ស្រូវជាច្រើនហិកតានៅបាត់ដំបងប្រឈមនឹងស្កកព្រោះអត់ទឹក ចំពេលទឹកស្ទឹងសង្កែឡើងកៀកកម្រិតអាសន្ន

សង្គម

(រូបភាពស្រូវខ្វះទឹកដែលពលរដ្ឋផុសតាមហ្វេសប៊ុក)

ស្រូវរបស់ប្រជាកសិករមួយចំនួននៅបាត់ដំបងកំពុងប្រឈមនឹងស្កកព្រោះខ្វះទឹក ចំពេលទឹកស្ទឹងសង្កែឡើងជិតដល់កម្រិតប្រកាស អាសន្ន។ កសិករមួយចំនួនប្រាប់ថា ពួកគាត់កំពុងខ្វះទឹកដាក់ស្រែ កំឡុងប្រទេសកម្ពុជាកំពុងរងឥទ្ធិពលខ្យល់ព្រុះពីតំបន់ប៉ាស៊ីភិចដែលធ្វើឱ្យអាកាសធាតុប្រែប្រួលនិងកម្រិតទឹកភ្លៀងមិនទៀងទាត់សម្រាប់តំបន់មួយចំនួននៅប្រទេសកម្ពុជា។

មន្ទីរឧតុនិយមខេត្តបាត់ដំបងឱ្យដឹងថាស្ថានភាពទឹកស្ទឹងសង្កែហក់ឡើងជាង១៣ម៉ែត្រ ក្នុងក្រុងបាត់ដំបង គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ។ មន្ទីរឧត្តុនិយមខេត្តបាត់ដំបងណែនាំឱ្យប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែក្រោមមានការប្រុង ប្រយ័ត្នខ្ពស់។

កសិករនៅភូមិអូតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង លោក ទុំ ភ័ណ្ឌ បង្ហាញក្ដីកង្វះថា ប្រសិនបើប្រឡាយនៅភូមិរបស់លោកនៅតែមិនមានទឹកសម្រាប់បូមដាក់បញ្ចូលស្រែទេ ផលដំណាំស្រូវរបស់លោកនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ លោកថាតាំងពីខែមេសា ឆ្នាំ២០២៦ មក ភ្លៀងធ្លាក់មានម្ដងម្កាល ហើយស្ថិតនៅក្នុងកម្រិតតិចនៅឡើយ ដែលធ្វើឱ្យដីស្រែខ្វះទឹកសម្រាប់ការលូតលាស់របស់ដំណាំ។ លោកព្រួយបារម្ភទៀតថា កាលណាផលដំណាំ​ខូចខាត កសិករដូចជារូបលោក នឹងត្រូវខាតបង់ចំណាយលើថ្លៃដើមថ្លៃ ដូចជាជី ថ្នាំបាញ់ស្មៅ ការភ្ជួររាស់ មិនខានឡើយ។

លោកមានប្រសាសន៍ថា៖ «វាមកមួយសើមទៅបាត់ទៅ ហើយស្មៅកាន់តែឡើង។ ខ្លះទៅឡើងជាងស្រូវ ខ្លះទៅឡើងប្រហែលស្រូវ។ ខ្ញុំធ្វើ៨ហិកតានេះ ចំណាយអស់ពីរលានជាងហើយ។ នេះយើងភ្ជួរខ្លួនយើងទេណា តែព្រោះយើងឱ្យគេព្រោះ។ […] ព្រួយបារម្ភថាមិនដឹងបានអីទៅសងថ្លៃម៉ាស៊ូត ថ្លៃអីផ្សេង»។

លោកបន្ថែមថា៖ «អុំប្រើទឹកពីប្រឡាយទាំងអស់ហ្នឹងហើយ ប៉ុន្តែវាអត់មានទឹកពីលើមក។ យកទឹកពីបឹងកំពីងពួយ»។

កសិករនៅភូមិអូតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ម្នាក់ទៀត លោក ឆាត ឆាន់ លើកឡើងស្រដៀងគ្នានេះថាកសិករធ្វើស្រែនៅស្រុកថ្មគោល ដូចជារូបលោកពឹងផ្អែកលើប្រភពទឹកចេញពីអាងកំពីងពួយ ដែលអាចផ្គត់ផ្អង់ចូលខ្សែរទឹកខាងក្រោមបាន។ លោកថា បញ្ហាប្រឈមរបស់លោកគឺទាក់ទងដោយផ្ទាល់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រព័ន្ធធារាសាស្រ្ត ដោយទឹកមានប្រភពមកពីផ្នែកខាងលើ។ លោកឆាន់ រំពឹងលើដីស្រែចំនួន១៥ ហិកតា ដើម្បីបង្ករបង្កើនផល តែលោកបារម្ភថាប្រសើនបើនៅតែមិនមានភ្លៀងធ្លាក់ ហើយប្រឡាយមិនមានទឹក នោះដំណាំស្រូវនឹងការខូចខាត។

