អាជ្ញាធរភ្នំពេញហៅមេសហជីព៥ស្ថាប័នទៅប្រជុំករណីរៀបចំទិវាពលកម្មអន្តរជាតិ១ឧសភា
អាជ្ញាធររាជធានីភ្នំពេញកោះហៅប្រធានសហជីព និងសមាគមក្រៅរដ្ឋាភិបាលចំនួន ៥ស្ថាប័នឱ្យចូលប្រជុំនៅសាលាក្រុង ក្រោយមេដឹកនាំសហជីពទាំងនេះ រួមនិងអង្គការសមាគមសរុបជាង៣០ស្ថាប័ន បានជួបជុំគ្នាដាក់ញត្តិនៅតាមស្ថានទូត និងក្រសួងការងារ នៅថ្ងៃទិវាពលកម្មអន្តរជាតិលើកទី១៤០ កាលពីថ្ងៃទី០១ឧសភា។ ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ថ្លែងថា អាជ្ញាធររាជធានីភ្នំពេញបានផ្ញើលិខិតអញ្ជើញគាត់ និងមេដឹកនាំសហជីព ប្រធានសមាគមក្រៅរដ្ឋាភិបាលសរុបចំនួន ៥ស្ថាប័ន ឱ្យចូលប្រជុំនៅថ្ងៃទី១៩ ខែឧសភា ជុំវិញការរៀបចំទិវាពលកម្មអន្តរជាតិ ១ឧសភា។ យ៉ាងណាក្ដី អ្នកស្រីថា ពួកគាត់បានស្នើសុំលើកពេលទៅខែមិថុនាខាងមុខ ដោយសារបច្ចុប្បន្នមមារញឹកការងារ។ ក្រៅពីគាត់ អ្នកស្រី សោភ័ណ្ឌ ប្រាប់ថាអ្នកដែលត្រូវអញ្ជើញឱ្យចូលប្រជុំផ្សេងទៀតរួមមាន អនុប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន ពៅ ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្ម អ្នកស្រី អ៊ូ ទេពផល្លីន និងប្រធានសហជីពទ្រទ្រង់សិទ្ធិកម្មករ កញ្ញា ឈឹម សុីថរ។ អ្នកស្រីអះអាងថា មិនបានដឹងពីគោលបំណងនៃការកោះហៅប្រជុំនេះឡើយ គ្រាន់តែដឹងថាការប្រជុំនេះពាក់ព័ន្ធនឹងការដើរដាក់ញត្តិ កាលពីខួបលើកទី១៤០នៃទិវាពលកម្មអន្តជាតិ១ឧសភា។ អ្នកស្រី៖«យើងអត់ដឹងថា គោលបំណងដែលគាត់ហៅយើងហ្នឹងក្នុងគោលបំណងបែបណា? យើងអត់ដឹងទេ។ ប៉ុន្តែបើយើងមើលតាមលិខិតរបស់ពួកគាត់ដែលបានផ្ញើមកកាន់ពួកយើង ដូចជាគាត់ហៅភាគីច្រើនមែនទែនរបស់រដ្ឋាភិបាលចូលរួម[...]អ្នកចូលរួមខាងគាត់ហ្នឹងមានរហូតដល់ជាង១០នាក់។ លើកលែងតែខាងពួកខ្ញុំទេ ដែលមាន៥នាក់»។ លិខិតអញ្ជើញចុះថ្ងៃទី១៣ឧសភា របស់រដ្ឋបាលរាជធានីភ្នំពេញគ្រោងប្រជុំករណីក្រុមអង្គការសមាគម ជុំវិញការប្រមូលផ្តុំគ្នាដាក់ញត្តិកាលពីថ្ងៃទី១ ខែឧសភាកន្លងទៅ។ ប្រភពដដែលបង្ហាញថា សមាសភាពអ្នកចូលរួមប្រជុំដែលគ្រោងទុកមានចំនួន ២១នាក់។ ក្នុងនោះក្រុមសហជីពមានចំនួន៥នាក់ ហើយអាជ្ញាធរ និងមន្ត្រីរដ្ឋាភិបាលមានចំនួន១៦នាក់ ដែលមកពីក្រសួងការងារ ស្នងការនគរបាលក្រុង កងរាជអាវុធហត្ថ មន្ត្រីផ្នែកសុវត្ថិភាពចរាចរណ៍ រួមនិងមន្ត្រីផ្នែកផ្សេងៗទៀត។ ងាកមក អ្នកស្រី យ៉ាង សោភ័ណ្ឌ វិញបានអះអាងថា ពួកគាត់មិនមានក្តីបារម្ភនឹងការកោះហៅនេះឡើយ ដោយសំអាងថាពួកគាត់ធ្វើស្របតាមច្បាប់។ ប៉ុន្តែអ្នកស្រីលើកទឹកចិត្តឱ្យអាជ្ញាធរលើកហេតុផល ឬកំហុសឆ្គងរបស់ពួកគាត់មកជជែកជាសាធារណៈ បើសិនជារកឃើញ។ អ្នកស្រីថា៖«ពួកខ្ញុំអត់មានក្តីបារម្ភអីទេ ឱ្យតែអាជ្ញាធរធ្វើការងារផ្អែកលើការយកច្បាប់ជាគោល[..]ដោយសារអ្វីដែលពួកខ្ញុំបានធ្វើនេះ គឺយើងធ្វើការងារដោយផ្អែកទៅលើវិជ្ជាជីវៈរបស់យើង ហើយយើងយល់ថាជាភាពត្រឹមត្រូវ»។ អនុប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ លើកឡើងថា ការកោះហៅនេះមិនបានបញ្ជាក់ពីមូលហេតុជាក់លាក់នៅឡើយ។ យ៉ាងណាលោកថា ការដើរដាក់ញត្តិរបស់ក្រុមសហជីព និងអង្គការសង្គមស៊ីវិលកាលពីថ្ងៃ១ឧសភា ជាការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលស្របនឹងច្បាប់។ លោកមានប្រសាសន៍ថា៖«ជាលំហសេរីភាពដែលយើងអាចដាក់ញត្តិទៅអាជ្ញាធរដ្ឋ នៅពេលដែលយើងចង់រៀបចំអុីចឹង។ ប៉ុន្តែបើរឿងនៅពីក្រោយហ្នឹងថា គេអាចនឹងមិនសប្បាយចិត្តរឿងអីមួយ ហើ់យ[ហៅទៅ]ដើម្បីស្តីបន្ទោស ឬថាយ៉ាងម៉េចគឺយើងមិនដឹងទេ»។ ប្រជាកាសែតមិនអាចទាក់ទងសុំការបំភ្លឺពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ អ្នកស្រី ដោ សម្ផស្ស និងអភិបាលរងរាជធានីភ្នំពេញ លោក សុខ ពេញវុធ ជុំវិញគោលបំណងនៃកិច្ចប្រជុំបាននៅឡើយ។ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរមិនគួរលើកបញ្ហានោះមកជជែកទៀតឡើយ ព្រោះទិវាពលកម្មអន្តរជាតិបានកន្លងទៅច្រើនថ្ងៃ ដោយកាលនោះអាជ្ញាធរ និងតំណាងសង្គមសុីវិល ក៏បានចរចាគ្នាចប់ដែរ។ ម្យ៉ាងទៀតលោកថា ក្រុមអង្គការសង្គមសុីវិលក៏មិនបានបង្កបទល្មើសណាមួយដែលប៉ះពាល់ដល់សង្គមដែរ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែទាមទារលក្ខខណ្ឌការងារសមរម្យឱ្យកម្មករ ដូចដែលប្រទេសផ្សេងៗប្រារព្ធនៅថ្ងៃទិវាពលកម្មអន្តរជាតិដែរ។ លោកថ្លែងថា៖«វាមិនមែនជាបទល្មើសដែរ ពីព្រោះគាត់បានដើរដាក់ញត្តិដោយសន្តិវិធី ហើយចំនឹងថ្ងៃ១ឧសភាហ្នឹងតែម្តង។ វាមិនមានបង្កជាបទល្មើសឱ្យកើតឡើងទេ។ វាជាការដាក់ញត្តិ ដើម្បីទាមទារលក្ខខណ្ឌការងារល្អប្រសើរតែប៉ុណ្ណោះ»។ ទិវាពលកម្មអន្តរជាតិលើកទី១៤០ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ថ្មីៗនេះ ក្រុមអង្គការសង្គមស៊ីវិល បានជ្រើសយកការដើរដាក់ញត្តិនៅស្ថានទូតធំៗចំនួន៤ប្រចាំនៅកម្ពុជា រួមនិងក្រសួងការងារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង ដើម្បីជំរុញឱ្យមានការគោរពសិទ្ធិកម្មករនិយោជិតនៅកន្លែងធ្វើការ។ កាលនៅមានការចូលរួមពី អង្គការសង្គមសុីវិល សហជីព រួមនិងកម្មករសរុបប្រមាណ២០០នាក់ដែលមកពីជាង៣០ស្ថាប័នផ្សេងគ្នា។ ការប្រារព្ធទិវានេះហាក់មិនរលូនឡើយ ដោយសារតែមានការរារាំងពីអាជ្ញាធរ៕
១៩ ឧសភា ២០២៦

សាំងឡើងថ្លៃ ទាញទម្លាក់ចំណូលអ្នកដឹកជញ្ជូនម្ហូបអាហារ
តម្លៃសាំងឡើងថ្លៃដល់ជាង៥០០០រៀលក្នុងមួយលីត្រ ហាក់ដូចជាខ្សែទាញទម្លាក់ចំណូលអ្នកប្រកបរបរដឹកម្ហូបអាហារឱ្យធ្លាក់ចុះប្រមាណជិតពាក់កណ្ដាល។ អ្នកធ្វើការផ្នែកដឹកជញ្ជូនអាហារប្រាប់ថា ពួកគាត់ត្រូវចំណាយលើថ្លៃសាំងច្រើនជាងមុន និងត្រូវបង្ខំចិត្តធ្វើការលើសម៉ោងផង ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាព។
១៧ មីនា ២០២៦

អ្នករត់កង់បីបារម្ភបញ្ហាជីវភាព ក្រោយតម្លៃហ្គាសហក់ឡើងថ្លៃ
អ្នកប្រកបរបររត់កង់បីកំពុងត្អូញត្អែរពីការហក់ឡើងខ្លាំងនៃតម្លៃហ្គាសដែលមិនធ្លាប់មាននៅមួយរយៈចុងក្រោយនេះ ដោយហក់ឡើងជាបន្តបន្ទាប់ពីតម្លៃ១៩០០រៀលក្នុងមួយលីត្រ ទៅតម្លៃ២៦០០រៀលក្នុងមួួយលីត្រ។ ការត្អូញត្អែរនេះធ្វើឡើង ក្រោយតម្លៃហ្គាសបានហក់ឡើងបន្ថែមចំនួន៧០០រៀលក្នុងមួយលីត្រ ប៉ុន្តែក្រុមហ៊ុនដឹកជញ្ជូនដែលពួកគាត់ប្រើប្រាស់ជាច្រើនមិនទាន់បានដំឡើងតម្លៃឱ្យពួកគាត់នៅឡើយ។

រោងចក្រមួយនៅភ្នំពេញព្រមទទួលកម្មករចូលធ្វើការវិញ បន្ទាប់ពីកម្មករតវ៉ាបិទផ្លូវ
ក្រោយកម្មកររាប់រយនាក់បានប្រមូលផ្តុំគ្នារតវ៉ាបិទផ្លូវជាតិលេខ៣នៅថ្ងៃទី១១ ខែមីនា រោងចក្រកាត់ដេរមួយកន្លែងឈ្មោះ ហេន ៧ ហ្គាម៉ិន ដែលស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រកាសទទួលកម្មករជាង១២០នាក់ឱ្យចូលធ្វើការវិញ។ ប៉ុន្តែក្រុមកម្មករអះអាងថាពួកគេមិនព្រមចូលធ្វើការទេ បើភាគីរោងចក្រមិនចេញកិច្ចសន្យាព្រមទទួលកម្មករឱ្យចូលធ្វើការវិញ ជាលាយលក្ខណ៍អក្សរ។ តំណាងកម្មករតវ៉ានៅរោងចក្រ ហេន សេវិន ហ្គាម៉ិន លោក គង់ ភាវី ប្រាប់ប្រជាកាសែតនៅព្រឹកថ្ងៃទី១២ ខែមីនាថា ថៅកែក្រុមហ៊ុនបានប្រកាសទទួលយកកម្មករប្រមាណ ១២៣នាក់ ដែលក្រុមហ៊ុនគ្រោងបញ្ចប់កិច្ចសន្យាការងារ ឱ្យចូលធ្វើការវិញ។ ទោះជាយ៉ាងណា លោកថាកម្មករប្រមាណ៣០០ ទៅ៤០០នាក់ នៅមិនទាន់ចូលធ្វើការវិញនៅឡើយគិតត្រឹមព្រឹកថ្ងៃទី១២ ខែមីនា ដោយពួកគេរង់ចាំឱ្យភាគីរោងចក្រចេញលិខិតបញ្ជាក់ជំហរត្រឹមត្រូវ ដើម្បីធានាថាថៅកែក្រុមហ៊ុននឹងមិនបញ្ឈប់កម្មករណាម្នាក់ ក្រោយពួកគេព្រមចូលធ្វើការវិញ។ លោកថា៖«ខាងថៅកែរោងចក្រគេបញ្ជាក់ថាលែងបញ្ឈប់ហើយ គេនិយាយជាមួយក្រសួង។ ប៉ុន្តែយើងចង់បានក្រដាស ហើយមានផ្តិតមេដៃត្រឹមត្រូវពីក្រសួង និងថៅកែរោងចក្រ ដើម្បីបញ្ជាក់ថាពិតជាមិនមានការបញ្ឈប់មែន»។ ការយល់ព្រមទទួលកម្មករឱ្យចូលធ្វើការវិញពីសំណាក់ភាគីរោងចក្រនេះ ធ្វើឡើង ក្រោយកម្មករក្នុងរោងចក្ររាប់រយនាក់បានផ្ទុះការតវ៉ា រហូតមានការបិទផ្លូវជាតិលេខ៣នៅថ្ងៃទី១១ ខែមីនា ជុំវិញករណីថៅកែក្រុមហ៊ុនជូនដំណឹងពីការបញ្ចប់កិច្ចសន្យាការងាររបស់កម្មករប្រមាណ ១២៣នាក់ ដោយអះអាងថារោងចក្របង្រួមអគារ និងគ្មានការបញ្ជាទិញ។ ក្រុមកម្មករបានប្រាប់ថា ភាគីក្រុមហ៊ុនមិនមានបំណងផ្តល់ប្រាក់អតីតភាពស្របតាមច្បាប់ដល់ពួកគេ។ តំណាងកម្មករម្នាក់ទៀត លោក ហាន រ៉ាវី ឱ្យដឹងថា កម្មករមិនទាន់យល់ព្រមចូលធ្វើការវិញនៅឡើយ ដោយបារម្ភខ្លាចក្រុមហ៊ុនបញ្ឈប់ពួកគាត់នៅថ្ងៃក្រោយបន្តទៀត។ លោកបន្តថា ពួកគាត់ត្រូវការលិខិតធានាច្បាស់លាស់ពីថៅកែរោងចក្រ។ លោកថា៖«ឥឡូវគេឱ្យពួកគាត់ធ្វើការបន្តទាំងអស់គ្នា អត់មានការបញ្ឈប់ទេ! តែឥឡូវពួកគាត់អត់ទាន់ព្រមទេ។ ពួកគាត់ខ្លាចឱ្យចូលធ្វើការថ្ងៃហ្នឹង តែថ្ងៃក្រោយបញ្ឈប់ទៀត»។ តំណាងកម្មករដដែលឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១២ ខែមីនា ក្រសួងការងារ តំណាងកម្មករ និងភាគីរោងចក្រកំពុងជួបប្រជុំគ្នា។ លោកស្មើឱ្យក្រសួងការងារជួយសម្របសម្រួលជាមួយថៅកែរោងចក្រ ដើម្បីទទួលកម្មករចូលធ្វើការវិញដោយត្រឹមត្រូវ។ ប្រជាកាសែតមិនទាន់អាចទាក់ទងសុំការធិប្បាយលម្អិតពីភាគីរោងចក្រ ហេន ៧ ហ្គាម៉ិនបាននៅឡើយ។ ចំណែកឯលោក ស៊ុន មេសា បានបញ្ជាក់កាលពីព្រឹកថ្ងៃទី១២ ខែមីនា នៅលើទំព័រហ្វេសប៊ុកថា នៅព្រឹកថ្ងៃទី១២ ខែមីនា កម្មករនិយោជិតបានចូលធ្វើការវិញហើយ ក្រោយពីក្រសួងការងារបានដោះស្រាយបញ្ចប់ការទាមទាររបស់ពួកគាត់។ លោកថា៖«បងប្អូនកម្មករ-កម្មការិនី នៃរោងចក្រ ហេន ៧ ហ្គាម៉ិន