Skip to main content Skip to footer
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
Get Newsletter
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ប្រាសាទព្រះវិហារបេតិកភណ្ឌពិភពលោក នៅតែបន្តបិទទ្វារ មិនទាន់ឱ្យពលរដ្ឋចូលទស្សនា

    ប្រាសាទព្រះវិហារ នៅតែបន្តបិទទ្វារ មិនទាន់ឱ្យពលរដ្ឋ និងភ្ញៀវទេសចរចូលទស្សនាបាននៅ​ឡើយ។ អ្នកជំនាញកំពុងបោសសម្អាតយុទ្ធភណ្ឌជុំវិញបរិវេណប្រាសាទ ហើយស្ថានភាពនៅតាមព្រំដែនវិញ ក៏កំពុងស្ថិតនៅក្នុងភាពប្រុងប្រយ័ត្នខ្ពស់ពីកងកម្លាំងរបស់កម្ពុជាដែលកំពុងឈរជើងនៅទីនោះ។ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ប្រទេសកម្ពុជា បានរម្លឹកខួបទី១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បើទោះជាបា្រសាទបុរាណនៅជាប់​ទល់ដែនថៃមួយនេះ បានរងការបំផ្លេចបំផ្លាញធ្ងន់ធ្ងរដោយសារគ្រាប់ប្លោងរបស់ទាហានថៃ ក្នុងពេលសង្រ្គាមឈ្លានពានចំនួនពីរលើក កាលពីខែកក្កដា និងធ្នូ ឆ្នាំ២០២៥ កន្លងទៅក្តី។ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រាសាទព្រះវិហារ មានទីតាំងនៅលើខ្ពង់រាបជួរភ្នំដងរែក មានកម្ពស់ ៦២៥ម៉ែត្រធៀបនឹងកម្ពស់ទឹកសមុទ្រ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភព​លោក​​អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា។ ក្រោមព្រះរាជបូជនីយកិច្ចរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កម្ពុជាបានឈ្នះក្តីប្រាសាទព្រះវិហារលើប្រទេសថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដោយទទួលបានសិទ្ធិគ្រប់គ្រងប្រាសាទលើកំពូលភ្នំនេះ និងដីធ្លីជុំវិញទាំងស្រុង។ កាលនោះ តុលាការ ICJ បានបង្គាប់ឱ្យភាគីថៃគោរពអធិបតេយ្យកម្ពុជា ដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីបរិវេណប្រាសាទ និងប្រគល់រាល់វត្ថុបុរាណ ដែលបានយកទៅឱ្យកម្ពុជាវិញ។ ក្នុងឱកាសរម្លឹកខួប ១៨ឆ្នាំ នៃប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានផ្ញើសារលិខិត រម្លឹកដល់កិច្ចការថែរក្សា និងការពារប្រាសាទព្រះវិហារ របស់បុព្វបុរសខ្មែរគ្រប់រូប និងគ្រប់ជំនាន់ ដោយរាប់បញ្ចូលទាំងការតស៊ូដ៏ស្វិតស្វាញ និងការលះបង់ដ៏ខ្ពង់ខ្ពស់បំផុតរបស់បុព្វបុរស អតីតថ្នាក់ដឹកនាំ និងយុទ្ធជន យុទ្ធនារីខ្មែរ។  សារលិខិតដដែលរបស់លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការសម្រេចបាននូវការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក