រដូវរស្សា នាំយកភាពស្រស់បំព្រងសាជាថ្មី ដល់តំបន់រមណីយដ្ឋានធម្មជាតិខ្នងផ្សារដែលស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ផ្ទាំងទស្សនីយភាពវាលខ្មៅបៃតងខ្ចី គ្របដណ្ដប់ ធម្មជាតិស្រស់ត្រកាល ជ្រោះជ្រងជ្រលងដងអូរ ព្រៃភ្នំជាជួរៗ ជាថ្នាក់ៗ លាយឡំនឹងពពកអ័ព្ទដេរដាសហោះទៅមក ខាបដួងចិត្តអ្នកចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេង ទៅលេងម្ដងហើយម្ដងទៀត។
តំណក់គ្រាប់ភ្លៀងលាងភាពក្រៀមក្រោះ ស្រោចស្រពអស់រុក្ខជាតិឱ្យលូតលាស់មានជីវិត ដែលជាក្ដីសង្ឃឹមចម្បង សម្រាប់ជំរុញជីវភាពរស់នៅរបស់សហគមន៍តំបន់អេកូទេសចរណ៍ខ្នងផ្សារនារដូវបៃតងនេះ បន្ទាប់ពីភ្ញៀវទេសចរធ្លាក់ចុះយ៉ាងគំហុកកាលពីរដូវប្រាំងកន្លងទៅ។
តំបន់ខ្នងផ្សារ កំពុងអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ «លម្ហែបៃតង» ដែលភាគីពាក់ព័ន្ធអះអាងថា នឹងលើកកម្ពស់សេវាកម្មសហគមន៍ ព្រមទាំងផ្តល់ភាពងាយស្រួលដល់ទេសចរ ដែលមុននោះ សហគមន៍មានក្ដីបារម្ភចំពោះការវិនិយោគរបស់ក្រុមហ៊ុនឯកជន។ ប៉ុន្ដែការប្រែប្រួលនេះ ក៏នាំមកនូវបញ្ហាមួយចំនួនដែរ ដែលទាមទារឱ្យសហគមន៍ និងអាជ្ញាធរត្រូវកំណត់គោលការណ៍ច្បាស់លាស់ និងយកពេលបន្សាំខ្លួន ដើម្បីឱ្យការអភិវឌ្ឍនេះកាន់តែល្អប្រសើរ។ ជាពិសេស គឺការចូលរួមស្វែងយល់ពីភ្ញៀវទេសចរ លើការចៀសវាងសកម្មភាពបំផ្លាញបរិស្ថាន ព្រមទាំងការគោរពធម្មជាតិ ដើម្បីធានាថាបរិស្ថានតំបន់មួយនេះ ក៏ដូចជាសហគមន៍ពិតជាទទួលបានផលប្រយោជន៍ពិតប្រាកដ។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានអភិវឌ្ឍខ្នងផ្សារទៅជាតំបន់លម្ហែបៃតងភ្នំខ្នងផ្សារ ដោយមានរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជាខ្លោងទ្វារឡើងភ្នំ ស្នាក់ការផ្តល់ព័ត៌មានសម្រាប់ទេសចរលើភ្នំ ការសាងសង់បន្ទប់ទឹកស្អាត កន្លែងចតឡានម៉ូតូ សួនច្បារ ហាងកាហ្វេ ផ្សារសហគមន៍ និងបន្ទប់សង្គ្រោះបឋម ជាមួយនឹងការសាងសង់ផ្លូវប្រវែង ៧,២គីឡូម៉ែត្រ ចាប់ពីវត្តតាំងបំពង់ ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ។
នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់កាលពីពេលថ្មីៗនេះថា ការអភិវឌ្ឍតំបន់ខ្នងផ្សារ គឺជាការបង្កលក្ខណៈងាយស្រួលតែប៉ុណ្ណោះ ប៉ុន្តែសហគមន៍មានសិទ្ធិផ្តាច់មុខក្នុងការរកចំណូលពីសេវាកម្មទេសចរណ៍ ដោយរដ្ឋមិនអនុញ្ញាតឱ្យវិស័យឯកជនចូលមកវិនិយោគ ដែលនាំឱ្យប៉ះពាល់ដល់ឆ្នាំងបាយរបស់ពលរដ្ឋនោះឡើយ។
លោកនាយករដ្ឋមន្ត្រីអះអាង៖ «យើងឱ្យគាត់(សហគមន៍)ធ្វើជាម្ចាស់ យើងអត់ឱ្យមានការដណ្ដើមមុខរបរគាត់ទេ។ វិស័យឯកជនត្រូវប្ដូរទីតាំងទៅខាងក្រោមឱ្យឆ្ងាយពីសហគមន៍ ហើយនាំភ្ញៀវឱ្យសហគមន៍វិញ»។
លើសពីនេះ លោកនាយករដ្ឋមន្ត្រី ក៏បានព្រមានដាច់ខាតថា មិនឱ្យមានមន្ត្រី ឬបុគ្គលណាម្នាក់ទៅទារលុយថ្លៃសេវាពីការលក់ដូររបស់ប្រជាសហគមន៍ឡើយ ដោយទុកចំណូលទាំងអស់នោះឱ្យសហគមន៍ប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងការអភិវឌ្ឍមូលដ្ឋាន ថែរក្សាបរិស្ថាន និងលើកកម្ពស់ជីវភាពប្រចាំថ្ងៃ។
សហគមន៍ខ្នងផ្សារ មានពលរដ្ឋរស់នៅជិត ១២០គ្រួសារ ដែលរស់នៅពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យទេសចរណ៍។
អ្នកនាំភ្ញៀវនៅសហគមន៍ខ្នងផ្សារ លោក នំ រ៉ាគឺន អាយុ២៨ឆ្នាំ បានបង្ហាញអារម្មណ៍សប្បាយរីករាយសម្រាប់សមិទ្ធផលថ្មីៗជាច្រើន ដែលគាំទ្រដល់សេវាកម្មទេសចរណ៍សហគមន៍។ យ៉ាងណា លោករៀបរាប់ថា បច្ចុប្បន្ន ការជូនភ្លៀវតាមរយៈគោយន្ត ស្ទើរបាត់បង់ទាំងស្រុង ដោយសារផ្លូវលែងលំបាកដូចកាលមុន ហើយទេសចរអាចជិះម៉ូតូឡានខ្លួនឯងបាន។
លោក នំ រ៉ាគឺន រម្លឹកយ៉ាងដូច្នេះ៖ «កាលពីមុនកាលអត់ទាន់មានផ្លូវ ឬក៏ផ្លូវវារាងលំបាកអី សហគមន៍រកចំណូលបាន សឹងតែ ១០០ភាគរយ។ កាលពីឆ្នាំ២០២០ រហូតដល់ ២០២៤ ចន្លោះ ខែ៤ រហូតដល់ខែ៧ សហគមន៍អាចរកចំណូលបាន ចន្លោះពី ៣០០ ទៅ ៤០០ដុល្លារដែរ ក្នុងមួយខែៗ ហើយធ្វើការតែសៅរ៍ អាទិត្យ ព្រោះពីដើមឡើយ ភ្ញៀវជិះគោយន្តសហគមន៍ គឺពីភូមិទៅជើងភ្នំ មានន័យថា ស្ទើរតែ ៩០ភាគរយហើយ គឺភ្ញៀវជិះគោយន្តទាំងអស់ មានដែរ ៥ភាគរយ អាចដើរពីភូមិទៅ ហើយមាន ៥ភាគរយទៀត អាចជិះម៉ូតូឌុបសហគមន៍»។
