មន្ត្រីជំនាញថា សត្វផ្សោតងាប់នៅកំពង់ចម្លងស្វាយជ្រំដោយសារជាប់សន្ទូចរនងនិងមង
មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) បានសន្និដ្ឋានថា សត្វផ្សោតមួយក្បាល ដែលគេប្រទះឃើញងាប់នៅកំពង់ចម្លងស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល គឺបណ្តាលមកពីជាប់សន្ទូចរនង រួចទើបទៅជាប់មងនេសាទបន្ថែម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ តាមអ្នកជំនាញឱ្យដឹងទៀតថា សត្វផ្សោតឈ្មោលមួយក្បាលនេះ មានអាយុប្រមាណពី ១២ ទៅ ១៤ឆ្នាំ ប្រវែង ២ម៉ែត្រ និងទម្ងន់ ៦៤គីឡូក្រាម ធ្លាប់រស់នៅក្នុងតំបន់អន្លង់កាំពី ខេត្តក្រចេះ។ កាលសប្ដាហ៍កន្លងទៅ ផ្សោតដដែលនេះ បានជាប់មងនេសាទ ដោយប្រជានេសាទជួយសង្គ្រោះ រួចដោះលែងវិញ ប៉ុន្ដែមានស្ថានភាពសុខភាពទន់ខ្សោយខ្លាំង។ អ្នកជំនាញក្រសួង និងអង្គការ បញ្ជាក់៖ «ផ្អែកលើលទ្ធផលកោសល្យវិច័យលើស្នាមរបួស មន្ត្រីជំនាញសន្និដ្ឋានថា សត្វផ្សោតនេះអាចបាត់បង់ជីវិតដោយសារ ទាក់ជាប់សន្ទូចរនងជាមុនសិន រួចទើបមកជាប់នឹងមងនេសាទបន្ថែមទៀត ហើយក្រោយមកក៏ត្រូវបានរកឃើញអណ្តែត ស្លាប់នៅទីតាំងខាងលើ»។ ក្រសួងកសិកម្មបានបង្ហាញក្តីសោកស្តាយជាពន់ពេក និងអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបរបរនេសាទ ឱ្យបញ្ឈប់ជាដាច់ខាតនូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមការពារសត្វផ្សោតដែលនៅសេសសល់។ កាលពីឆ្នាំ២០២៣ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានណែនាំអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអភិបាលខេត្តក្រចេះ និងស្ទឹងត្រែង ឱ្យចាត់វិធានការតឹងរឹង ដោយហាមឃាត់ការនេសាទ ការដាក់មង និងការប្រើប្រាស់ឧបករណ៍ឆក់ ដើម្បីធានាថាសត្វផ្សោតទន្លេមេគង្គនេះមិនជាប់មង ជាពិសេសមិនត្រូវឱ្យមានឧបករណ៍ ឬកត្តាមួយចំនួនមករំខាន សត្វផ្សោតជាដាច់ខាត ធ្វើយ៉ាងណាធានាថាសត្វផ្សោតរស់នៅមានសុវត្ថិភាព ១០០ភាគរយ។ សត្វផ្សោតទឹកសាប ភាគច្រើនរស់នៅតាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ការដាក់មង ដាក់សន្ទួច និងប្រើប្រាស់ឧបករណ៍ឆក់ ដើម្បីចាប់ត្រីក្នុងទន្លេមេគង្គ គឺជាសត្រូវសម្រាប់សត្វផ្សោត និងជាហេតុចម្បងនាំឱ្យប៉ះពាល់ដល់ការរស់នៅ ការបង្កកំណើត និងបង្កឱ្យផ្សោតងាប់។ យ៉ាងណា បើតាមអាជ្ញាធរមូលដ្ឋាន និងក្រសួងកសិកម្ម បានអះអាងថា សត្វផ្សោតទន្លេមេគង្គ បានកើតឡើងជាបន្តបន្ទាប់ ខណៈអត្រាងាប់របស់សត្វផ្សោតបានថយចុះ។ របាយការណ៍ក្រសួងកសិកម្ម ចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ បង្ហាញថាសត្វផ្សោតទន្លេមេគង្គកើតថ្មីមានសរុបចំនួន ៣២ក្បាល ស្របពេលចំនួនសត្វផ្សោតងាប់មានសរុបចំនួន ២៩ក្បាល។ តាមក្រសួងដដែល គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៦នេះ កម្ពុជាមានសត្វផ្សោតទន្លេមេគង្គចំនួនសរុប ១១៧ក្បាល។ ក្រសួងក៏បានអំពាវនាវប្រជាពលរដ្ឋ ដែលប្រទះឃើញសត្វផ្សោត (ជាពិសេសកូនផ្សោត) ជួបគ្រោះថ្នាក់ ឬសង្កេតឃើញមានសកម្មភាពនេសាទល្មើសច្បាប់ ឱ្យផ្ដល់ព័ត៌មានជាបន្ទាន់មកកាន់សមត្ថកិច្ចជលផល តាមរយៈខ្សែទូរស័ព្ទលេខ៖ ០១២ ៨៩៧ ៩៤៣ ០១១ ៣៥៥ ៨៨៣ ០៩៩ ៧៩១ ៩១៩ ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕
២៧ កក្កដា ២០២៦

មន្ទីរវប្បធម៌ព្រះវិហារកំពុងស្រាវជ្រាវបញ្ជាក់អត្តសញ្ញាណប្រាសាទបុរាណមួយនៅលើភ្នំត្បែង
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ កំពុងស្រាវជ្រាវបញ្ជាក់អត្តសញ្ញាណប្រាសាទបុរាណមួយស្ថិតនៅលើភ្នំត្បែង ប៉ុន្តែអះអាងថានៅមិនទាន់អាចបញ្ជាក់បាននៅឡើយថា ទីតាំងនោះជាប្រាសាទ ដែលមានក្នុងបញ្ជីសារពើភ័ណ្ឌស្រាប់ ឬជាប្រាសាទរកឃើញថ្មីនោះទេ។ ការស្រាវជ្រាវនេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋប្រទះឃើញបំណែកកំពូលប្រាសាទបុរាណមួយនៅលើភ្នំត្បែង ស្ថិតក្នុងភូមិសាស្រ្ត ភូមិត្រាវគៀត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ និងបានរាយការណ៍ទៅកាន់អាជ្ញាធរ។ បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះវិហារ បានដឹកនាំកម្លាំងមន្ត្រីជំនាញ ចុះទៅពិនិត្យមើលទីតាំងភូមិសាស្រ្តជាក់ស្តែងនោះ។ តាមការពិនិត្យដំបូង ខាងមន្ទីរបានប្រទះឃើញបំណែកកំពូលនៃប្រាសាទបុរាណមួយ នៅលើដីផ្ទាល់មានប្រវែងប្រហែល ១ម៉ែត្រកន្លះ និងឥដ្ឋមួយចំនួន។ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះវិហារ លោក នៅ ចាន់គង់ បានបញ្ជាក់ប្រាប់ប្រជាកាសែតនៅថ្ងៃទី២៣ កក្កដា ថា ក្រុមការងារបច្ចេកទេស នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ពុំទាន់អាចកំណត់អត្តសញ្ញាណ ឈ្មោះ ឬកាលបរិច្ឆេទប្រាកដប្រជារបស់ប្រាសាទបុរាណនេះនៅឡើយទេ។ លោកបន្តថា បច្ចុប្បន្ន ក្រុមការងារកំពុងបន្តស្វែងរកដាន និងប្រមូលទិន្នន័យបន្ថែមទៀតនៅជុំវិញទីតាំងនោះ ដើម្បីស្វែងយល់ពីទម្រង់រចនាបថ និងប្រវត្តិសាស្ត្រនៃទីតាំងបុរាណវត្ថុមួយនេះ។ យ៉ាងណា លោក ចានគង់ ឱ្យដឹងដែរថា តាមរយៈចាស់ព្រឹទ្ធាចារ្យជាន់មុន និងអ្នកភូមិនៅតំបន់នេះបានប្រាប់ថា នៅតំបន់នេះធ្លាប់មានប្រាសាទមួយហៅថា «ប្រាសាទកំពូលនាគ» ប៉ុន្តែយើងរកប្រាសាទកំពូលនាគមិនទាន់ឃើញ ដោយសារព្រៃស្ដុកពេក។ លោក នៅ ចាន់គង់ គូសបញ្ជាក់៖ «អត់ទាន់ដឹងថាវាជាប្រាសាទរកឃើញថ្មី ឬក៏ជាប្រាសាទមាននៅក្នុងទិន្នន័យទេ យើងកំពុងតែបើកសៀវភៅទាំងអស់មើលទាំងអស់គ្នា តើវាមានមែនឬអត់? បើយើងយកទិន្នន័យទាំងពីរហ្នឹងមកបូកបញ្ចូលគ្នាទៅ អាចឈ្មោះផ្សេង ឬមួយឈ្មោះតែមួយ ទើបដឹងថាប្រាសាទរកឃើញថ្មី ឬប្រាសាទមានស្រាប់ ប៉ុន្តែឥឡូវនិយាយថា ក្រុមការងារខ្ញុំកំពុងតែចុះបញ្ជីសារពើភណ្ឌទូទាំងខេត្ត»។ អាជ្ញាធរ និងមន្ត្រីជំនាញក៏បានកោតសរសើរដល់ស្មារតីចូលរួមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានរាយការណ៍ព័ត៌មាននេះមកកាន់អាជ្ញាធរទាន់ពេលវេលា ដើម្បីរួមគ្នារក្សា និងការពារបេតិកភណ្ឌជាតិដ៏មានតម្លៃ។ មន្ទីរវប្បធម៌ខេត្ត អះអាងថា នឹងបន្តធ្វើការស្រាវជ្រាវ និងសហការជាមួយអ្នកជំនាញពាក់ព័ន្ធបន្ថែមទៀត ដើម្បីកំណត់អត្តសញ្ញាណប្រាសាទនេះឱ្យបានច្បាស់លាស់ ព្រមទាំងដាក់ចេញនូវវិធានការការពារទីតាំងនោះឱ្យបានគង់វង្ស។ បើតាមប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ នៃខេត្តព្រះវិហារ មានប្រាសាទបុរាណចំនួន ៤៩១ប្រាសាទ ដែលស្ថិតក្រោមការគ្រប់គ្រងថែរក្សារបស់មន្ទីរ លើកលែងតែតំបន់ប្រាសាទកោះ និងប្រាសាទព្រះវិហារ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារ។ សូមជម្រាបជូនថា សាលាបារាំងចុងបូព៌ាប្រទេស (EFEO) បានផ្ដួចផ្ដើម រួចរៀបចំចងក្រងបញ្ជីសារពើភណ្ឌ និងពិពណ៌នាប្រាសាទបុរាណខ្មែររាប់រយទីតាំង ដោយស្នាដៃសំខាន់ដំបូងគេគឺ «បញ្ជីរាយនាមបុរាណដ្ឋាន នៃប្រទេសកម្ពុជា» របស់លោក អេជ យូណេដឺឡាជុងគីយេរ (Étienne Lunet de Lajonquière) ដែលបានកត់ត្រាប្រាសាទនានា និងបុរាណដ្ឋានជាង ៦០០កន្លែង នៅដើមសតវត្សទី២០៕
