នគរបាលកម្ពុជាឃាត់ដំណើរស្ត្រីខ្មែរ១៩៨នាក់ ដែលប៉ុនប៉ងឆ្លងដែនទៅរៀបការប្ដីនៅបរទេស

សង្គម

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ អះអាងថា ក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ដំណើរស្រ្តីខ្មែរចំនួន១៩៨នាក់ ដែលចេញទៅក្រៅប្រទេស ដោយរកឃើញថា ពួកគេបានធ្វើដំណើរដោយគ្មានគោលបំណងច្បាស់លាស់ ពោលគឺពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងនៅថ្ងៃទី២០​ កក្កដា ឆ្នាំ២០២៦ ថាបញ្ហាស្ត្រីខ្មែរ ដែលរងគ្រោះ ដោយសារចាញ់បោកមេខ្យល់នាំទៅក្រៅប្រទេស គឺជាចំណុចស្នូលមួយ ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស យកចិត្តទុកដាក់។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានរម្លឹកឡើងវិញនូវប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដែលបានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ដោយបានណែនាំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរមូលដ្ឋាន ព្រមទាំងគ្រប់តួអង្គពាក់ព័ន្ធក្នុងសង្គមទាំងអស់ បន្តយកចិត្តទុកដាក់រួមគ្នា បង្កើនការផ្សព្វផ្សាយ និងអប់រំតាមគ្រប់មធ្យោបាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយអំពីគ្រោះថ្នាក់ នៃអំពើជួញដូរមនុស្ស។ 

លោក ស សុខា គូសបញ្ជាក់៖ «ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមជនល្មើសទាំងក្នុង និងក្រៅប្រទេស បានបន្តប្រើល្បិចកលបោកបញ្ឆោត និងអូសទាញប្រជាពលរដ្ឋខ្មែរគ្រប់វិធីសាស្ត្រ និងគ្រប់មធ្យោបាយ ក្រោមរូបភាពនាំទៅរៀបការជាមួយស្វាមីជាជនបរទេស ដើម្បីភាពមានបាន ឬអូសទាញទៅធ្វើការងារដែលទទួលបានប្រាក់ខែខ្ពស់នៅបរទេសជាដើម»។ 

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងរយៈពេល៦ខែ កាលឆ្នាំ២០២៥ មានពលរដ្ឋខ្មែរជាង៥ពាន់នាក់ ដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅក្រៅប្រទេស ត្រូវបានអាជ្ញាធរបរទេសសាមីបញ្ជូនមកកម្ពុជាវិញ ខណៈសមត្ថកិច្ចកម្ពុជា ក៏បានសហការជួយសង្គ្រោះស្ដ្រីជនជាតិខ្មែរចំនួន១៨០នាក់ បញ្ជូនមកកាន់មាតុភូមិ បន្ទាប់ពីចាញ់បោកមេខ្យល់អូសទាញនាំទៅរៀបការជាមួយជនបរទេស។

របាយការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពីការជួញដូរមនុស្សចេញផ្សាយកាលខែកញ្ញា ឆ្នាំ២០២៥ បានដាក់ចំណាត់ថ្នាក់កម្ពុជាក្នុងកម្រិតទី៣ ជាប្រទេសមានបញ្ហាអំពើជួញដូរមនុស្ស ដោយលើកឡើងថា កម្ពុជាមិនបានគោរពពេញលេញនូវបទដ្ឋានអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្ស។​ ឆ្លើយតបនឹងរបាយការណ៍នេះ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្លាប់បានអះអាងថា កម្ពុជាបានខិតខំយ៉ាងខ្លាំងដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងមិនទុកបញ្ហានេះចោលឡើយ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3308}" data-page="1" data-max-pages="1" data-start="1" data-end="1">