អត់ចម្លើយពីស្ថាប័នរដ្ឋ៖ ពលរដ្ឋសហគមន៍កោះមាស សុំអន្តរាគមន៍ពីលោក ហ៊ុន សែនជិតដល់របងផ្ទះនៅតាខ្មៅ

ដីធ្លី

(រូបភាពប្រជាសហគមន៍កោះមាសប្រមូលផ្តុំគ្នានៅមុខផ្ទះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នាថ្ងៃទៅ២៩ ខែមិថុនា ឆ្នាំ២០២៦។)។

ប្រជាសហគមន៍កោះមាស ជិត ១០០នាក់ តំណាងឱ្យ ១៦៨គ្រួសារ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បានដាក់ញត្តិទៅប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅគេហដ្ឋានរបស់លោកផ្ទាល់ ដើម្បីស្នើសុំអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីដែលអូសបន្លាយច្រើនឆ្នាំ ជាមួយក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត បន្ទាប់ពីពួកគេអះអាងថាបានដាក់សំណើទៅស្ថាប័នជាច្រើនរួចមកហើយ ប៉ុន្តែមិនទាន់ទទួលបានដំណោះស្រាយ។

ប្រជាពលរដ្ឋនៅសហគមន៍កោះមាស លោក ឈឹម រី អាយុ ៧៨ឆ្នាំ បាននិយាយថា លោកមិនអាចទទួលយកគោលនយោបាយសំណងក្នុងតម្លៃ ៨ដុល្លារក្នុងមួយម៉ែត្រការ៉េបានទេ ហើយលោកចង់ជួបលោក ហ៊ុន សែន ដោយផ្ទាល់ ព្រោះលោកយល់ថា ការស្នើសុំអន្តរាគមន៍តាមអាជ្ញាធរនានាកន្លងមក នៅតែមិនអាចរកដំណោះស្រាយជូនសហគមន៍កោះមាសបាន។

លោកប្រាប់ថា៖ «ខ្ញុំនិយាយជាមួយបងប្អូនយើង ខ្ញុំមិនឯកភាពនឹងអា៨ [ដុល្លា] ហ្នឹងទេ។ ហើយខ្ញុំសុំជួបសម្ដេចផ្ទាល់ព្រោះអាជ្ញាធរតាំងពីក្រោមរហូតដល់លើអត់មានអ្នកណាដោះស្រាយជាមួយខ្ញុំទេ ទើបខ្ញុំមកដល់កន្លែងសម្ដេច។ បានជួបដែរប៉ុន្តែវាស្មុគស្មាញ តែគេមិនចង់ឱ្យយើង វាស្មុគស្មាញ។ គេដាក់បន្ទុកថាសម្ដេចរវល់ ទាល់តែហៅខាងស្រុកអីទៅ បានគេទទួលឯកសារ»។

លោកបន្តថា លោកបានព្យាយាមស្នើសុំជួបដោយផ្ទាល់ ប៉ុន្តែត្រូវបានជូនដំណឹងវិញថា លោក ហ៊ុន សែន កំពុងជាប់រវល់បំពេញកាតព្វកិច្ចផ្ទាល់ខ្លួន ហើយញិត្តនេះត្រូវបានអង្សរក្ស លោក ហ៊ុន សែន ទទួលជំនួសទៅវិញ។

លោកនិយាយថា៖ «យើងនឹងសួរគេទៀតធ្វើយ៉ាងម៉េចទៀតព្រោះដល់សម្ដេចហើយកំពូលហើយ។ អង្គរក្សអ្នកធ្វើការជាមួយសម្ដេច បើគេមិនឱ្យដំណឹង មិនដឹងធ្វើម៉េចមានតែទៅទៀតសួរទៀត»។

លោក ឈឹម រី និយាយថា កន្លងប្រជាពលរដ្ឋធ្លាប់បានដាក់លិខិតសុំអន្តរាគមន៍ទៅស្ថាប័នរដ្ឋាភិបាលមានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដីន ព្រឹទ្ធសភា និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ប៉ុន្តែលោកថា មិនទាន់មានការដោះស្រាយណាមួយជាក់លាក់ដដែល។

