ្វូនី (OIF) លើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងរិះរកដំណោះស្រាយ ជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាចំណុចអាទិភាពបំផុតរបស់សមាជិកអង្គការ OIF។
កាលពីពេលថ្មីៗនេះ ក្រសួងការពារជាតិក៏បានប្រកាសតវ៉ាជាបន្តបន្ទាប់ចំពោះសកម្មភាពរំលោភបំពានខុសច្បាប់មកលើទឹកដីកម្ពុជា ហើយក្រសួងក៏បានបញ្ជាក់ថាកាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងកម្ពុជាបានរងរបួស ៤នាក់ ដោយសារអម្បែងគ្រាប់ បន្ទាប់ពីបានដើរល្បាតនៅតំបន់ចំការស្វាយចន្ទី ភូមិសាស្ត្រចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយបានជួបជាមួយនឹងក្រុមល្បាតរបស់យោធាថៃ ដែលកំពុងដើរល្បាតនៅម្ខាងទៀតនៃលួសបន្លាដែលយោធាថៃបានដាក់ពង្រាយ៕