២៦ កក្កដា ២០២៦

គ្រឿងញៀនជាង ៥តោនត្រូវបំផ្លាញចោល ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
សមត្ថកិច្ចកម្ពុជា ដុតបំផ្លាញចោលគ្រឿងញៀន ដែលរឹបអូសបានកន្លងមកជាង ៥តោន ដើម្បីអបអរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀនខុសច្បាប់» ដែលធ្វើឡើងក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៦។ ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការដុតបំផ្លាញគ្រឿងញៀនឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត» រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ស សុខា បានគូសបញ្ជាក់ថា ពិធីផ្សព្វផ្សាយនូវស្មារតីនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការដុតបំផ្លាញគ្រឿងញៀន គឺពិតជាមានសារសំខាន់ ដើម្បីរួមចំណែកសម្រេចទស្សនវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងកម្ពុជា ទៅជាប្រទេសមួយ ដែលគ្រឿងញៀន លែងជាឧបសគ្គ និងជាបញ្ហារបស់សង្គមជាតិ។ លោកក៏បានបំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន គោលដៅរួមចំណែកទប់ស្កាត់បទល្មើស ជួយសង្គ្រោះពិសេសយុវជន និងជំរុញឱ្យយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទទួលបានជោគជ័យ ចាប់ពីកម្រិតគ្រួសារ និងមូលដ្ឋានតទៅ។ លោក ស សុខា មានប្រសាសន៍បែបនេះ៖ «បើពិនិត្យមើលនាពេលបច្ចុប្បន្ន ស្ទើរតែគ្មានគ្រួសារណាមួយ ដែលមិនរងផលប៉ះពាល់ ឬគ្មានសមាជិកពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននោះឡើយ។ ដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់បញ្ហានេះឱ្យកាន់មានប្រសិទ្ធភាព មានតែការចូលរួមជាកម្លាំងសរុបពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការផ្ដើមចេញពីគ្រួសារនីមួយៗ ក្នុងការតាមដាន អប់រំ និងណែនាំកូនចៅ ឱ្យជៀសឆ្ងាយពីគ្រឿងញៀន»។លើសពីនេះ លោក ស សុខា បានបង្ហាញនូវក្តីព្រួយបារម្ភអំពីស្ថានភាពបទល្មើសគ្រឿងញៀន ដែលមានការប្រែប្រួលខុសប្លែកពីអតីតកាល និងមិនមែនជាបទល្មើសធម្មតាទៀតនោះឡើយ។ លោកថា វាបានភ្ជាប់ខ្លួនយ៉ាងស្អិតរមួតជាមួយឧក្រិដ្ឋកម្មឆ្លងដែន ការសម្អាតប្រាក់ ការជួញដូរមនុស្ស ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងបណ្តាញឧក្រិដ្ឋកម្ម ដែលមានការរៀបចំជាប្រព័ន្ធយ៉ាងស្មុគស្មាញ។ ក្នុងនោះក្រុមឧក្រិដ្ឋជន តែងតែផ្លាស់ប្តូរមធ្យោបាយ និងឧបាយកលជានិច្ច ក្នុងការលបលួចធ្វើសកម្មភាពទុច្ចរិត ដើម្បីគេចផុតពីសំណាញ់ច្បាប់។ យ៉ាងណា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ អះអាងថា សមត្ថកិច្ចកម្ពុជា កំពុងបំពេញប្រតិបត្តិការយ៉ាងសកម្ម ក្នុងការទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀនជាបន្តបន្ទាប់។ លោកបន្ត៖ «ជាក់ស្ដែង ចាប់តាំងពីឆ្នាំ២០២៥ កន្លងមក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបង្ក្រាប និងរឹបអូសបានគ្រឿងញៀនសរុបប្រមាណជាង ៥តោន ដែលនឹងត្រូវដុតបំផ្លាញចោលចំពោះមុខប្រជាពលរដ្ឋ នាឱកាសនេះ»។ លោក ស សុខា ក៏មិនភ្លេចអំពាវនាវ ដល់អាជ្ញាធរមានសមត្ថកិច្ច គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បន្តប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ដោយរួមគ្នាជំរុញ និងអនុវត្តនូវរាល់វិធានការ និងទិសដៅការងារដែលបានដាក់ចេញ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់បំផុត។ ក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថាសមត្ថកិច្ចរឹបអូសបានគ្រឿងញៀន និងសារធាតុផ្សំគ្រឿងញៀនសរុបជិត ៥០តោន ស្របពេលបង្ក្រាបបទល្មើសសរុប ១០ ៧៤៣ករណី និងចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនសរុបជិត ២៨ ០០០នាក់៕

នគរបាលកម្ពុជាឃាត់ដំណើរស្ត្រីខ្មែរ១៩៨នាក់ ដែលប៉ុនប៉ងឆ្លងដែនទៅរៀបការប្ដីនៅបរទេស
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ អះអាងថា ក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ដំណើរស្រ្តីខ្មែរចំនួន១៩៨នាក់ ដែលចេញទៅក្រៅប្រទេស ដោយរកឃើញថា ពួកគេបានធ្វើដំណើរដោយគ្មានគោលបំណងច្បាស់លាស់ ពោលគឺពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងនៅថ្ងៃទី២០ កក្កដា ឆ្នាំ២០២៦ ថាបញ្ហាស្ត្រីខ្មែរ ដែលរងគ្រោះ ដោយសារចាញ់បោកមេខ្យល់នាំទៅក្រៅប្រទេស គឺជាចំណុចស្នូលមួយ ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស យកចិត្តទុកដាក់។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានរម្លឹកឡើងវិញនូវប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដែលបានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ដោយបានណែនាំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរមូលដ្ឋាន ព្រមទាំងគ្រប់តួអង្គពាក់ព័ន្ធក្នុងសង្គមទាំងអស់ បន្តយកចិត្តទុកដាក់រួមគ្នា បង្កើនការផ្សព្វផ្សាយ និងអប់រំតាមគ្រប់មធ្យោបាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយអំពីគ្រោះថ្នាក់ នៃអំពើជួញដូរមនុស្ស។ លោក ស សុខា គូសបញ្ជាក់៖ «ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមជនល្មើសទាំងក្នុង និងក្រៅប្រទេស បានបន្តប្រើល្បិចកលបោកបញ្ឆោត និងអូសទាញប្រជាពលរដ្ឋខ្មែរគ្រប់វិធីសាស្ត្រ និងគ្រប់មធ្យោបាយ ក្រោមរូបភាពនាំទៅរៀបការជាមួយស្វាមីជាជនបរទេស ដើម្បីភាពមានបាន ឬអូសទាញទៅធ្វើការងារដែលទទួលបានប្រាក់ខែខ្ពស់នៅបរទេសជាដើម»។ បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងរយៈពេល៦ខែ កាលឆ្នាំ២០២៥ មានពលរដ្ឋខ្មែរជាង៥ពាន់នាក់ ដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅក្រៅប្រទេស ត្រូវបានអាជ្ញាធរបរទេសសាមីបញ្ជូនមកកម្ពុជាវិញ ខណៈសមត្ថកិច្ចកម្ពុជា ក៏បានសហការជួយសង្គ្រោះស្ដ្រីជនជាតិខ្មែរចំនួន១៨០នាក់ បញ្ជូនមកកាន់មាតុភូមិ បន្ទាប់ពីចាញ់បោកមេខ្យល់អូសទាញនាំទៅរៀបការជាមួយជនបរទេស។ របាយការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពីការជួញដូរមនុស្សចេញផ្សាយកាលខែកញ្ញា ឆ្នាំ២០២៥ បានដាក់ចំណាត់ថ្នាក់កម្ពុជាក្នុងកម្រិតទី៣ ជាប្រទេសមានបញ្ហាអំពើជួញដូរមនុស្ស ដោយលើកឡើងថា កម្ពុជាមិនបានគោរពពេញលេញនូវបទដ្ឋានអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្ស។ ឆ្លើយតបនឹងរបាយការណ៍នេះ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្លាប់បានអះអាងថា កម្ពុជាបានខិតខំយ៉ាងខ្លាំងដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងមិនទុកបញ្ហានេះចោលឡើយ៕

EU ទម្លាក់លុយជាង ៥លានដុល្លារជួយ៤ប្រទេសអាស៊ីអាគ្នេយ៍ទប់ទល់គ្រោះមហន្តរាយអាកាសធាតុ
