អ្នកនយោបាយ និងអ្នកឃ្លាំមើលសង្គមបង្ហាញក្ដីសាទរដែលអ្នកនយោបាយដែលមាននិន្នាការផ្ទុយចេះយោគយល់គ្នា និងចែករំលែកទុក្ខសោកពេលគ្រួសារម្ខាងទៀតមានទុក្ខ។ បន្ថែមពីលើនេះ ពួកគេក៏អំពាវនាវឱ្យអ្នកនយោបាយគ្រប់រូបងាកមកផ្សះផ្សាគ្នាឡើងវិញដើម្បីផលប្រយោជន៍ជាតិ។
ការលើកឡើងនេះធ្វើឡើងក្រោយ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ចេញលិខិតចូលរូមរំលែកទុក្ខម្តាយបង្កើតរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ គឺឧបាសិកា សៅ ង៉ែត ដែលបានទទួលមរណភាព នៅយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជន្មាយុ១០១ ឆ្នាំ ដោយរោគាពាធ។
ក្នុងសារលិខិតសាររំលែកទុក្ខ លោក ហ៊ុន សែន ថ្លែងថារូបលោក និងភរិយា មានទុក្ខក្រៀមក្រំ និងសូមចូលរូមរំលែកទុក្ខ ចំពោះការបាត់បង់ម្ដាយបង្កើត ដែលមិនអាចកាត់ថ្លៃបាន ប្រកបដោយព្រហ្មវិហារធម៌។ សាររំលែកទុក្ខបន្ថែមថា ការបាត់បង់អ្នកស្រី សៅ ង៉ែត ជាការបាត់បង់ពុទ្ធសាសនិកមួយរូប ដែលមានសេចក្ដីថ្លៃថ្លា ដែលតែងតែចូលរួមលើកស្ទួយព្រះពុទ្ធសាសនានៅកម្ពុជា។
សារលិខិតថា៖ «ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា សៅ ង៉ែត សូមបានទៅចាប់ បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
បន្ថែមពីលើនេះ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានបង្ហោះសាររំលែកទុក្ខ និងបង្ហាញសេចក្ដីអាឡោះអាឡ័យ ជាមួយគ្រួសារលោក កឹម សុខា ផងដែរ។
ឧបាសិកា សៅ ង៉ែត បានទទួលមរណភាពជាងមួយខែបន្ទាប់ពីលោក កឹម សុខា ទទួលបានការលើកលែងទោសពីប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ លោក ហ៊ុន សែន បានចេញព្រះរាជក្រឹត្យលើកលែងទោសដល់លោក កឹម សុខា បន្ទាប់ពីលោកត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស។ ទោះជាយ៉ាងណា ការលើកលែងទោសនោះភ្ជាប់មកជាមួយលក្ខខណ្ឌមិនឱ្យលោកវិលត្រឡប់ចូលរួមសកម្មភាពនយោបាយវិញ។
លោក ផែង ហេង សហមេធាវីការពារក្តីរបស់លោក កឹម សុខា ដែលបានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ ខែកក្កដា ឱ្យដឹងថា ឧបាសិកា សៅ ង៉ែត បានទទួលមរណភាពនៅវេលាម៉ោងប្រមាណ ១១:០០ នាទីយប់ ថ្ងៃទី៨ ខែកក្កដា នៅគេហដ្ឋានរបស់កូន ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពរបស់អ្នកស្រីនឹងត្រូវដង្ហែទៅដំកល់នៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាស្រុកកំណើតអ្នកស្រី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។