ប្រជាពលរដ្ឋម្នាក់ទៀត លោក ជុំ សំអឿន មានវ័យ៧២ឆ្នាំ បាននិយាយថា គោលបំណងរបស់ពលរដ្ឋគឺចង់បានប្លង់កម្មសិទ្ធិដីធ្លី និងការវាស់វែង និងការវិនិច្ឆ័យដីត្រូវបានធ្វើរួចតាំងពីឆ្នាំ២០២០។

លោកបន្តថា៖ «យើងមានសង្ឃឹមថាមានតែសម្តេចទេជួយពួកយើងបាន បើក្រៅពីសម្តេចមិនមានទេចឹងយើងសង្ឃឹមថាធ្វើម៉េចឲ្យសម្តេចជួយកូនចៅឲ្យបានប្លង់កម្មសិទ្ធដីធ្លី ព្រោះកូនចៅអត់ចេះរកស៊ីអីទេ មានដីនឹងដើម្បីយកដីនឹងដាំដំណាំ។ ចុះប្រសិនជាអត់ដី ដីនឹងត្រូវរឹបអូសមានតែយើងអត់ជីវិតហើយខ្ញុំអត់ចេះរកអីក្រៅពីនឹងទេ»។

ជុំវិញករណីនេះ អ្នកនាំពាក្យព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក ជា ធារិទ្ធ បានប្រាប់ប្រជាកាសែតថា រាល់សំណើសុំអន្តរាគមន៍ដែលដាក់ជូនប្រធានព្រឹទ្ធសភា ត្រូវឆ្លងកាត់ឧទ្ធកាល័យជាមុនសិន ដើម្បីពិនិត្យខ្លឹមសារ និងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ។

លោក មានប្រសាសន៍ថា៖ «ការដាក់ទាំងឡាយវាត្រូវឆ្លងកាត់តាមឧទ្ទកាល័យរបស់សម្ដេចប្រធានដែលបម្រើឱ្យលោក។ ដូច្នេះហើយនៅពេលទទួលលិខិតហើយ យើងត្រូវសិក្សាមើលសិនថាតើករណីនេះដោះស្រាយដោយរបៀបម៉េច មានស្ថានការណ៍យ៉ាងដូចម្ដេចក្នុងការដោះស្រាយជាមួយស្ថាប័នពាក់ព័ន្ធ។»

ជុំវិញករណីខាងលើ ប្រជាកាសែតបានទាក់ទងសុំការបញ្ជាក់ពីលោក ឃុន ទី ដែលជាកូនប្រុសរបស់អ្នកឧកញ៉ា ឃុន សៀ។ លោកមានមានតួនាទីជាប្រធានក្រុមហ៊ុន KHUN SEA IMPORT EXPORT CO., LTD ម្នាក់ដែរ។ នេះបើយោងតាមទិន្នន័យចុះបញ្ជីរបស់ក្រសួងពាណិជ្ជកម្ម។ ទោះជាយ៉ាងណា លោកបានអះអាងថា លោកមិនបានដឹងអំពីករណីនេះឡើយ។

អ្នកស៊ើបអង្កេតជាន់ខ្ពស់ផ្អែកសិទ្ធិមនុស្សនៃសមាគមអាដហុក លោក យី សុខសាន្ត យល់ឃើញថា រដ្ឋាភិបាលគួរតែទទួលស្គាល់សិទ្ធិដីធ្លីរបស់ពលរដ្ឋនៅកោះមាសនេះ និងប្ដេជ្ញាផ្ដល់សំណងឱ្យបានសមរម្យ ព្រោះពលរដ្ឋភាគច្រើន បានរស់នៅតំបន់នោះជាច្រើនឆ្នាំមកហើយ។ លោកថាប្រជាពលរដ្ឋមិនជំទាស់ទៅនឹងការអភិវឌ្ឍរបស់រដ្ឋាភិបាលទេ បើរដ្ឋាភិបាលដោះស្រាយបញ្ហានេះបាន ព្រោះប្រជាពលរដ្ឋក៏ចង់បានប្រាក់សំណងសមរម្យ ដើម្បីចាប់ផ្ដើមតាំងលំនៅ និងប្រកបរបរកន្លែងផ្សេង។