សហភាពអឺរ៉ុប (EU) បានផ្តល់ថវិកាជាង ៥លានដុល្លារអាមេរិក ដល់ប្រទេសចំនួន៤ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក ដើម្បីរួមគ្នាពង្រឹងការត្រៀមលក្ខណៈបង្ការគ្រោះមហន្តរាយ និងប្រព័ន្ធប្រកាសអាសន្នឱ្យដឹងមុន ចំពេលការកើនឡើងនៃហានិភ័យអាកាសធាតុ។ នេះបើតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ ជំនួយមនុស្សធម៌នេះ នឹងត្រូវអនុវត្តតាមរយៈគំនិតផ្តួចផ្តើមកម្រិតតំបន់ថ្មីមួយស្តីពីការត្រៀមបង្ការគ្រោះមហន្តរាយ ដែលដាក់ឱ្យដំណើរការដោយអង្គការ Save the Children ក្នុងរយៈពេល ២ឆ្នាំ (២០២៦-២០២៨) នៅប្រទេសចំនួន៤ រួមមាន កម្ពុជា ឡាវ វៀតណាម និងថៃ។ គម្រោងនេះនឹងផ្តោតសំខាន់លើកុមារ ការត្រៀមលក្ខណៈរបស់សាលារៀន និងសហគមន៍ ការការពារកុមារ ព្រមទាំងការពង្រឹងប្រព័ន្ធគ្រប់គ្រងនៅមូលដ្ឋាន។ នៅក្នុងកញ្ចប់ថវិកានេះ ប្រទេសកម្ពុជានឹងទទួលបានថវិកាប្រមាណជាង ៧សែនដុល្លារអាមេរិក ដោយផ្តោតគោលដៅលើសហគមន៍ងាយរងគ្រោះក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅក្បែរបឹងទន្លេសាប ពោលគឺតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់តាមរដូវកាល និងខ្យល់កន្ត្រាក់។ យោងតាមអង្គការ Save the Children គម្រោងនេះនឹងជួយការពារជីវិត និងជីវភាពពលរដ្ឋពីគ្រោះធម្មជាតិ និងបាតុភូតអែលនីញ៉ូ (El Niño) តាមរយៈការបំពាក់បំប៉នជំនាញប្រព័ន្ធព្រមានជាមុនដល់សហគមន៍ ជាពិសេសកុមារ ស្ត្រី និងជនមានពិការភាព ដើម្បីធានាថាព័ត៌មានសំខាន់ៗ អាចទៅដល់ដៃអ្នកដែលត្រូវការបំផុត និងជួយឱ្យពួកគេអាចធ្វើសកម្មភាពឆ្លើយតបបានភ្លាមៗ។ អង្គការ Save the Children បានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុបានជំរុញឱ្យមានព្រឹត្តិការណ៍អាកាសធាតុខ្លាំងក្លាកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ ដោយក្នុងនោះ កុមារគឺជាអ្នកដែលរងទុក្ខខ្លាំងជាងគេ។ បាតុភូតអែលនីញ៉ូ និងការឡើងកម្ដៅផែនដី បានបង្កឱ្យមានសីតុណ្ហភាពកាន់តែខ្ពស់ គ្រោះរាំងស្ងួតកាន់តែគ្រោះថ្នាក់ និងទឹកជំនន់បំផ្លិចបំផ្លាញ ដោយសារការកើនឡើងនៃរបបទឹកភ្លៀង ដែលបណ្ដាលឱ្យកុមារអាស៊ីអាគ្នេយ៍រាប់សែននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង និងថ្នាក់រៀនកាលពីឆ្នាំ២០២៥ កន្លងទៅ។ តាមការស្រាវជ្រាវរបស់អង្គការ Save the Children ទោះបីជាចំនួនប្រជាជនរងផលប៉ះពាល់ដោយគ្រោះមហន្តរាយអាកាសធាតុមានការកើនឡើងក៏ដោយ ក៏ប្រព័ន្ធព្រមានទុកជាមុននៅតែមិនទាន់មានភាពទូលំទូលាយ និងទៅដល់ក្រុមមនុស្សងាយរងគ្រោះបំផុត ជាពិសេសកុមារនៅឡើយ។ ជាក់ស្តែង ប្រទេសកម្ពុជាមានយុទ្ធសាស្ត្រសកម្មភាពមុនពេលមានអាសន្នជាតិ (Anticipatory Action - AA) ប៉ុន្តែមានមន្ត្រីថ្នាក់ខេត្តត្រឹមតែជាងពាក់កណ្តាលបន្តិចប៉ុណ្ណោះដែលបានដឹងពីយុទ្ធសាស្ត្រនេះ ខណៈដែលគ្រួសារជាច្រើនធ្លាប់ត្រូវបានបង្ខំឱ្យរត់គេចពីកម្រិតទឹកដែលកំពុងកើនឡើងដោយសារព្យុះ ដែលបង្កជាការភ័យខ្លាចដល់កុមារ។ នាយកប្រចាំតំបន់អាស៊ី នៃអង្គការ Save the Children លោក Arshad Malik បានលើកឡើងថា គ្រោះមហន្តរាយដែលជំរុញដោយអាកាសធាតុ គឺគ្មានព្រំដែននោះទេ ដូច្នេះកម្មវិធីថ្នាក់តំបន់នេះ នឹងសង្គ្រោះជីវិតមនុស្សដោយធានាថា ការព្រមានពិតជាបានទៅដល់អ្នកងាយរងគ្រោះបំផុត ជាពិសេសកុមារ ដើម្បីមានពេលគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពយ៉ាងឆាប់រហ័ស។ លោក Arshad Malik បានបញ្ជាក់ថា៖ «កម្មវិធីនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់គំនិតផ្តួចផ្តើមពហុប្រទេសប្រកបដោយការច្នៃប្រឌិតរបស់អង្គការ Save the Children ក្នុងតំបន់អាស៊ី ដើម្បីភ្ជាប់ទំនាក់ទំនង និងពង្រឹងការត្រៀមលក្ខណៈសហគមន៍ដែលផ្តោតលើកុមារ សកម្មភាពមុនពេលមានអាសន្ន ប្រព័ន្ធព្រមានទុកជាមុន សាលារៀន និងអភិបាលកិច្ចហានិភ័យគ្រោះមហន្តរាយនៅទូទាំងតំបន់»។ សូមជម្រាបជូនថា កម្មវិធីរយៈពេលពីរឆ្នាំនេះ នឹងដំណើរការគ្របដណ្តប់លើ ៩ខេត្ត ២០ស្រុក និង ៧០សហគមន៍ ក្នុងប្រទេសកម្ពុជា ឡាវ វៀតណាម និងថៃ ដោយធានាថាប្រជាជនជាង ២២ម៉ឺននាក់ បានត្រៀមខ្លួនមុនពេលមានអាសន្ន និងមនុស្សជាង ៥៦,០០០នាក់ ទទួលបានការព្រមានទុកជាមុនតាមប្រព័ន្ធដែលដំណើរការបានល្អ ហើយមន្ត្រីមូលដ្ឋានទទួលបានការបណ្តុះបណ្តាល និងគាំទ្របន្ថែម។ ដើម្បីអនុវត្តគម្រោងនេះ អង្គការ Save the Children នឹងចាប់ដៃគូជាមួយមជ្ឈមណ្ឌលត្រៀមលក្ខណៈគ្រោះមហន្តរាយអាស៊ី (ADPC) និងអង្គការក្នុងស្រុក ព្រមទាំងភ្ជាប់ទំនាក់ទំនងអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ និងទីភ្នាក់ងារជលសាស្ត្រ និងឧតុនិយម ជាមួយស្ថាប័នតំបន់សំខាន់ៗ រួមមាន៖ គណៈកម្មការទន្លេមេគង្គ (MRC) មជ្ឈមណ្ឌល AHA របស់អាស៊ាន មជ្ឈមណ្ឌល ATCSW និងលេខាធិការដ្ឋានអាស៊ាន ដើម្បីធានាថាការព្រមាន ឧបករណ៍សង្គ្រោះ និងស្តង់ដារនានា ត្រូវបានធ្វើឱ្យមានភាពស៊ីសង្វាក់គ្នានៅទូទាំងព្រំដែននៃប្រទេសទាំងបួន៕

អាជ្ញាធរព្រមានពីគ្រោះថ្នាក់ បន្ទាប់ពីគ្រាប់មីនជាច្រើនគ្រាប់រសាត់តាមទឹកជំនន់
អាជ្ញាធរមីន ចេញសេចក្តីណែនាំ និងអំពាវនាវដល់សាធារណជន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចផ្លាស់ទីពីតំបន់គ្រោះថ្នាក់ ដោយការហូរច្រោះ និងអណ្តែតរសាត់តាមទឹកជំនន់ ទៅតំបន់ផ្សេងៗ។ នេះបើតាមសេចក្ដីណែនាំរបស់អាជ្ញាធរមីនកម្ពុជានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានប្រទះឃើញយុទ្ធភណ្ឌគ្រឿងផ្ទុះមួយចំនួន បានរសាត់តាមទឹកជំនន់ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋកំពុងរស់នៅតំបន់ ដែលរងផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ។ អាជ្ញាធរមីន ណែនាំឱ្យគ្រប់គណៈកម្មាធិការសកម្មភាពមីនរាជធានី ខេត្ត អប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវរួមគ្នាផ្សព្វផ្សាយឱ្យពលរដ្ឋបានដឹង រៀបចំខ្លឹមសារផ្សព្វផ្សាយ និងផលិតជាសម្ភារអប់រំ ស្តីពីគ្រោះថ្នាក់ដែលអាចបង្កឡើងដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ អំឡុងពេល និងក្រោយពេលមានទឹកជំនន់ ព្រមទាំងចុះបោះស្លាកសញ្ញាសម្គាល់ជាបន្ទាន់ នៅតាមតំបន់សង្ស័យ ដែលមានដីល្បាប់ និងទឹកហូរ ដើម្បីទប់ស្កាត់កុំឱ្យពលរដ្ឋឆ្លងកាត់ ឬស្នាក់នៅ។ សារណែនាំ ក៏បានព្រមានដល់ប្រជាពលរដ្ឋ កុំរើស កុំកាន់ កុំគប់ កុំដំ កុំកែច្នៃ ប្រសិនបើប្រទះឃើញវត្ថុសង្ស័យជាយុទ្ធភណ្ឌគ្រឿងផ្ទុះ និងត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ កម្លាំងប្រដាប់អាវុធ ឬប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតបំផុត ដើម្បីប្រមូលយកទៅកម្ទេចចោល។ សេចក្ដីណែនាំបញ្ជាក់៖ «ទទួលបានសេចក្តីណែនាំនេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធាន គណៈកម្មាធិការសកម្មភាពមីនខេត្ត គ្រប់ប្រតិបត្តិករជាតិ និងអន្តរជាតិ ក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួមសហការ និងអនុវត្តតាមការគួរ»។ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដែលមានន័យថាមិនទុកឱ្យជនណាម្នាក់ ឬប្រជាពលរដ្ឋណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥។ យ៉ាងណាក៏ដោយ បើតាមអាជ្ញាធរមីន ត្រឹមឆ្នាំ២០២៥ កម្ពុជានៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ១ ៥៧៧ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋជាង ១លាននាក់ កំពុងបន្តរស់នៅលើតំបន់សង្ស័យទាំងនោះ ដែលភាគច្រើនស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខេត្តភាគខាងលិច៕

