រដ្ឋាភិបាលកម្ពុជាដំឡើងឋានៈមន្ត្រីម្នាក់ទៀតជាទេសរដ្ឋមន្ត្រីនៅពាក់កណ្ដាលនីតិកាលទី៧។ រដ្ឋសភាកម្ពុជាទើបតែបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំង អតីតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។
សមាជិករដ្ឋសភា ១១០ រូប នៃចំនួនសមាជិករដ្ឋសភាទាំងមូលបានចូលរួមបោះឆ្នោតដំឡើងឋានៈលោក ប្រាក់ សំអឿន។ ក្នុងនោះសមាជិកសភាចំនួន ១០៨ រូបគាំទ្រ និងសមាជិកសភា ២ រូបបោះឆ្នោតអនុបវាទ។ កាលដើមអាណត្តិទី៧នេះ លោក ប្រាក់ សំអឿន ជាអតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលភារកិច្ចជួយលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារអគ្គនាយកដ្ឋានរដ្ឋបាល ហើយក្រោយមកលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ពីសំណាក់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។បើគិតត្រឹមលើកនេះលោកសំអឿនជាឥស្សរជនម្នាក់ដែលត្រូវបានដំឡើងឋានៈចំនួន២ដង។
គិតត្រឹមឆ្នាំ២០២៦ នេះ កម្ពុជាមានទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសចំនួន ២៣ រូប ដែលតែងតាំងដោយរដ្ឋសភា និងត្រូវបានបែងចែកតួនាទីផ្សេងៗគ្នា ដើម្បីការអនុវត្តច្បាប់ និងដឹកនាំកិច្ចការងារទូទៅរបស់រដ្ឋាភិបាល។
ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន លើកឡើងថា ការតែងតាំងមន្ត្រីរបស់រដ្ឋាភិបាលជារឿងធម្មតា ដែលប្រជាពលរដ្ឋទូទៅរួមទាំងរូបលោកលែងមានចំណាប់អារម្មណ៍ទៅហើយ។ លោកមានប្រសាសន៍ថា៖ «ការតែងតាំងមន្ត្រីជាន់ខ្ពស់ក្ដី ថ្នាក់ដឹកនាំក្ដីរបស់រាជរដ្ឋាភិបាល លែងជាចំណុចគួរឱ្យចាប់អារម្មណ៍របស់អ្នកវិភាគ របស់អ្នកតាមដាន ឬក៏របស់ប្រជាពលរដ្ឋរួមទាំងខ្ញុំផងដែរ ព្រោះជារឿងដដែលៗ»។
ចំណែកឯ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា ថ្លែងថា លោកមិនជំទាស់នឹងការតែងតាំងមន្ត្រីរបស់រដ្ឋាភិបាលទេ ដើម្បីបម្រើសេវាសាធារណៈ និងប្រជាពលរដ្ឋ តែលោកស្នើឱ្យការតែងតាំងនោះមានតម្លាភាព និងប្រសិទ្ធភាព។ ចំណុចនេះ លោកថារដ្ឋាភិបាលគួរបណ្ដុះបណ្ដាលអ្នកដែលមានតួនាទីនៅក្នុងស្ថាប័នរដ្ឋមួយឱ្យមានសមត្ថភាព ជៀសវាងកើតមាននូវការច្រណែនតួនាទីគ្នា ក្រោយមានការតែងតាំងអ្នកថ្មី។
លោកមានប្រសាសន៍ថា៖ «បើសិនជាករណីមិនចាំបាច់ទេ យើងពង្រឹងពង្រីក បណ្ដុះបណ្ដាលអ្នកដែលជាមន្ត្រីជាន់ខ្ពស់នៅក្នុងសេនាធិការក្រសួងស្ថាប័ន ឬក៏នៅផ្ទាល់ជាមួយខុទ្ទកាល័យនាយករដ្ឋមន្ត្រី ខ្ញុំថាវាប្រសើរជាងយើងបន្ថែមមនុស្សបន្ថែមទៀត វាអាចមនុស្សច្រើនអន្សមខ្លោច វាអាចជាបក្សជាពួក វាធ្វើឱ្យសកម្មភាពហ្នឹងរាំងស្ទះដល់ដំណើរការប្រចាំថ្ងៃ»។ លោកបន្ថែមថា៖ «ការដាក់មកនេះ យើងឯកភាពថាមនុស្សមានការចេះដឹងហើយ ប៉ុន្តែខ្លាចយកមកវាជាន់គ្នា ហើយគ្មានអ្វីក្រៅពីការមិនទុកចិត្តគ្នា អ៊ឺចឹងបង្កើនកម្លាំងម្ខាងទៅម្ខាង បក្សក្រុមក្នុងក្រសួងហ្នឹង វាអាចធ្វើឱ្យកាន់តែរាំងស្ទះនូវកិច្ចការងារ»។
អ្នកវិភាគសង្គម និងនយោបាយ លោក មាស នី លើកឡើងថា លោកសាទរដែលរដ្ឋាភិបាលធ្វើការកំណែទម្រង់តែងតាំងមន្ត្រីដែលមានសមត្ថភាព តែយ៉ាងណាការតែងតាំងមន្រ្តីទាំងនោះលោកថាមិនមែនជារឿងថ្មីទេ។ លោកបន្តថា កន្លងមកលោកតែងតែឮអ្នកតាមដានបញ្ហាសង្គមនិយាយពីរឿងស្ថាប័នដែលមានខ្លួនតូចតែក្បាលធំ សំដៅដល់ការមានមន្ត្រីច្រើន តែប្រសិទ្ធភាពការងារនៅមានកម្រិត។
លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលនៅក្នុងការប្រឹងប្រែងនៅក្នុងកំណែទម្រង់ កាត់បន្ថយមន្ត្រីដើម្បីកុំឱ្យក្បាលធំខ្លួនតូច។ បើយើងមើលពីការតែងតាំងនេះ ខ្ញុំក៏មិនដឹងពីសមត្ថភាពរបស់លោកដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលរដ្ឋាភិបាលកំពុងប្រកាសកាត់បន្ថយ ដូច្នេះបើសិនជាការដំឡើងតំណែងផ្សេងៗ វាហាក់ដូចជាចរន្តនេះដើរផ្ទុយគ្នាពីអ្វីដែលរដ្ឋាភិបាលបានប្រកាស»។ លោកបន្ថែមថា៖ «នៅក្នុងអភិបាលកិច្ចល្អ វាមិនគ្រាន់តែកាត់របស់គេទុករបស់ឯងទេ ត្រូវតែកាត់អ្នកដែលមិនមានសមត្ថភាពបានត្រឹមត្រូវ ប៉ុន្តែបើយើងធ្វើការកំណែទម្រង់តាមបែបបង្រួមកាត់របស់គេទុករបស់អញហ្នឹង វានឹងជាប់គាំងក្នុងប្រព័ន្ធគ្រួសារនិយម បក្សពួកនិយមវែងឆ្ងាយទៀត»។
ចំពោះសម័យប្រជុំរដ្ឋសភានេះ មានការចូលរួមពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្រោមកិច្ចពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន ៥ រួមមាន៖ ការបោះឆ្នោតតែងតាំង លោក ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស, សេចក្ដីព្រៀងច្បាប់ស្ដីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត, ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក, ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារនិងសំណង់ និងប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត៕







