ពលរដ្ឋ៥គ្រួសារនៅក្រចេះអះអាងថា ដីធ្លីរបស់ខ្លួនត្រូវក្រុមហ៊ុនឯកជនមួយ​ឈូសឆាយរំលោភយក

ដីធ្លី

(គ្រឿងចក្ររបស់ភាគីក្រុមហ៊ុនកសិកម្មយុវជនស្វាយរៀងនៅនៅស្រុកសំបូរ ខេត្តក្រចេះ។ )(រូបថតផ្ដល់ឱ្យ)

ប្រជាសហគមន៍សំពុង នៅស្រុកសំបូរ ខេត្តក្រចេះអះអាងថាមានក្រុមហ៊ុនឯកជនមួយឈ្មោះ ក្រុមហ៊ុនកសិកម្មយុវជនស្វាយរៀង បានឈូសឆាយដីរបស់ពួកគាត់ ជាបន្តបន្ទាប់តាំងពីចុងខែឧសភា។ការឈូសឆាយនោះដីពលរដ្ឋចំនួន៥គ្រួសារ រស់នៅភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ។

ប្រធានសហគមន៍សំពុងនៅភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ លោក យ៉ប ចាន់សុខុម វ័យ៦០ឆ្នាំឱ្យដឹងថា ក្រុមហ៊ុនកសិកម្មយុវជនស្វាយរៀងបានឈូសឆាយដីព្រៃរបស់ខ្លួន និងឈូសចូលប៉ះដីសហគមន៍ចំនួន ៥គ្រួសារ ក្នុងដើមខែមិថុនា ឆ្នាំ២០២៦។ ករណីនេះលោកស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហានេះជូនពលរដ្ឋ។

លោកថា៖ «សំណូមពរឱ្យអាជ្ញាធរជួយដោះស្រាយដល់ប្រជាសហគមន៍ខ្ញុំបាទផងនៅក្នុងភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរនេះ តំបន់ព្រៃសំពុងយើងខ្ញុំនេះ ឱ្យដោះស្រាយប្រជាពលរដ្ឋដែលមានប៉ះពាល់គាត់»។

ចំណែកឯសមាជិកសហគមន៍សំពុង លោក ហុង វាសនា បានប្រាប់ថា ចាប់ថ្ងៃទី២៩ ខែឧសភាមកក្រុមហ៊ុនកសិកម្មយុវជនស្វាយរៀង បានឈូសឆាយដីស្រែរបស់លោកចំនួន ៥ហិកតានៅភូមិកោះច្បារ ឃុំកោះខ្ញែរ ព្រមទាំងដីប្រជាសហគមន៍៤គ្រសារទៀតនៅទីនោះ។
លោកថា៖ «ក្រុមហ៊ុនយកដីហ្នឹងអស់ទៅអត់មានដីសម្រាប់បង្កបង្កើនផលទេ ព្រោះថ្ងៃខ្ញុំទៅជួបមេការគេអ្នកម្ចាស់អាត្រាក់ហ្នឹងគេថា ម៉េចម៉ាយកសំណងពីគេទៅ។ ថាខ្ញុំមិនចង់បានសំណងទេ យកមកចាយអស់ហើយលុយនោះ។ បើនៅដីហ្នឹងគ្រាន់បានបាចស្រូវបាចអីអ៊ីចឹង»។

សមាជិកសហគមន៍សំពុងវ័យ៤៧ឆ្នាំដែលមានកូន៣នាក់ក្នុងបន្ទុករូបនេះថាលោកទូរសព្ទទៅ​សួរមេភូមិ និងមេឃុំពីករណីនេះ តែពួកគេឱ្យលោកទៅសួរនាំខាងស្រុកវិញ។

លោកបន្ថែមថា៖ «ខ្ញុំសូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់ជួយៗសម្របសម្រួល ជួយធ្វើអន្តរាគមន៍ឱ្យបានដីទាំងអស់មកសហគមន៍និងមកប្រជាពលរដ្ឋវិញ បើប្រជាពលរដ្ឋបាត់បង់ដីទៅអត់មានអីរំពឹងទេលោកគ្រូអ៊ើយ មានតែប៉ុណ្ណឹងទេសម្រាប់រស់ទៅមុខទៀតតកូនតចៅទៅ។ បើបណ្ដោយឱ្យក្រុមហ៊ុននៅតែឈូសឆាយអ៊ីចឹងបាត់បង់ដីធ្លីបាត់បង់ព្រៃឈើអស់ហើយ ព្រៃឈើដែលពួកខ្ញុំខំអភិរក្សកន្លងមកបាត់បង់អ៊ីចឹង»។

រីឯសមាជិកសហគមន៍សំពុងមួយរូបទៀតលោក ស្រឹម ណាប់ ប្រាប់ប្រជាការសែតនៅថ្ងៃទី២ ខែមិថុនាថា ដីប្រមាណ៣ហិកតាដែលលោកបានពីម្ដាយ ត្រូវក្រុមហ៊ុនឈូសជិតអស់ហើយតាំងពីថ្ងៃទី៣១ ខែឧសភាមក។

