លោក ហ៊ុន សែន ណែនាំអាជ្ញាធរដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋឱ្យមានប្រសិទ្ធភាព និងមិនលំអៀង

ដីធ្លី

(លោក ហ៊ុន សែនក្នុងពេលចុះជួបមន្ត្រីរាជការទូទាំងខេត្តបាត់ដំបង)

ប្រធានគណបក្សកាន់អំណាចលោក ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាព និងមិនលំអៀង ជាពិសេសគឺត្រូវព្យាយាមរកដំណោះស្រាយតាមក្រៅប្រព័ន្ធតុលាការ។

ក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តបាត់ដំបង និងប៉ៃលិន ប្រមាណជាង១ពាន់នាក់ ក្នុងក្រុងបាត់ដំបង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ថ្លែងថា ការដោះស្រាយបញ្ហាដីធ្លីរបស់ពលរដ្ឋត្រូវមានប្រសិទ្ធភាព រហ័ស ដោយមិនត្រូវលំអៀងខាងភាគីណានោះឡើយ។

ក្រោពីនេះ លោក ហ៊ុន សែន ក៏អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងរំលឹកមន្ត្រីទាំងនោះ ឱ្យយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់ រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា រួមទាំងគ្រប់គ្រង និងយកចិត្តទុកដាក់មើលថែកម្មករ ពលករ ទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ជុំវិញវិវាទដីធ្លីនេះ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ប្រជាសហគមន៍នៅខេត្តកោះកុង ជាង៨០នាក់ បានឡើងមកដាក់ញត្តិនៅក្រសួងរៀបចំដែនដី នៅរាជធានីភ្នំពេញ ដោយស្នើឱ្យដោះស្រាយបញ្ហាដីធ្លីពួកគាត់ដែលមានរយៈពេលជិត២០ឆ្នាំមកហើយជាមួយបុគ្គលមានទ្រព្យ។

ពលរដ្ឋរងគ្រោះដីធ្លីជាមួយក្រុមហ៊ុន នៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ អ្នកស្រី ខា វ៉េត អាយុ៣៥ ឆ្នាំ ទទូចឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីឱ្យបានលឿន ដើម្បីអ្នកស្រីអាចចាប់ផ្ដើមធ្វើស្រែចំការឡើងវិញ ខណៈសហគមន៍អ្នកស្រី បានដើរដាក់ញត្តិសុំអន្តរាគមន៍ពី​ស្ថាប័នពាក់ព័ន្ធអស់រយៈពេលជាង១ឆ្នាំហើយ នៅតែមិនទាន់មានដំណោះស្រាយ។

ផ្ទុយទៅវិញ អ្នកស្រីថា អាជ្ញាធរបែរជាបង្ខំឱ្យពលរដ្ឋចុះកិច្ចសន្យាក្នុងការបញ្ឈប់ការអាស្រ័យ​ផលលើដីចំការរបស់ខ្លួនបន្តទៀត ដោយទុកដីនោះជូនក្រុមហ៊ុន។ 

អ្នកស្រីនិយាយថា «អាជ្ញាធរអត់មានរក [ដំណោះស្រាយ] ស្អីឱ្យយើងផង អត់ចេញមុខអត់អីទេ ឱ្យតែយើងត្រួសត្រាយអីដឹងតែសន្តិសុខប្ដឹងទៅមេគេ ទៅគេហៅថ្នាក់លើគេចុះមកគំរាមយើងចាប់ដាក់ខ្នោះទៅ»។

ប្រជាកាសែតមិនទាន់អាចសុំការឆ្លើយតបពីអភិបាលរងខេត្តព្រះវិហារលោក គឹម ចាន់បញ្ញា បានទេនៅថ្ងៃទី១២ ខែមិថុនា ដោយលោកប្រាប់ថា កំពុងជាប់រវល់។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត គាំទ្រចំពោះការណែនាំរបស់ប្រធានព្រឹទ្ធសភា ដោយលោកថា មកដល់ពេលនេះ មានបញ្ហាដីធ្លីមួយចំនួនបន្តរ៉ាំរ៉ៃជាច្រើនឆ្នាំ មិនទាន់ដោះស្រាយបាននៅឡើយ។

លោក សំអាត បន្ថែមថា បញ្ហាដីធ្លីដែលអូសបន្លាយពេលយូរឆ្នាំ បណ្តាលឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋ ឬប្រជាសហគមន៍។ ជាងនេះទៅទៀត លោកថា ករណីខ្លះពលរដ្ឋ ឬតំណាង​សហគមន៍​ដីធ្លីត្រូវរងបណ្តឹងនៅតុលាការលើបទល្មើសព្រហ្មទណ្ឌ និងពលរដ្ឋមួយចំនួនត្រូវជាប់ពន្ធនាគារ ដោយសារការការពារ និងស្វែងរកដំណោះស្រាយលើដីធ្លីរបស់ខ្លួន។

លោកនិយាយថា «ការដោះស្រាយក្រៅប្រព័ន្ធតុលាការករណីដីធ្លីគឺឈរលើគោលការណ៍មិនលំអៀង និងតម្លាភាព ទើបអាចរកដំណោះស្រាយមួយបានល្អដោយការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក និងអាចទទួលយកបានគ្រប់ភាគី ប៉ុន្តែបើមានការលំអៀងលើភាគីណាមួយ គឺពិបាកនឹងស្វែងរកដំណោះស្រាយដោយការព្រមព្រៀងពីភាគីម្ខាងទៀត»។ 

កាលពីដើមខែឧសភា ឆ្នាំ២០២៦ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយការណ៍មួយ ដោយរកឃើញថា ក្នុងឆ្នាំ២០២៥ មានពលរដ្ឋជាង៥ពាន់គ្រួសារបន្ថែមទៀតរងការរំលោភបំពានដីធ្លី ខណៈមានករណីជាច្រើននៅឆ្នាំមុនៗនៅមិនទាន់មានដំណោះស្រាយសមរម្យនៅឡើយ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ ជាពិសេសការកើនឡើងនូវភាពក្រីក្រ និងបំណុល៕

អានអត្ថបទផ្សេងទៀតអំពី ដីធ្លី

ដីធ្លី","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2930}" data-page="1" data-max-pages="1" data-start="1" data-end="1">