លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសឱ្យយុវជនអនុវត្តកាតព្វកិច្ចយោធាដែលមានរយៈពេល២ឆ្នាំចាប់ពីឆ្នាំ២០២៦តទៅ ខណៈគណបក្សប្រឆាំងទទូចឱ្យការអនុវត្តកាតព្វកិច្ចយោធានេះកុំធ្វើឱ្យប៉ះពាល់ដល់ការសិក្សានិងការងាររបស់យុវជន។
ថ្លែងក្នុងពិធីខួបលើកទី៣២នៃការបង្កើតកងរាជអាវុធហត្ថ នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធានៅឆ្នាំ២០២៦ខាងមុខ គឺធ្វើឡើងដើម្បីបង្កើនបរិមាណនិងការចម្រាញ់យកកងទ័ពដែលមានសមត្ថភាពឱ្យមកបំពេញនៅតាមអង្គភាពបន្ទាប់ពីបញ្ចប់ការហ្វឹកហ្វឺន។
លោក ហ៊ុន ម៉ាណែត បន្តថា យុវជនដែលទទួលបានការបណ្ដុះបណ្ដាលនិងវិន័យ បន្ទាប់ពីអនុវត្តកាតព្វកិច្ចយោធារយៈពេល២ឆ្នាំ ពួកគេអាចនឹងក្លាយជាពលរដ្ឋល្អក្នុងសង្គមផងដែរ ខណៈអ្នកមានបំណងចង់បម្រើយោធាជាកងទ័ពអាជីពអាចដាក់ពាក្យធ្វើបន្តបាន។ បន្ថែមពីលើនេះ លោកនាយករដ្ឋមន្រ្តីថា នៅពេលដែលប្រទេសជាតិស្ថិតក្នុងភាពចាំបាច់ រដ្ឋាភិបាលអាចកោះហៅយុវជនដែលធ្លាប់ទទួលបានការហ្វឹកហាត់ផ្នែកយោធាទាំងនោះមកភ្លាមៗបានផងដែរ។
ទន្ទឹងនឹងនោះ លោកក៏បានអំពាវនាវឱ្យធ្វើវិសោធនកម្មច្បាប់ស្ដីពីកាតព្វកិច្ចយោធាឱ្យស្របតាមស្ថានភាពបច្ចុប្បន្ន នៅមុនឆ្នាំក្រោយ ក្រោមហេតុផលថា ច្បាប់នេះបានបង្កើតឡើងតាំងពី២០ឆ្នាំមុន។
លោក និយាយថា៖ «ឆ្នាំ២០២៦ទៅ នឹងត្រូវអនុវត្តច្បាប់កាតព្វកិច្ចយោធា នេះគឺជាការប្ដេជ្ញាចិត្តរបស់យើង។ ហើយប្រសិនបើមានសភាពការណ៍ចាំបាច់ យើងមានទ័ពដែលអាចចុចឈ្មោះហៅមកបាន ហើយគាត់មានការហ្វឹកហ្វឺនខ្លះរួចជាស្រេច នេះគឺចាំបាច់ដែលខ្ញុំពិនិត្យមើលទៅ គឺត្រូវអនុវត្តច្បាប់កាតព្វកិច្ច»។
ច្បាប់កាតព្វកិច្ចយោធាត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់តាមរយៈព្រះរាជក្រមកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦។ ច្បាប់កាតព្វកិច្ចយោធាមាន១៦មាត្រា។ មាត្រា២នៃច្បាប់ស្ដីពីកាតព្វកិច្ចយោធាចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងពីរភេទ មានអាយុចាប់ពី១៨ដល់៣០ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធាតាមការកំណត់នៃច្បាប់នេះ។ ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រីភេទ ត្រូវធ្វើឡើងតាមការស្មគ្រចិត្ត។ ពលរដ្ឋខ្មែរដែលមានសញ្ជាតិពីរហើយរស់នៅក្នុងប្រទេសកម្ពុជាត្រូវបំពេញកាតព្វកិច្ចយោធាក្នុងប្រទេស។
មាត្រា៣ នៃច្បាប់ស្ដីពីកាតព្វកិច្ចយោធាចែងថា ចំនួនប្រជាពលរដ្ឋនិងលក្ខខណ្ឌទាំងឡាយក្នុងការចូលបំពេញកាតព្វកិច្ចយោធា សម្រាប់វគ្គនីមួយៗជារៀងរាល់ឆ្នាំត្រូវកំណត់ដោយអនុក្រិត្យ តាមសំណើរបស់ក្រសួងការពារជាតិ។
សមាជិកព្រឹទ្ធសភា លោក គង់ មូនីកា ឯកភាពចំពោះការរៀបចំប្រព័ន្ធយោធាកម្ពុជាឱ្យរឹងមាំនិងមានវិជ្ជាជីវៈ។ យ៉ាងណាក៏ដោយ លោកស្នើឱ្យរដ្ឋាភិបាលពិចារណាមើលលក្ខខណ្ឌមួយចំនួននៅពេលដែលអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធានេះ តើវាជះឥទ្ធិពលដល់យុវជនដែលជាប់កាតព្វកិច្ចក្នុងកម្រិតណា ហើយលោកអំពាវនាវ ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់យុវជនដែលកំពុងសិក្សាឬនាំឱ្យបាត់បង់ការងារ។
