មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ កំពុងស្រាវជ្រាវបញ្ជាក់អត្តសញ្ញាណប្រាសាទបុរាណមួយស្ថិតនៅលើភ្នំត្បែង ប៉ុន្តែអះអាងថានៅមិនទាន់អាចបញ្ជាក់បាននៅឡើយថា ទីតាំងនោះជាប្រាសាទ ដែលមានក្នុងបញ្ជីសារពើភ័ណ្ឌស្រាប់ ឬជាប្រាសាទរកឃើញថ្មីនោះទេ។
ការស្រាវជ្រាវនេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋប្រទះឃើញបំណែកកំពូលប្រាសាទបុរាណមួយនៅលើភ្នំត្បែង ស្ថិតក្នុងភូមិសាស្រ្ត ភូមិត្រាវគៀត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ និងបានរាយការណ៍ទៅកាន់អាជ្ញាធរ។
បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះវិហារ បានដឹកនាំកម្លាំងមន្ត្រីជំនាញ ចុះទៅពិនិត្យមើលទីតាំងភូមិសាស្រ្តជាក់ស្តែងនោះ។ តាមការពិនិត្យដំបូង ខាងមន្ទីរបានប្រទះឃើញបំណែកកំពូលនៃប្រាសាទបុរាណមួយ នៅលើដីផ្ទាល់មានប្រវែងប្រហែល ១ម៉ែត្រកន្លះ និងឥដ្ឋមួយចំនួន។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះវិហារ លោក នៅ ចាន់គង់ បានបញ្ជាក់ប្រាប់ប្រជាកាសែតនៅថ្ងៃទី២៣ កក្កដា ថា ក្រុមការងារបច្ចេកទេស នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ពុំទាន់អាចកំណត់អត្តសញ្ញាណ ឈ្មោះ ឬកាលបរិច្ឆេទប្រាកដប្រជារបស់ប្រាសាទបុរាណនេះនៅឡើយទេ។ លោកបន្តថា បច្ចុប្បន្ន ក្រុមការងារកំពុងបន្តស្វែងរកដាន និងប្រមូលទិន្នន័យបន្ថែមទៀតនៅជុំវិញទីតាំងនោះ ដើម្បីស្វែងយល់ពីទម្រង់រចនាបថ និងប្រវត្តិសាស្ត្រនៃទីតាំងបុរាណវត្ថុមួយនេះ។
យ៉ាងណា លោក ចានគង់ ឱ្យដឹងដែរថា តាមរយៈចាស់ព្រឹទ្ធាចារ្យជាន់មុន និងអ្នកភូមិនៅតំបន់នេះបានប្រាប់ថា នៅតំបន់នេះធ្លាប់មានប្រាសាទមួយហៅថា «ប្រាសាទកំពូលនាគ» ប៉ុន្តែយើងរកប្រាសាទកំពូលនាគមិនទាន់ឃើញ ដោយសារព្រៃស្ដុកពេក។
លោក នៅ ចាន់គង់ គូសបញ្ជាក់៖ «អត់ទាន់ដឹងថាវាជាប្រាសាទរកឃើញថ្មី ឬក៏ជាប្រាសាទមាននៅក្នុងទិន្នន័យទេ យើងកំពុងតែបើកសៀវភៅទាំងអស់មើលទាំងអស់គ្នា តើវាមានមែនឬអត់? បើយើងយកទិន្នន័យទាំងពីរហ្នឹងមកបូកបញ្ចូលគ្នាទៅ អាចឈ្មោះផ្សេង ឬមួយឈ្មោះតែមួយ ទើបដឹងថាប្រាសាទរកឃើញថ្មី ឬប្រាសាទមានស្រាប់ ប៉ុន្តែឥឡូវនិយាយថា ក្រុមការងារខ្ញុំកំពុងតែចុះបញ្ជីសារពើភណ្ឌទូទាំងខេត្ត»។
អាជ្ញាធរ និងមន្ត្រីជំនាញក៏បានកោតសរសើរដល់ស្មារតីចូលរួមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានរាយការណ៍ព័ត៌មាននេះមកកាន់អាជ្ញាធរទាន់ពេលវេលា ដើម្បីរួមគ្នារក្សា និងការពារបេតិកភណ្ឌជាតិដ៏មានតម្លៃ។
មន្ទីរវប្បធម៌ខេត្ត អះអាងថា នឹងបន្តធ្វើការស្រាវជ្រាវ និងសហការជាមួយអ្នកជំនាញពាក់ព័ន្ធបន្ថែមទៀត ដើម្បីកំណត់អត្តសញ្ញាណប្រាសាទនេះឱ្យបានច្បាស់លាស់ ព្រមទាំងដាក់ចេញនូវវិធានការការពារទីតាំងនោះឱ្យបានគង់វង្ស។
បើតាមប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ នៃខេត្តព្រះវិហារ មានប្រាសាទបុរាណចំនួន ៤៩១ប្រាសាទ ដែលស្ថិតក្រោមការគ្រប់គ្រងថែរក្សារបស់មន្ទីរ លើកលែងតែតំបន់ប្រាសាទកោះ និងប្រាសាទព្រះវិហារ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារ។
សូមជម្រាបជូនថា សាលាបារាំងចុងបូព៌ាប្រទេស (EFEO) បានផ្ដួចផ្ដើម រួចរៀបចំចងក្រងបញ្ជីសារពើភណ្ឌ និងពិពណ៌នាប្រាសាទបុរាណខ្មែររាប់រយទីតាំង ដោយស្នាដៃសំខាន់ដំបូងគេគឺ «បញ្ជីរាយនាមបុរាណដ្ឋាន នៃប្រទេសកម្ពុជា» របស់លោក អេជ យូណេដឺឡាជុងគីយេរ (Étienne Lunet de Lajonquière) ដែលបានកត់ត្រាប្រាសាទនានា និងបុរាណដ្ឋានជាង ៦០០កន្លែង នៅដើមសតវត្សទី២០៕







