(អត្ថបទដោយ៖ ហុង សេរីហ្វុង)
លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ណែនាំឱ្យពង្រឹងការបង្ក្រាបរាល់បទល្មើសនានារួមមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចរាចរណ៍ និងបទគ្រឿងញៀន ឱ្យបានម៉ឺងម៉ាត់ ព្រមទាំងព្រមានចាត់វិធានដោយគ្មានការលើកលែងចំពោះមន្ត្រីណាដែលពាក់ព័ន្ធបទល្មើស ឬមន្ត្រីពុករលួយ។
ថ្លែងក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាកម្ពុជាត្រូវបន្តពង្រឹងការបង្ក្រាបរាល់បទល្មើសប្រឈមក្នុងសង្គម ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង និងអំពើជួញដូរមនុស្ស។
លោកថា៖ «យើងត្រូវតែរួមគ្នាប្តេជ្ញាចិត្តសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បីនាំមកវិញនូវអ្វីដែលល្អៗសម្រាប់ជាតិ និងប្រជាជនយើង។ ហើយអនុវត្តវិធានការដ៏តឹងរ៉ឹង ដោយគ្មានការលើកលែង ចំពោះមន្ត្រីណាដែលជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គម ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
ជុំវិញករណីនេះ អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី សង្កេតឃើញថា លោកនាយករដ្ឋមន្ត្រីតែងតែមានប្រសាសន៍ពីបញ្ហានេះជារឿយៗ ខណៈការបង្រាបបានតែមួយឆ៉ាវ។ តែយ៉ាងណា លោកគាំទ្រចំពោះការលើកឡើងរបស់លោកនាយលរដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោកថា៖ «រឿងសំខាន់ឆបោកអនឡាញ ឬក៏អំពើអយុត្តិធម៌ផ្សេងៗអីផ្សេងៗត្រូវមើល ព្រោះអីជួនកាលវាកើតឡើងពីអ្នកមានអំណាចមានអីចេះតែមកកើងធ្វើឱ្យអ្នករងគ្រោះអ្នកក្រីក្រឬក៏ពលរដ្ឋសាមញ្ញរងគ្រោះដោយសារអ្នកកើងហ្នឹង អ៊ីចឹងធ្វើម៉េចឱ្យធ្វើឱ្យអស់ជាមួយគ្នាតែម្ដងកុំឱ្យជួនកាលចាប់តែអ្នកដែលរក ប៉ុន្តែអ្នកដែលនៅពីក្រោយអ្នកដែលបង្កឱ្យមានបញ្ហា យើងដឹងហើយដូចមានរឿងឆបោកលុយកាក់ រឿងសន្យាខ្យល់អីហ្នឹងមានច្រើនឆ្នាំហើយ ប៉ុន្តែអ្នកដែលប្រមូលលុយបានក៏នៅតែរស់ធម្មតា[…]ហើយមានអ្នកខ្លះក៏ជាប់សំណាញ់ច្បាប់ទៅប៉ុន្តែវាមានមនុស្សមួយចំនួនទៀតមិនដឹងថាគេមានខ្នងមានអីប៉ុណ្ណាវាដូចជាគេនៅតែរស់បានស្រួល»។
ចំណែកឯនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ក៏គាំទ្រចំពោះការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ខណៈដែលបញ្ហាការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យាកំពុងធ្វើឱ្យប៉ះពាល់មុខមាត់របស់ប្រទេសកម្ពុជា ការអភិវឌ្ឃសង្គមជាតិ ជាពិសេសប៉ះពាល់ដល់វិស័យទេសចរណ៍អន្តរជាតិ ការវិនិយោគ និងសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងសង្គមជាតិ។
លោកថា៖ «រាជរដ្ឋាភិបាល និងអជ្ញាធរ ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ គួររួមគ្នាដើម្បីបង្ក្រាប ទប់ស្កាត់បទល្មើសដែលប្រឈមក្នុងសង្គម ដូចជាករណីឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។ ការពង្រឹងក្នុងការអនុវត្តន៍ច្បាប់ឱ្យមានប្រសិទ្ធភាណ ការលុបបំបាត់អំពើពុករលួយ និងកិច្ចសហប្រតិបត្តការ គឺជារឿងសំខាន់បំផុតក្នុងការបង្ក្រាបបទល្មើសទាំងនោះ»។
តាមរយៈលទ្ធផលការងារបង្ក្រាបបទល្មើសនានាប្រចាំឆ្នាំ២០២៥របស់ក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបបទល្មើសឆបោកអនឡាញបានចំនួន៣១ទីតាំង ដោយឃាត់ខ្លួនបានចំនួន ២៥២១នាក់(មាន ១៦សញ្ជាតិ) ។ សមត្ថកិច្ចបានបណ្ដេញចេញពីប្រទេសចំនួន២០៥៣នាក់(មាន១៥សញ្ជាតិ) កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន១៤៨នាក់(មាន៥សញ្ជាតិ) និងដោះលែង៣២០នាក់(មាន៣សញ្ជាតិ)ដែលមិនពាក់ព័ន្ធនឹងបទល្មើស។
ក្នុងឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្មេងទំនើងចំនួន ៩៩១ករណី ក្នុងនោះឃាត់ខ្លួនបានចំនួន ៣៦០៧នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ២៣៥៥នាក់ ខណៈ១២៣៨នាក់ផ្សេងទៀតត្រូវបានអប់រំណែនាំ។ចំពោះបញ្ហាល្បែងស៊ីសង សមត្ថកិច្ចបង្ក្រាបបាន ៥៣៤ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន ១៥៦៦នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៥៨៤នាក់ និងចាត់វិធានការរដ្ឋបាលដោយអប់រំណែនាំបានចំនួន ៩៨២នាក់៕







