ផុតអាណត្តិនៅកម្ពុជា! ឯកអគ្គរាជទូតជប៉ុន ត្រៀមឃ្លាត ក្រោយសាងស្នាដៃលើកកម្ពស់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

ទំនាក់ទំនងអន្តរជាតិ

(ឯកអគ្គរាជទូតជប៉ុនជិតផុតអាណត្តិ លោក អ៊ូអិណុ និងកម្រងរូបភាពរបស់លោកដែលបានជួបមន្ត្រីកម្ពុជាក្នុងបេសកម្មការទូតកាលពីកន្លងទៅ)រូបភាពហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា)។

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) បានចូលជួបប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានចូលកាន់តំណែងតាំងពីឆ្នាំ២០២៣ ហើយក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៦ នេះ លោកបានបញ្ចប់បេសកកម្មការទូតរបស់ខ្លួននៅកម្ពុជា និងបានចូលជួបជម្រាបលាថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា មុននឹងត្រូវផ្លាស់ប្តូរទៅកាន់ការងារទូតនៅប្រទេសឥណ្ឌូណេស៊ី។

ក្នុងជំនួបសម្ដែងការគួរសមជាមួយលោក ហ៊ុន ម៉ាណែត លោក អ៊ូអិណុ បានថ្លែងអរគុណរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងការបង្កលក្ខណៈងាយស្រួលដល់បេសកកម្មរបស់លោកឱ្យទទួលបានជោគជ័យ ព្រមទាំងសម្រេចបានលទ្ធផលធំៗទាំងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រួមទាំងសន្តិសុខ ការពារជាតិ និងវិស័យជាច្រើនទៀត។ លោកអះអាងថា ជប៉ុននឹងនៅតែបន្តផ្ដល់ការគាំទ្រ និងសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

តាមរយៈសារបង្ហោះនៅលើបណ្ដាញសង្គម លោក ហ៊ុន ម៉ាណែត បានចាត់ទុកបេសកកម្មរបស់ លោក អ៊ូអិណុ អាត់ស៊ូស៊ី ថាជាជោគជ័យផ្នែកការទូត ក្នុងការចូលរួមលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ ក្នុងនោះ លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា និងជប៉ុនបានដាក់ចេញនូវកំណែទម្រង់ជាច្រើន ជាពិសេសការកែសម្រួលរចនាសម្ព័ន្ធ និងយន្តការការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ព្រមទាំងការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារ ដើម្បីផ្ដល់ភាពងាយស្រួល និងបង្កើនទំនុកចិត្តដល់វិនិយោគិនបរទេសក្នុងការមកបណ្ដាក់ទុននៅកម្ពុជា។

កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ូអិណុ ក៏បានចូលជួបប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ផងដែរ។ អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ លើកឡើងថា នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាពីកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រ ជាពិសេសលើវិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

លោក ធីរិទ្ធ បានថ្លែងថា៖ «សម្ដេចបានអរគុណចំពោះជប៉ុនដែលតែងតែគាំទ្រ និងជួយដល់កម្ពុជានៅពេលកន្លងមក ទាំងនៅក្នុងក្របខណ្ឌនៃការស្វែងរកការចូលរួមដោះស្រាយបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ជាផ្នែកនៃការរក្សាសន្តិភាព ការចូលរួមចំណែកបោសសម្អាតមីន និងជាពិសេសគឺការគាំទ្ររបស់ជប៉ុនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា»។

ក្នុងអាណត្តិការទូតរយៈពេល ៣ឆ្នាំរបស់លោក លោក អ៊ូអិណុ អាត់ស៊ូស៊ី បានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យក្លាយជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ព្រមទាំងបានចុះហត្ថលេខាលើគម្រោងជំនួយនានា ដូចជាការផ្ដល់ឧបករណ៍យោធា ការគាំទ្រវិស័យបោសសម្អាតមីន និងការពង្រីកប្រព័ន្ធទឹកស្អាតតាមរយៈទីភ្នាក់ងារ JICA និងដៃគូដទៃទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាពបច្ចេកទេស។