លោក ហ៊ុន ម៉ាណែត ទៅដល់ចិនហើយដើម្បីចូលរួមសន្និសីទ AI ពិភពលោក និងពង្រឹងកិច្ចសហប្រតិបត្តិការ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅដល់ប្រទេសចិនហើយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» ក៏ដូចជាបំពេញទស្សនកិច្ចការងារ នៅទីក្រុងសៀងហៃ ប្រទេសចិន ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីឱ្យដឹងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦។ ក្រសួងការបរទេសកម្ពុជាគូសបញ្ជាក់ថា ទស្សនកិច្ចការងារនេះ បញ្ជាក់អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជានិងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ក្រសួងឱ្យដឹងបន្តថា ទស្សនកិច្ចនេះក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅប្រទេសចិន លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នឹងជួបលោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងជួបពិភាក្សាទ្វេភាគីជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិនផងដែរ។ តាមក្រសួងការបរទេសកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦។ ក្រៅពីនោះ លោកនាយករដ្ឋមន្ត្រី នឹងទទួលជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនថែមទៀត។ ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ឱ្យដឹងថា លោក ហ៊ុន ម៉ាណែត បានជួបជាមួយនឹងប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន China Railway Construction Corporation (CRCC) លោក Dai Hegen ដើម្បីពិភាក្សាការងារ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ។ ក្រុមហ៊ុន CRCC គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្ម ដ៏ធំបំផុតមួយរបស់ប្រទេសចិន និងនៅលើពិភពលោក ដែលធ្វើប្រតិបត្តិការអាជីវកម្ម គ្របដណ្តប់លើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដូចជាសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ផ្លូវល្បឿនលឿន ស្ពាន ផ្លូវក្រោមដី ប្រព័ន្ធរថភ្លើងក្រោមដី និងកំពង់ផែ។ ក្រុមហ៊ុននេះ ក៏ផ្តល់សេវាកម្មប្រឹក្សាយោបល់ និងរចនាប្លង់បច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំងការផលិតគ្រឿងចក្រធុនធ្ងន់សម្រាប់សាងសង់ ដូចជាម៉ាស៊ីនខួងផ្លូវក្រោមដីខ្នាតយក្ស និងបរិក្ខារផ្លូវរថភ្លើង។ ក្នុងថ្ងៃតែមួយនេះដែរ លោកនាយករដ្ឋមន្ត្រូ ក៏ជួបជាមួយនឹងប្រធានក្រុមហ៊ុន CHINALCO ជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមដ៏ធំមួយរបស់ប្រទេសចិនគឺលោក Wang Shilei ដើម្បីពិភាក្សាការងារ។ ក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ជាក្រុមហ៊ុនធ្វើប្រតិបត្តិការគ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្មលោហៈ រាប់ចាប់តាំងពីការរុករក ធ្វើអាជីវកម្មរ៉ែ និងការកែច្នៃផលិតផលសម្រេច រហូតដល់សេវាកម្មវិស្វកម្ម និងបច្ចេកទេស។ គួររម្លឹកជូនថា កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏បានបំពេញទស្សនកិច្ចមិត្តភាពនៅប្រទេសចិន អមដោយលោកកូនប្រុសរបស់លោកពីរនាក់ គឺលោក ហ៊ុន ម៉ានិត និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី៕

ប្រាសាទព្រះវិហារបេតិកភណ្ឌពិភពលោក នៅតែបន្តបិទទ្វារ មិនទាន់ឱ្យពលរដ្ឋចូលទស្សនា
ប្រាសាទព្រះវិហារ នៅតែបន្តបិទទ្វារ មិនទាន់ឱ្យពលរដ្ឋ និងភ្ញៀវទេសចរចូលទស្សនាបាននៅឡើយ។ អ្នកជំនាញកំពុងបោសសម្អាតយុទ្ធភណ្ឌជុំវិញបរិវេណប្រាសាទ ហើយស្ថានភាពនៅតាមព្រំដែនវិញ ក៏កំពុងស្ថិតនៅក្នុងភាពប្រុងប្រយ័ត្នខ្ពស់ពីកងកម្លាំងរបស់កម្ពុជាដែលកំពុងឈរជើងនៅទីនោះ។ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ប្រទេសកម្ពុជា បានរម្លឹកខួបទី១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បើទោះជាបា្រសាទបុរាណនៅជាប់ទល់ដែនថៃមួយនេះ បានរងការបំផ្លេចបំផ្លាញធ្ងន់ធ្ងរដោយសារគ្រាប់ប្លោងរបស់ទាហានថៃ ក្នុងពេលសង្រ្គាមឈ្លានពានចំនួនពីរលើក កាលពីខែកក្កដា និងធ្នូ ឆ្នាំ២០២៥ កន្លងទៅក្តី។ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រាសាទព្រះវិហារ មានទីតាំងនៅលើខ្ពង់រាបជួរភ្នំដងរែក មានកម្ពស់ ៦២៥ម៉ែត្រធៀបនឹងកម្ពស់ទឹកសមុទ្រ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា។ ក្រោមព្រះរាជបូជនីយកិច្ចរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កម្ពុជាបានឈ្នះក្តីប្រាសាទព្រះវិហារលើប្រទេសថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដោយទទួលបានសិទ្ធិគ្រប់គ្រងប្រាសាទលើកំពូលភ្នំនេះ និងដីធ្លីជុំវិញទាំងស្រុង។ កាលនោះ តុលាការ ICJ បានបង្គាប់ឱ្យភាគីថៃគោរពអធិបតេយ្យកម្ពុជា ដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីបរិវេណប្រាសាទ និងប្រគល់រាល់វត្ថុបុរាណ ដែលបានយកទៅឱ្យកម្ពុជាវិញ។ ក្នុងឱកាសរម្លឹកខួប ១៨ឆ្នាំ នៃប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានផ្ញើសារលិខិត រម្លឹកដល់កិច្ចការថែរក្សា និងការពារប្រាសាទព្រះវិហារ របស់បុព្វបុរសខ្មែរគ្រប់រូប និងគ្រប់ជំនាន់ ដោយរាប់បញ្ចូលទាំងការតស៊ូដ៏ស្វិតស្វាញ និងការលះបង់ដ៏ខ្ពង់ខ្ពស់បំផុតរបស់បុព្វបុរស អតីតថ្នាក់ដឹកនាំ និងយុទ្ធជន យុទ្ធនារីខ្មែរ។ សារលិខិតដដែលរបស់លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការសម្រេចបាននូវការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក បានលើកតម្លៃវប្បធម៌ ដោយបន្ថែមការទទួលស្គាល់តម្លៃលេចធ្លោជាសកល នៃស្ថាបត្យកម្មខ្មែរលើឆាកអន្តរជាតិ ពង្រឹងការអភិរក្ស ដោយទទួលបានយន្តការការពារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ទាំងកម្រិតជាតិ និងអន្តរជាតិ ក៏ដូចជាជំនួយអន្តរជាតិ ដោយមានកិច្ចសហការ បច្ចេកទេស សម្ភារៈ និងថវិកាពីបណ្តាប្រទេសជាមិត្ត ដើម្បីស្តារ និងលើកតម្លៃប្រាសាទឡើងវិញ។ លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា បើទោះកម្ពុជាប្រកាន់យកផ្លូវច្បាប់អន្តរជាតិ និងការចរចាទ្វេភាគីដើម្បីសន្តិវិធី ក៏ជម្លោះប្រដាប់អាវុធជាមួយភាគីថៃទាំងពីរលើក កាលពីឆ្នាំ២០២៥ កន្លងទៅ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារចំនួន ៥៦២កន្លែង