បានចូលបម្រើការងារជាធម្មតាវិញហើយ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានដោះស្រាយករណីទាមទាររបស់ពួកគាត់ចប់សព្វគ្រប់ និងយ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ខ្ពស់»។ ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា លោក មឿន តុលា មានប្រសាសន៍ថា ការស្នើសុំឱ្យចៅកែរោងចក្រចេញលិខិតបញ្ជាក់ស្តីពីការមិនបញ្ចប់កិច្ចសន្យាការងារកម្មករ គឺជារឿងចាំបាច់ ព្រោះក្រុមកម្មករបារម្ភពីអនាគតការងាររបស់ពួកគេ ប្រសិនបើថៅកែក្រុមហ៊ុនសន្យាតែមាត់។ លោកថ្លែងថា៖«បើសិនជាថៅកែព្រមទទួលយកកម្មករចូលធ្វើការវិញធម្មតា ហើយគិតប្រាក់ឈ្មួលធម្មតាមកវិញ គឺត្រូវតែចេញជាលាយលក្ខណ៍អក្សរត្រឹមត្រូវ។ ហើយចំណុចមួយទៀត គឺត្រូវតែធានាថាកុំឱ្យមានការគុំគួន សម្រាប់កម្មករដែលតវ៉ា»។ ច្បាប់ស្តីពីការងារមាត្រា៧៣ ត្រង់កថាខណ្ឌទី៥ ចែងថា កិច្ចសន្យាការងារដែលមានកំណត់ថិរវេលាលើសពីប្រាំមួយខែ កម្មករនិយោជិតត្រូវបានគេជូនដំណឹងជាមុន ចំនួន១០ថ្ងៃអំពីការផុតរលត់នៃកិច្ចសន្យា ឬការមិនបន្តឡើងវិញនៃកិច្ចសន្យា។ ចំណែកកិច្ចសន្យាដែលមានថិរវេលាលើសពីមួយឆ្នាំ ត្រូវកំណត់ឱ្យជូនដំណឹងមុន១៥ថ្ងៃ។ បើគ្មានការជូនដំណឹងមុនទេ កិច្ចសន្យា ត្រូវបន្តក្នុងថិរវេលាស្មើនឹងថិរវេលាដែលបានចុះកិច្ចសន្យាគ្រាដំបូង។ រីឯកថាខណ្ឌទី៦ចែងថា នៅពេលបញ្ចប់កិច្ចសន្យា និយោកជកត្រូវផ្តល់អោយកម្មករនិយោជិតនូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យា នោះដែលសមាមាត្រនឹងប្រាក់ឈ្នួលផង សមាមាត្រនឹងថិរវេលានៃកិច្ចសន្យាផង ហើយដែលចំនួនប្រាក់បំណាច់ នេះមានកំណត់ក្នុងអនុសញ្ញារួម។ បើគ្មានកំណត់ក្នុងអនុសញ្ញារួមទេ ប្រាក់បំណាច់នេះយ៉ាងតិចត្រូវស្មើ៥ភាគរយ នៃប្រាក់ឈ្នួលដែលកម្មករនិយោជិតបានបើកនៅក្នុងរយៈពេលនៃកិច្ចសន្យា៕

មនុស្សជាង៥០០នាក់ប្រារព្ធទិវានារីអន្តរជាតិដើម្បីសិទ្ធិសេរីភាព
សូមអញ្ជើញលោកអ្នកស្ដាប់កង្វល់របស់កម្មករនិយោជិតវិស័យនានា តាមរយៈសេចក្ដីរាយការណ៍ ដោយ លោក ប៉ា តុងចិន។

ជម្លោះនៅមជ្ឃិមបូព៌ា ផ្ដើមប៉ះពាល់ដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធនិងវិស័យទេសចរណ៍កម្ពុជា