បែបនេះក្ដី លោក រ៉ាគឺន ឱ្យដឹងទៀតថា នារដូវវស្សានេះ សហគមន៍ទទួលបានភ្ញៀវទេសចរឡើងវិញ ដែលជាក្តីសង្ឃឹមថាភ្ញៀវទេសចរនឹងមកលេងកាន់តែច្រើន និងជួយប្រើប្រាស់សេវាកម្មផ្សេងៗពីសហគមន៍ ដើម្បីទ្រទ្រង់សហគមន៍ទាំងមូល ព្រោះកាលពីខែប្រាំងកន្លងទៅ មានទេសចរមកលេងតិចតួចប៉ុណ្ណោះ ដែលធ្វើឱ្យប្រាក់ចំណូលសហគមន៍ ធ្លាក់ចុះយ៉ាងគំហុក បណ្ដាលឱ្យប្រជាសហគមន៍បង្ខំចិត្តចំណាកស្រុកទៅធ្វើការនៅតំបន់ផ្សេង។
លោក រ៉ាគឺន៖ «សំណូមពរ ខ្ញុំសូមឱ្យបងៗដែលគាត់មានបំណងកម្សាន្តមកពីខាងភ្នំពេញ ក៏ដូចជាខេត្តផ្សេងៗ ដែលគាត់បំណងបោះតង់នៅក្នុងខ្នងផ្សារអី ឱ្យគាត់មេត្តាជួយប្រើប្រាស់សេវាកម្មសហគមន៍ ដើម្បីឱ្យពួកខ្ញុំមានការងារធ្វើអ៊ីចឹង និងជួយទុកដាក់យានយន្តឱ្យសមរម្យ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវផង»។
ប្រធាន នៃអនុគណៈកម្មការគម្រោងទេសចរណ៍សហគមន៍ខ្នងផ្សារ កញ្ញា ផេង ស្រី ស ឱ្យដឹងថាជំនួសឱ្យក្ដីរបារម្ភថាក្រុមហ៊ុនឯកជនចូលមកវិនិយោគនោះ សហគមន៍មានអារម្មណ៍កក់ក្ដៅឡើងវិញ បន្ទាប់ពីប្រមុខរដ្ឋាភិបាលប្រកាសផ្ដល់សិទ្ធិឱ្យសហគមន៍ជាអ្នកគ្រប់គ្រង និងទាញផលប្រយោជន៍ពីគម្រោងអភិវឌ្ឍន៍ទាំងស្រុង។
កញ្ញាបញ្ជាក់ថា ដ្បិតសហគមន៍ស្រឡាញ់ទម្រង់ និងការអាស្រ័យផលបែបកាលពីមុនពិតមែន ប៉ុន្តែសហគមន៍រីករាយនឹងទទួលយកនូវការរៀបចំរចនាសម្ព័ន្ធថ្មីនេះដែរ ដែលទោះបីសហគមន៍បាត់បង់តម្រូវការពីទេសចរលើសេវាកម្មខ្លះ តែអាចជំនួសដោយតម្រូវការសេវាកម្មផ្សេង ដែលសហគមន៍នៅតែអាចរកប្រាក់ចំណូលបន្ថែមបាន ឱ្យតែមានទេសចរមកលេងច្រើន ហើយពួកគាត់ជួយប្រើប្រាស់សេវាទេចរណ៍សហគមន៍ ក៏ដូចជាចូលរួមថែរក្សាបរិយាកាស បរិស្ថានសម្រស់ធម្មជាតិ អនាម័យក្នុងតំបន់ទាំងមូល។
កញ្ញា ស្រី ស រៀបរាប់៖ «ពេលអភិវឌ្ឍផ្លូវស្រួល សេវាកម្មខ្លះអាចនឹងត្រូវកាត់បន្ថយ គឺទាក់ទងទៅនឹងសេវាជូនភ្ញៀវ និងសេវាកម្មម្ហូបអាហារអី ដោយសារភ្ញៀវគាត់ យកឡាន យកម៉ូតូឡើងខ្លួនឯង អ៊ីចឹងរបស់មួយចំនួន គឺគាត់ទិញមកពីក្រៅហើយ គាត់អត់ចាំបាច់ត្រូវទិញពីសហគមន៍ទេ»។
កញ្ញាបន្ថែមយ៉ាងដូច្នេះ៖ «ប៉ុន្តែទន្ទឹមនឹងនេះ យើងអាចមានជម្រើសថ្មី ដោយសារអី នៅពេលដែលមានផ្លូវហ្នឹង ក៏អាចថាសហគមន៍ងាយស្រួលដឹកជញ្ជូនដែរ មានន័យថា ដឹកជញ្ជូន សម្ភារៈឡើងភ្នំ ដឹកជញ្ជូនភ្ញៀវ ឬក៏ដឹកអីវ៉ាន់របស់ភ្ញៀវ អាហ្នឹងក៏ជាប្រភពចំណូលបន្ថែមទៀតដែរ មានន័យថាយើងបាត់ផ្នែកខ្លះ ប៉ុន្តែយើងក៏អាចមានចំណូលបន្ថែម ទៅលើការផ្លាស់ប្ដូរហ្នឹង»។
ជាមួយគ្នានេះ កញ្ញាថា សហគមន៍ក៏នៅជួបប្រទះបញ្ហាផងដែរ ដូចជាការទុកដាក់សំរាមមិនបានត្រឹមត្រូវ ការជិះម៉ូតូឡាននៅតំបន់ហាមឃាត់ និងការចាក់បាស់ឮៗ ពីសំណាក់ភ្ញៀវទេសចរមួយចំនួន ដែលបង្កផលរំខានដល់ទេសចរដទៃទៀត ជាពិសេសបរិស្ថានធម្មជាតិ សត្វព្រៃជាដើម។
ប្រធានគម្រោងទេសចរណ៍សហគមន៍រូបនេះ ពន្យល់ថា ប្រការទាំងនេះ គឺទាមទារការចូលរួម ស្វែងយល់ដឹងពីបរិស្ថាន ការគោរពធម្មជាតិ និងគោរពសិទ្ធិគ្នាទៅវិញទៅមកពីសំណាក់ទេសចរទាំងអស់ផ្ទាល់ ខណៈសព្វថ្ងៃ សហគមន៍ និងអាជ្ញាធរពាក់ព័ន្ធក្នុងតំបន់ ក៏បានណែនាំទេសចរពេលមកលេង ការដាក់ស្លាកហាមប្រាមនៅតំបន់មួយចំនួន ក៏ដូចជាការបង្ហាញសេវាសហគមន៍នានា និងតម្លៃជាដើម។
កញ្ញា ផេង ស្រី ស៖ «យើងនឹងណែនាំតាមអ្វីដែលយើងបានជម្រាបជូនទៅគាត់ មានន័យថាម៉ូតូឡាន គឺត្រូវតែទុកនៅត្រឹមដានព្រះអង្គ ដោយសារចៀសវាងនូវការរំខាន សំឡេង ការរំខាន ភ្ញៀវផ្សេងៗទៀតដែលគាត់ត្រូវការ ភាពស្ងប់ស្ងាត់»។
កញ្ញាបន្ត៖ «យើងក៏ត្រូវការ ខាងមន្ត្រីឧទ្យានុរក្ស និងសហគមន៍ ធ្វើការរួមគ្នា ដើម្បីណែនាំ[ទេសចរ] ដោយសារពេលខ្លះភ្ញៀវចេះតែចង់ជិះទៅដល់កន្លែងបោះតង់ ហើយខ្លះទៀតក៏ចង់យកម៉ូតូយកឡានគាត់ទៅដល់កន្លែងមើលទេសភាព អ៊ីចឹងពិតត្រូវការភាគីពាក់ព័ន្ធ ជួយណែនាំ ដើម្បីឱ្យការងារមានប្រសិទ្ធភាព»។