អ្នកនាំពាក្យសម្ព័ន្ធភាពឆ្ពោះទៅអនាគត លោក គីមសួរ ភិរិទ្ធ លើកឡើងថាជារឿងល្អក្នុងនាមជាពុទ្ធសាសនិក ដែលអ្នកនយោបាយចេះគោរព ចែករំលែកទុក្ខក្រៀមក្រំគ្នា បើទោះបីជាមាននិន្នាការនយោបាយខុសគ្នាក៏ដោយ។ លោកថាអ្នកនយោបាយគួរតែរួបរួមគ្នាជាធ្លុងមួយ និងបន្តយន្តការផ្សះផ្សាជាតិ ដើម្បីអភិវឌ្ឍជាតិក្នុងប្រទេសប្រជាធិបតយ្យ។
លោកមានប្រសាសន៍ថា៖ «ខ្មែរយើងៗកាន់ព្រះពុទ្ធសាសនា អីចឹងធម៌ក្នុងការចែករំលែកសេចក្ដីអាណិតអាសូរវាតែងតែមាននៅក្នុងចិត្ត។ ទោះបីមាននិន្នាការ មានបញ្ហាកន្លងមកជាមួយគ្នាកន្លងមកយ៉ាងណាក៏ដោយ ពេលមានទុក្ខតែងតែចូលរួមរំលែកទុក្ខសោកទាំងនោះទៅវិញទៅមក»។
លោកបន្ថែមថា៖ «បើយើងចង់បានការរួបរួមជាតិ ការឯកភាពជាតិមួយដ៏ពិតប្រាកដ ការចូលរួមអភិវឌ្ឍន៍ជាមួយគ្នាគ្រប់វិស័យ យើងគួរបើកចំហសេរីភាពបញ្ចេញមតិ។ ចំពោះអ្នកទោសទាំងឡាយ ដែលមិនមែនជាទោសឧក្រិដ្ឋ ដែលប៉ះពាល់ដល់ប្រយោជន៍ជាតិទេ រដ្ឋាភិបាលគួរពិចារណាលើកលែងទោសគាត់ទៅ»។
ស្រដៀងគ្នានេះដែរ អ្នកវិភាគនយោបាយ និងសង្គម លោក មាស នី ថ្លែងថាលោកសាទរដែលអ្នកនយោបាយបង្ហាញក្ដីអាណិតអាសូរ ចង់ដឹងពីសុខទុក្ខគ្នា ព្រោះជាជាតិសាសន៍តែមួយ។ តែយ៉ាងណាលោក ចង់ឃើញអ្នកនយោបាយនៅកម្ពុជាផ្សះផ្សាគ្នាបន្តទៀត ដើម្បីពង្រឹងសេចក្ដីទុកចិត្តគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍជាតិជារួម។
លោកថ្លែងថា៖ «ការសួរសុខទុក្ខគ្នារវាងអ្នកនយោបាយនិងអ្នកនយោបាយ ទីមួយបើយើងនិយាយពីប្រពៃណីនៃការាប់អានគឺអត់មានអីខុសទេ។ ការរំលែកទុក្ខវាជារឿងធម្មតា»។
លោកបន្ថែមថា៖ «រឿងផ្សះផ្សានះវាអាស្រ័យលើអ្នកខាងលើៗទេ។ រឿងអ្នកនយោបាយ បើក្បាលម៉ាស៊ីនដឹកនាំខាងលើមានទំនុកចិត្តគ្នាហើយ ខ្ញុំគិតថាអ្នកអនុវត្តខាងក្រោមនឹងកើតឡើង២៤ម៉ោងស្ទើរតែយើងមិនជឿទៀតផង។ សម្រាប់រឿងអ្នកទោសនយោបាយ អ្នកទោសមនសិការអីយើងមិនត្រូវមានការឃុំខ្លួនទេ»។
ចំណែកឯ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា ថ្លែងថា ការគោរពគ្នាជាវប្បធម៌ល្អដែលមានតាំងពីយូរលង់ណាស់មកហើយ។ លោកថាការរំលែកទុក្ខពេលអ្នកដទៃមានទុក្ខជាការអហោសកម្មឱ្យគ្នានៅជីវិតចុងក្រោយ។ លោកក៏ចង់ឱ្យអ្នកនយោបាយធ្វើការរួបរួម ផ្សះផ្សាគ្នាប្រកបដោយស្នាមញញឹម។
លោកមានប្រសាសន៍ថា៖ «នេះជាគម្រូជាទិដ្ឋភាពមួយបង្ហាញពីតថភាពសង្គម ទិដ្ឋភាពសង្គមឱ្យពលរដ្ឋម្ចាស់ឆ្នោតឱ្យគណបក្សនយោបាយខុសគ្នា ទស្សនៈផ្ទុយគ្នាតែអាចឱ្យអភ័យទានឱ្យគ្នា ជូនពរសុខទុក្ខគ្នានៅពេលក្រុមគ្រួសារមានទុក្ខធ្ងន់។ ខ្ញុំថាជាការចាប់ផ្ដើម និងបន្តទៀតទៅ ដើម្បីរកនូវវប្បធម៌សន្ទនារកនូវ ការឯកភាពជាតិ ពង្រឹងផ្ទៃក្នុងជាតិ កសាងជាតិឱ្យរឹងមាំ»។