ដែលវិនាសកម្មនេះបានបំផ្លាញរាល់កិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សបេតិកភណ្ឌជាតិជិត ២០ឆ្នាំមកនេះផងដែរ។ លោកនាយករដ្ឋមន្ត្រី៖ «នេះជាការបាត់បង់ ដ៏ធំធេង មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល»។ ចំពោះមុខ ការខូចខាតទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន ដោយពង្រឹងកិច្ចការងារជាមួយអង្គការយូណេស្កូ (UNESCO) គណៈកម្មាធិការ ICC-Preah Vihear និងដៃគូជាតិ-អន្តរជាតិ ដើម្បីបញ្ជូនអ្នកជំនាញមកវាយតម្លៃការខូចខាត។ ក្នុងនោះមានការសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់គ្រាប់បែកចង្កោម ទល់ទ្រសង្គ្រោះប្រាង្គប្រាសាទ ដើម្បីការពារកុំឱ្យដួលរលំបន្ត ប្រមូល និងអភិរក្សថ្មចម្លាក់ដែលបាក់បែករាយប៉ាយ និងបន្តទិសដៅអាទិភាពលើការស្តារតម្លៃប្រាសាទ ដោយប្រែក្លាយការឈឺចាប់ ទៅជានិមិត្តរូបនៃសាមគ្គីភាពជនរួមជាតិ។ ក្នុងសារលិខិត លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏មិនភ្លេចសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាពរបស់កងទ័ព ដែលបានលះបង់ដើម្បីការពារព្រំដែន ព្រមទាំងកោតសរសើរអ្នកជំនាញការ និងមន្ត្រីអាជ្ញាធរជាតិព្រះវិហារ ដែលបានប្រឹងប្រែងសង្គ្រោះប្រាសាទទាំងប្រឈមនឹងគ្រោះថ្នាក់។ លោក ហ៊ុន ម៉ាណែត អំពាវនាវថា៖ «សូមឱ្យស្មារតី នៃប្រាសាទព្រះវិហារ បន្តនៅឋិតថេរក្នុងក្រអៅបេះដូង នៃប្រជាជនខ្មែរគ្រប់រូប និងសូមប្រែក្លាយការឈឺចាប់នេះ ទៅជាការខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ដើម្បីកសាងសង្គមជាតិមួយដ៏រឹងមាំប្រកបដោយភាពធន់»។ បើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ឱ្យដឹងថា កាលពីឆ្នាំ២០២៥ កន្លងទៅ ប្រាសាទព្រះវិហារ បានរងនូវវិនាសកម្មធ្ងន់ធ្ងរ ដោយសារប្រទេសថៃ ទម្លាក់គ្រាប់បែកពីយន្តហោះ គ្រាប់បែកចង្កោម គ្រាប់ផ្សែងពុលគីមី និងគ្រាប់យុទ្ធភណ្ឌច្រើនប្រភេទទៀត ដូចជាគ្រាប់កាំភ្លើងធំ ១៥៥ម.ម. ១០៥ម.ម. និងដ្រូនអត្តឃាតជាដើម។ សូមរម្លឹកថា ប្រាសាទព្រះវិហារ សាងសង់ឡើងនៅចន្លោះសតវត្សទី៩ និងទី១២ ដោយចាប់ផ្តើមកសាង ក្នុងរជ្ជកាលព្រះបាទយសោវម៌្មទី១ (៨៨៩-៩១០) គ.ស. និងបញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវម៌្មទី២ (១១១៣-១១៥០) គ.ស.។ ប្រាសាទនេះ មានអាយុកាលប្រមាណជាង ១ពាន់ឆ្នាំ មានឈ្មោះដើមថាស្រីសិខរីស្វរ កសាងឡើងលើភ្នំធម្មជាតិ លាតសន្ធឹងប្រវែង ៨០០ម៉ែត្រ តាមអ័ក្ស ពីត្បូងទៅជើង និងមានលក្ខណៈពិសេសសម្គាល់ដោយគោបុរៈចំនួនប្រាំ តភ្ជាប់ដោយស្ពានហាល និងជណ្តើរ រួមបញ្ចូលគ្នានូវស្រះទឹក ជណ្តើរថ្មភក់ និងក្បូរក្បាច់ចម្លាក់យ៉ាងល្អិតល្អន់ ឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងសាសនាព្រាហ្ម៕

សង្គមស៊ីវិលស្នើពង្រឹងប្រព័ន្ធព្រមានគ្រោះធម្មជាតិជាមុន ដើម្បីការពារសុខសុវត្ថិភាពនិងអាយុជីវិតពលរដ្ឋ
សង្គមស៊ីវិល ជំរុញឱ្យស្ថាប័នពាក់ព័ន្ធបង្កើនប្រសិទ្ធភាពប្រព័ន្ធព្រមានទុកជាមុនអំពីគ្រោះមហន្តរាយធម្មជាតិឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ព្រមទាំងពង្រីកការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែលឿនរហ័ស។ ការអំពាវនាវនេះធ្វើឡើងចំពេលកម្ពុជាកំពុងរងឥទ្ធិពលព្យុះនានា និងបាតុភូតអាកាសធាតុអែលនីណូ (El Niño)បង្កឱ្យមានការប្រែប្រួលធាតុអាកាសភ្លាមៗ បង្កើតជាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតអូសបន្លាយជាដើម។ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្ពុជាទទួលឥទ្ធិពលពីព្យុះទីហ្វុងបាវី ដែលមានភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ និងខ្យល់បក់ខ្លាំង អាចបន្តកើតមានទូទាំងប្រទេសរហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ បើតាមក្រសួង ព្យុះទី៩ ឈ្មោះ បាវី (T2609 Bavi) ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីនៅកម្ពុជា អាចបណ្តាលឱ្យភ្លៀងធ្លាក់ខ្លាំង រួមជាមួយខ្យល់កន្រ្តាក់ និងរលកសមុទ្រខ្ពស់ៗ នៅខេត្តកោះកុង ព្រះសីហនុ កំពត រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ក្រចេះ កំពង់ស្ពឺ និងពោធិសាត់ ចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ជាក់ស្ដែងកាលពីថ្ងៃទី១២ ចុងសប្តាហ៍មុននេះ ឥទ្ធិពលព្យុះនេះបានបណ្ដាលឱ្យមានភ្លៀងខ្លាំង បង្កជាទឹកជំនន់ប៉ះពាល់ដល់តាមបណ្ដាស្រុកមួយចំនួននៃខេត្តជាប់ជួរភ្នំក្រវាញ។ ជាការឆ្លើយតប រដ្ឋបាលតាមបណ្ដាស្រុកដែលរងផលប៉ះពាល់ទាំងនោះ បានចេញសេចក្ដីប្រកាសផ្អាកតំបន់ទេសចរណ៍មួយចំនួន និងក្រើនរម្លឹកឱ្យប្រជាពលរដ្ឋ និងទេសចរមានការប្រុងប្រយ័ត្នខ្ពស់។ ទោះជាយ៉ាងណា សារជូនដំណឹងទុកជាមុនពីក្រសួងហាក់នៅមិនទាន់បានជ្រួតជ្រាបទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋឡើយ ស្របពេលតំបន់មួយចំនួនបានកើតហេតុការណ៍ទៅហើយ ទើបមានការជូនដំណឹងឱ្យប្រុងប្រយ័ត្ន និងផ្អាកតំបន់ទេសចរណ៍ខ្លះដោយអាជ្ញាធរមូលដ្ឋាន។ ការណ៍នេះត្រូវបានអ្នកជំនាញកត់សម្គាល់ថា អាជ្ញាធរត្រូវពង្រឹងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយជាងមុនបន្ថែមទៀត និងត្រូវសហការបង្ការហានិភ័យពីអាជ្ញាធរមូលដ្ឋានតាមតំបន់ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ជាជាងហេតុការណ៍កើតឡើងហើយទើបជួយសង្គ្រោះតាមក្រោយ។ នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED) លោក សាន់ ម៉ាឡា ស្នើឱ្យមានប្រព័ន្ធប្រកាសអាសន្ននៅតាមតំបន់ការពារធម្មជាតិ តំបន់ទេសចរណ៍ព្រៃភ្នំ តំបន់ឆ្នេរ ឬតំបន់ងាយរងហានិភ័យ ព្រមទាំងណែនាំទៅអាជ្ញាធរមូលដ្ឋាន ឬភ្នាក់ងារទេសចរណ៍ឱ្យដាក់បម្រាមហាមឃាត់មិនឱ្យភ្ញៀវទៅលេង ព្រោះអាចបង្កជាគ្រោះមហន្តរាយផ្សេងៗ ដែលពិបាកស្មានពេលមានអាកាសធាតុអាក្រក់។ ជាមួយគ្នានោះ លោកក៏ក្រើនរម្លឹកដល់ប្រជាពលរដ្ឋ និងទេសចរធ្វើដំណើរកម្សាន្តនៅរដូវវស្សា ត្រូវបង្កើនការយកចិត្តទុកដាក់តាមដានព័ត៌មានអំពីអាកាសធាតុប្រចាំថ្ងៃ ទោះបីកត្តាភូមិសាស្ត្រកម្ពុជាអំណោយផល មិនសូវរងគ្រោះធម្មជាតិធ្ងន់ធ្ងរខ្លាំងក៏ដោយ។ លោកបន្តថា ការគិតថាប្រទេសយើងមិនអីទេ អាចបង្កគ្រោះថ្នាក់ទៅវិញ ដ្បិតធ្វើឱ្យយើងមានការធ្វេសប្រហែសក្នុងការត្រៀមខ្លួន ការផ្សព្វផ្សាយ និងការទទួលដំណឹងពីបញ្ហាអាកាសធាតុយឺតយ៉ាវ។ លោក សាន់ ម៉ាឡា៖ «អាជ្ញាធរគួរតែពង្រឹងនូវយន្តការនៅក្នុងការជូនដំណឹងជាមុន តាមរយៈទូរសព្ទដៃ តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គម ជាពិសេសដែលមានលក្ខណៈទូលំទូលាយ និងធូរថ្លៃ។ ធ្វើយ៉ាងម៉េចឱ្យយើងអាចត្រៀមខ្លួនបានទុកមុនក្នុងការការពារខ្លួន ចៀសវាងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬរហូតទៅដល់ការបាត់បង់អាយុជីវិតដោយសារតែគ្រោះធម្មជាតិនេះ»។ លោករៀបរាប់បន្ត៖ «សម្រាប់ប្រជាពលរដ្ឋវិញ គាត់គួរតែយកចិត្តទុកដាក់នៅក្នុងការតាមដានស្ថានភាពធាតុអាកាស