ឧទ្យានុរក្សតំបន់ភ្នំក្រវាញកណ្ដាល លោក មី ឈីត បានឱ្យដឹងថា អាជ្ញាធរមន្ត្រីឧទ្យានុរក្ស បានដាក់បម្រាមដាច់ខាតមិនឱ្យភ្ញៀវទេសចរបើកបរម៉ូតូ ឬឡានឡើងលើភ្នំខ្នងផ្សារឡើយ ដោយតម្រូវឱ្យផ្ញើទុកនៅ «ដំណាក់ដំរី» ក្រោមការមើលថែពីសហគមន៍។
លោកថា ទាំងឧទ្យានុរក្ស និងសហគមន៍ បានសហការ ធ្វើស្លាកសញ្ញាបម្រាមផ្សេងៗ ដាក់តាមទីតាំងហាមឃាត់។ លោកបញ្ជាក់ថា វិធានការនេះធ្វើឡើងដើម្បីការពារសោភ័ណភាពធម្មជាតិ ចៀសវាងការខូចខាតវាលស្មៅខ្ចី កាត់បន្ថយការរំខានដល់ជីវៈចម្រុះ និងភ្ញៀវ ក៏ដូចជាធានាសុវត្ថិភាពភ្ញៀវ ខណៈដែលផ្លូវកំពុងសាងសង់។
លោក មី ឈីត៖ «ផ្លូវហ្នឹង បើទោះធ្វើហើយ តាមព័ត៌មានដែលខ្ញុំដឹង គឺអាចឱ្យទៅ ប៉ុន្តែឱ្យទៅត្រឹមដានព្រះអង្គទេ អត់ឱ្យឡើងទៅដល់លើភ្នំទេ។ អ៊ីចឹងសម្រាប់ឡានម៉ូតូរបស់ភ្ញៀវគឺអាចទុកត្រឹមចំណតដានព្រះអង្គទេ ហើយត្រូវដើរពីដានព្រះអង្គ ទៅកន្លែងបោះតង់ ឬក៏ខ្នងផ្សារ ខ្នងស្រូវអីហ្នឹង គឺយើងដើរទាំងអស់គ្នាទេ»។
តំបន់ខ្នងផ្សារ ជាផ្នែកមួយ នៃជួរភ្នំក្រវាញ ស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា ដែលជាព្រៃទឹកភ្លៀងចុងក្រោយនៅតំបន់អាស៊ីអាគ្នេយ៍ សម្បូរដោយជីវចម្រុះ ព្រៃឈើ និងសត្វព្រៃកម្រច្រើនប្រភេទ។
សហគមន៍ឱ្យដឹងថា កន្លងទៅពួកគេបានប្រទះឃើញសត្វព្រៃ ដូចជាខ្ទីង ប្រើស ជាដើម នៅតំបន់ខ្នងផ្សារ ប៉ុន្ដែលុះណាតែស្ងប់ស្ងាត់ ទើបសត្វព្រៃវាចេញមក ដោយសារទីតាំងទាំងនេះ ជាជម្រករបស់ពួកវា និងជាកន្លែងរកស៊ីចំណីជាដើម។ ពីមុនៗ ភ្ញៀវទេសចរក៏អាចបានឃើញសត្វទាំងនោះដែរ ដោយសារអត់មានសំឡេងរំខាន ប៉ុន្តែនៅពេលដែល មានសំឡេងរំខាន អ៊ូអរខ្លាំង ភាគរយនៃការឃើញសត្វព្រៃទាំងនោះ គឺលែងមាន ឬកម្រ ឬមានភាគរយតិចតួចបំផុត។
