យុវជនមកពីសាវតារផ្សេងៗគ្នាចំនួន ៨រូប បានបញ្ចប់វគ្គបណ្តុះបណ្តាលផលិតភាពយន្តខ្លីជំនាន់ទី៩ ពីក្រុមភាពយន្តឈូករ័ត្ន (SFA) ខណៈពួកគេបានថតភាពយន្តខ្លីរបស់ខ្លួន និងត្រៀមដាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តខ្លីចតុមុខឆ្នាំ២០២៦ នៅខែតុលាខាងមុខ។
យុវជន ៨រូបនេះ បានទទួលការបណ្ដុះបណ្ដាលពីសំណាក់អ្នកជំនាញក្នុងវិស័យភាពយន្តជាតិ និងអន្តរជាតិ ដោយវគ្គសិក្សាឆ្នាំ២០២៦នេះ ផ្តោតលើតុល្យភាពរវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅលើទីតាំងថត តាមរយៈមុខវិជ្ជាស្នូលចំនួន៦ គឺការនិពន្ធអត្ថបទភាពយន្ត ការគ្រប់គ្រងការផលិត ការចាប់ប្លង់ថត ការកាត់ត ការតែងភ្លេងសម្រាប់ភាពយន្ត និងការដឹកនាំរឿង។
ក្រោយបញ្ចប់កាសិក្សាវគ្គទ្រឹស្ដីជារៀងរាល់ចុងសប្ដាហ៍ ចាប់តាំងពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ ក្រុមយុវជន បានបែងចែកគ្នាជាពីរក្រុម គឺក្រុម Liminal និង White Shadow ដែលកំពុងបញ្ចប់ដំណើរការផ្សេងៗលើរឿងខ្លីរបស់ខ្លួនចំនួនពីរផ្សេងគ្នា សម្រាប់ត្រៀមដាក់បញ្ចាំងភាពយន្តខ្លីទាំងពីរនេះ ក្នុងមហោស្រពភាពយន្តខ្លីចតុមុខ។
និស្សិតនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ តំណាងឱ្យក្រុមតូច Liminal កញ្ញា ចិន ម៉ីម៉ី ឱ្យដឹងថា វគ្គសិក្សាទាំងអស់ ដែលក្រុមភាពយន្តឈូករ័ត្ន បានផ្តល់ឱ្យ សុទ្ធតែសំខាន់សម្រាប់ការផលិតភាពយន្ត ហើយកម្មវិធីសិក្សាមានតុល្យភាពទាំងទ្រឹស្តី និងការអនុវត្ត។
កញ្ញា ចិន ម៉ីម៉ី៖ «នាងខ្ញុំបានរៀន មេរៀនជាច្រើនពីគ្រូបង្វឹក ដែលមិនត្រឹមតែបង្រៀនទ្រឹស្តីប៉ុណ្ណោះទេ តែពួកគាត់ថែមទាំងបានចែករំលែក បទពិសោធពិតៗរបស់ខ្លួន នៅលើទីតាំងថតទៀតផង»។
ស្រដៀងនេះដែរ បុគ្គលិកបម្រើការនៅសាលាថតរូប Studio Images តំណាងឱ្យក្រុមតូច White Shadow លោក សរ បញ្ញាវុធ បានបង្ហាញចំណាប់អារម្មណ៍ថា ទោះបីជាការសិក្សាមានភាពតានតឹងខ្លះ ប៉ុន្តែបានបើកស្មារតី និងធ្វើឱ្យយល់ច្បាស់ថា ភាពយន្តគឺជាការងារក្រុមដែលទាមទារការលះបង់ខ្ពស់ ដើម្បីនាំយករឿងរ៉ាវពីក្នុងចិត្តមកបង្ហាញលើអេក្រង់។
