អាជ្ញាធររាជធានីភ្នំពេញកោះហៅប្រធានសហជីព និងសមាគមក្រៅរដ្ឋាភិបាលចំនួន ៥ស្ថាប័នឱ្យចូលប្រជុំនៅសាលាក្រុង ក្រោយមេដឹកនាំសហជីពទាំងនេះ រួមនិងអង្គការសមាគមសរុបជាង៣០ស្ថាប័ន បានជួបជុំគ្នាដាក់ញត្តិនៅតាមស្ថានទូត និងក្រសួងការងារ នៅថ្ងៃទិវាពលកម្មអន្តរជាតិលើកទី១៤០ កាលពីថ្ងៃទី០១ឧសភា។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ថ្លែងថា អាជ្ញាធររាជធានីភ្នំពេញបានផ្ញើលិខិតអញ្ជើញគាត់ និងមេដឹកនាំសហជីព ប្រធានសមាគមក្រៅរដ្ឋាភិបាលសរុបចំនួន ៥ស្ថាប័ន ឱ្យចូលប្រជុំនៅថ្ងៃទី១៩ ខែឧសភា ជុំវិញការរៀបចំទិវាពលកម្មអន្តរជាតិ ១ឧសភា។ យ៉ាងណាក្ដី អ្នកស្រីថា ពួកគាត់បានស្នើសុំលើកពេលទៅខែមិថុនាខាងមុខ ដោយសារបច្ចុប្បន្នមមារញឹកការងារ។
ក្រៅពីគាត់ អ្នកស្រី សោភ័ណ្ឌ ប្រាប់ថាអ្នកដែលត្រូវអញ្ជើញឱ្យចូលប្រជុំផ្សេងទៀតរួមមាន អនុប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន ពៅ ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្ម អ្នកស្រី អ៊ូ ទេពផល្លីន និងប្រធានសហជីពទ្រទ្រង់សិទ្ធិកម្មករ កញ្ញា ឈឹម សុីថរ។ អ្នកស្រីអះអាងថា មិនបានដឹងពីគោលបំណងនៃការកោះហៅប្រជុំនេះឡើយ គ្រាន់តែដឹងថាការប្រជុំនេះពាក់ព័ន្ធនឹងការដើរដាក់ញត្តិ កាលពីខួបលើកទី១៤០នៃទិវាពលកម្មអន្តជាតិ១ឧសភា។
អ្នកស្រី៖«យើងអត់ដឹងថា គោលបំណងដែលគាត់ហៅយើងហ្នឹងក្នុងគោលបំណងបែបណា? យើងអត់ដឹងទេ។ ប៉ុន្តែបើយើងមើលតាមលិខិតរបស់ពួកគាត់ដែលបានផ្ញើមកកាន់ពួកយើង ដូចជាគាត់ហៅភាគីច្រើនមែនទែនរបស់រដ្ឋាភិបាលចូលរួម[…]អ្នកចូលរួមខាងគាត់ហ្នឹងមានរហូតដល់ជាង១០នាក់។ លើកលែងតែខាងពួកខ្ញុំទេ ដែលមាន៥នាក់»។
លិខិតអញ្ជើញចុះថ្ងៃទី១៣ឧសភា របស់រដ្ឋបាលរាជធានីភ្នំពេញគ្រោងប្រជុំករណីក្រុមអង្គការសមាគម ជុំវិញការប្រមូលផ្តុំគ្នាដាក់ញត្តិកាលពីថ្ងៃទី១ ខែឧសភាកន្លងទៅ។ ប្រភពដដែលបង្ហាញថា សមាសភាពអ្នកចូលរួមប្រជុំដែលគ្រោងទុកមានចំនួន ២១នាក់។ ក្នុងនោះក្រុមសហជីពមានចំនួន៥នាក់ ហើយអាជ្ញាធរ និងមន្ត្រីរដ្ឋាភិបាលមានចំនួន១៦នាក់ ដែលមកពីក្រសួងការងារ ស្នងការនគរបាលក្រុង កងរាជអាវុធហត្ថ មន្ត្រីផ្នែកសុវត្ថិភាពចរាចរណ៍ រួមនិងមន្ត្រីផ្នែកផ្សេងៗទៀត។
ងាកមក អ្នកស្រី យ៉ាង សោភ័ណ្ឌ វិញបានអះអាងថា ពួកគាត់មិនមានក្តីបារម្ភនឹងការកោះហៅនេះឡើយ ដោយសំអាងថាពួកគាត់ធ្វើស្របតាមច្បាប់។ ប៉ុន្តែអ្នកស្រីលើកទឹកចិត្តឱ្យអាជ្ញាធរលើកហេតុផល ឬកំហុសឆ្គងរបស់ពួកគាត់មកជជែកជាសាធារណៈ បើសិនជារកឃើញ។