ប្រធានប្រតិបត្តិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ម៉ើ ចាន់ដារ៉ា លើកឡើងថាការមិនប្រើប្រាស់សេវាកម្មនាំភ្ញៀវរបស់សហគមន៍អេកូទេសចរណ៍ មិនត្រឹមតែបំផ្លាញប្រភពចំណូលរបស់ពលរដ្ឋមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យភ្ញៀវទេសចរខ្លួនឯងបាត់បង់ឱកាសស្វែងយល់ពីតម្លៃវប្បធម៌ ឬប្រវត្តិភូមិសាស្ត្រទីតាំងទៀតផង។
បន្ថែមពីនេះ លោក ចាន់ដារ៉ា ពន្យល់ថា ពេលទៅលេងតំបន់ធម្មជាតិ ទេសចរក៏ត្រូវមានវប្បធម៌ក្រែងចិត្ត និងគិតគូរពីការសម្អាតបរិស្ថាន ដែលជាផ្នែកមួយ នៃសីលធម៌ក្នុងការរស់នៅ។ លោកសង្កត់ធ្ងន់ថា ប្រសិនបើ ទេសចរទាំងអស់យល់ដឹងលើរឿងទាំងនេះ នឹងគ្មានឡើយការចាក់ធុងបាសឡូឡា ការសេពគ្រឿងស្រវឹង និងការបំពុលដោយពន្លឺភ្លើង ប្រៀបដូចផ្សាររាត្រី ដែលរំខានដល់ជីវៈចម្រុះ និងទេសចរដទៃទៀត ដែលពួកគាត់ប្រាថ្នាភាពស្ងប់ស្ងាត់ក្នុងធម្មជាតិ។
ដើម្បីដោះស្រាយបញ្ហានេះ លោក ម៉ើ ចាន់ដារ៉ា គូសបញ្ជាក់ថា ស្ថាប័នពាក់ព័ន្ធចាំបាច់ត្រូវពង្រឹងប្រសិទ្ធភាពច្បាប់តំបន់ការពារ បង្កើនការផ្សព្វផ្សាយ និងអនុវត្តការផាកពិន័យឱ្យធ្ងន់ធ្ងរ ដើម្បីធានាបាននូវគំរូភាព និងរក្សាដង្ហើមសេដ្ឋកិច្ចសហគមន៍ប្រកបដោយចីរភាព។
លោក ម៉ើ ចាន់ដារ៉ា៖ «ការចូលរួមដាក់ទោសទណ្ឌមួយ ទៅលើអ្នកដែលប្រព្រឹត្ត មិនត្រឹមត្រូវ វាក៏ជាការចូលរួមលើកទឹកចិត្តមួយបង្ហាញពីគំរូភាពនៅក្នុងការដែលឱ្យភ្ញៀវទេសចរផ្សេងៗទៀតទៅលេងហ្នឹង គាត់ បានយល់ដឹងដែរ ព្រោះជាទូទៅ យើងមើលឃើញថា វាមិនសូវមាន ប្រសិទ្ធភាពនៅក្នុងការអនុវត្ត ឬមួយក៏ការគ្រប់គ្រងនៅឡើយទេ ហើយអាហ្នឹងវាបង្ហាញពី គំរូភាពនៅក្នុងការអនុវត្តច្បាប់ ដែលមានស្រាប់ផងដែរ»។
លោកបន្ថែមយ៉ាងដូច្នេះ៖ «សម្រាប់ខ្ញុំ យល់ឃើញថា ស្ថាប័នពាក់ព័ន្ធគួរតែពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ឱ្យបាន តឹងរ៉ឹង ជាពិសេសគឺការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងបទដ្ឋានគតិយុត្តិ ហើយនិង ក្របខ័ណ្ឌច្បាប់ផ្សេងៗដែលមានជាធរមាននៅក្នុងតំបន់ការពារ ដែលចែងការពារប្រយោជន៍ ដល់ឱ្យសហគមន៍មូលដ្ឋាន ជាពិសេសគឺសហគមន៍អេកូទេសចរណ៍ ដើម្បីធានាថា អ្នកដែលទៅលេងហ្នឹងគឺគាត់បានយល់ដឹងពីច្បាប់។ ហើយធ្វើការផាកពិន័យឱ្យបានតឹងរ៉ឹង ចំពោះអ្នកណាដែលរំលោភ ទៅលើច្បាប់ ឬមួយក៏មិនអនុវត្តតាមច្បាប់ នៅក្នុងតំបន់អេកូទេសចរណ៍ដែលបានចែង»។
អ្នកទេសចរចូលចិត្តធ្វើដំណើរផ្សងព្រេង មានឈ្មោះថា ខ្លឹមសារ មើលឃើញថា ភាពងាយស្រួលក្នុងការបើកបរយានយន្តឡើងភ្នំដោយខ្លួនឯងនាពេលបច្ចុប្បន្ន មិនត្រឹមតែធ្វើឱ្យសហគមន៍អាចធ្លាក់ប្រភពចំណូលប៉ុណ្ណោះទេ ប៉ុន្ដែវត្តមានម៉ូតូឡាន ជាពិសេសម៉ូតូត្រៃ ដែលមានសំឡេងថ្លង់ខ្លាំង បានបំពុលបរិយាកាសស្ងប់ស្ងាត់ បំផ្លាញជីវៈចម្រុះ និងរំលោភលើសិទ្ធិសម្រាកលម្ហែកាយរបស់ភ្ញៀវដទៃ ដែលចង់រត់គេចពីភាពអ៊ូអរនៅទីក្រុងដើម្បីមកស្ដាប់សំឡេងធម្មជាតិពិតៗ។ ហេតុនេះ កញ្ញាលើកទឹកចិត្តដល់ទេសចរ ដែលទៅលេងតំបន់ភ្នំធម្មជាតិបែបផ្សងព្រេងពិតប្រាកដ គួរតែធ្វើដំណើរថ្មើរជើងជម្នះភាពលំបាក ដូចជាការឡើងភ្នំឱរ៉ាល់ ឬខ្នងផ្សារកាលពីមុន ដែលមានផ្លូវលំបាក ទើបជីវិតមានន័យខ្លឹមសារ។
កញ្ញា ខ្លឹមសារ៖ «ខ្ញុំចង់ឱ្យ មានការគិតគូរឡើងវិញ ទីមួយហ្នឹងគឺ វាប៉ះពាល់ទៅដល់ជីវៈចម្រុះ ទីពីរប៉ះពាល់ទៅដល់ចំណូលសហគមន៍ ហើយទីបីប៉ះពាល់អារម្មណ៍អ្នកដែល គេទៅកម្សាន្តបែបធម្មជាតិ គេចង់ស្ដាប់សំឡេងសត្វ សំឡេងខ្យល់ សំឡេងភ្នំបែបហ្នឹង អត់ចង់ស្ដាប់សំឡេងម៉ូតូឡាន ដូចនៅទីក្រុងទេ បានគេទៅរកតំបន់ភ្នំទាំងអស់ហ្នឹង»។
ខ្នងផ្សារជាតំបន់ព្រៃភ្នំដ៏ធំមួយ ដែលទីតាំងប្រសព្វមុំបីរវាងខេត្តកោះកុង កំពង់ស្ពឺ និងពោធិ៍សាត់ បានក្លាយជាតំបន់ធម្មជាតិមួយដ៏ពេញនិយម សម្រាប់អ្នកចង់រកភាពស្ងប់ស្ងាត់ សម្រាកលម្ហែកាយពីការងារ។ នៅតំបន់នោះ ទេសចរអាចមើលរូបភាពពីរដាច់ពីគ្នា ដោយនៅរដូវប្រាំង តំបន់នេះប្រែជាពណ៌ក្រហមដូចមាស ឯរដូវវស្សា ក៏ក្លាយជាពណ៌បៃតងខ្ចីពាសពេញ។ លើសពីនេះ ខ្នងផ្សារក៏ជាកន្លែងមើលថ្ងៃរះ និងថ្ងៃលិចដ៏ស្រស់ថ្លាផងដែរ៕







