រោងចក្រនៅប៉ោយប៉ែតដែលមានកម្មករជាង២ ៥០០នាក់ សម្រេចផ្អាកដំណើរការដោយសារគ្មានអ្នកបញ្ជាទិញ

សង្គម

(ស្លាករោងចក្រកាត់ដេរសម្លៀកបំពាក់ ហាយ-ថេក អឹភែរឹល (Hi-Tech Apparel) នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ )រូបថត បណ្ដាញសង្គមក្រុមហ៊ុន)។

រោងចក្រកាត់ដេរសម្លៀកបំពាក់ ហាយ-ថេក អឹភែរឹល (Hi-Tech Apparel) នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានកម្មករជាង ២,៥០០ នាក់ សម្រេចផ្អាកដំណើរការអាជីវកម្មទាំងស្រុងត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រោយមិនអាចទប់ទល់នឹងការចំណាយថ្លៃផលិតកម្ម និងការគ្មានការបញ្ជាទិញដូចមុន។

យោងតាមសេចក្ដីជូនដំណឹងរបស់រោងចក្រ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ភាគីរោងចក្របានយល់ព្រមទទួលយកដំណោះស្រាយរួមមួយជាមួយសហជីពមូលដ្ឋាន និងតំណាងកម្មករ។ ភាគីរោងចក្រហាយ-ថេក អឹភែរឹល សម្រេចទូទាត់ប្រាក់បញ្ចប់កិច្ចសន្យាលើ ៤ចំណុច រួមមាន៖ ប្រាក់ឈ្នួលចុងក្រោយ, ប្រាក់បំណាច់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់, ប្រាក់បំណាច់ការជូនដំណឹងមុន និងប្រាក់បំណាច់អតីតភាពការងារឆមាសទី២ នៃឆ្នាំ២០២៦។

ប្រធានសហជីពការពារសិទ្ធិកម្មករនៃក្រុមហ៊ុន ហាយ-ថេក អឹភែរឹល លោក កេត ជីវ័ន្ត បានបញ្ជាក់ថា សហជីពខ្លួនតំណាងឱ្យសមាជិក ១,០៥៨ នាក់ (ដែលមានសមាជិកច្រើនជាងគេ) ឯកភាពលើការទូទាត់របស់ក្រុមហ៊ុន។ បន្ថែមពីលើនេះ លោកស្នើសុំឱ្យក្រុមហ៊ុនជួយសម្របសម្រួល បង់ភាគទានជូនស្ត្រីដែលមានផ្ទៃពោះឱ្យបានរលូន ដើម្បីអាចឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍នៅពេលសម្រាល។

លោកបញ្ជាក់ថា៖ «ការបិទគឺគាត់បិទស្របច្បាប់ ហើយគាត់ក៏បានដំណើរការតាមនីតិវិធីច្បាប់អស់ហើយ អត់មានអីទេ។ ការបិទរោងចក្រនេះគឺគាត់ជូនដំណឹងអស់ហើយ។ ការផ្ដល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ហើយការជូនដំណឹងពីការផ្ដល់អត្ថប្រយោជន៍គឺស្របច្បាប់»។

លោកបន្ថែមថា រោងចក្រសន្យាធ្វើការជាមួយក្រសួងការងារក្នុងការស្វែងរកការងារជូនកម្មករដែលនឹងត្រូវអស់ការងារធ្វើចាប់ពីថ្ងៃជូនដំណឹងនេះ នៅតាមរោងចក្រផ្សេងៗដូចជានៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តកណ្ដាលជាដើម។