បានលើកតម្លៃវប្បធម៌ ដោយបន្ថែមការទទួលស្គាល់តម្លៃលេចធ្លោជាសកល នៃស្ថាបត្យកម្មខ្មែរលើឆាកអន្តរជាតិ ពង្រឹងការអភិរក្ស ដោយទទួលបានយន្តការការពារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ទាំងកម្រិតជាតិ និងអន្តរជាតិ ក៏ដូចជាជំនួយអន្តរជាតិ ដោយមានកិច្ចសហការ បច្ចេកទេស សម្ភារៈ និងថវិកាពីបណ្តាប្រទេសជាមិត្ត ដើម្បីស្តារ និងលើកតម្លៃប្រាសាទឡើងវិញ។ លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា បើទោះកម្ពុជាប្រកាន់យកផ្លូវច្បាប់អន្តរជាតិ និងការចរចាទ្វេភាគីដើម្បីសន្តិវិធី ក៏ជម្លោះប្រដាប់អាវុធជាមួយភាគីថៃទាំងពីរលើក កាលពីឆ្នាំ២០២៥ កន្លងទៅ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារចំនួន ៥៦២កន្លែង ដែលវិនាសកម្មនេះបានបំផ្លាញរាល់កិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សបេតិកភណ្ឌជាតិជិត ២០ឆ្នាំមកនេះផងដែរ។ លោកនាយករដ្ឋមន្ត្រី៖ «នេះជាការបាត់បង់ ដ៏ធំធេង មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល»។  ចំពោះមុខ ការខូចខាតទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន ដោយពង្រឹងកិច្ចការងារជាមួយអង្គការយូណេស្កូ (UNESCO) គណៈកម្មាធិការ ICC-Preah Vihear និងដៃគូជាតិ-អន្តរជាតិ ដើម្បីបញ្ជូនអ្នកជំនាញមកវាយតម្លៃការ​ខូចខាត។ ក្នុងនោះមានការសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់គ្រាប់បែកចង្កោម ទល់ទ្រសង្គ្រោះប្រាង្គប្រាសាទ ដើម្បីការពារកុំឱ្យដួលរលំបន្ត ប្រមូល និងអភិរក្សថ្មចម្លាក់ដែលបាក់បែករាយប៉ាយ និងបន្តទិសដៅអាទិភាពលើការស្តារតម្លៃប្រាសាទ ដោយប្រែក្លាយការឈឺចាប់ ទៅជានិមិត្តរូបនៃសាមគ្គីភាពជនរួមជាតិ។ ក្នុងសារលិខិត លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏មិនភ្លេចសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាពរបស់កងទ័ព ដែលបានលះបង់ដើម្បីការពារព្រំដែន ព្រមទាំងកោតសរសើរអ្នកជំនាញការ និងមន្ត្រីអាជ្ញាធរជាតិព្រះវិហារ ដែលបានប្រឹងប្រែងសង្គ្រោះប្រាសាទទាំងប្រឈមនឹងគ្រោះថ្នាក់។ លោក ហ៊ុន ម៉ាណែត អំពាវនាវថា៖ «សូមឱ្យស្មារតី នៃប្រាសាទព្រះវិហារ បន្តនៅឋិតថេរក្នុងក្រអៅបេះដូង នៃប្រជាជនខ្មែរគ្រប់រូប និងសូមប្រែក្លាយការឈឺចាប់នេះ ទៅជាការខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ដើម្បីកសាងសង្គមជាតិមួយដ៏រឹងមាំប្រកបដោយភាពធន់»។ បើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ឱ្យដឹងថា កាលពីឆ្នាំ២០២៥ កន្លងទៅ ប្រាសាទព្រះវិហារ បានរងនូវវិនាសកម្មធ្ងន់ធ្ងរ ដោយសារប្រទេសថៃ ទម្លាក់គ្រាប់បែកពីយន្តហោះ គ្រាប់បែកចង្កោម គ្រាប់ផ្សែងពុលគីមី និងគ្រាប់យុទ្ធភណ្ឌច្រើនប្រភេទទៀត ដូចជាគ្រាប់កាំភ្លើងធំ ១៥៥ម.ម. ១០៥ម.ម. និងដ្រូនអត្តឃាតជាដើម។ សូមរម្លឹកថា ប្រាសាទព្រះវិហារ សាងសង់ឡើងនៅចន្លោះសតវត្សទី៩ និងទី១២ ដោយចាប់ផ្តើមកសាង ក្នុងរជ្ជកាលព្រះបាទយសោវម៌្មទី១ (៨៨៩-៩១០) គ.ស. និងបញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវម៌្មទី២ (១១១៣-១១៥០) គ.ស.។ ប្រាសាទនេះ មានអាយុកាលប្រមាណជាង ១ពាន់ឆ្នាំ មានឈ្មោះដើមថាស្រីសិខរីស្វរ កសាងឡើងលើភ្នំធម្មជាតិ លាតសន្ធឹងប្រវែង ៨០០ម៉ែត្រ តាមអ័ក្ស ពីត្បូងទៅជើង និងមានលក្ខណៈពិសេសសម្គាល់ដោយគោបុរៈចំនួនប្រាំ តភ្ជាប់ដោយស្ពានហាល និងជណ្តើរ រួមបញ្ចូលគ្នានូវស្រះទឹក ជណ្តើរថ្មភក់ និងក្បូរក្បាច់ចម្លាក់យ៉ាងល្អិតល្អន់ ឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងសាសនាព្រាហ្ម៕

    ១៥ កក្កដា ២០២៦

  • អាជ្ញាធរជាតិអប្សរា ហាមអ្នកស្លៀកឈុតបុរាណខុសពីទម្រង់ដើមរបស់ខ្មែរចូលទស្សនាប្រាសាទអង្គរ

    អាជ្ញាធរជាតិអប្សរាប្រកាសថា ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ តទៅ អ្នកដែលស្លៀកសម្លៀកបំពាក់បុរាណ ដែលច្នៃខុសពីទម្រង់ដើមនៃបែបផែនខ្មែរ គ្មានក្បួនខ្នាតត្រឹមត្រូវ ឬប្រាសចាកពីទម្រង់ដើម គឺមិនអនុញ្ញាតឱ្យចូលទៅទស្សនាអង្គរទៀតឡើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរជាតិអប្សរាសហការជាមួយមន្ទីរវប្បធម៌ខេត្តសៀមរាប និងអាជ្ញាធរដែនដី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានចុះអប់រំណែនាំដល់អាជីវករជួលឈុតបុរាណនៅមុខប្រាសាទអង្គរវត្ត។ ក្នុងជំនួបនោះ អាជ្ញាធរជាតិអប្សរាបានណែនាំឱ្យក្រុមអាជីវករទាំងអស់ ដែលប្រកបមុខរបរបម្រើសេវាតុបតែង ឬជួលសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដល់ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរ ត្រូវឈ្វេងយល់ឱ្យបានត្រឹមត្រូវនូវរចនាបថ និងក្បួនខ្នាតសម្លៀកបំពាក់ប្រពៃណីបុរាណរបស់ខ្មែរ និងបែងចែកឱ្យច្បាស់នូវអ្វីដែលមិនមែនជាប្រពៃណីខ្មែរ ហើយអ្វីដែលជាការបម្រើឱ្យវប្បធម៌បរទេស។ មន្ត្រីការិយាល័យសូនរូប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដែលជំនាញលើសិល្បៈបុរាណខ្មែរ និងបានស្រាវជ្រាវលើផ្នែកសម្លៀកបំពាក់ខ្មែរអស់រយៈពេលជាច្រើនឆ្នាំ លោក ចាន់ សោភ័ន ឱ្យដឹងថា ពេលបច្ចុប្បន្ននេះ គឺមានអាជីវករមួយចំនួននៅខាងមុខបរិវេណប្រាសាទអង្គរវត្ត បានជួលឈុតបុរាណ ដែលបានស្លៀកពាក់ខុសពីទម្រង់ដើម មាន៧០ភាគរយ ជាពិសេស មានការប្រើប្រាស់ក្រណាត់ និងគ្រឿងអលង្ការនាំចូលមកពីប្រទេសថៃ។ លោកចាត់ទុកសកម្មភាពនេះថា ប្រាសចាកពីអត្តសញ្ញាណជាតិ និងវប្បធម៌របស់ខ្មែរទាំង​ស្រុង និងជាការបម្រើឱ្យវប្បធម៌បរទេស។ លោកពន្យល់ថា៖ «ការស្លៀកពាក់តាមបែបបុរាណខ្មែរ គឺត្រូវតែប្រើក្រណាត់ និងគ្រឿងអលង្ការដែលជារបស់ខ្មែរ ហើយក៏មិនត្រូវកែច្នៃឈុតណាមួយឱ្យខុសពីក្បួនខ្នាតខ្មែរដែរ។ ការប្រើគ្រឿងអលង្ការ និងក្រណាត់ទៀតសោត ក៏មិនត្រឹមត្រូវទៅតាមឋានៈរបស់មនុស្សខ្មែរក្នុងសម័យបុរាណដែរ»។ លើសពីនេះ លោកបញ្ជាក់ថា ការស្លៀកពាក់ និងការតុបតែងខ្លួនរបស់ខ្មែរបុរាណ មានទម្រង់ច្បាស់លាស់ទៅតាមឋានៈយសសក្ដិ រាប់ចាប់ពីព្រះមហាក្សត្រដល់រាស្រ្តសាមញ្ញ។ លោកលើកឧទាហរណ៍ ដូចជាសម្លៀកបំពាក់ហូលដែលធ្វើពីសូត្រសម្រាប់ព្រះមហាក្សត្រ ម្ចាស់ក្សត្រី ក្រណាត់ល្បើក និងល្បើករងជើង សម្រាប់ឋានៈសេដ្ឋី គហបតី និងក្រណាត់ដែលត្បាញពីកប្បាស សម្រាប់មនុស្សសាមញ្ញទូទៅជាដើម។ លោក ចាន់ សោភ័ន លើកទឹកចិត្តឱ្យអាជីវករទាំងអស់ ត្រូវតែកែប្រែបន្តិចម្តងៗ មកប្រើហូល សូត្រ ឬល្បើកពេជ្រ ល្បើករងជើង និងអលង្ការខ្មែរ ដែលជាការលើកតម្លៃអ្នកតម្បាញ និងជាងទងខ្មែរ ហើយវប្បធម៌ខ្មែរនឹងនៅគង់វង្សមិនបាត់បង់។ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា លោក ទេស សុធីរ លើកឡើងថា ការជួលសម្លៀកបំពាក់ ឬឈុតបុរាណមួយចំនួននៅក្នុងតំបន់អង្គរ មិនត្រឹមត្រូវតាមទម្រង់ដើម និងមានការរិះគន់ជាបន្តបន្ទាប់ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃនៃវប្បធម៌ខ្មែរ។ អាជ្ញាធរជាតិអប្សរា និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ក៏សំណូមពរឱ្យក្រុមអាជីវករ ដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់ ឬឈុតបុរាណ កាត់បន្ថយ និងបញ្ឈប់ការប្រើប្រាស់ក្រណាត់បរទេស ដែលមានតម្លៃថោក ជាពិសេសនាំចូលពីប្រទេសថៃ។ សេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា សង្កត់ធ្ងន់ថា សម្លៀកបំពាក់ ដែលប្រើប្រាស់ក្រណាត់មកពីថៃ ត្រូវតែបញ្ចប់ជាស្ថាពរនៅត្រឹមខែមករា ឆ្នាំ២០២៧។ ក្រោយពីអាជ្ញាធរជាតិអប្សរាសម្រេចបែបនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហាក់មានការគាំទ្រ ប៉ុន្តែក៏មានអ្នកព្រួយបារម្ភលើការអនុវត្តជាក់ស្ដែងរបស់ក្រុមអាជីវករ ថាតើនឹងមានប្រសិទ្ធភាពកម្រិតណា ហើយក៏មានអ្នកចង់ឱ្យក្រសួង ឬស្ថាប័នពាក់ព័ន្ធ ជួយចែករំលែកពីរបៀប និងការស្លៀកពាក់ឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យប្រជាពលរដ្ឋខ្មែរយល់ខុសតទៅទៀត។ អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់សរសេរថា៖ «អាជីវករខ្លះនៅតែបន្ត និងបន្លំ យករបស់ថៃមកជួលដដែល ដោយសំអាងថា ភ្ញៀវខ្លះចង់បានតម្លៃថោក ធ្វើតាមចំនួនទឹកប្រាក់ដែលភ្ញៀវមាន តែមិនគិតថាសម្លៀកបំពាក់ខ្មែរទិញមកជួលឱ្យភ្ញៀវតែមួយឈុតគឺមិនមែនជួលបានតែម្ដងនោះទេ គឺជួលបានភ្ញៀវរាប់ភ្លេច»។ ម្ចាស់គណនីម្នាក់ទៀតសរសេរថា៖ «គាំទ្រចំណាត់ការមួយនេះ ដើម្បីឱ្យអ្នកលក់យល់ពីមួយណាជារបស់ខ្មែរ មួយណាជារបស់បរទេស កុំឱ្យលក់បូកឡូកគ្នា»។ រីឯអ្នកខ្លះទៀតចោទជាសំណួរថា៖ «តើមានប្រសិទ្ធភាពបានប៉ុន្មានភាគរយដែលអាជីវករទាំងនោះគោរពតាម?» គួរបញ្ជាក់ថា កន្លងមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានផ្សព្វផ្សាយពីលក្ខណៈដើមនៃសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីជំរុញការអភិរក្ស និងតម្រង់ទិសការច្នៃប្រឌិតឱ្យផ្អែកលើមូលដ្ឋានវប្បធម៌ជាតិ ព្រមទាំងព្រមានឱ្យអ្នកប្រើប្រាស់ប្រុងប្រយ័ត្ន ចៀសវាងការប្រើប្រាស់ខុសឆ្គង ឬកែច្នៃបំភាន់ដែលអាចប៉ះពាល់ដល់អត្តសញ្ញាណសម្លៀកបំពាក់ប្រពៃណីខ្មែរ៕

    ១៤ កក្កដា ២០២៦

    • មន្ទីរវប្បធម៌ខេត្តកំពង់ធំប្រគល់ វត្ថុបុរាណចំនួន៨ដែលទទួលបានពីពលរដ្ឋជូនសារមន្ទីរជាតិនៅភ្នំពេញ

      សារមន្ទីរជាតិនៅភ្នំពេញទទួលវត្ថុបុរាណមកពីខេត្តកំពង់ធំចំនួន៨ បន្ទាប់ពីក្រុមការងារជំនាញត្រួតពិនិត្យរកឃើញថាជាវត្ថុបុរាណដែលមានអាយុកាលតាំងពីសម័យអង្គរ និងក្រោយអង្គរ។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។ សេចក្ដីប្រកាសដដែលបន្ថែមថា វត្ថុសិល្បៈចំនួន៨ខាងលើមានប្រតិមាចំនួន៤ កងដៃ៣ និងគម្របភាជន៍១ ដែលមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំបានប្រគល់មកសារមន្ទីរជាតិកម្ពុជានៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីយកមកធ្វើការសិក្សា និងវាយតម្លៃបន្ត។ ក្រោយការពិនិត្យ ក្រុមការងារជំនាញបានសន្និដ្ឋានថា វត្ថុសិល្បៈទាំងនោះមានឈ្មោះទេពស្រី(ព្រះនាងឧមា ឬលក្ម្សី) សម័យអង្គរនាអំឡុងចុងស.