លោក សរ បញ្ញាវុធ៖ «ខ្ញុំជឿថាដំណើររៀនសូត្ររបស់ខ្ញុំនឹងមិនបញ្ចប់ត្រឹមនេះទេ នៅពេល ដែលខ្ញុំឃើញកិច្ចការចុងក្រោយ របស់យើងសម្រេច ជាមួយគ្នា ខ្ញុំមានមោទនភាពយ៉ាងខ្លាំង។ វាបានបង្ហាញខ្ញុំថា ការផលិតភាពយន្តគឺជាដំណើរដ៏លំបាកមួយ ប៉ុន្តែលទ្ធផលចុងក្រោយ តែងតែមានតម្លៃ»។
ចំណែក គ្រូបង្គោលផ្នែកតែងនិពន្ធអត្ថបទ និងភ្លេងសម្រាប់ភាពយន្ត គឺលោក Leo GREENE និងលោកស្រី Wendy JAMES ជាគ្រូបង្គោលជនជាតិអូស្រ្តាលី បានកោតសរសើរពីឆន្ទៈរបស់សិស្ស ក្នុងការអភិវឌ្ឍជំនាញតែងរឿងឱ្យស៊ីគ្នាទៅនឹងតន្ត្រីភាពយន្ត ដែលជាចំណុចពិសេសមួយក្នុងការដាស់អារម្មណ៍ទស្សនិកជន។
លោក Leo GREENE និងលោកស្រី Wendy JAMES គ្រូបង្គោលជនជាតិអូស្រ្តាលី បានកោតសរសើរពីឆន្ទៈរបស់សិស្ស ក្នុងការអភិវឌ្ឍជំនាញតែងរឿងឱ្យស៊ីគ្នាទៅនឹងតន្ត្រីភាពយន្ត ដែលជាចំណុចពិសេសមួយក្នុងការដាស់អារម្មណ៍ទស្សនិកជន។
លោក Leo GREENE និងលោកស្រី Wendy JAMES: «សិស្សទាំងអស់ បានទទួលយករាល់បញ្ហាប្រឈម ដោយភាពច្នៃប្រឌិត និងការជក់ចិត្ត។ ហើយអ្វីដែលរឹតតែបំផុសទឹកចិត្តយើងខ្ញុំទៅទៀតនោះ គឺនៅពេលបានឃើញពួកគាត់អភិវឌ្ឍជំនាញតែងរឿងរបស់ខ្លួន ទន្ទឹមនឹងស្វែងរកវិធីធ្វើយ៉ាងណា ឱ្យអត្ថបទ រឿងស៊ីគ្នាជាមួយតន្ត្រី ដែលពួកគាត់នឹងតែងជាមួយផលិតកម្មចម្រៀង ដើម្បីនាំយករឿងរ៉ាវពីក្នុងជម្រៅចិត្តរបស់ខ្លួន មកបង្ហាញជីវិតរឿងរ៉ាវ»។
គួរឱ្យដឹងបន្ថែមថា បច្ចុប្បន្ន ក្រុមយុវជនទាំង២ក្រុម កំពុងស្ថិតក្នុងដំណាក់កាលថត និងកាត់ត ដែលមានរយៈពេលចាប់ពីខែកក្កដា ដល់ខែសីហា ឆ្នាំ២០២៦។
លើសពីនេះ គ្រូបង្គោលផ្នែកដឹកនាំរឿង លោក ចាប សោមច័ន្ទរិទ្ធ បានកត់សម្គាល់ឃើញថា ក្រុមយុវជនអ្នកស្រលាញ់ភាពយន្តទាំងនេះ កាន់តែមានទំនុកចិត្តក្នុងការបង្កើតសាច់រឿងដែលមានលក្ខណៈផ្ទាល់ខ្លួន និងមានអត្ថន័យស៊ីជម្រៅ ឆ្លុះបញ្ចាំងពីសហគមន៍កម្ពុជា។
លោក ចាប សោមច័ន្ទរិទ្ធ៖ «អ្វីដែលលេចធ្លោជាងគេសម្រាប់ខ្ញុំ គឺការជក់ចិត្តរបស់ពួកគាត់ចំពោះរឿងរ៉ាវ ការចង់ដឹងចង់ឃើញ និងឆន្ទៈរបស់ពួកគាត់ ក្នុងការស្វែងយល់ពីទស្សនៈ និងគំនិតផ្សេងៗ។ ហើយអ្វីដែល កាន់បំផុសទឹកចិត្តខ្ញុំទៅទៀតនោះ គឺការឃើញពីភាពច្នៃប្រឌិត និងការលះបង់របស់ពួកគាត់ ហើយខ្ញុំរំភើប ចង់ឃើញថាតើពួកគាត់នឹងបន្តប្រាប់សាច់រឿងដែលឆ្លុះបញ្ចាំង និងពង្រឹងស្នាដៃ សហគមន៍ភាពយន្តនៅកម្ពុជា ដែលកំពុងរីកចម្រើនយ៉ាងណាទៅទៀត»៕