លោកនិយាយថា៖ «អត់ទឹកទៅ ស្រូវវាស្រពោន ហើយស្មៅច្រើន។ បើអ្នកទើបព្រោះក្រោយអាចកែបានខ្លះបើទឹកទាន់ពេលទាន់វេលា។ ដកស្មៅ ដាក់ជីទៅកែបានខ្លះ។ បាញ់ថ្នាំស្មៅក៏មិនកើត។ ដឹងបាញ់ធ្វើអីបើអត់ទឹក ខាតតែថ្នាំ។ […] អាហ្នឹងចាំគិតគូរទៀតទៅ លក់ដីលក់ស្រែសងគេទៅ»។

លោកបន្ថែមថា៖ «ទឹកគេអត់បើកចូលមកក្នុងអាង។ គេបិទអត់ឱ្យទឹកស្ទឹងនៅនេះចូលមក។ ខាងអុំនេះអាជ្ញាធរឃុំនេះជួូយខ្នះខ្នែងដែរប៉ុន្តែខាងខេត្ត ខាងស្រុកអីដូចមិនទាន់ឃើញមានចុះ។ បើថាអាជ្ញាធរឃុំគាត់ចុះទៅដល់កន្លែងហើយមើលទៅស្ថានភាពទឹកនៅកំពីងពួយហ្នឹងវាអត់មែន»។

ក្រុមប្រឹក្សាឃុំអូរតាគី លោក ទុំ ពន្លក និយាយថាទឹកអាងកំពីងពួយមិនមានទឹកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់មកប្រព័ន្ធប្រឡាយខាងក្រោយ ព្រោះទំបន់ទឹកអូរដូនពៅ កំពុងត្រូវបានសាងសង់ ចំណែកឯប្រព័ន្ធទឹកដែលហូរចូលអាងនេះនៅមានតិចតូចនៅឡើយ។ លោកអះអាងថាកសិករមិនអាចមានប្រភពទឹកផ្គត់ផ្គង់សម្រាប់ស្រោចស្រពដំណាំស្រូវបាន ព្រោះប្រព័ន្ធទឹកត្រូវបានកាត់ផ្ដាច់ ស្របពេលការស្វែងរកដំណោះស្រាយនៅរាំងស្ទះ។

លោកមានប្រសាសន៍ថា៖ «គេកំពុងសាងសង់ស្ទាក់ទឹក អូរដូនពៅ នៅស្ទឹងបវេល សម្រាប់បញ្ចូលទៅបំពេញទឹកទំនប់អាងទឹកកំពីងពួយ។ បើមានទឹកក្នុងអាង ប្រើប្រាស់គ្រប់គ្រាន់ជារាល់ឆ្នាំ។ ទើបតែពីរឆ្នាំទេ ដែលរាំងស្ទះទឹក»។

លោកបន្ថែមថា៖ «ខ្ញុំធ្វើពាក្យស៊ីញ៉េទៅដែរប៉ុន្តែអត់ទាន់មានដំណោះស្រាយ។ បានធ្វើពាក្យជូនខាងស្រុកអីទៅដែរ តែសំខាន់វាអត់ទឹក»។

គួរបញ្ជាក់ផងដែរថា អាងទឹកកំពីងពួយមានផ្ទៃអាង ៦៣៨០ហិកតា ដែលត្រូវបានជីកនៅសម័យប៉ុល ពត និង អាចស្ដុកទឹកបានប្រមាណ ១៤៦លានម៉ែត្រ គូប អាចស្រោចស្រព ស្រូវវស្សា ចំនួន ២៣ ៦០០ហិកតា និង ស្រូវ ប្រាំង ចំនួន ១៧ ០០០ហិកតា។ ប្រព័ន្ធធារាសាស្ត្រនេះ គ្របដណ្តប់លើស្រុកចំនួន ២ និងក្រុងចំនួន ១ មាន ស្រុកបាណន់ ស្រុកថ្មគោលមាន និងសង្កាត់អូរម៉ាល់ នៃក្រុងបាត់ដំបង។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) លោក សុទ្ធ គឹមកុលមុនី បានប្រាប់ប្រជាកាសែតថា អាជ្ញាធរពាក់ព័ន្ធបានដឹងពីបញ្ហាដែលប្រជាពលរដ្ឋនៅខេត្តបាត់ដំបងកំពុងជួបប្រទះ និងកំពុងចូលរួមដោះស្រាយបញ្ហានេះហើយ។ លោកអះអាងថាគ្រោះរាំងស្ងួតបានប៉ះពាល់ដល់ខេត្តមួយចំនួនដូចជាបាត់ដំបង កំពង់ធំ និងសៀមរាប ជាដើម ហើយអាជ្ញាធរកំពុងចុះត្រួតពិនិត្យតំបន់រងផលប៉ះពាល់ផ្ទាល់។