ជម្លោះនៅមជ្ឃិមបូព៌ាដែលកងទ័ពសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ឺរង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យអាកាសចរនៅជុំវិញពិភពលោក។ ក្នុងនោះចំនួនជើងហោះហើរមកកាន់កម្ពុជាក៏រងផលប៉ះពាល់ដោយជើងហោះហើរខ្លះត្រូវបានផ្អាក ឬលុបចោលហើយកត្តានេះធ្វើឲ្យចំនួនភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកកម្ពុជាក៏បានធ្លាក់ចុះដែរ។ ការណ៍នេះ ធ្វើឲ្យអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍បាត់បង់ចំណូល។

បទពិសោធន៍ជូរចត់ ករណីពលរដ្ឋខ្មែរចាញ់បោកតាមអនឡាញ
កម្ពុជាជាប្រទេសមួយដែលប្រលូកប្រលាក់កេរ្តិ៍ឈ្មោះមិនល្អ ដោយសារក្រុមឆបោកអនឡាញដែលដឹកនាំដោយជនបរទេសយកកម្ពុជាជាទីតាំងដើម្បីបោកប្រាស់អនឡាញ។ ហេតុនេះហើយទើបមានមតិមួយចំនួនលើកឡើងថា អ្នកចាញ់បោកក្រុមឧក្រិដ្ឋជនអនឡាញ ជាជនបរទេសប៉ុណ្ណោះ។ ប៉ុន្តែរឿងមួយដែលគេមិនសូវចាប់អារម្មណ៍នោះគឺ មានពលរដ្ឋខ្មែរមិនតិចទេ ដែលរងគ្រោះដោយសារការឆបោកតាមអនឡាញ។ទម្រង់ឆបោកលុយនេះមានលក្ខណៈជាប្រព័ន្ធ ដោយបង្កឡើងពីក្រុមជនឆបោកជាពលរដ្ឋខ្មែរ ដែលបានបោកលុយជនរងគ្រោះជាខ្មែរដូចគ្នា ក្នុងទំហំទឹកប្រាក់មិនតិចឡើយបើធៀបនឹងចំណូលរបស់រាស្ត្រខ្មែរ។

អ្នកជំនាញ៖ ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននឹងធ្លាក់បន្ទាប់ពីអ្នកកាសែតជាច្រើននាក់ជាប់ពន្ធនាគារ
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) លោក ណុប វី បានបង្ហាញពីក្តីបារម្ភខ្លាំងជុំវិញលំហសេរីភាពសារព័ត៌មាននៅកម្ពុជា ដោយសារមានការចាប់ខ្លួនអ្នកសារព័ត៌មានជាបន្តបន្ទាប់នៅដើមឆ្នាំ២០២៦។ បើតាមការកត់ត្រា លោកថាក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មានអ្នកសារព័ត៌មានចំនួន ៦នាក់ត្រូវចាប់ខ្លួន ក្រោយចុះផ្សាយពីបញ្ហាការឆបោកតាមប្រព័ន្ធអនឡាញ និងជម្លោះព្រំដេនកម្ពុជា-ថៃ។ មិនតែប៉ុណ្ណោះ លោកថាអ្នកសារព័ត៌មាន២នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ។ ដើម្បីជ្រាបច្បាស់ សូមស្តាប់បទសម្ភាសរវាងប្រជាកាសែត និងលោក ណុប វី ដូចតទៅ៖

ទង្វើឈ្លានពានថៃក្រោមក្រសែភ្នែកវិចិត្រករខ្មែរ
