ប្រមុខការទូតកម្ពុជានឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន៥ថ្ងៃនៅប្រទេសហ្វីលីពីន

ទំនាក់ទំនងអន្តរជាតិ

(រដ្ឋមន្រ្តីការបរទេស លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា។ រូបភាព៖ ក្រសួងការបរទេសនៅថ្ងៃទី៨ ខែកក្កដា​ ឆ្នាំ២០២៦)

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឱ្យដឹងថា ដំណើរបេសកកម្មនេះ គឺតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន អ្នកស្រី ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងធ្វើឡើង ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» ដែលផ្តល់នូវវេទិកាដ៏សំខាន់មួយ ដើម្បីពិភាក្សា និងតាមដានលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨។ 

សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា កិច្ចប្រជុំ ក៏នឹងផ្តល់ឱកាសដល់អាស៊ាន និងដៃគូខាងក្រៅ ផ្លាស់ប្តូរទស្សនៈអំពីការវិវត្តក្នុងតំបន់ និងអន្តរជាតិ ក្នុងបរិបទនៃការកើនឡើងទិដ្ឋភាពភូមិសាស្ត្រនយោបាយដែលកាន់តែស្មុគស្មាញ និងវិវត្តយ៉ាងឆាប់រហ័ស។

ក្រៅពីកិច្ចប្រជុំខាងលើនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងចូលរួមការប្រារព្ធខួបលើកទី៥០ នៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ 
ក្រសួងការបរទេសលើកឡើងថា ព្រឹត្តិការណ៍នេះ គឺជាខួបគម្រប់ប្រាំទសវត្សរ៍ នៃសន្ធិសញ្ញា ដែលបានដើរតួនាទីជាមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាពក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការដែលផ្អែកលើច្បាប់ ដោយគូសបញ្ជាក់ឡើងវិញនូវគោលការណ៍ដ៏យូរអង្វែងរបស់អាស៊ាន ក្នុងទិដ្ឋភាពតំបន់ និងពិភពលោកដែលកំពុងបន្តវិវត្ត។ 

លើសពីនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏ចូលរួមកិច្ចប្រជុំផ្សេងទៀតក្រោមក្របខ័ណ្ឌមេគង្គ និងសន្និសីទលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសអាស៊ីបូព៌ា សម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីនហើយមានជំនួបទ្វេភាគីជាមួយសមភាគីនានា ដើម្បីជំរុញ និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។

កាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាអ្នកស្រី Flerida Ann Camille P. Mayo បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា និងមានជំនួបសម្ដែងការគួរសម ជាមួយប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងជំនួបនេះ អ្នកស្រីបានរំលេចថា ក្នុងឋានៈហ្វីលីពីនជាប្រធានអាស៊ាន នឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញនូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ឱ្យប្រព្រឹត្តទៅដោយលទ្ធផលផ្លែផ្កា៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3244}" data-page="1" data-max-pages="1" data-start="1" data-end="1">