ជាពិសេស នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ូអិណុ អាត់ស៊ូស៊ី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា បានចុះហត្ថលេខាលើគម្រោងជំនួយសន្តិសុខផ្លូវការ (OSA) ក្នុងទឹកប្រាក់ ៥០០លានយ៉េន (ប្រមាណ ៣លានដុល្លារអាមេរិក)។ គម្រោងនេះ នឹងផ្ដល់ឧបករណ៍បញ្ជូនសារដល់កងទ័ពជើងគោក និងនាវាល្បាតដល់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ដើម្បីលើកកម្ពស់សមត្ថភាពសន្តិសុខ និងសមត្ថភាពរារាំងរបស់កម្ពុជា ព្រមទាំងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ទោះបីជាយ៉ាងណា អ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត មាស នី បានបង្ហាញការសាទរចំពោះកិច្ចសហប្រតិបត្តិការ និងការរក្សាទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា ប៉ុន្តែលោកក៏ចង់ឃើញរដ្ឋាភិបាលកម្ពុជាពង្រឹងផ្នែកច្បាប់បន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិនជប៉ុន។

លោកមានប្រសាសន៍ថា៖ «យើងទទួលស្គាល់ថាជំនួយជប៉ុនមកកម្ពុជាមានសារៈសំខាន់ ដូចជាផ្លូវជាតិលេខ៥ ជាដើម។ តែសម្រាប់ខ្ញុំ គឺមិនចង់ឃើញកម្ពុជាត្រឹមតែទទួលជំនួយនោះទេ ប៉ុន្តែខ្ញុំចង់ឃើញកម្ពុជាកសាងទំនុកចិត្តជាមួយជប៉ុន ដើម្បីបង្កើនពាណិជ្ជកម្ម»។

លោកបន្ថែមថា៖ «រឿងដែលពិបាកបំផុតគឺការអនុវត្តផ្នែកច្បាប់នៅក្នុងស្រុកយើង ដែលធ្វើឱ្យគេពិបាករំពឹងទុក។ ដល់ពេលអ៊ីចឹងទៅ វាធ្វើឱ្យគេស្ទាក់ស្ទើរក្នុងការវិនិយោគ។ យើងដឹងហើយថាគេយកលុយមកប្រើនៅស្រុកយើង ប៉ុន្តែប្រសិនបើច្បាប់នៅស្រុកយើងវាធីងធោងមិនច្បាស់លាស់ គេក៏មិនហ៊ានប្រថុយដែរ»។

ចំណែកឯប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា បានមានប្រសាសន៍ថា ជប៉ុនជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបានជួយគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣។ លោកបន្តថា ជប៉ុនបានជួយកម្ពុជាច្រើនលើវិស័យធំៗ ដូចជាពាណិជ្ជកម្ម សន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែវិនិយោគិនមិនសូវហ៊ានមកបណ្ដាក់ទុនច្រើនដោយសារតែកត្តាស្មុគស្មាញផ្នែកច្បាប់។

លោកថ្លែងថា៖ «ប្រទេសហត្ថលេខីនេះហើយដែលជាអ្នកធានានូវការការពារ និងប្ដេជ្ញាសន្យាថាមិនឱ្យរដ្ឋបរទេសណារំលោភអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឡើយ ព្រមទាំងជំរុញការអភិវឌ្ឍតាមរយៈជំនួយឥតសំណង និងកម្ចីការប្រាក់ទាប។ ប៉ុន្តែ យើងក៏ត្រូវតែបង្ហាញនូវប្រព័ន្ធច្បាប់ឱ្យមានភាពរលូន កុំឱ្យស្មុគស្មាញ មានអំពើពុករលួយ និងត្រូវយកចិត្តទុកដាក់លើច្រកចេញចូលតែមួយ ដើម្បីជៀសវាងការបាត់បង់ទំនុកចិត្តរបស់អ្នកវិនិយោគទុន»៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3356}" data-page="1" data-max-pages="1" data-start="1" data-end="1">