អ្នកគ្រប់គ្រងរោងចក្រ និងជាតំណាងនិយោជក លោក Thitipong Wongsayang បញ្ជាក់នៅក្នុងកំណត់ត្រាកិច្ចប្រជុំថា រោងចក្រកំពុងជួបវិបត្តិសេដ្ឋកិច្ច បញ្ហាមធ្យោបាយដឹកជញ្ជូនវត្ថុធាតុដើម និងការមិនមានការបញ្ជាទិញផលិតផលសម្រេចពីដៃគូបន្តទៀត ដែលជាហេតុនាំឱ្យក្រុមហ៊ុនសម្រេចចិត្តផ្អាកដំណើរការផលិតកម្មទាំងស្រុង យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។ ជាមួយគ្នានេះ ភាគីរោងចក្រប្ដេជ្ញាចូលរួមដោះស្រាយ និងទូទាត់ប្រាក់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់។

បើតាមប្រភពដដែល ភាគីរោងចក្រតម្រូវឱ្យកម្មករនិយោជិតចុះហត្ថលេខាទទួលយកការទូទាត់សំណងចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃរោងចក្របិទដំណើរការអាជីវកម្មនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។ សម្រាប់ការទូទាត់ ក្រុមហ៊ុននឹងផ្ទេរតាមគណនីធនាគារអេអិមខេ (AMK Bank)។

កម្មករនិយោជិតបម្រើការងារផ្នែកដេរអស់រយៈពេល ៩ឆ្នាំមកហើយ អ្នកស្រី សំ ឌីណាង បញ្ជាក់ថា ភាគីរោងចក្រសន្យាពីការទូទាត់ប្រាក់បញ្ចប់កិច្ចសន្យាការងារ ៤ចំណុចពិតមែន។ អ្នកស្រីបន្ថែមទៀតថា រោងចក្រកាត់ដេហាយ-ថេក អឹភែរឹល មានភាពរអាក់រអួលក្នុងប្រតិបត្តិការប្រចាំថ្ងៃតាំងពីដើមខែមេសា ឆ្នាំ២០២៦ ដោយផ្នែកខ្លះនៃប្រតិបត្តិការគឺមិនមានការងារធ្វើឡើយ។

អ្នកស្រីនិយាយថា៖ «ខាងក្រុមហ៊ុនគេឱ្យលក្ខខណ្ឌ៤ចំណុច។ ទាំងអស់៥ចំណុច សម្រាប់ស្ត្រីមានផ្ទៃពោះ។ ខាងក្រុមហ៊ុនគេបន្តបង់ភាគទាន ប.ស.ស. ជាមួយក្រសួងឱ្យ ៧៥ភាគរយ និងផ្ដល់ប្រាក់ឈ្នួល ៥០ភាគរយរយៈពេល ៩០ថ្ងៃ»។

អ្នកស្រីថា បន្ទាប់ពីទទួលបានការជូនដំណឹងពីការផ្អាកអាជីវកម្មទាំងស្រុងនេះ កម្មករនិយោជិតទាំងអស់រួមទាំងអ្នកស្រីព្រួយបារម្ភចំពោះការស្វែងរកការងារធ្វើភ្លាមៗ ព្រោះត្រូវដោះស្រាយជីវភាពគ្រួសារ និងបំណុលធនាគារ។ តែយ៉ាងណា អ្នកស្រីសង្កេតឃើញថាកម្មករនិយោជិតមួយចំនួនបានស្វែងរកការងារនៅតាមរោងចក្រនាបណ្ដាខេត្តផ្សេងៗ តាមរយៈការណែនាំពីមន្ទីរការងារ និងដៃគូរោងចក្រនានា។

អ្នកស្រីថា៖ «គេចុះប្រជុំជាមួយក្រសួង មានខាង ប.ស.ស. មានខាងមន្ត្រីរាជការ មានតំណាងរោងចក្រខាងពីកណ្ដាល កំពង់ស្ពឺ។ គេមកបីបួនរោងចក្រដែរ។ គេមកដឹកកម្មករទៅធ្វើការបណ្ដើរៗ។ មានគេមកយកអ្នកស្ម័គ្រចិត្តទៅធ្វើការកន្លែងផ្សេង»។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា លើកឡើងថា ក្រសួងការងារបានសម្របសម្រួលដោយជោគជ័យលើករណីបញ្ឈប់ដំណើរការរបស់រោងចក្រ ហាយ-ថេក អឹភែរឹល ដែលមានកម្មករនិយោជិតសរុបចំនួន ២,៥៣២ នាក់ ដោយធានាឱ្យកម្មករទទួលបានសិទ្ធិ និងអត្ថប្រយោជន៍ស្របតាមច្បាប់។