លោកនិយាយថា៖ «យើងឯកភាពការជំរុញបែបនេះក្នុងការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធានេះ ប៉ុន្តែត្រូវតែពិនិត្យមើលគោលការណ៍សំខាន់ៗមួយចំនួនអំពីលក្ខខណ្ឌថាតើច្បាប់នេះចេញទៅ វាអាចជះឥទ្ធិពលដល់យុវជន ដែលជាប់កាតព្វកិច្ចក្នុងកម្រិតណា ជាពិសេសធ្វើយ៉ាងណាច្បាប់នេះកុំប៉ះពាល់ទៅដល់យុវជនដែលកំពុងសិក្សាឬបាត់បង់ឱកាសការងារ ស្ថិតក្នុងន័យដែលមិនអាចទទួលបានការងារមួយដែលត្រឹមត្រូវ ជារឿងដែលយើងទទូចឱ្យធ្វើការពិចារណា»។
ទន្ទឹងនឹងនេះ លោកក៏ស្នើឱ្យមានការអនុវត្តឱ្យបានស្មើភាពគ្នាសម្រាប់យុវជនទូទៅ មិនថាកូនអ្នកក្រឬកូនអ្នកមាន ដែលលោកទាមទារឱ្យមានយន្តការក្នុងការតាមដាននិងត្រួតពិនិត្យការងារពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចយោធានេះ។
ចំណែកលោក សេក សោភ័ណ មេធាវីនៅការិយាល័យមេធាវី អ&អិល មានប្រសាសន៍ថា ជាគោលការណ៍ ប្រជាពលរដ្ឋម្នាក់ៗមានកាតព្វកិច្ចក្នុងការការពារជាតិ តែលោកសង្ឃឹមថា ការអនុវត្តនីតិវិធីនៃការជ្រើសរើសកាតព្វកិច្ចយោធានេះនឹងប្រកបដោយសុក្រឹតភាព។
លោក និយាយថា៖ «បើសិនជាមានភាពយុត្តិធម៌នៅក្នុងការដាក់កាតព្វកិច្ចដូច ត្រូវបំពេញកាតព្វកិច្ចជូនប្រទេសជាតិ ខ្ញុំគិតថា វាជាវិធីល្អដែលប្រទេសយើងត្រូវការឱ្យមានពលរដ្ឋ មានចំណេះដឹងផ្នែកទាហាន ផ្នែកអាវុធអីខ្លះចឹងទៅ កុំឱ្យអត់ចេះសោះ អត់កើតទេ»។
រីឯអ្នកវិភាគនយោបាយលោក ឯម សុវណ្ណរ៉ា ក៏គាំទ្រចំពោះការប្រកាសឱ្យអនុវត្តកាតព្វកិច្ចយោធារបស់រដ្ឋាភិបាលផងដែរ ដើម្បីឆ្លើយតបនឹងភាពតានតឹងជាមួយប្រទេសថៃដែលនៅចំពោះមុខ និងជម្លោះដែលអាចកើតមាននៅពេលអនាគត។ ក៏ប៉ុន្តែ លោកសង្ឃឹមថា រដ្ឋាភិបាលនឹងកំណត់គោលដៅនៃលក្ខណៈសម្បត្តិរបស់យុវជនដោយផ្តោតលើអ្នកមានចំណេះដឹង ដូចជាខាងបច្ចេកវិទ្យាជាដើម។
លោកនិយាយថា៖ «បុគ្គលណាក៏ជាប់កាតព្វកិច្ចហ្នឹងដែរ ប៉ុន្តែរដ្ឋាភិបាលអាចដាក់បទប្បញ្ញត្តិជ្រើសរើស ករណីយកលក្ខណសម្បត្តិដែលរដ្ឋត្រូវការ មិនមែនគិតតែការប្រយុទ្ធទេ ពាក់ព័ន្ធទាំងខួរក្បាល ពាក់ព័ន្ធខាងបច្ចេកវិទ្យាកុំព្យូទ័រ ព័ត៌មានវិទ្យាអីជាដើមសុទ្ធតែត្រូវការនៅក្នុងយោធាសម័យបច្ចុប្បន្ននេះ ត្រូវការអ្នកមានចំណេះដឹងហ្នឹងណាស់»។
យុវជនមួយរូប លោក ហៀម ផេត វ័យ២៤ឆ្នាំ និយាយថា លោកគាំទ្រឱ្យមានការអនុវត្តកាតព្វកិច្ចយោធា ដើម្បីជំរុញពលរដ្ឋឱ្យមានស្មារតីការពារជាតិ។ ទោះជាយ៉ាងណាក៏ដោយ លោក ថា ប្រសិនបើលោកជាប់បម្រើកាតព្វកិច្ចយោធាមែននោះ លោកនឹងប៉ះពាល់ដល់ជីវភាពដោយសារលោកចង់មានប្រាក់ចំណូលមួយសមរម្យ បន្ទាប់ពីបញ្ចប់ការសិក្សា ខណៈលោកយល់ថា ការប្រកាសឱ្យអនុវត្តរបស់រដ្ឋាភិបាលហាក់ដូចជាលឿនពេក។
លោកនិយាយថា៖ «វាលឿន យើងអត់អាចត្រៀមខ្លួនទាន់ព្រោះវាលឿនពេក ឥឡូវពាក់កណ្ដាលឆ្នាំ [២០២៥] ហើយ។ […] ខ្ញុំមានតម្រូវការច្រើនជាងនេះ ចឹងខ្ញុំត្រូវការរកចំណូលដែរ តែប្រសិនបើជ្រើសរើសក៏យើងនៅតែធ្វើការបំពេញកាតព្វកិច្ចហ្នឹងដែរ»៕