ព័ត៌មានឧតុនិយម ជាពិសេសប្រសិនបើយើងមានគម្រោងធ្វើដំណើរទេសចរណ៍នៅក្នុងតំបន់ណាមួយដែលមានភ្នំ មានទឹក គួរតែមើលព័ត៌មានឧតុនិយមឱ្យបានច្បាស់លាស់ ធានាធ្វើយ៉ាងម៉េចមិនរងហានិភ័យដោយសារតែការធ្វើដំណើរកម្សាន្តនៅក្នុងរដូវវស្សានេះ»។ បន្ទាប់ពីហេតុការណ៍ប៉ះពាល់ដល់ទេសចរនៅតំបន់អេកូទេសចរណ៍មួយចំនួន ក្រសួងទេសចរណ៍ក៏បានចេញសេចក្ដីប្រកាសឱ្យគ្រប់អង្គភាពចំណុះក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ប្រតិបត្តិករទេសចរណ៍ និងសហគមន៍ទេសចរណ៍ទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងការធានាសុវត្ថិភាពជូនភ្ញៀវទេសចរប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវអនុវត្តការងារសំខាន់ៗដូចជា៖ ត្រូវតាមដានព័ត៌មានព្យាករណ៍អាកាសធាតុជាប្រចាំ និងជូនដំណឹងជាមុនពីហានិភ័យនានាទៅដល់ប្រតិបត្តិករ និងសហគមន៍ទេសចរណ៍, ត្រូវរៀបចំវិធានការគ្រប់គ្រងហានិភ័យឱ្យបានហ្មត់ចត់នៅតាមរមណីយដ្ឋាន និងត្រៀមលក្ខណៈសង្គ្រោះឱ្យបានទាន់ពេលវេលា, ត្រូវសហការជិតស្និទ្ធជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរដែនដី ដើម្បីរួមគ្នាអន្តរាគមន៍ការពារភ្ញៀវទេសចរ, ត្រូវបង្កើតបណ្តាញទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរាយការណ៍ជាបន្ទាន់រាល់ករណីមិនប្រក្រតី ឬគ្រោះថ្នាក់ផ្សេងៗក្នុងការសង្គ្រោះឱ្យទាន់ពេល និងត្រូវបូកសរុប និងរាយការណ៍ពីបច្ចុប្បន្នភាពនៃស្ថានភាពជាក់ស្តែងជូនមកក្រសួងទេសចរណ៍ជាប្រចាំ។ ស្រដៀងគ្នានេះ ប្រធានសមាគមទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន ស្នើដល់អាជ្ញាធរមូលដ្ឋានផ្តល់ព័ត៌មានអាកាសធាតុជាក់លាក់ និងទាន់ហេតុការណ៍ដល់សាធារណជន ក្រុមហ៊ុន និងសហគមន៍ទេសចរណ៍។ អ្នកស្រីលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធទាំងអស់កុំខ្លាចក្នុងការប្រាប់ឱ្យដឹងមុនថាថ្ងៃណាគួរផ្អាក ថ្ងៃណាអាចមកលេងបាន ដោយកុំបារម្ភថាការប្រកាសអាសន្នអាកាសធាតុធ្វើឱ្យបាត់បង់ភ្ញៀវទេសចរ ព្រោះសុវត្ថិភាពត្រូវគិតជាចម្បង។ អ្នកស្រី ឆាយ ស៊ីវលីន៖ «យើងដឹងហើយថាតំបន់របស់យើងហ្នឹងកំពុងតែទទួលបានការចាប់អារម្មណ៍ ទាក់ទាញក្នុងការមកកម្សាន្តនៅក្នុងរដូវបៃតង។ អ៊ីចឹង យើងត្រូវផ្តល់ព័ត៌មាន កុំចេះតែគិតថាផ្តល់ព័ត៌មានទៅខ្លាចគេអត់មក។ ចៀសវាងបណ្តោយឱ្យមានគ្រោះថ្នាក់ កាន់តែធ្វើឱ្យទេសចរភ័យខ្លាច និងខាតបង់ធ្ងន់ធ្ងរជាងមុន»។ អ្នកស្រីរម្លឹកថា៖ «ទេសចរផ្ទាល់ត្រូវឆែកព័ត៌មានអាកាសធាតុឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងព័ត៌មានផ្លូវការ និងព័ត៌មានពីសហគមន៍ផ្ទាល់មុននឹងធ្វើដំណើរកម្សាន្ត កុំទៅទាំងប្រថុយប្រថាន ដើម្បីធានាថាការលម្ហែកាយមានសុវត្ថិភាព និងទទួលបានអនុស្សាវរីយ៍ល្អៗក្នុងរដូវវស្សានេះ»។ តាមក្រសួងធនធានទឹក និងឧតុនិយម កម្ពុជានឹងទទួលឥទ្ធិពលព្យុះទី១១ ឈ្មោះ «ហៃសិន» (Haishen) ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់រហូតដល់ ៧០ភាគរយ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។ ក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ខណៈក្រសួងបានបញ្ជាក់ថា កម្ពុជានឹងរងឥទ្ធិពលព្យុះជាង ១០ទៀត ដែលនឹងត្រៀមចូលមកជាបន្តបន្ទាប់នៅពេលខាងមុខ៕

យុវផលិតករ៨រូប ត្រៀមបង្ហាញកុនខ្លីក្នុងមហោស្រពចតុមុខនាឆ្នាំនេះ
យុវជនមកពីសាវតារផ្សេងៗគ្នាចំនួន ៨រូប បានបញ្ចប់វគ្គបណ្តុះបណ្តាលផលិតភាពយន្តខ្លីជំនាន់ទី៩ ពីក្រុមភាពយន្តឈូករ័ត្ន (SFA) ខណៈពួកគេបានថតភាពយន្តខ្លីរបស់ខ្លួន និងត្រៀមដាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តខ្លីចតុមុខឆ្នាំ២០២៦ នៅខែតុលាខាងមុខ។ យុវជន ៨រូបនេះ បានទទួលការបណ្ដុះបណ្ដាលពីសំណាក់អ្នកជំនាញក្នុងវិស័យភាពយន្តជាតិ និងអន្តរជាតិ ដោយវគ្គសិក្សាឆ្នាំ២០២៦នេះ ផ្តោតលើតុល្យភាពរវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅលើទីតាំងថត តាមរយៈមុខវិជ្ជាស្នូលចំនួន៦ គឺការនិពន្ធអត្ថបទភាពយន្ត ការគ្រប់គ្រងការផលិត ការចាប់ប្លង់ថត ការកាត់ត ការតែងភ្លេងសម្រាប់ភាពយន្ត និងការដឹកនាំរឿង។ ក្រោយបញ្ចប់កាសិក្សាវគ្គទ្រឹស្ដីជារៀងរាល់ចុងសប្ដាហ៍ ចាប់តាំងពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ ក្រុមយុវជន បានបែងចែកគ្នាជាពីរក្រុម គឺក្រុម Liminal និង White Shadow ដែលកំពុងបញ្ចប់ដំណើរការផ្សេងៗលើរឿងខ្លីរបស់ខ្លួនចំនួនពីរផ្សេងគ្នា សម្រាប់ត្រៀមដាក់បញ្ចាំងភាពយន្តខ្លីទាំងពីរនេះ ក្នុងមហោស្រពភាពយន្តខ្លីចតុមុខ។ និស្សិតនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ តំណាងឱ្យក្រុមតូច Liminal កញ្ញា ចិន ម៉ីម៉ី ឱ្យដឹងថា វគ្គសិក្សាទាំងអស់ ដែលក្រុមភាពយន្តឈូករ័ត្ន បានផ្តល់ឱ្យ សុទ្ធតែសំខាន់សម្រាប់ការផលិតភាពយន្ត ហើយកម្មវិធីសិក្សាមានតុល្យភាពទាំងទ្រឹស្តី និងការអនុវត្ត។ កញ្ញា ចិន ម៉ីម៉ី៖ «នាងខ្ញុំបានរៀន មេរៀនជាច្រើនពីគ្រូបង្វឹក ដែលមិនត្រឹមតែបង្រៀនទ្រឹស្តីប៉ុណ្ណោះទេ តែពួកគាត់ថែមទាំងបានចែករំលែក បទពិសោធពិតៗរបស់ខ្លួន នៅលើទីតាំងថតទៀតផង»។ ស្រដៀងនេះដែរ បុគ្គលិកបម្រើការនៅសាលាថតរូប Studio Images តំណាងឱ្យក្រុមតូច White Shadow លោក សរ បញ្ញាវុធ បានបង្ហាញចំណាប់អារម្មណ៍ថា ទោះបីជាការសិក្សាមានភាពតានតឹងខ្លះ ប៉ុន្តែបានបើកស្មារតី និងធ្វើឱ្យយល់ច្បាស់ថា ភាពយន្តគឺជាការងារក្រុមដែលទាមទារការលះបង់ខ្ពស់ ដើម្បីនាំយករឿងរ៉ាវពីក្នុងចិត្តមកបង្ហាញលើអេក្រង់។ លោក សរ បញ្ញាវុធ៖ «ខ្ញុំជឿថាដំណើររៀនសូត្ររបស់ខ្ញុំនឹងមិនបញ្ចប់ត្រឹមនេះទេ នៅពេល ដែលខ្ញុំឃើញកិច្ចការចុងក្រោយ របស់យើងសម្រេច ជាមួយគ្នា ខ្ញុំមានមោទនភាពយ៉ាងខ្លាំង។ វាបានបង្ហាញខ្ញុំថា ការផលិតភាពយន្តគឺជាដំណើរដ៏លំបាកមួយ ប៉ុន្តែលទ្ធផលចុងក្រោយ តែងតែមានតម្លៃ»។ចំណែក គ្រូបង្គោលផ្នែកតែងនិពន្ធអត្ថបទ និងភ្លេងសម្រាប់ភាពយន្ត គឺលោក Leo GREENE និងលោកស្រី Wendy JAMES ជាគ្រូបង្គោលជនជាតិអូស្រ្តាលី បានកោតសរសើរពីឆន្ទៈរបស់សិស្ស ក្នុងការអភិវឌ្ឍជំនាញតែងរឿងឱ្យស៊ីគ្នាទៅនឹងតន្ត្រីភាពយន្ត ដែលជាចំណុចពិសេសមួយក្នុងការដាស់អារម្មណ៍ទស្សនិកជន។ លោក Leo GREENE និងលោកស្រី Wendy JAMES គ្រូបង្គោលជនជាតិអូស្រ្តាលី បានកោតសរសើរពីឆន្ទៈរបស់សិស្ស ក្នុងការអភិវឌ្ឍជំនាញតែងរឿងឱ្យស៊ីគ្នាទៅនឹងតន្ត្រីភាពយន្ត ដែលជាចំណុចពិសេសមួយក្នុងការដាស់អារម្មណ៍ទស្សនិកជន។ លោក Leo GREENE និងលោកស្រី Wendy JAMES: «សិស្សទាំងអស់ បានទទួលយករាល់បញ្ហាប្រឈម ដោយភាពច្នៃប្រឌិត និងការជក់ចិត្ត។ ហើយអ្វីដែលរឹតតែបំផុសទឹកចិត្តយើងខ្ញុំទៅទៀតនោះ គឺនៅពេលបានឃើញពួកគាត់អភិវឌ្ឍជំនាញតែងរឿងរបស់ខ្លួន ទន្ទឹមនឹងស្វែងរកវិធីធ្វើយ៉ាងណា ឱ្យអត្ថបទ រឿងស៊ីគ្នាជាមួយតន្ត្រី ដែលពួកគាត់នឹងតែងជាមួយផលិតកម្មចម្រៀង ដើម្បីនាំយករឿងរ៉ាវពីក្នុងជម្រៅចិត្តរបស់ខ្លួន