ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចបណ្ដេញជនបរទេសចំនួន ៣៥៥៨នាក់ ដែលពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមសេចក្ដីសង្ខេបព័ត៌មាន ស្ដីពីលទ្ធផលបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចុះពិនិត្យរដ្ឋបាលតាមទីតាំងរស់នៅប្រមូលផ្ដុំ ប្រចាំខែមេសា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពេញ១ខែមេសា សមត្ថកិច្ចបានក្រសោបបុគ្គលពាក់ព័ន្ធ មានចំនួនសរុប ៥៥៣៥នាក់ មាន៣០សញ្ជាតិ រួមទាំងខ្មែរផង។
លោកថា ក្រសួងបានបណ្ដេញចេញ នូវអ្នកពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន៣៥៥៨នាក់ មានជនជាតិចិន ២១៥២នាក់ ថៃ ៧២៤នាក់ វៀតណាម ២១៦នាក់ បង់ក្លាដេស១០០ ប៉ាគីស្ថាន៦០ ឥណ្ឌា ៤៣ ឥណ្ឌូនេស៊ី ២៣នាក់ នេប៉ាល់១០៨នាក់ មីយ៉ាន់ម៉ា១០៧នាក់ ម៉ាឡេស៊ី ៤នាក់ កូរ៉េ ៩នាក់ រ៉វាន់ដា ៥នាក់។
លោក សុឃៈ ឱ្យដឹងទៀតថា ការចុះបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam ប្រចាំខែមេសា សមត្ថកិច្ច បានចុះបង្ក្រាបចំនួន ៤៨កន្លែង ក្នុងរាជធានីខេត្តចំនួន ១៣ ក្នុងនោះមានភ្នំពេញ ២០កន្លែង បន្ទាយមានជ័យ ៨កន្លែង ស្វាយរៀង ៦កន្លែង ព្រះសីហនុ ៣កន្លែង កំពង់ស្ពឺ ២កន្លែង មណ្ឌលគិរី ២កន្លែង ព្រមទាំង១កន្លែងនៅក្នុងខេត្តកែប កំពត សៀមរាប កោះកុង កណ្ដាល ឧត្តរមានជ័យ និងត្បូងឃ្មុំ។
ក្នុងនោះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការសរុបចំនួន ៦៤នាក់ មានជនជាតិវៀតណាម ៣៥នាក់ ចិន១៩នាក់ ឥណ្ឌូនេស៊ី ៤នាក់ ខ្មែរ ៣នាក់ កូរ៉េ១នាក់ ថៃ១នាក់ និងមីយ៉ាន់ម៉ា ១នាក់ ក្រោយរកឃើញភស្តុតាងរឹងមាំ ជាអ្នកចាត់ចែងដឹកនាំ សម្របសម្រួលបទល្មើស តាមបទបញ្ជាមេខ្លោងធំៗ គ្រាក់ៗពីក្រៅប្រទេសជាដើម។
ដោយឡែក លោកថា នៅតាមស្នងការដ្ឋាននគរបាលរាជធានីខេត្តសាម៉ី សមត្ថកិច្ចកំពុងបន្តនិតីវិធីលើអ្នកពាក់ព័ន្ធចំនួន ១៨៨៤នាក់ ក្នុងនោះមានជនជាតិចិន ១១៩៦នាក់ វៀតណាម ២០៩នាក់ បង់ក្លាដេស ១៤៨នាក់ ហ្វីលីលីន ៤២នាក់ ឥណ្ឌូនេស៊ី ៤១នាក់ ម៉ាឡេស៊ី ៣៧នាក់ ស្រីលង្កា ៣៧នាក់ ឥណ្ឌា ៣៦នាក់ និង ជប៉ុន ៣២នាក់។
ក្រៅពីនោះ ក៏មានដែរ ការអប់រំណែនាំ ដោយធ្វើកិច្ចសន្យា រួចអនុញ្ញាតឱ្យត្រលប់ទៅប្រទេសកំណើតវិញចំនួន ២៩នាក់ មានជនជាតិចិន ២៤នាក់ ខ្មែរ ៤នាក់ វៀតណាម ១នាក់។
លោក ទូច សុឃៈ ក៏បានលើកឡើងពីការតភ្ជាប់ និងដំឡើងកាមេរ៉ាសុវត្ថិភាពនៅដំណាក់កាលទី១ ដោយគិតពីថ្ងៃទី១៩ មីនា ដល់ថ្ងៃទី១០ មេសា ឆ្នាំ២០២៦ ដោយដាក់បានចំនួន ១៩០ទីតាំង ស្ថិតក្នុងទីតាំងរាជធានីខេត្តចំនួន ១៣ កន្លែង ដែលបានវាយបង្ក្រាប និងបិទដំណើរការ ដើម្បីទប់ស្កាត់ជនឱកាសនិយមលួចបើកឡើងវិញ ឬដឹកចេញនូវឧបករណ៍ ឬសម្ភារជាវត្ដុតាង ភស្តុតាងនានា។
លោក សុឃៈ បន្ត៖ «ការគ្រប់គ្រងសន្តិសុខនៅទីតាំងមានការរស់នៅប្រមូលផ្ដុំ សមត្ថកិច្ចបានត្រួតពិនិត្យតាមទីតាំងរដ្ឋបាលតាមបណ្ដាគោលដៅនានាបានចំនួន ៤៤៧២ ស្មើនឹង៣១៥៣៧នាក់ នៅតាមរាជធានីខេត្តចំនួន១៩។ ការពិនិត្យរដ្ឋបាល តាមទីតាំងរស់នៅប្រមូលផ្ដុំ សមត្ថិកិច្ច ក៏បានដាក់គោលដៅត្រួតពិនិត្យរដ្ឋបាលតាមដងផ្លូវ គឺចំណុចក្ដៅ ដែលសមត្ថកិច្ច សង្ស័យថាមានការលបលួចដឹកចល័តរជនបរទេស ដែលពាក់ព័ន្ធនៅក្នុងការប្រព្រឹត្ត បម្រើការងារបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយការត្រួតពិនិត្យយានយន្ត ដែលសង្ស័យដឹកជម្លៀសជនបរទេសពីទីតាំងមួយទៅទីតាំងមួយ ដោយមានការត្រួតពិនិត្យក្នុងខេត្តចំនួន៥ រួមមានខេត្តបន្ទាយមានជ័យ ក្រចេះ មណ្ឌលគិរី កំពង់ស្ពឺ និងឧត្តមានជ័យ»។
លោក ទូច សុឃៈ បញ្ជាក់ថា ក្នុងពេលត្រួតពិនិត្យរដ្ឋបាល ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចុះពិនិត្យរដ្ឋបាលតាមទីតាំងរស់នៅប្រមូលផ្ដុំ ប្រចាំខែមេសា សមត្ថកិច្ច បានផាកពិន័យបានប្រាក់សរុប ១ប៊ីលាន៨៩២លានរៀល។ ក្នុងនោះ ការផាកលើម្ចាស់ទីតាំង ៦០កន្លែង ក្នុងខេត្តចំនួន២ បានប្រាក់ចំនួន ២៤លានរៀល និងផាកពិន័យលើជនបរទេសស្នាក់នៅខុសច្បាប់ចំនួន ៤៦៧នាក់ ពី៦ខេត្ត បានប្រាក់ ១ប៊ីលាន៨៦៨លានរៀល៕







