លោក ហ៊ុន ម៉ាណែត ទៅដល់ចិនហើយដើម្បីចូលរួមសន្និសីទ AI ពិភពលោក និងពង្រឹងកិច្ចសហប្រតិបត្តិការ

ទំនាក់ទំនងអន្តរជាតិ

(លោកនាយករដ្ឋមន្ត្រី ជួបជាមួយ លោក Wang Shilei ប្រធានក្រុមហ៊ុន CHINALCO (Aluminum Corporation of China)ដើម្បីពិភាក្សាការងារ នៅប្រទេសចិន)។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅដល់ប្រទេសចិនហើយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» ក៏ដូចជាបំពេញទស្សនកិច្ចការងារ នៅទីក្រុងសៀងហៃ ប្រទេសចិន ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីឱ្យដឹងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦។

ក្រសួងការបរទេសកម្ពុជាគូសបញ្ជាក់ថា ទស្សនកិច្ចការងារនេះ បញ្ជាក់អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជានិងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ក្រសួងឱ្យដឹងបន្តថា ទស្សនកិច្ចនេះក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅប្រទេសចិន លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នឹងជួបលោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងជួបពិភាក្សាទ្វេភាគីជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិនផងដែរ។ 

តាមក្រសួងការបរទេសកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦។ ក្រៅពីនោះ លោកនាយករដ្ឋមន្ត្រី នឹងទទួលជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនថែមទៀត។

ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ឱ្យដឹងថា លោក ហ៊ុន ម៉ាណែត បានជួបជាមួយនឹងប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន China Railway Construction Corporation (CRCC) លោក Dai Hegen ដើម្បីពិភាក្សាការងារ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ។

ក្រុមហ៊ុន CRCC គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្ម ដ៏ធំបំផុតមួយរបស់ប្រទេសចិន និងនៅលើពិភពលោក ដែលធ្វើប្រតិបត្តិការអាជីវកម្ម គ្របដណ្តប់លើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដូចជាសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ផ្លូវល្បឿនលឿន ស្ពាន ផ្លូវក្រោមដី ប្រព័ន្ធរថភ្លើងក្រោមដី និងកំពង់ផែ។ ក្រុមហ៊ុននេះ ក៏ផ្តល់សេវាកម្មប្រឹក្សាយោបល់ និងរចនាប្លង់បច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំងការផលិតគ្រឿងចក្រធុនធ្ងន់សម្រាប់សាងសង់ ដូចជាម៉ាស៊ីនខួងផ្លូវក្រោមដីខ្នាតយក្ស និងបរិក្ខារផ្លូវរថភ្លើង។

ក្នុងថ្ងៃតែមួយនេះដែរ លោកនាយករដ្ឋមន្ត្រូ ក៏ជួបជាមួយនឹងប្រធានក្រុមហ៊ុន CHINALCO ជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមដ៏ធំមួយរបស់ប្រទេសចិនគឺលោក Wang Shilei ដើម្បីពិភាក្សាការងារ។ ក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ជាក្រុមហ៊ុនធ្វើប្រតិបត្តិការគ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្មលោហៈ រាប់ចាប់តាំងពីការរុករក ធ្វើអាជីវកម្មរ៉ែ និងការកែច្នៃផលិតផលសម្រេច រហូតដល់សេវាកម្មវិស្វកម្ម និងបច្ចេកទេស។

គួររម្លឹកជូនថា កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏បានបំពេញទស្សនកិច្ចមិត្តភាពនៅប្រទេសចិន អមដោយលោកកូនប្រុសរបស់លោកពីរនាក់ គឺលោក ហ៊ុន ម៉ានិត និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3237}" data-page="1" data-max-pages="1" data-start="1" data-end="1">