វិចិត្រករមួយចំនួនស្ម័គ្រចិត្តគូរគំនូរឆ្លុះបញ្ចាំងពីការឈ្លានពានរបស់ថៃ ដែលបានសម្លាប់ជីវិតពលរដ្ឋខ្មែរ បំផ្លាញផ្ទះសម្បែងទ្រព្យសម្បត្តិ បង្ខំឱ្យពលរដ្ឋរាប់ម៉ឺននាក់រត់ចោលផ្ទះសម្បែង បន្សល់នូវទុក្ខលំបាកជាច្រើនចំពោះប្រជាពលរដ្ឋខ្មែរ។ មិនតែប៉ុណ្ណោះហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតរបស់កម្ពុជាក៏ត្រូវរងការបំផ្លិចបំផ្លាញ។ វិចិត្រករបានគូរ គំនូរបែបវិចិត្រកម្មនៅមុខវត្តបទុមវត្តី ក្នុងរាជធានីភ្នំពេញ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៦តទៅ៕

រដ្ឋាភិបាលនឹងសង់ផ្ទះ៣០០០ខ្នងជូនពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបណ្ដាលមកពីថៃឈ្លានពាន
រដ្ឋាភិបាលនឹងសង់ផ្ទះប្រមាណ៣០០០ខ្នងដើម្បីផ្ដល់ជូនពលរដ្ឋដែលថៃព័ន្ធយកផ្ទះសម្បែង និងអ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារជម្លោះព្រំដែន។ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានឱ្យដឹងថារដ្ឋាភិបាលតាមរយៈគ្រប់គ្រងគ្រោះមហន្តរាយកំពុងដំណើរការសាងសង់ផ្ទះបណ្តោះអាសន្នសរុបប្រមាណ៣០០០ខ្នងជូនពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ។លោកថា គិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយបានបើកការដំណើរការសាងសង់ក្នុងខេត្តចំនួន២ គឺខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ៕

អាជ្ញាធរត្រូវកម្ចាត់ឱ្យដល់ឫសគល់នៃបទល្មើសអនឡាញដើម្បីកម្ពុជាស្អាតស្អំឡើងវិញ
ប្រមុខរាជរដ្ឋាភិបាលបានប្រកាសចាត់វិធានការ បោសសម្អាតបទល្មើសឆបោកតាមអនឡាញឱ្យអស់ត្រឹមខែមេសាឆ្នាំ២០២៦។ នាយកគ្រប់គ្រងអង្គការលីកាដូ លោក អំ សំអាត លើកទឹកចិត្តឱ្យអាជ្ញាធរធ្វើកិច្ចការទាំងអស់នេះឱ្យមានប្រសិទ្ធិភាព ដើម្បីធានាថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសស្អាតស្អំឡើងវិញ។

មូសកើតច្រើនបង្កឱ្យពលរដ្ឋនៅភ្នំពេញបារម្ភពីសុខភាពរបស់កុមារតូចៗ
ប្រជាពលរដ្ឋត្អូញត្អែរថា មួយរយៈពេលចុងក្រោយនេះ សត្វមូសបានកើតច្រើនខ្លាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ តំបន់ដែលមូសអុកឡុកជីវភាពរស់នៅរបស់ពលរដ្ឋ រួមមានតំបន់មានប្រឡាយទឹក និងជិតកន្លែងគរសំរាមជាដើម។ នៅទីតាំងខ្លះចាប់ពីម៉ោង៥ល្ងាចតទៅ ពលរដ្ឋអះអាងថា ពួកគាត់ស្ទើតែមិនអាចអង្គុយមុខផ្ទះ ឬនៅក្នុងផ្ទះដោយមិនដាក់មុងបាននោះទេ។ ការណ៍នេះធ្វើឱ្យពលរដ្ឋបារម្ភខ្លាំងពីការផ្ទុះឡើងនៃជំងឺគ្រុនឈាម ជាពិសេសសុខភាពកុមារតូចៗ ។