លោកមានប្រសាសន៍ថា៖ «ខាងជំនាញខាងទឹកកំពុងតែចុះធ្វើការងារនេះ។ ការខ្វះទឹកនៅបាត់ដំបងនេះគឺ មកដល់ពេលនេះគឺមានច្រើន ទោះបីមានជំនន់ទឹកភ្លៀងនៅខាងស្រុកសំឡូត វាហូរចូលព្រែកអស់ ហើយតំបន់ដាំដុះមួយចំនួនអត់ទាន់មានភ្លៀងគ្រប់គ្រាន់។ ដូច្នេះមន្ត្រីជំនាញកំពុងយកចិត្តទុកដាក់អន្តរាគមន៍តាមតំបន់ដែលអត់ទឹក»។

យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយម គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ផលប៉ះពាល់ដំណាំស្រូវសរុបចំនួន ១៨,៣៦២ហិកតា ក្នុងស្រុកចំនួន២ គឺ ស្រុកឯកភ្នំ និងស្រុកសង្កែ។ ក្នុងនោះ ស្រុកឯកភ្នំ មានស្រូវប៉ះពាល់ចំនួន ៧, ៧៦៩ហិកតា និងស្រុកសង្កែ មានស្រូវប៉ះពាល់ចំនួន ១០,៥៩៣ហិកតា។

ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លោក គន់ គីម ធ្លាប់អះអាងថាអាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការវាយតម្លៃ និងចាត់វិធានការត្រៀមសង្គ្រោះស្រូវជាង ១៨,០០០ ហិកតា ដែលរងផលប៉ះពាល់ពីស្ថានភាពខ្វះទឹកនៅក្នុងខេត្តបាត់ដំបង គិតត្រឹមខែកក្កដា ខណៈក្រសួងពាក់ព័ន្ធបានជំរុញឱ្យពង្រឹងការរក្សាទឹកទុកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សា ដើម្បីត្រៀមទប់ស្កាត់ហានិភ័យខ្វះខាតទឹក។

ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន លើកឡើងថាការប្រែប្រួលអាកាសធាតុដែលកំពុងកើតមាន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិករ ដោយបង្កឱ្យមានអាកាសធាតុអាក្រក់ បំផ្លាញដំណាំ បង្កើតជាការខ្វះខាតទឹក និងបង្កបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។ លោកថាប្រសិនបើកម្ពុជាមិនអាចកសាងប្រព័ន្ធគ្រប់គ្រងទឹកដែលអាចផ្គត់ផ្គង់ទៅតាមប្រឡាយ បឹង ជាដើមបានទេ កសិករនឹងនៅតែប្រឈមបញ្ហាខ្វះខាតទឹកដដែល។

លោកថ្លែងថា៖ «ដើម្បីទប់ស្កាត់បម្រែបម្រួលអាកាសធាតុគឺការគ្រប់គ្រងទឹកដោយភាពឆ្លាតវៃ។ គេហៅថា Water Smart Management ដូច្នេះរដ្ឋ ក្រសូងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរពាក់ព័ន្ធត្រូវមានផែនការច្បាស់លាស់ក្នុ្ងងការអភិវឌ្ឍ និងរៀបចំប្រព័ន្ធនៃការគ្រប់គ្រងទឹក តាមស្ទឹង តាមអូរ ដើម្បីប្រព័ន្ធទឹកអាចស្រោចស្រពរយៈពេលយូរ នៅក្នុងបរិបទនៃការបម្រែបម្រួលអាកាសធាតុ»។

លោកបន្ថែមថា៖ «អ្វីដែលត្រូវមើលទៀតគឺការរៀបចំគ្រាប់ពូជដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ត្រូវតែធ្វើផែនទីគ្រប់គ្រងទាំងអស់គ្នា បើមិនដូច្នេះទេមិនអាចដោះស្រាយចប់ទេ»។

កាលពី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងធនធានទឹកណែនាំឱ្យពលរដ្ឋសន្សំសំចៃទឹកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សាឆ្នាំ២០២៦ ដើម្បីត្រៀមបង្ការការខ្វះខាតទឹកនៅរដូវប្រាំង។ យោងទៅលើការព្យាករស្តីពីស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័រ បង្ហាញថា បាតុភូត អែលនីញ៉ូ (El Niño)បានបន្តកើនដល់កម្រិត ១០០% ក្នុងខែកក្កដា និងកើនដល់កម្រិតអតិបរមាក្នុងខែវិច្ឆិកា ឆ្នាំ២០២៦៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3240}" data-page="1" data-max-pages="1" data-start="1" data-end="1">