អ្នកស្រីថា៖«ពួកខ្ញុំអត់មានក្តីបារម្ភអីទេ ឱ្យតែអាជ្ញាធរធ្វើការងារផ្អែកលើការយកច្បាប់ជាគោល[..]ដោយសារអ្វីដែលពួកខ្ញុំបានធ្វើនេះ គឺយើងធ្វើការងារដោយផ្អែកទៅលើវិជ្ជាជីវៈរបស់យើង ហើយយើងយល់ថាជាភាពត្រឹមត្រូវ»។
អនុប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ លើកឡើងថា ការកោះហៅនេះមិនបានបញ្ជាក់ពីមូលហេតុជាក់លាក់នៅឡើយ។ យ៉ាងណាលោកថា ការដើរដាក់ញត្តិរបស់ក្រុមសហជីព និងអង្គការសង្គមស៊ីវិលកាលពីថ្ងៃ១ឧសភា ជាការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលស្របនឹងច្បាប់។
លោកមានប្រសាសន៍ថា៖«ជាលំហសេរីភាពដែលយើងអាចដាក់ញត្តិទៅអាជ្ញាធរដ្ឋ នៅពេលដែលយើងចង់រៀបចំអុីចឹង។ ប៉ុន្តែបើរឿងនៅពីក្រោយហ្នឹងថា គេអាចនឹងមិនសប្បាយចិត្តរឿងអីមួយ ហើ់យ[ហៅទៅ]ដើម្បីស្តីបន្ទោស ឬថាយ៉ាងម៉េចគឺយើងមិនដឹងទេ»។
ប្រជាកាសែតមិនអាចទាក់ទងសុំការបំភ្លឺពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ អ្នកស្រី ដោ សម្ផស្ស និងអភិបាលរងរាជធានីភ្នំពេញ លោក សុខ ពេញវុធ ជុំវិញគោលបំណងនៃកិច្ចប្រជុំបាននៅឡើយ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរមិនគួរលើកបញ្ហានោះមកជជែកទៀតឡើយ ព្រោះទិវាពលកម្មអន្តរជាតិបានកន្លងទៅច្រើនថ្ងៃ ដោយកាលនោះអាជ្ញាធរ និងតំណាងសង្គមសុីវិល ក៏បានចរចាគ្នាចប់ដែរ។
ម្យ៉ាងទៀតលោកថា ក្រុមអង្គការសង្គមសុីវិលក៏មិនបានបង្កបទល្មើសណាមួយដែលប៉ះពាល់ដល់សង្គមដែរ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែទាមទារលក្ខខណ្ឌការងារសមរម្យឱ្យកម្មករ ដូចដែលប្រទេសផ្សេងៗប្រារព្ធនៅថ្ងៃទិវាពលកម្មអន្តរជាតិដែរ។
លោកថ្លែងថា៖«វាមិនមែនជាបទល្មើសដែរ ពីព្រោះគាត់បានដើរដាក់ញត្តិដោយសន្តិវិធី ហើយចំនឹងថ្ងៃ១ឧសភាហ្នឹងតែម្តង។ វាមិនមានបង្កជាបទល្មើសឱ្យកើតឡើងទេ។ វាជាការដាក់ញត្តិ ដើម្បីទាមទារលក្ខខណ្ឌការងារល្អប្រសើរតែប៉ុណ្ណោះ»។
ទិវាពលកម្មអន្តរជាតិលើកទី១៤០ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ថ្មីៗនេះ ក្រុមអង្គការសង្គមស៊ីវិល បានជ្រើសយកការដើរដាក់ញត្តិនៅស្ថានទូតធំៗចំនួន៤ប្រចាំនៅកម្ពុជា រួមនិងក្រសួងការងារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង ដើម្បីជំរុញឱ្យមានការគោរពសិទ្ធិកម្មករនិយោជិតនៅកន្លែងធ្វើការ។ កាលនៅមានការចូលរួមពី អង្គការសង្គមសុីវិល សហជីព រួមនិងកម្មករសរុបប្រមាណ២០០នាក់ដែលមកពីជាង៣០ស្ថាប័នផ្សេងគ្នា។ ការប្រារព្ធទិវានេះហាក់មិនរលូនឡើយ ដោយសារតែមានការរារាំងពីអាជ្ញាធរ៕