លោកមានប្រសាសន៍ថា៖ «អ្វីដែលក្រសួងគិតគូរយ៉ាងសំខាន់បំផុត គឺការធានាថាបងប្អូនកម្មករនិយោជិតគ្រប់រូប ត្រូវបានគោរពសិទ្ធិ និងអត្ថប្រយោជន៍របស់ខ្លួនយ៉ាងពេញលេញ ដោយទទួលបានស្របតាមច្បាប់ និងមានឱកាសបន្តការងារថ្មីភ្លាមៗ ដើម្បីបន្តពង្រឹងជីវភាពរបស់បងប្អូនឱ្យកាន់តែប្រសើរ»។

លោក មេសា អះអាងថា ក្រសួងការងារបានសហការជាមួយរោងចក្រ និងសហគ្រាសនៅតាមបណ្តាខេត្តជិតខាង ដើម្បីទទួលយកកម្មករនិយោជិតទៅបន្តការងារភ្លាមៗ ខណៈទីផ្សារការងារនៅទូទាំងប្រទេសកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ៩.២ ម៉ឺនកន្លែង។

ជុំវិញករណីនេះ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ យល់ថា ការដែលរោងចក្រហាយ-ថេក អឹភែរឹល ប្រកាសបិទទ្វារភ្លាមៗនេះ វានឹងផ្ដល់ផលមិនល្អដល់កម្មករនិយោជិត។ អ្នកស្រីយល់ថាក្រសួងការងារត្រូវធានារកការងារឱ្យកម្មករនិយោជិតឱ្យបានឆាប់រហ័ស ឬបណ្ដុះបណ្ដាលជំនាញ តែត្រូវធានាផ្ដល់ការគាំពារផ្សេងៗ។

អ្នកស្រីលើកឡើងថា៖ «នៅពេលកម្មករគាត់បាត់បង់ការងារ ប៉ះពាល់ដល់គាត់មួយតង់ហើយ ប៉ុន្តែប្រសិនបើរោងចក្រនោះទូទាត់ប្រាក់សំណងមិនសមស្រប វាប៉ះពាល់គាត់មួយតង់ទៀត។ មើលឃើញថាកម្មករនិយោជិតគាត់អត់អាចទៅរកការងារ… អាចថានៅពេលគាត់បាត់បង់ការងារ គាត់រកការងារថ្មីៗភ្លាមៗមិនបាន ចង់មិនចង់វាប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ»។

អ្នកស្រីបន្ថែមថា៖ «បើសិនជាយើងមានប្រព័ន្ធនៅក្នុងការការពារហានិភ័យ យើងមានរបៀបនៅក្នុងការបង្ការ យើងមានរបៀបថាបើសិនណាប្រជាពលរដ្ឋរបស់យើងរងផលប៉ះពាល់ទាំងអស់ហ្នឹង តើយើងធ្វើយ៉ាងម៉េចដើម្បីឱ្យគាត់ទទួលបានការងារថ្មី ដើម្បីឱ្យគាត់ទទួលបានស្ថេរភាព ដើម្បីគាត់មានលុយនៅក្នុងការផ្គត់ផ្គង់គ្រួសាររបស់គាត់»។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ រោងចក្រកាត់ដេរសម្លៀកបំពាក់ អិមអិល អ៊ិនធីមេត អឹភែរឹល (ML Intimate Apparel) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រកាសបិទទ្វារជាផ្លូវការដូចគ្នា ដោយសារជួបបញ្ហាហិរញ្ញវត្ថុ ស្ថានភាពភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងខាងសេដ្ឋកិច្ច៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3317}" data-page="1" data-max-pages="1" data-start="1" data-end="1">