លោកមានប្រសាសន៍ថា៖ «ពេលរដ្ឋាភិបាលចង់យកដី ហើយការផ្ដល់សំណងដូចមានលិខិតជូនដំណឹងដូចឱ្យ៥ ដុល្លា ៨ដុល្លាអីហ្នឹងវាដូចអត់មាន។ ពួកគាត់ចង់បានតម្លៃសមរម្យពីការកាន់ការរបស់គាត់។ តាមការកត់សម្គាល់ ការផ្ដល់សំណងនេះហាក់ដូចមានការលាក់លៀមតាមមធ្យោបាយហឹង្សា និងការចោទប្រកាន់»។

លោកបន្ថែមថា៖ «សម្រាប់ខ្ញុំការដោះស្រាយ គឺស្ថាប័នពាក់ព័ន្ធហ្នឹងហើយ តែដោយសារប្រព័ន្ធច្បាប់មិនទាន់មានឯករាជ្យច្បាស់លាស់ទេ អីចឹងប្រជាពលរដ្ឋរងនូវអយុត្តិធម៌គាត់តែងតែព្យាយាមទៅរកអ្នកដែលមានអំណាចដែលអាចដោះស្រាយបាន»។

យោងតាមញត្តិរបស់ប្រជាពលរដ្ឋ វិវាទដីធ្លីនៅតំបន់កោះមាសបានអូសបន្លាយជាច្រើនឆ្នាំ រវាងប្រជាពលរដ្ឋចំនួន ១៦៨គ្រួសារ និងក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត។ ពលរដ្ឋអះអាងថា ពួកគេបានរស់នៅ និងអាស្រ័យផលលើដីនេះជាយូរមកហើយ ខណៈពួកគេមិនអាចទទួលយកគោលនយោបាយសំណងក្នុងតម្លៃ ៥ ដល់ ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ និងស្នើឱ្យមានការដោះស្រាយតាមតម្លៃទីផ្សារ។

បើតាមអនុក្រឹត្យលេខ ២១០ អនក្រ.បក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានធ្វើអនុបយោគដីកោះមាសទំហំជាង ៣៤០ហិកតា ជាដីឯកជនរបស់រដ្ឋ និងអនុញ្ញាតឱ្យក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ជួលវិនិយោគអភិវឌ្ឍន៍រយៈពេល ៥០ឆ្នាំ។

កាលពីខែកញ្ញា ឆ្នាំ២០២៣ អង្គការសមាគមធាងត្នោត (STT) បានចេញផ្សាយរបាយការណ៍មួយ ដែលមានចំណងជើងថា «សុវត្ថិភាពដីធ្លីនៃសហគមន៍ក្រីក្រនៅទីក្រុង»។ របាយការណ៍នេះរៀបរាប់លម្អិតអំពីបញ្ហាសុវត្ថិភាពដីធ្លី ដែលកំពុងញាំញីសហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ ដោយសហគមន៍ទាំងនេះបានសម្តែងការព្រួយបារម្ភចំពោះការបណ្តេញចេញ និងសំណងមិនគ្រប់គ្រាន់។ យោងតាមរបាយការណ៍ដដែល ដំណើរការស្វែងរកដំណោះស្រាយនៅពេលធ្វើការអភិវឌ្ឍ និងការបណ្តេញចេញ។សហគមន៍ក្រីក្រទាំងនេះក៏ខកខានមិនបានទទួលឯកសារជាក់លាក់មួយចំនួន ដែលអាចគាំទ្រសិទ្ធិកាន់កាប់ដីធ្លីរបស់ពួកគាត់ផងដែរ៕

អានអត្ថបទផ្សេងទៀតអំពី ដីធ្លី

ដីធ្លី","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3075}" data-page="1" data-max-pages="1" data-start="1" data-end="1">