អ្នកសារព័ត៌មាន លោក លួត សុផល ត្រូវបានតុលាការខេត្តឧត្តរមានជ័យផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍» តាមមាត្រា ៤៩៥ និងបទ «ធ្វើឱ្យខូចទឹកចិត្តកងទ័ព» តាមមាត្រា ៤៧២ បន្ទាប់ពីរាយការណ៍ព័ត៌មានពីតំបន់ជម្លោះ កាលពីខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមសមាគមអាដហុក។
លោក លួត សុផល ត្រូវបានសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថស្រុកចុងកាល់ចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។ លោក លួត សុផល ជាអ្នកកាសែតមួយរូបរស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ លោកបានធ្វើសកម្មភាពថតវីដេអូពីបញ្ហាកងទ័ពជួរមុខខ្វះទឹកប្រើប្រាស់កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយយកទៅបង្ហោះក្នុងគណនីហ្វេសប៊ុករបស់លោកឈ្មោះ Sophal Osmach។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាដំបូងខេត្តឧត្តរមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានមួយថា អ្នកសារព័ត៌មានអនឡាញ លោក លួត សុផល ត្រូវបានចោទប្រកាន់ពីបទ «ធ្វើឱ្យខូចទឹកចិត្តកងទ័ព» និង «បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយពីរូបលោកបានរាយការណ៍អំពីទាហានជួរមុខ។ នៅថ្ងៃទី១៤ ខែកុម្ភៈ ដដែល លោក លួត សុផល បានបញ្ចេញវីដេអូខ្លីមួយរយៈពេលមួយនាទី ដោយទទួលស្គាល់កំហុស និងអះអាងថាកងទ័ពមិនបានខ្វះទឹកប្រើប្រាស់ដូចដែលលោកធ្លាប់រាយការណ៍ឡើយ។
ភរិយាលោក លួត សុផល គឺអ្នកស្រី វឿន ឡាឡង់ បានបញ្ជាក់ពីបទចោទ និងថាប្ដីរបស់អ្នកស្រីត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តឧត្តរមានជ័យតាំងពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។ អ្នកស្រីនិយាយថាស្វាមីអ្នកស្រីមិនបានប្រព្រឹត្តខុសតាមការចោទប្រកាន់ឡើយ។ ជាចុងក្រោយអ្នកស្រីអំពាវនាវឱ្យតុលាការទម្លាក់បទចោទប្រកាន់ និងដោះលែងប្ដីអ្នកស្រីឱ្យមានសេរីភាព ព្រោះអ្នកស្រីជួបការលំបាកផ្នែកជីវភាព ដោយមានកូនបួននាក់ក្នុងបន្ទុក និងត្រូវរ៉ាប់រងបង់ធនាគារផង។
អ្នកស្រីនិយាយថា៖ «ខ្ញុំចង់សំណូមពរឱ្យសម្ដេចជួយដោះលែងគាត់។ ខ្ញុំគិតថាការណ៍ដែលគាត់ធ្វើនេះអត់មានប៉ះពាល់ប្រទេសជាតិទេ។ គាត់ធ្វើចង់ជួយសង្គម អត់មានប៉ះពាល់ខាងណាទេបង»។អ្នកស្រីបន្ថែមថា៖ « ខ្ញុំជំពាក់ធនាគារច្រើនណាស់បង។ ធនាគារទើបមកទារលុយទេ។ ខ្ញុំអត់មានលទ្ធភាពបង់ធនាគារទេបង។ ខ្ញុំអស់លទ្ធភាពហើយ។ សូមជួយលើកលែងទោសឱ្យប្ដីខ្ញុំផង»។
អ្នកស្រី ឡាឡង់ ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា អ្នកស្រីនឹងពិភាក្សាជាមួយមេធាវីការពារក្ដីឱ្យស្វាមីអ្នកស្រី ដើម្បីប្ដឹងទៅសាលាឧទ្ធរណ៍បន្តទៀត។
