សមត្ថកិច្ចកម្ពុជា ដុតបំផ្លាញចោលគ្រឿងញៀន ដែលរឹបអូសបានកន្លងមកជាង ៥តោន ដើម្បីអបអរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀនខុសច្បាប់» ដែលធ្វើឡើងក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៦។
ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការដុតបំផ្លាញគ្រឿងញៀនឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត» រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ស សុខា បានគូសបញ្ជាក់ថា ពិធីផ្សព្វផ្សាយនូវស្មារតីនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការដុតបំផ្លាញគ្រឿងញៀន គឺពិតជាមានសារសំខាន់ ដើម្បីរួមចំណែកសម្រេចទស្សនវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងកម្ពុជា ទៅជាប្រទេសមួយ ដែលគ្រឿងញៀន លែងជាឧបសគ្គ និងជាបញ្ហារបស់សង្គមជាតិ។
លោកក៏បានបំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន គោលដៅរួមចំណែកទប់ស្កាត់បទល្មើស ជួយសង្គ្រោះពិសេសយុវជន និងជំរុញឱ្យយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទទួលបានជោគជ័យ ចាប់ពីកម្រិតគ្រួសារ និងមូលដ្ឋានតទៅ។
លោក ស សុខា មានប្រសាសន៍បែបនេះ៖ «បើពិនិត្យមើលនាពេលបច្ចុប្បន្ន ស្ទើរតែគ្មានគ្រួសារណាមួយ ដែលមិនរងផលប៉ះពាល់ ឬគ្មានសមាជិកពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននោះឡើយ។ ដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់បញ្ហានេះឱ្យកាន់មានប្រសិទ្ធភាព មានតែការចូលរួមជាកម្លាំងសរុបពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការផ្ដើមចេញពីគ្រួសារនីមួយៗ ក្នុងការតាមដាន អប់រំ និងណែនាំកូនចៅ ឱ្យជៀសឆ្ងាយពីគ្រឿងញៀន»។
លើសពីនេះ លោក ស សុខា បានបង្ហាញនូវក្តីព្រួយបារម្ភអំពីស្ថានភាពបទល្មើសគ្រឿងញៀន ដែលមានការប្រែប្រួលខុសប្លែកពីអតីតកាល និងមិនមែនជាបទល្មើសធម្មតាទៀតនោះឡើយ។ លោកថា វាបានភ្ជាប់ខ្លួនយ៉ាងស្អិតរមួតជាមួយឧក្រិដ្ឋកម្មឆ្លងដែន ការសម្អាតប្រាក់ ការជួញដូរមនុស្ស ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងបណ្តាញឧក្រិដ្ឋកម្ម ដែលមានការរៀបចំជាប្រព័ន្ធយ៉ាងស្មុគស្មាញ។ ក្នុងនោះក្រុមឧក្រិដ្ឋជន តែងតែផ្លាស់ប្តូរមធ្យោបាយ និងឧបាយកលជានិច្ច ក្នុងការលបលួចធ្វើសកម្មភាពទុច្ចរិត ដើម្បីគេចផុតពីសំណាញ់ច្បាប់។
យ៉ាងណា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ អះអាងថា សមត្ថកិច្ចកម្ពុជា កំពុងបំពេញប្រតិបត្តិការយ៉ាងសកម្ម ក្នុងការទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀនជាបន្តបន្ទាប់។
លោកបន្ត៖ «ជាក់ស្ដែង ចាប់តាំងពីឆ្នាំ២០២៥ កន្លងមក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបង្ក្រាប និងរឹបអូសបានគ្រឿងញៀនសរុបប្រមាណជាង ៥តោន ដែលនឹងត្រូវដុតបំផ្លាញចោលចំពោះមុខប្រជាពលរដ្ឋ នាឱកាសនេះ»។
លោក ស សុខា ក៏មិនភ្លេចអំពាវនាវ ដល់អាជ្ញាធរមានសមត្ថកិច្ច គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បន្តប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ដោយរួមគ្នាជំរុញ និងអនុវត្តនូវរាល់វិធានការ និងទិសដៅការងារដែលបានដាក់ចេញ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់បំផុត។
ក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថាសមត្ថកិច្ចរឹបអូសបានគ្រឿងញៀន និងសារធាតុផ្សំគ្រឿងញៀនសរុបជិត ៥០តោន ស្របពេលបង្ក្រាបបទល្មើសសរុប ១០ ៧៤៣ករណី និងចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនសរុបជិត ២៨ ០០០នាក់៕