មកបង្ហាញជីវិតរឿងរ៉ាវ»។ គួរឱ្យដឹងបន្ថែមថា បច្ចុប្បន្ន ក្រុមយុវជនទាំង២ក្រុម កំពុងស្ថិតក្នុងដំណាក់កាលថត និងកាត់ត ដែលមានរយៈពេលចាប់ពីខែកក្កដា ដល់ខែសីហា ឆ្នាំ២០២៦។លើសពីនេះ គ្រូបង្គោលផ្នែកដឹកនាំរឿង លោក ចាប សោមច័ន្ទរិទ្ធ បានកត់សម្គាល់ឃើញថា ក្រុមយុវជនអ្នកស្រលាញ់ភាពយន្តទាំងនេះ កាន់តែមានទំនុកចិត្តក្នុងការបង្កើតសាច់រឿងដែលមានលក្ខណៈផ្ទាល់ខ្លួន និងមានអត្ថន័យស៊ីជម្រៅ ឆ្លុះបញ្ចាំងពីសហគមន៍កម្ពុជា។លោក ចាប សោមច័ន្ទរិទ្ធ៖ «អ្វីដែលលេចធ្លោជាងគេសម្រាប់ខ្ញុំ គឺការជក់ចិត្តរបស់ពួកគាត់ចំពោះរឿងរ៉ាវ ការចង់ដឹងចង់ឃើញ និងឆន្ទៈរបស់ពួកគាត់ ក្នុងការស្វែងយល់ពីទស្សនៈ និងគំនិតផ្សេងៗ។ ហើយអ្វីដែល កាន់បំផុសទឹកចិត្តខ្ញុំទៅទៀតនោះ គឺការឃើញពីភាពច្នៃប្រឌិត និងការលះបង់របស់ពួកគាត់ ហើយខ្ញុំរំភើប ចង់ឃើញថាតើពួកគាត់នឹងបន្តប្រាប់សាច់រឿងដែលឆ្លុះបញ្ចាំង និងពង្រឹងស្នាដៃ សហគមន៍ភាពយន្តនៅកម្ពុជា ដែលកំពុងរីកចម្រើនយ៉ាងណាទៅទៀត»៕

យុវជន ៤៤នាក់ ផលិតកុនឯកសារបាន ៤៨ រឿងឆ្លុះបញ្ចាំងពីតថភាពកម្ពុជា
យុវជនចំនួន៤៤នាក់ រួមទាំងយុវជនមកពីសហគមន៍ជនជាតិភាគតិច និងជនជាតិដើមភាគតិចផង បានបញ្ចប់ការសិក្សាផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយពីមជ្ឈមណ្ឌលបុប្ផាណា ដោយផលិតបានកុនឯកសារចំនួន៤៨រឿង ដែលឆ្លុះបញ្ចាំងពីតថភាពជុំវិញប្រទេសកម្ពុជា។ ក្នុងរយៈពេល ៤ឆ្នាំ ពោលចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ មជ្ឈមណ្ឌលបុប្ផាណា បានបណ្តុះបណ្តាលយុវជន ៤ជំនាន់ ចំនួន៤៤នាក់ ឱ្យក្លាយជាអ្នកផលិតភាពយន្តឯកសារឆ្លុះបញ្ចាំងពីសង្គម និងវប្បធម៌។ ក្នុងនោះមានយុវជនមកពីសហគមន៍ដាច់ស្រយាល និងជនជាតិដើមភាគតិច តាមបណ្ដាខេត្តនានាជុំវិញប្រទេសកម្ពុជា ដូចជា ចាម្ប៍ កួយ ចារ៉ាយ កាវ៉េត និងទំពូនជាដើម។ យុវជនទាំងនេះ បានផលិតខ្សែភាពយន្តឯកសារសរុបចំនួន ៤៨ រឿង បង្ហាញពីចម្រុះភាពក្នុងសង្គម ដូចជាការយល់ដឹងពីជនជាតិដើមភាគតិច វប្បធម៌ បរិស្ថាន សង្គម ការប្រែប្រួលអាកាសធាតុ និងប្រវត្តិសាស្ត្រជាដើម។ លើសពីនេះ ស្នាដៃទាំងនេះ ត្រូវបានជ្រើសរើសឱ្យចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តល្បីៗ ទាំងក្នុងស្រុក និងក្រៅស្រុក ដូចជា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) មហោស្រពភាពយន្តនៅក្រុងឡុងប៊ិច សហរដ្ឋអាមេរិក និងនៅប្រទេសបារាំង ព្រមទាំងការបញ្ចាំងផ្ទាល់តាមសហគមន៍។ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សានៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា លោក ជា សុភាព លើកឡើងថាស្នាដៃភាពយន្តឯកសាររបស់អតីតសិក្ខាកាម មិនត្រឹមតែជាសិល្បៈទស្សនីយភាព និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ និងរក្សាទុកនូវប្រពៃណី វប្បធម៌ ក៏ដូចជារឿងរ៉ាវនានារបស់សហគមន៍ដែលគេតែងតែមើលរំលងប៉ុណ្ណោះទេ ថែមទាំងជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការការពារអត្តសញ្ញាណជាតិ និងជំរុញឱ្យមានការជជែកដេញដោលក្នុងសង្គម។ លោក ជា សុភាព៖ «ថ្ងៃនេះមិនមែនជាទីបញ្ចប់ នៃដំណើររបស់អ្នកទាំងអស់គ្នានោះទេ តែវាជាការចាប់ផ្តើមចូលរួមចំណែកដល់អនាគតនៃវិស័យវប្បធម៌ និងការច្នៃប្រឌិតនៅកម្ពុជា។ យើងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងបន្តនិទានរឿងរ៉ាវសង្គមដោយភាពស្មោះត្រង់ និងក្តីស្រឡាញ់ ដើម្បីជួយបន្លឺសំឡេងជំនួសសហគមន៍នានា ដែលរឿងរ៉ាវរបស់ពួកគេសក្តិសមនឹងទទួលបានការដឹងឮពីសង្គម»។ រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ទិត ថាវរិទ្ធ បានថ្លែងក្នុងថ្ងៃដដែលដែរថា ការរីកចម្រើននៃវិស័យភាពយន្តកម្ពុជា ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីសមិទ្ធករវ័យក្មេង ដែលជាអ្នកបន្តវេន។ លោកបន្តថា ទោះបីជាយុវជនមានសក្តានុពលក៏ដោយ ប៉ុន្តែទាមទារការគាំទ្រ ឱកាស និងការផ្ទេរចំណេះដឹងប្រកបដោយវិជ្ជាជីវៈពីរៀមច្បងជំនាន់មុន។ លោក ទិត ថាវរិទ្ធ៖ «ខ្ញុំសូមអបអរសាទរចំពោះប្អូនៗទាំង ៤៤រូប ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមផ្តាំផ្ញើទៅប្អូនៗឱ្យបន្តខិតខំប្រឹងប្រែងអនុវត្ត និងហ្វឹកហាត់ជំនាញនេះបន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯង សម្រាប់ចាប់យកឱកាសការងារផង និងដើម្បីចូលរួមលើកកម្ពស់វិស័យភាពយន្តនៅកម្ពុជាយើងឱ្យកាន់តែរីកចម្រើនផង»។ គម្រោង «ការបណ្តុះបណ្តាលជំនាញផលិតភាពយន្ត និងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សានិងការអភិវឌ្ឍផ្នែកបណ្ណសារ តាមរយៈការផលិតភាពយន្តនៅកម្ពុជា» ដែលអនុវត្តដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ក្រោមជំនួយហិរញ្ញវត្ថុ របស់មូលនិធិហេនរីលូស៍(The Henry Louce Foundation) តាមរយៈម៉ាយរៀដយូអេសអេ(Myriad USA) មិនត្រឹមតែ ជួយអភិរក្សវប្បធម៌ និងបន្លឺសំឡេងសហគមន៍ដាច់ស្រយាលប៉ុណ្ណោះទេ ថែមទាំងបានបើកឱកាសការងារយ៉ាងទូលំទូលាយជូនដល់សិក្ខាកាម ក្នុងវិស័យផលិតកម្ម ស្ថានីយ៍ទូរទស្សន៍ អង្គការសង្គមស៊ីវិល និងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយច្នៃប្រឌិតនៅកម្ពុជា។ អតីតសិក្ខាកាមជំនាន់ទី១ ក្នុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ កញ្ញា កន ស្រីណិត ដែលបច្ចុប្បន្នកំពុងបម្រើការងារជាជំនួយការផ្នែកផលិត បានបង្ហាញចំណាប់អារម្មណ៍ថា មុនពេលចូលរៀន កញ្ញាមិនស្គាល់អ្វីជាការថតភាពយន្តឯកសារ ឬថតកុននោះទេ ប៉ុន្ដែក្នុងគម្រោងមួយនេះ បានបង្រៀនជំនាញជាច្រើនដល់កញ្ញា និងសិស្សដទៃទៀត ដូចជាការដឹកនាំរឿង ផ្នែកបច្ចេកទេសកាមេរ៉ា សំឡេង ការកាត់តវីដេអូ និងជំនាញផ្សេងៗទៀតទាក់ទងនឹងដំណើរការផលិតភាពយន្តឯកសារ។ មានដើមកំណើតពីខេត្តកំពង់ចាម ក្នុងវ័យ ២៩ឆ្នាំ កញ្ញា ស្រីណិត បានផលិតភាពយន្តឯកសារចំនួន ៥រឿង។ ក្នុងនោះរឿងសំខាន់មានដូចជា «នៅតែគិត» និយាយអំពីអ្នករើសសំរាមដើម្បីចិញ្ចឹមជីវិតនៅទីក្រុងភ្នំពេញ និងរឿង «យីកេកួយ» ដែលបង្ហាញអំពីក្រុមយីកេកួយស្ថិតក្នុងខេត្តកំពង់ធំ បានបាត់បង់យូរឆ្នាំហើយ ប៉ុន្ដែដោយចិត្តស្រឡាញ់ មិនចង់ ឱ្យបាត់បង់ កញ្ញាបានសហការនឹងក្រុមអតីតសិក្ខាកាមរួមជំនាន់ ព្យាយាមស្រាវជ្រាវ ប្រមូលពត៌មានពីក្រុមយីកេ រួចផ្គុំឱ្យចេញជាសាច់រឿង។ កញ្ញា កន ស្រីណិត៖ «នាងខ្ញុំសូមអរគុណដល់គ្រូបណ្ដុះបណ្ដាលដែលបានបង្ហាត់បង្រៀន និងមជ្ឈមណ្ឌលបុប្ផាណា សង្ឃឹមថាមជ្ឈមណ្ឌលបុប្ផាណានៅតែបន្តជ្រើសរើសសិក្ខាកាមមកបណ្ដុះបណ្ដាល ផ្តល់ឱកាសដល់យុវជនក្រោយ ដើម្បីបង្កើតសមត្ថភាពបន្តៗទៀត»។ ស្រដៀងគ្នានេះដែរ អតីតសិក្ខាកាមជំនាន់ទី២ ម្នាក់ទៀតគឺ លោក សេវ ភីម ជាជនជាតិដើមភាគតិចចារ៉ាយ វ័យ២៤ឆ្នាំ មកពីខេត្តរតនគិរី។ លោករម្លឹកឱ្យដឹងថា ពេលមករៀនជាលើកដំបូងនៅភ្នំពេញ លោកជួបប្រទះផលលំបាកទាំងផ្នែកភាសា និងការប្រាស្រ័យទាក់ទង។ យ៉ាងណា លោកថាការផ្ដល់ឱកាស ការជ្រោមជ្រែងពីមិត្តភក្តិរួមជំនាន់ លោកគ្រូអ្នកគ្រូ និងការប្ដេជ្ញាចិត្តមិនបោះបង់ បាននាំឱ្យលោកបញ្ចប់វគ្គសិក្សានេះ ដោយជោគជ័យ ដោយផលិតភាពយន្តឯកសារបានពីររឿង និងបច្ចុប្បន្ន លោក ភីម កំពុងបម្រើការងារក្នុងវិស័យភាពយន្តឱ្យផលិតកម្មមួយ ផ្នែកបច្ចេកទេសសំឡេង ខណៈមានគម្រោងផលិតរឿងខ្លួនឯងបន្តទៀត។ លោក សេវ…

