«វប្បធម៌ជេរតាមអនឡាញ»រីកសាយចំណោមមហាជនខ្មែរ នាំឱ្យអ្នកឃ្លាំមើលព្រមានពីមហន្តរាយ

សង្គម

(ពាក្យជេរប្រទេចជាច្រើនលើការផ្សាយបន្តផ្ទាល់ទាក់ទងនឹងការប្រកួតបាល់ទះរវាងកម្ពុជា និងហ្វីលីពីន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ រូបភាពផ្ដល់ឱ្យ)។

«វប្បធម៌ជេរតាមអនឡាញ»រីកសាយចំណោមមហាជនខ្មែរ នាំឱ្យអ្នកឃ្លាំមើលព្រមានពីមហន្តរាយ។ អ្នកឃ្លាំមើលសង្គមកំពុងព្រួយបារម្ភពីការកើនឡើងនៃការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅតាមប្រព័ន្ធឌីជីថលក្នុងប្រទេសកម្ពុជា ជាពិសេសនៅលើវេទិកាបណ្តាញសង្គម ហ្គេម​អនឡាញ និងវេទិកាពិភាក្សាជាសាធារណៈជាដើម។ ពួកគេថាបញ្ហានេះ អាចជះឥទ្ធិពលមិនល្អដល់យុវជន និងសង្គមជាតិទាំងមូល ប្រសិនបើមិនមានវិធានការអប់រំឱ្យបានត្រឹមត្រូវ។

គេសង្កេតឃើញថា បច្ចុប្បន្នអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ហាក់ចូលចិត្តប្រើប្រាស់ពាក្យពេចន៍ឌឺដង ជេរប្រមាថគ្នា ដោយប្រហែលជាគិតថាវាជារឿងធម្មតា ដោយមិនខ្វល់ពីផលប៉ះពាល់ដល់សង្គមរយៈពេលវែង ឬធ្វើឱ្យអ្នកដទៃឈឺចាប់ ដោយសារតែពាក្យសម្តី ឬសំណេររបស់ពួកគេឡើយ។

ការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ មិនមែនកើតឡើងតែលើជម្លោះបុគ្គលនៅលើបណ្តាញសង្គមនោះទេ អ្នកផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គមអនឡាញខ្លះ ក៏ហាក់ចូលរួមដោយប្រយោលក្នុងការជំរុញបន្ថែមទៀតឱ្យមានការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យដែរ តាមរយៈការផ្តល់ក្បាលមេក្រូឱ្យប្រភពនិយាយដោយមិនខ្វល់ពីក្រមសីលធម៌ ព្រោះតែចង់ឱ្យមានចំនួនអ្នកទស្សនាច្រើន។ ចំណែកការប្រើប្រាស់ភាសាមិនសមរម្យខ្លះទៀត គឺកើតឡើងទៅលើជនអត្ថាធិប្បាយនៅលើបណ្តាញសង្គមតែម្តង។

អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថល លោក ង៉ែត មូសេ លើកឡើងថា ចុងក្រោយនេះ ពាក្យសម្តីស្អប់ខ្ពើមត្រូវបានប្រើប្រាស់ច្រើននៅក្នុងការពិភាក្សានយោបាយ បញ្ហាអយុត្តិធម៌សង្គម បញ្ហាជម្លោះព្រំដែន និងបញ្ហាបន្ទាប់បន្សំដូចជារឿងជម្លោះឯកជនជាដើម។

លោកបន្តថា នៅពេលដែលអ្នកនយោបាយបញ្ចេញនូវការស្អប់ដល់គូប្រជែង អ្នកគាំទ្ររបស់អ្នកនយោបាយទាំងនោះ ក៏ចាប់ផ្តើមប្រើប្រាស់ពាក្យសម្តីស្អប់ខ្ពើមវាយប្រហារគ្នាទៅវិញទៅមក។ ដោយឡែក ភាពអយុត្តិធម៌កើតឡើងក្នុងសង្គម ដែលសាធារណជនមើលឃើញថា ច្បាប់ទំនងជាកាន់ជើងខាងអ្នកមានលុយ មានអំណាច បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានអារម្មណ៍ខឹង និងស្អប់ដល់មន្ត្រីអនុវត្តច្បាប់។ ចំណែកឯមនុស្សនៅលើបណ្តាញសង្គមដែលមានគេស្គាល់ច្រើន ក៏បានប្រើប្រាស់ភាពល្បីល្បាញរបស់ពួកគេ ក្នុងការបង្ហោះមាតិកាជេរប្រមាថដល់ដៃគូជម្លោះក៏មាន។