អ្នកនាំពាក្យសមាគមអាដហុក លោក យិន ម៉េងលី និយាយថា ជាគោលការណ៍សមាគមអាដហុកនឹងជួយសម្របសម្រួលផ្នែកច្បាប់ ក្នុងករណីជនត្រូវចោទមិនពេញចិត្តនឹងការសម្រេចរបស់តុលាការ។ លោកលើកឡើងថា៖ «ការប្ដឹងឧទ្ធរណ៍ឬមិនប្ដឹងឧទ្ធរណ៍វាជាសិទ្ធិរបស់ជនត្រូវចោទថាតើគាត់ពេញចិត្តនឹងសាលក្រមឬអត់។ បើគាត់មិនពេញចិត្ត គាត់អាចធ្វើការប្ដឹងឧទ្ធរណ៍ទៅនឹងសាលក្រមរបស់សាលាដំបូង។ មេធាវីមិនអាចសម្រេចចិត្តនៅក្នុងរឿងនេះជំនួសកូនក្ដីបានទេ»។
នាយិកានាយកដ្ឋានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោកស្រី ឆន សុគន្ធា លើកឡើងថា ការកាត់ទោសព្រហ្មទណ្ឌទៅលើអ្នកសារព័ត៌មានមានកម្រិតធ្ងន់ធ្ងរពេក ខណៈលោកស្រីយល់ថាអ្នកសារព័ត៌មានដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិតទៅកាន់សាធារណជន ក៏ដូចជារដ្ឋាភិបាលប៉ុណ្ណោះ។ លោកស្រីថាអាជ្ញាធរគួរបើកការស៊ើបអង្កេតលើករណីនេះ ថាតើគាត់ពិតជាប្រព្រឹត្តខុសដល់កម្រិតព្រហ្មទណ្ឌ ឬគ្រាន់តែប្រើប្រាស់ច្បាប់ស្ដីពីរបបអ្នកសារព័ត៌មានបានហើយ។
លោកស្រីមានប្រសាសន៍ថា៖ «ខាងក្រសួងការពារជាតិគាត់ត្រូវធ្វើការស៊ើបអង្កេតថាតើការរស់នៅតំបន់នោះពិតជាមានការខ្វះខាតដូចដែលគាត់អ្នកសារព័ត៌មានបានរាយការណ៍ឬអត់។ ឧទាហរណ៍ថាគាត់មានកំហុសដោយអចេតនា ពាក់ព័ន្ធនឹងការថតរូប គួរតែធ្វើការដោះស្រាយរឿង ដាក់ទោសពិន័យតាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន»។ លោកស្រីបន្ថែមថា៖ «បញ្ហានេះធ្វើឱ្យអ្នកសារព័ត៌មានផ្សេងៗទៀតគាត់មានការខ្លាចរអា អត់ហ៊ាននៅក្នុងការរាយការណ៍ព័ត៌មានរស៊ើបៗក្នុងប្រទេស។ ពេលប្រជាពលរដ្ឋបាត់ព័ត៌មាន គាត់មានបញ្ហា គាត់អត់ហ៊ានដើម្បីលើកឡើងពីបញ្ហាហ្នឹងឱ្យថ្នាក់ដឹកនាំដោះស្រាយ»។
ចំណែក នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី លើកឡើងថា នៅកម្ពុជាហាក់នៅមានការខ្វះចន្លោះពីគោលនយោបាយដែលធានាអំពីភាពជាក់លាក់ពីខ្លឹមសារច្បាប់ ដែលនាំឱ្យអ្នកសារព័ត៌មានងាយរងការចោទប្រកាន់ពេលរាយការណ៍ពីព័ត៌មានរស៊ើប។
លោកមានប្រសាសន៍ថា៖ «យើងនៅខ្វះគោលនយោបាយឬច្បាប់មួយដែលធានាអំពីភាពជាក់លាក់នៃការកម្រិតអំពីការបកស្រាយខ្លឹមសារច្បាប់ ព្រោះយើងដឹងហើយថាខ្លឹមសារច្បាប់របស់យើងនេះមានចំណុចទូលាយច្រើនណាស់ដែលធ្វើឱ្យមានការបកស្រាយផ្សេងៗ ហើយការបកស្រាយទាំងនោះជានិច្ចកាលតែងតែយកមកជាបន្ទុកដើម្បីចោទប្រកាន់លើអ្នកសារព័ត៌មាន»។
របាយការណ៍របស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) ឱ្យដឹងថាយ៉ាងហោចណាស់មានអ្នកកាសែតកម្ពុជាចំនួនប្រាំមួយនាក់ហើយត្រូវបានឃុំខ្លួន ចាប់ខ្លួន ឬចោទប្រកាន់ពីបទញុះញង់ចាប់ពីខែមករា រហូតដល់ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីពួកគេរាយការណ៍អំពីភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ និងការឆបោកតាមប្រព័ន្ធអនឡាញ៕







