មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីសូត្រមន្តបង្សកូល ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ក្នុងឱកាសរំលឹកខួប ១០ឆ្នាំនៃមរណភាពរបស់លោក ដោយមានអ្នកចូលរួមជាង ៤០នាក់។ កម្មវិធីនេះក៏មានកិច្ចពិភាក្សារយៈពេលជិតមួយម៉ោងក្រោមប្រធានបទ «ការចងចាំលោកបណ្ឌិត កែម ឡី» ដែលវាគ្មិនជាច្រើនបានចែករំលែកអនុស្សាវរីយ៍ ទស្សនៈ និងការប្តេជ្ញាបន្តគុណតម្លៃដែលលោកបានបន្សល់ទុក។
ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) លោក នី សុខា បានរំលឹកពីបទពិសោធន៍របស់លោកជាមួយលោកបណ្ឌិត កែម ឡី ក្នុងអំឡុងពេលដែលលោកជាប់ពន្ធនាគារកាលពីឆ្នាំ២០១៦។ លោកបានឱ្យដឹងថា លោកបណ្ឌិត កែម ឡី បានខិតខំផ្សព្វផ្សាយ និងអំពាវនាវឱ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស ព្រមទាំងពិភាក្សាអំពីស្ថានការណ៍នយោបាយ និងសង្គមនៅពេលនោះ។
លោក នី សុខា បានកោតសរសើរភាពក្លាហានរបស់លោកបណ្ឌិត កែម ឡី ដែលហ៊ាននិយាយការពិត និងលះបង់ពេលវេលាជាមួយគ្រួសារ ដើម្បីបម្រើផលប្រយោជន៍សង្គម និងប្រទេសជាតិ។
លោកថ្លែងថា៖ «មានឃ្លាមួយដែលខ្ញុំចងចាំគាត់និយាយ គឺទឹកចិត្តប្រជាពលរដ្ឋ។ ទោះបីជាពេលនេះគាត់បានស្លាប់មែន ប៉ុន្តែឆន្ទៈ និងស្មារតីរបស់គាត់នៅរស់ក្នុងទឹកចិត្តមហាជន។ ប៉ុន្តែស្មាតីគាត់ មនសិការគាត់អត់ស្លាប់ទេគឺនៅក្នុងស្រទាប់មហាជន»។
ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោកបណ្ឌិត កែម ឡី លោក នី សុខា បានលើកឡើងថា សាធារណជនជាច្រើននៅតែបន្តទាមទារយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី ដោយលោកយល់ថា ការស្វែងរកយុត្តិធម៌នៅមិនទាន់បានបញ្ចប់នៅឡើយ។
លោកមានប្រសាសន៍ថា៖ «រឿងយុត្តិធម៌សម្រាប់គាត់មិនអាចស្ងប់បានទេព្រោះគាត់ជាអ្នកស្រឡាញ់យុត្តិធម៌ដែលកាលគាត់នៅរស់ ។ មិនមែន[ត្រឹមតែ]លោកបណ្ឌិតមិនស្ងប់ទេ សូម្បីតែប្រជាពលរដ្ឋយើងភាគច្រើននៅតែមិនស្ងប់ដែរ»។
សកម្មជនបរិស្ថាន លោក ម៉ា ចិត្រា បានថ្លែងថា ខួប ១០ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី គឺជាពេលដែលប្រជាពលរដ្ឋគួររំលឹកដល់គុណតម្លៃ និងស្មារតីជាតិនិយមរបស់លោក ជាជាងគ្រាន់តែរំលឹកអំពីការស្លាប់។
លោកថ្លែងប្រាប់ថា៖«ខ្ញុំមានសារពីរ ទី១ ស្លាប់ឲ្យដូចលោកបណ្ឌិត [កែម ឡី] (មិនមែនស្លាប់ដោយសារការលួចសម្លាប់នរណាម្នាក់ទេ) ស្លាប់ដូចលោកបណ្ឌិតចង់សម្តៅថាស្លាប់ដោយ បន្សល់ទុកនូវកិត្តិយស ស្លាប់ដោយបន្សល់ទុកនូវស្មារតីជាតិនិយម បន្សល់ទុកនូវគំនិតយោបល់សម្រាប់ដោះស្រាយសង្គម។ [ទី២]រស់ឲ្យដូចដើមឈើចង់សម្តៅថា ដើមឈើវាយ៉ាងហោចណាស់ជាម្លប់សម្រាប់អ្នកកាប់ដើមឈើដែរ ចង់ផ្តាំអ្នកកាប់ឈើត្រូវគិតថា យ៉ាងហោចណាស់ជាម្លប់សម្រាប់ខ្លួនឯងដែរ។