លោក ង៉ែត មូសេ សង្កេតឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមដែលមានឥរិយាបថបែបនេះភាគច្រើនមានវ័យចាប់ពី ១៥ ឆ្នាំឡើងទៅ។ លោកថា៖ «កាលពីមុន មនុស្សវ័យកណ្តាលចន្លោះអាយុ ២៥-៣៥ ឆ្នាំ មានការប្រើប្រាស់ច្រើន គឺដោយសារពួកគេជាក្រុមអាយុដែលប្រើប្រាស់បណ្តាញសង្គមច្រើនជាងក្រុមអាយុដទៃទៀត។ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំអង្កេតឃើញថា ក្រុមអាយុវ័យក្មេង (អនីតិជនដែលចូលមកប្រើប្រាស់បណ្តាញសង្គមជាមួយមនុស្សពេញវ័យ) និងក្រុមអាយុពី ៥០ ឆ្នាំឡើង ហាក់មានការកើនឡើង។ ការកើនឡើងនៃក្រុមអាយុវ័យក្មេង និងចាស់នេះ គឺដោយសារពួកគេចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គម ដោយមិនមានការណែនាំឱ្យបានត្រឹមត្រូវ»។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកយល់ថា មនុស្សស្រី និងកុមារី គឺជាក្រុមរងគ្រោះច្រើនជាងគេ បន្ទាប់មកក្រុមមនុស្សដែលមានអត្តសញ្ញាណយេនឌ័រចម្រុះ (LGBTQ+) ជាងក្រុមមនុស្សប្រុស។

ប្រភពដដែលរំលឹកដោយភ្ជាប់ពីមេរៀននៅអតីតកាលថា ពាក្យសម្តីស្អប់ខ្ពើម ដែលបង្កប់នូវការចោទប្រកាន់ និងរើសអើង ក៏ជាផ្នែកមួយបណ្តាលឱ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងរបប ប៉ុល ពត ពោលគឺការបែកបាក់សាមគ្គីជាតិ។ លោកនិយាយថា៖ «ដូចយើងឃើញសព្វថ្ងៃ ការខ្វែងគំនិតគ្នាបន្តិចបន្តួច ក៏អាចក្លាយជាការស្អប់ខ្ពើម ជេរប្រមាថ និងពេលខ្លះបង្កឱ្យមានអំពើហិង្សាទៀត»។

លោកពន្យល់ថា រឿងដែលពិបាកទប់ស្កាត់នោះគឺ វេទិកាឌីជីថលទាំងនោះហាក់មិនខ្វល់ខ្វាយក្នុងការបង្កើនការចំណាយរបស់ពួកគេ ដើម្បីទប់ស្កាត់ពាក្យសម្តីស្អប់ខ្ពើមទាំងនោះជាភាសាខ្មែរនោះទេ ដែលធ្វើឱ្យមានអ្នកផលិតមាតិកាវីដេអូជេរប្រមាថ និងរើសអើង បានដោយសេរីនៅលើបណ្តាញសង្គម ជាពិសេសហ្វេសប៊ុក (Facebook)។ លោកបញ្ជាក់ថា រឿងនេះគឺខុសគ្នាទៅនឹងមាតិកាវីដេអូជាភាសាអង់គ្លេស ឬភាសាផ្សេងទៀតដែលមានអ្នកប្រើប្រាស់ច្រើនជាងភាសាខ្មែរ ដែលក្រុមហ៊ុនហ្វេសប៊ុក មេតា (Meta) អាចទប់ស្កាត់បាន។

អ្នកជំនាញទស្សនវិជ្ជា និងអ្នកឃ្លាំមើលសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង ឱ្យដឹងថា ឥឡូវនេះមិនមែនមានត្រឹមតែជនសាមញ្ញដែលប្រើពាក្យជេរប្រទេច បណ្តាសា ពាក្យអសុរោះលើបណ្ដាញសង្គម ជាពិសេសក្នុងរឿងឯកជន ឬជម្លោះបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកចេះដឹង អ្នកនិយាយជាសាធារណៈ អ្នកមានឋានៈតួនាទីធំៗ និងអ្នកនយោបាយមួយចំនួនទៀត។

លោកមើលឃើញថា ពួកគេហាក់បីដូចជាប្រើប្រាស់ពាក្យដៀលត្មិះទាំងអស់នេះទៅវិញទៅមក ដើម្បីលើកតម្កើងខ្លួនឯង និងបង្អាប់អ្នកដទៃ។ ជាទស្សនៈរបស់លោក បញ្ហាទាំងនេះពិតជាពិបាកទប់ស្កាត់ ព្រោះនេះជាសង្គមឌីជីថល ហើយបុគ្គលម្នាក់អាចមានគណនីបណ្ដាញសង្គមរបស់ខ្លួនលើសពីមួយ ប៉ុន្តែបើសិនជាមិនទប់ស្កាត់ទេ មនុស្សនឹងយល់ថា ការជេរប្រទេច ការដៀលត្មិះគ្នា ការបង្កាច់បង្ខូចផ្សេងៗ ជារឿងធម្មតាដែលអាចធ្វើទៅបាន នោះរឿងនឹងរីករាលដាលកាន់តែធំឡើងៗ។