សហគមន៍ខ្នងផ្សាររំពឹងថាចំណូលនឹងងើបឡើងវិញក្រោយទេសចរធ្លាក់ចុះកាលពីរដូវប្រាំង
រដូវរស្សា នាំយកភាពស្រស់បំព្រងសាជាថ្មី ដល់តំបន់រមណីយដ្ឋានធម្មជាតិខ្នងផ្សារដែលស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ផ្ទាំងទស្សនីយភាពវាលខ្មៅបៃតងខ្ចី គ្របដណ្ដប់ ធម្មជាតិស្រស់ត្រកាល ជ្រោះជ្រងជ្រលងដងអូរ ព្រៃភ្នំជាជួរៗ ជាថ្នាក់ៗ លាយឡំនឹងពពកអ័ព្ទដេរដាសហោះទៅមក ខាបដួងចិត្តអ្នកចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេង ទៅលេងម្ដងហើយម្ដងទៀត។ តំណក់គ្រាប់ភ្លៀងលាងភាពក្រៀមក្រោះ ស្រោចស្រពអស់រុក្ខជាតិឱ្យលូតលាស់មានជីវិត ដែលជាក្ដីសង្ឃឹមចម្បង សម្រាប់ជំរុញជីវភាពរស់នៅរបស់សហគមន៍តំបន់អេកូទេសចរណ៍ខ្នងផ្សារនារដូវបៃតងនេះ បន្ទាប់ពីភ្ញៀវទេសចរធ្លាក់ចុះយ៉ាងគំហុកកាលពីរដូវប្រាំងកន្លងទៅ។ តំបន់ខ្នងផ្សារ កំពុងអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ «លម្ហែបៃតង» ដែលភាគីពាក់ព័ន្ធអះអាងថា នឹងលើកកម្ពស់សេវាកម្មសហគមន៍ ព្រមទាំងផ្តល់ភាពងាយស្រួលដល់ទេសចរ ដែលមុននោះ សហគមន៍មានក្ដីបារម្ភចំពោះការវិនិយោគរបស់ក្រុមហ៊ុនឯកជន។ ប៉ុន្ដែការប្រែប្រួលនេះ ក៏នាំមកនូវបញ្ហាមួយចំនួនដែរ ដែលទាមទារឱ្យសហគមន៍ និងអាជ្ញាធរត្រូវកំណត់គោលការណ៍ច្បាស់លាស់ និងយកពេលបន្សាំខ្លួន ដើម្បីឱ្យការអភិវឌ្ឍនេះកាន់តែល្អប្រសើរ។ ជាពិសេស គឺការចូលរួមស្វែងយល់ពីភ្ញៀវទេសចរ លើការចៀសវាងសកម្មភាពបំផ្លាញបរិស្ថាន ព្រមទាំងការគោរពធម្មជាតិ ដើម្បីធានាថាបរិស្ថានតំបន់មួយនេះ ក៏ដូចជាសហគមន៍ពិតជាទទួលបានផលប្រយោជន៍ពិតប្រាកដ។ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានអភិវឌ្ឍខ្នងផ្សារទៅជាតំបន់លម្ហែបៃតងភ្នំខ្នងផ្សារ ដោយមានរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជាខ្លោងទ្វារឡើងភ្នំ ស្នាក់ការផ្តល់ព័ត៌មានសម្រាប់ទេសចរលើភ្នំ ការសាងសង់បន្ទប់ទឹកស្អាត កន្លែងចតឡានម៉ូតូ សួនច្បារ ហាងកាហ្វេ ផ្សារសហគមន៍ និងបន្ទប់សង្គ្រោះបឋម ជាមួយនឹងការសាងសង់ផ្លូវប្រវែង ៧,២គីឡូម៉ែត្រ ចាប់ពីវត្តតាំងបំពង់ ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ។ នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់កាលពីពេលថ្មីៗនេះថា ការអភិវឌ្ឍតំបន់ខ្នងផ្សារ គឺជាការបង្កលក្ខណៈងាយស្រួលតែប៉ុណ្ណោះ ប៉ុន្តែសហគមន៍មានសិទ្ធិផ្តាច់មុខក្នុងការរកចំណូលពីសេវាកម្មទេសចរណ៍ ដោយរដ្ឋមិនអនុញ្ញាតឱ្យវិស័យឯកជនចូលមកវិនិយោគ ដែលនាំឱ្យប៉ះពាល់ដល់ឆ្នាំងបាយរបស់ពលរដ្ឋនោះឡើយ។ លោកនាយករដ្ឋមន្ត្រីអះអាង៖ «យើងឱ្យគាត់(សហគមន៍)ធ្វើជាម្ចាស់ យើងអត់ឱ្យមានការដណ្ដើមមុខរបរគាត់ទេ។ វិស័យឯកជនត្រូវប្ដូរទីតាំងទៅខាងក្រោមឱ្យឆ្ងាយពីសហគមន៍ ហើយនាំភ្ញៀវឱ្យសហគមន៍វិញ»។ លើសពីនេះ លោកនាយករដ្ឋមន្ត្រី ក៏បានព្រមានដាច់ខាតថា មិនឱ្យមានមន្ត្រី ឬបុគ្គលណាម្នាក់ទៅទារលុយថ្លៃសេវាពីការលក់ដូររបស់ប្រជាសហគមន៍ឡើយ ដោយទុកចំណូលទាំងអស់នោះឱ្យសហគមន៍ប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងការអភិវឌ្ឍមូលដ្ឋាន ថែរក្សាបរិស្ថាន និងលើកកម្ពស់ជីវភាពប្រចាំថ្ងៃ។ សហគមន៍ខ្នងផ្សារ មានពលរដ្ឋរស់នៅជិត ១២០គ្រួសារ ដែលរស់នៅពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យទេសចរណ៍។ អ្នកនាំភ្ញៀវនៅសហគមន៍ខ្នងផ្សារ លោក នំ រ៉ាគឺន អាយុ២៨ឆ្នាំ បានបង្ហាញអារម្មណ៍សប្បាយរីករាយសម្រាប់សមិទ្ធផលថ្មីៗជាច្រើន ដែលគាំទ្រដល់សេវាកម្មទេសចរណ៍សហគមន៍។ យ៉ាងណា លោករៀបរាប់ថា បច្ចុប្បន្ន ការជូនភ្លៀវតាមរយៈគោយន្ត ស្ទើរបាត់បង់ទាំងស្រុង ដោយសារផ្លូវលែងលំបាកដូចកាលមុន ហើយទេសចរអាចជិះម៉ូតូឡានខ្លួនឯងបាន។ លោក នំ រ៉ាគឺន រម្លឹកយ៉ាងដូច្នេះ៖ «កាលពីមុនកាលអត់ទាន់មានផ្លូវ ឬក៏ផ្លូវវារាងលំបាកអី សហគមន៍រកចំណូលបាន សឹងតែ ១០០ភាគរយ។ កាលពីឆ្នាំ២០២០ រហូតដល់ ២០២៤ ចន្លោះ ខែ៤ រហូតដល់ខែ៧ សហគមន៍អាចរកចំណូលបាន ចន្លោះពី ៣០០ ទៅ ៤០០ដុល្លារដែរ ក្នុងមួយខែៗ ហើយធ្វើការតែសៅរ៍ អាទិត្យ ព្រោះពីដើមឡើយ ភ្ញៀវជិះគោយន្តសហគមន៍ គឺពីភូមិទៅជើងភ្នំ មានន័យថា ស្ទើរតែ ៩០ភាគរយហើយ គឺភ្ញៀវជិះគោយន្តទាំងអស់ មានដែរ ៥ភាគរយ អាចដើរពីភូមិទៅ ហើយមាន ៥ភាគរយទៀត អាចជិះម៉ូតូឌុបសហគមន៍»។ បែបនេះក្ដី លោក រ៉ាគឺន ឱ្យដឹងទៀតថា នារដូវវស្សានេះ សហគមន៍ទទួលបានភ្ញៀវទេសចរឡើងវិញ ដែលជាក្តីសង្ឃឹមថាភ្ញៀវទេសចរនឹងមកលេងកាន់តែច្រើន និងជួយប្រើប្រាស់សេវាកម្មផ្សេងៗពីសហគមន៍ ដើម្បីទ្រទ្រង់សហគមន៍ទាំងមូល ព្រោះកាលពីខែប្រាំងកន្លងទៅ មានទេសចរមកលេងតិចតួចប៉ុណ្ណោះ ដែលធ្វើឱ្យប្រាក់ចំណូលសហគមន៍ ធ្លាក់ចុះយ៉ាងគំហុក បណ្ដាលឱ្យប្រជាសហគមន៍បង្ខំចិត្តចំណាកស្រុកទៅធ្វើការនៅតំបន់ផ្សេង។ លោក រ៉ាគឺន៖ «សំណូមពរ ខ្ញុំសូមឱ្យបងៗដែលគាត់មានបំណងកម្សាន្តមកពីខាងភ្នំពេញ ក៏ដូចជាខេត្តផ្សេងៗ ដែលគាត់បំណងបោះតង់នៅក្នុងខ្នងផ្សារអី ឱ្យគាត់មេត្តាជួយប្រើប្រាស់សេវាកម្មសហគមន៍ ដើម្បីឱ្យពួកខ្ញុំមានការងារធ្វើអ៊ីចឹង និងជួយទុកដាក់យានយន្តឱ្យសមរម្យ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវផង»។ ប្រធាន នៃអនុគណៈកម្មការគម្រោងទេសចរណ៍សហគមន៍ខ្នងផ្សារ កញ្ញា ផេង ស្រី ស ឱ្យដឹងថាជំនួសឱ្យក្ដីរបារម្ភថាក្រុមហ៊ុនឯកជនចូលមកវិនិយោគនោះ សហគមន៍មានអារម្មណ៍កក់ក្ដៅឡើងវិញ បន្ទាប់ពីប្រមុខរដ្ឋាភិបាលប្រកាសផ្ដល់សិទ្ធិឱ្យសហគមន៍ជាអ្នកគ្រប់គ្រង និងទាញផលប្រយោជន៍ពីគម្រោងអភិវឌ្ឍន៍ទាំងស្រុង។ កញ្ញាបញ្ជាក់ថា ដ្បិតសហគមន៍ស្រឡាញ់ទម្រង់ និងការអាស្រ័យផលបែបកាលពីមុនពិតមែន ប៉ុន្តែសហគមន៍រីករាយនឹងទទួលយកនូវការរៀបចំរចនាសម្ព័ន្ធថ្មីនេះដែរ ដែលទោះបីសហគមន៍បាត់បង់តម្រូវការពីទេសចរលើសេវាកម្មខ្លះ តែអាចជំនួសដោយតម្រូវការសេវាកម្មផ្សេង ដែលសហគមន៍នៅតែអាចរកប្រាក់ចំណូលបន្ថែមបាន ឱ្យតែមានទេសចរមកលេងច្រើន ហើយពួកគាត់ជួយប្រើប្រាស់សេវាទេចរណ៍សហគមន៍ ក៏ដូចជាចូលរួមថែរក្សាបរិយាកាស បរិស្ថានសម្រស់ធម្មជាតិ អនាម័យក្នុងតំបន់ទាំងមូល។ កញ្ញា ស្រី ស រៀបរាប់៖ «ពេលអភិវឌ្ឍផ្លូវស្រួល សេវាកម្មខ្លះអាចនឹងត្រូវកាត់បន្ថយ គឺទាក់ទងទៅនឹងសេវាជូនភ្ញៀវ និងសេវាកម្មម្ហូបអាហារអី ដោយសារភ្ញៀវគាត់ យកឡាន យកម៉ូតូឡើងខ្លួនឯង អ៊ីចឹងរបស់មួយចំនួន គឺគាត់ទិញមកពីក្រៅហើយ គាត់អត់ចាំបាច់ត្រូវទិញពីសហគមន៍ទេ»។ កញ្ញាបន្ថែមយ៉ាងដូច្នេះ៖ «ប៉ុន្តែទន្ទឹមនឹងនេះ យើងអាចមានជម្រើសថ្មី ដោយសារអី នៅពេលដែលមានផ្លូវហ្នឹង ក៏អាចថាសហគមន៍ងាយស្រួលដឹកជញ្ជូនដែរ មានន័យថា…













