ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យស្ថាប័នរដ្ឋាភិបាលស្វែងរកមធ្យោបាយ ដើម្បីជំរុញឱ្យថៃដោះលែងកងទ័ពខ្មែរទាំង១៨រូប ដែលថៃបានចាប់ឃុំខ្លួនក្នុងរយៈពេល៤១ថ្ងៃ គិតត្រឹមថ្ងៃទី០៨កញ្ញា។
ក្រសួងការបរទេសតាមរយៈសេចក្តីប្រកាសនៅយប់ថ្ងៃទី០៧ ខែកញ្ញា បានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដោយផ្ទាល់ដល់ស្ថាប័នរដ្ឋពាក់ព័ន្ធទាំងអស់ជួយរកវិធីសាស្ត្រយ៉ាងណា ដើម្បីធានាថាកងទ័ពខ្មែរទាំង១៨រូបដែលថៃបានចាប់ឃុំខ្លួនកាលថ្ងៃទី២៩ ខែកក្កដា ត្រូវបានដោះលែង និងធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព។ លោកណែនាំដូច្នេះ ដោយថា សុខុមាលភាពរបស់កងទ័ពទាំងនោះជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិ ហើយក៏ជាកង្វល់របស់រដ្ឋាភិបាលដែលត្រូវដោះស្រាយជាបន្ទាន់។
សេចក្តីប្រកាសបញ្ជាក់ថា៖«សម្តេចធិបតីបានណែនាំដោយផ្ទាល់ដល់ស្ថាប័នរបស់រាជរដ្ឋាភិបាល ក្នុងការរិះរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន តាមទ្វេភាគីតំបន់ និងអន្តរជាតិ ដើម្បីធានានូវការវិលត្រឡប់មកវិញយ៉ាងឆាប់រហ័សនៃកងទ័ពទាំងនោះ»។
ប្រភពដដែលបន្តថា ក្រសួងការបរទេស ក្រសួងការពារជាតិ រួមនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បានព្យាយាមរិះរកមធ្យោបាយ ដោយសហការជាមួយអង្គការអន្តរជាតិនានា រួមទាំងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិផង ដើម្បីធ្វើយ៉ាងណាឱ្យថៃដោះលែងកងទ័ពខ្មែរទាំង១៨រូប និងបញ្ឈប់ការរំលោភលើដែនអធិបតេយ្យកម្ពុជា។
ក្រសួងការបរទេសគូសបញ្ជាក់ថា៖«អាទិភាពបន្ទាន់របស់កម្ពុជា គឺច្បាស់លាស់ណាស់៖ អ្នកទោសសង្គ្រាមត្រូវផ្តល់សិទ្ធិក្នុងការចូលជួប ត្រួតពិនិត្យនិងធ្វើមាតុភូមិនិវត្តន៍ ជនស៊ីវិលត្រូវបានការពារពីការផ្លាស់ទីដោយបង្ខំ ការរឹបអូសដីធ្លីដោយខុសច្បាប់និងការធ្វើយោធូបនីយកម្មលើផ្ទះសម្បែងរបស់ពួកគេ សកម្មភាពប្រយុទ្ធត្រូវអនុវត្តតាមច្បាប់អន្តរជាតិ ដោយត្រូវបញ្ឈប់ការវាយប្រហារដោយមិនរើសមុខ ការរក្សានូវសម្បត្តិបេតិកភណ្ឌវប្បធម៌ និងការហាមឃាត់ការប្រើអាវុធខុសច្បាប់»។
បើតាមក្រសួងការបរទេស គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបានទទួលស្គាល់ថា កងទ័ពខ្មែរទាំង ១៨រូបជាអ្នកទោសសង្គ្រាម ហើយក៏បានអះអាងថានឹងធ្វើដំណើរទស្សនកិច្ចតាមដាននៅដើមខែកញ្ញា ដើម្បីផ្ទៀងផ្ទាត់លក្ខខណ្ឌ និងធានានូវការទាក់ទងជាមួយក្រុមគ្រួសារ។
អាជ្ញាធរកម្ពុជាបានឱ្យដឹងកាលពីពេលកន្លងទៅថា ទាហានខ្មែរចំនួន ២១រូបត្រូវបានទាហានថៃភ្ជង់ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ពោលគឺក្រោយបទឈប់បាញ់ចូលជាធរមានបានរយៈពេលប្រមាណ៨ម៉ោង។ រំលងបាន២ថ្ងៃ គឺនៅថ្ងៃទី៣១ ខែកក្កដា ថៃបានបញ្ជូនសាកសពទាហានខ្មែរមួយរូបមកឱ្យកម្ពុជាវិញ។ ស្អែកឡើង គឺនៅថ្ងៃទី១ ខែសីហា ទាហាន ថៃក៏បានបញ្ជូនកងទ័ពខ្មែរចំនួន២នាក់បន្ថែមទៀតតាមរយៈរថយន្តសង្គ្រោះបន្ទាន់ ដោយកងកម្លាំងខ្មែរម្នាក់មានរបួសដៃ និងម្នាក់ទៀតមានបាត់បង់ស្មារតី៕