លោកណែនាំថា៖ «បងប្អូនមានសិទ្ធិបញ្ចេញយោបល់ ហើយយោបល់ខ្លះអាចស្របគ្នា យោបល់ខ្លះអាចខ្វែងគំនិតគ្នា ក៏ប៉ុន្តែសូមលើកហេតុលើកផល ហើយធ្វើយ៉ាងម៉េចចៀសវាងជេរប្រទេច បណ្ដាសា ប្រើពាក្យអសុរោះ ព្រោះរឿងខ្លះតូចទេតែបំប៉ោងឱ្យធំដើម្បីបង្អាប់ឬដៀលនរណាម្នាក់»។

លើសពីនេះ លោកបន្ថែមថា៖ «ល្មមហើយដែលយើងត្រូវចេះទប់ ចេះចាប់ហ្វ្រាំង ចេះអត់ធ្មត់ ចេះកំណត់ព្រំដែននៃពាក្យសម្ដីថា ពេលណាគួរប្រើ និងមិនគួរប្រើ និយាយពាក្យណាដែលរក្សាកិត្តិយស សេចក្ដីថ្លៃថ្នូរ ចៀសវាងកុំឱ្យខូចពូជ ខូចអម្បូររបស់យើង»។

និស្សិតឆ្នាំទី៤ នៃជំនាញទូរគមនាគមន៍ លោក សយ ភីសា យល់ឃើញថា ភាគច្រើនអ្នកដែលប្រើប្រាស់ពាក្យមិនសមរម្យលើបណ្ដាញសង្គម គឺចេញពីបុគ្គលដែលមិនអាចគ្រប់គ្រងអារម្មណ៍បានល្អ ឬគិតថាការលាក់អត្តសញ្ញាណនៅលើបណ្ដាញសង្គមអាចធ្វើឱ្យពួកគេនិយាយអ្វីក៏បានដោយមិនគិតពីផលប៉ះពាល់។

លោកថា៖ «ពាក្យមិនសមរម្យទាំងនេះអាចធ្វើឱ្យកុមារ និងយុវជនយកតម្រាប់តាម ប៉ះពាល់ដល់សីលធម៌ ការគោរពគ្នា និងសុខភាពផ្លូវចិត្តរបស់អ្នកដែលត្រូវគេជេរប្រមាថ។ ក្នុងនាមជាយុវជនមួយរូប លោកនឹងមិនចូលរួមជេរតបវិញទេ ប្រសិនបើខ្លឹមសារមានលក្ខណៈបំពាន នោះលោកនឹងរាយការណ៍ (Report) ហើយបើចាំបាច់លោកនឹងបញ្ចេញមតិដោយសុភាពរាបសា ដើម្បីលើកទឹកចិត្តឱ្យមានការគោរពគ្នា»។

អ្នកធ្វើការងារតាមផ្ទះ និងជាអាណាព្យាបាលមួយរូប អ្នកស្រី ហេង សារុំ មានកូន២នាក់ក្នុងបន្ទុក ដោយកូនទីមួយបានរៀនចប់ហើយ និងម្នាក់ទៀតកំពុងរៀននៅឆ្នាំទី២។ អ្នកស្រីសង្កេតឃើញថា នៅពេលមានការផ្សាយផ្ទាល់ករណីឈ្លោះប្រកែកគ្នានៅលើបណ្តាញសង្គម អ្នកចែករំលែក និងអ្នកចូលបញ្ចេញមតិយោបល់ហាក់មានច្រើន ប៉ុន្តែប្រសិនបើការផ្សព្វផ្សាយអំពីព័ត៌មាន ឬការអប់រំនៅក្នុងសង្គម គឺពុំសូវមានអ្នកចូលមើល និងចូលបញ្ចេញមតិយោបល់នោះឡើយ។

អ្នកស្រីបន្តថា៖ «ចឹងហើយអ្នកដែលរកស៊ីចង់បានអ្នកមើល (View) ច្រើន គាត់មើលតាមបណ្ដាញសង្គមឃើញប្រជាជនចូលចិត្តចឹង គាត់បញ្ចេញតែឃ្លីបដែលអត់ល្អមក ពេលខ្លះក៏ការពិត ពេលខ្លះក៏អត់ បណ្ដាញសង្គមយើងមិនអាចជឿបាន ១០០% បានទេ យើងជឿតែ ៥០% ទៅបានហើយ ពេលខ្លះពួកគាត់អត់ដឹង អត់យល់ ចឹងចេះតែនាំគ្នាស៊ែរ (ចែករំលែក)»។

រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ៤១ ចែងថា៖ «ប្រជាពលរដ្ឋខ្មែរមានសេរីភាព នៃការបញ្ចេញមតិ នៃគំនិតរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3368}" data-page="1" data-max-pages="1" data-start="1" data-end="1">