លោកថា៖ «គេឈូសកន្ទុយដីខ្ញុំតែឈូសពីក្រោយមកវិញ រាល់ដងគេឈូសពីមុខទៅ[…]ខ្លាចតែគេឈូសអស់អត់ទុកអាបន្តិចហ្នឹង»។

ជាការឆ្លើយតប មេភូមិកោះច្បារលោក ជិន សែម បានប្រាប់ថា លោកមិនហ៊ានបញ្ចេញមតិយ៉ាងណាទេចំពោះបញ្ហាដីធ្លីរវាងប្រជាសហគមន៍សំពុង និងក្រុមហ៊ុនកសិកម្មយុវជនស្វាយរៀងនេះ ព្រោះពេលលោកលើកពីបញ្ហានេះប្រាប់មន្ត្រីថាក់ឃុំនិងស្រុក ពួកគេថាដីនេះជារបស់ភាគីក្រុមហ៊ុន។ 

លោកថា៖ «ពេលប្រជុំខ្ញុំក៏បានសំណើទៅថ្នាក់ដឹកនាំដូចជាឃុំដូចជាស្រុកអី ពេលអង្គប្រជុំហ្នឹងខ្ញុំលើកដែរបញ្ហាហ្នឹង ប៉ុន្តែនិយាយថាគាត់បកមកថាត្រឡប់មកវិញថាដីហ្នឹងជារឿងរបស់ក្រុមហ៊ុនទេ គាត់មានអាជ្ញាប័ណ្ណ គាត់មានប្លង់អីកម្មសិទ្ធិរបស់គាត់[…]ដីហ្នឹងយើងដឹងថារបស់ក្រុមហ៊ុនហើយ ខ្ញុំក៏អត់ហ៊ានមានយោបល់អីដែរ»។

តែយ៉ាងណាលោកមេភូមិថា លោកបានឱ្យលេខទំនាក់ទំនងខាងឃុំនិងស្រុកដល់ប្រជាសហ​គមន៍ដែលមានបញ្ហាដីធ្លី ដើម្បីឱ្យពួកគេរាយការណ៍ប្រាប់អាជ្ញាធរទាំងនោះដោយផ្ទាល់។

ជុំវិញករណីនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក យិន ម៉េងលី ប្រាប់ថាភាគីក្រុមហ៊ុនជាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ដែលទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល។

លោកថា៖ «ក្រុមហ៊ុនដែលចូលទៅធ្វើការអភិវឌ្ឍន៍ហ្នឹងយើងមើលទៅលើគោលការណ៍ច្បាប់ គឺក្រុមហ៊ុនត្រូវតែប្រាប់ដល់អាជ្ញាធរនៅមូលដ្ឋានហ្នឹង ឱ្យអាជ្ញាធរមូលដ្ឋានបានដឹងពីក្រុមហ៊ុនហ្នឹង ហើយពលរដ្ឋក៏ត្រូវតែបានដឹងដែរ[…]នៅពេលដែលអត់ប្រាប់ពលរដ្ឋឱ្យបានដឹង យើងឃើញថាការអភិវឌ្ឍន៍វាធ្វើវាឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋទៅវិញទេ»។

លោក យិន ម៉េងលី ផ្ដល់យោបល់ថា ដើម្បីបញ្ចប់វិវាទដីធ្លីនេះ គឺគួរតែមានការពិនិត្យឡើងវិញនូវការសម្បទានដីសេដ្ឋកិច្ច ថាប៉ះពាល់ដីសហគមន៍ឬទេ ហើយបោះព្រំដីកំណត់កម្មសិទ្ធិឱ្យច្បាស់លាស់រវាងដីសហគមន៍ និងក្រុមហ៊ុន។

សហគមន៍សំពុង ជាសហគមន៍ការពារព្រៃឈើ ស្ថិតនៅភូមិចំនួន៥ រួមមានភូមិកំពង់ព្នៅ ភូមិជើងពាត ភូមិបាយសំណុំ ភូមិស្វាយចេក និងភូមិកោះច្បារ នៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានពលរដ្ឋសរុបប្រមាណជាង២០០គ្រួសារ និងទំហំផ្ទៃដីសរុបចំនួន៤៦១ហិកតា។ 

អង្គការសិទ្ធិមនុស្សឱ្យដឹងថា កន្លងមកប្រជាសហគមន៍សំពុងមានវិវាទជាបន្តបន្ទាប់ជាមួយ ក្រុមហ៊ុនកសិកម្មយុវជនស្វាយរៀង និងក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ និងឈានដល់ការប្ដឹងផ្ដល់តំណាងប្រជាសហគមន៍ដល់តុលាការ៕

អានអត្ថបទផ្សេងទៀតអំពី ដីធ្លី

ដីធ្លី","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2808}" data-page="1" data-max-pages="1" data-start="1" data-end="1">