លោកបន្តថា៖«គួរតែបន្តលើកទឹកចិត្ត គួរតែបន្តដាំដើមឈើឲ្យបានច្រើន គួរតែស្រោចទឹកឲ្យបានល្អ កុំតែដើមឈើលូតបន្តិចបន្តួចកាប់សម្លាប់ វាមិនមែនជាជម្រើសល្អសម្រាប់ដឹកនាំសង្គមនោះទេ»។
ចំណែកប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ បានលើកឡើងថា ពាក្យសម្តីរបស់លោកបណ្ឌិត កែម ឡី នៅតែជាកម្លាំងចិត្តសម្រាប់អ្នកធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ។
អ្នកស្រីបានឱ្យដឹងថា លោកបណ្ឌិត កែម ឡី ធ្លាប់រំលឹកថា អ្នកតស៊ូមតិគួរត្រៀមខ្លួនសម្រាប់ «វីសា» បីប្រភេទ គឺវត្ត ពេទ្យ និងពន្ធនាគារ ដែលអ្នកស្រីចាត់ទុកថាជាការដាស់តឿនឱ្យអ្នកការពារសិទ្ធិមនុស្សត្រៀមខ្លួនប្រឈមនឹងការលំបាកក្នុងបេសកកម្មរបស់ខ្លួន។
អ្នកស្រីលើកឡើងថា៖«អ្វីដែលខ្ញុំអាចចូលរួមចំណែកខ្ញុំអាចធ្វើបន្តទៅមុខទៀតបានយកអ្វីដែលចែករំលែករបស់គាត់ ការលើកឡើងរបស់គាត់ហ្នឹង បន្តដំណើរទៅមុខទៀតដោយយើងអត់បោះបង់ទេ។ បើសិនជាយើងក្រុមវិស័យការងារឬក៏អ្នកស្រឡាញ់គ្រប់វិស័យការងារទាំងអស់ ចូលរួមសាមគ្គីភាពគ្នាថ្ងៃណាមួយគាត់នឹងបានយុត្តិធម៌»។
អ្នកស្រីបន្ថែមថា ការបង្កើតសាមគ្គីភាពក្នុងចំណោមអ្នកការពារសិទ្ធិ និងកម្មករ គឺជាវិធីមួយដើម្បីបន្តស្មារតី និងបេសកកម្មដែលលោកបណ្ឌិត កែម ឡី បានបន្សល់ទុក។
ក្នុងឱកាសរំលឹកខួប ១០ឆ្នាំនេះ អង្គការសង្គមស៊ីវិលជាច្រើន រួមមាន អង្គការសង់ត្រាល់ (CENTRAL) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) សមាគមអាដហុក (ADHOC) និងអង្គការដទៃទៀត បានរៀបចំសកម្មភាពផ្សេងៗ ដូចជាការបង្ហោះសារលើបណ្តាញសង្គម ផ្សព្វផ្សាយវីដេអូអំពីទស្សនៈ និងស្នាដៃរបស់លោកបណ្ឌិត កែម ឡី ព្រមទាំងអញ្ជើញសាធារណជនចូលរួមបញ្ចេញមតិស្វែងរកយុត្តិធម៌ជាដើម។
នៅថ្ងៃទី៩ ខែកក្កដា អង្គការមួយចំនួនបានរៀបចំពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី។ រីឯនៅថ្ងៃទី១០ ខែកក្កដា ក្រុមសង្គមស៊ីវិលគ្រោងជួបជុំគ្នានៅស្ថានីយប្រេងឥន្ធនៈកាល់តិចស្តុបបូកគោ ដែលជាកន្លែងលោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់កាលពីឆ្នាំ២០១៦ ដើម្បីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងធ្វើពិធីសាសនាឧទ្ទិសកុសលជូនលោក។
គួររំលឹកថា ក្នុងករណីឃាតកម្មលើបណ្ឌិតសំដីមាសរូបនេះ អាជ្ញាធរបានចាប់ខ្លួនបុរសឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ហើយតុលាការបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតកាលពីឆ្នាំ២០១៩។ ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលមួយចំនួន នៅតែយល់ថា សំណុំរឿងនេះមិនទាន់ត្រូវបានស៊ើបអង្កេតឱ្យបានពេញលេញនៅឡើយ ហើយបន្តអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ថែម ដើម្បីធានាថាយុត្តិធម៌ពេញលេញត្រូវបានផ្តល់ជូនលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់លោក៕