វ.ទី១០, វជ្រសត្វ សម័យអង្គរចនាបថបាយ័ន្ត ស.វ.១២-១៣, ព្រះពុទ្ធប្រតិមា សម័យក្រោយអង្គរ ស.វ.ទី១៥-១៦, ព្រះពោធិសត្វ (សិល្បៈចិន) រវាងស.វ.១៣-១៤, វត្ថុបុរាណទី៥-៧ ជាកងដៃសំរិទ្ធ សម័យអង្គរ រចនាបថបាយ័ន្ត ស.វ.១២-១៣ និងគម្របភាជន៍ សម័យក្រោយអង្គរ ស.វ.១៧-១៨។ ក្រសួងវប្បធម៌រំលឹកថា វត្ថុបុរាណទាំងនេះនឹងត្រូវរក្សាទុកនៅក្នុងរោងជាងជួសជុលលោហៈនៃសារមន្ទីរជាតិកម្ពុជា ដើម្បីធ្វើការអភិរក្ស និងជួសជុល មុននឹងរៀបចំដាក់តាំងបង្ហាញជូនដល់សាធារណជនទស្សនា និងសិក្សាស្រាវជ្រាវបន្តទៀត។ នាយកដ្ឋានសារមន្ទីរជាតិកម្ពុជា បានសរសើរ និងអរគុណចំពោះប្រជាពលរដ្ឋ៤រូប ដែលបានរកឃើញវត្ថុទាំងនោះកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ហើយបានប្រគល់ជូនមកអាជ្ញាធរ ដើម្បីទុកជាឧត្តមប្រយោជន៍ជាតិខ្មែរនាពេលបច្ចុប្បន្ន និងអនាគត។ ក្រៅពីនេះ នាយកដ្ឋានសារមន្ទីរបានចាត់ទុកសកម្មភាពទាំងនេះថា ជាគម្រូដ៏ប្រពៃដែលសបញ្ជាក់ពីមនសិការស្នេហាជាតិ និងការចូលរួមថែរក្សាការពារមរតកវប្បធម៌ដូចតា ដែលជាព្រលឹង និងអត្តសញ្ញាណជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ស្របតាមពាក្យស្លោក «កិច្ចការការពារបេតិកភណ្ឌវប្បធម៌ជាតិ គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា»។ គួរបញ្ជាក់ថា ពលរដ្ឋបានរកឃើញប្រតិមាលោហៈចំនួន៤អង្គ នៅក្នុងចម្ការស្វាយចន្ទីមួយកន្លែងក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ក្រោយពីមានការបង្ហោះលើបណ្ដាញសង្គម អាជ្ញាធរមូលដ្ឋាន និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានចុះពិនិត្យភ្លាមៗ និងវាយតម្លៃដោយសន្និដ្ឋានជាបឋមថា ប្រតិមាទាំងនោះមិនមែនជាវត្ថុបុរាណឡើយ តែជាវត្ថុសិល្បៈចម្លងថ្មី ដែលផលិតឡើងប្រមាណ២០ ទៅ៣០ឆ្នាំមុន ដោយត្រាប់តាមរចនាបថសិល្បៈបុរាណខ្មែរ ថៃ និងចិន។ ប៉ុន្តែបន្ទាប់មក ទើបពិនិត្យឃើញថាពិតជាវត្ថុបន្សល់ទុកតាំងពីសម័យបុរាណ៕

      ២២ មិថុនា ២០២៦

    • កម្ពុជាពន្លឿនការរៀបចំតំបន់អង្គរ ដើម្បីត្រៀមទទួលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦

      កម្ពុជាកំពុងពន្លឿនការរៀបចំបេតិកភណ្ឌវប្បធម៌នៅតំបន់អង្គរ និងការត្រៀមព្រឹត្តិការណ៍អមនានាដោយសារកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) លើកទី២០ ក្នុងខេត្តសៀមរាប នៅខែវិច្ឆិកា ឆ្នាំ២០២៦។  ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្សព្វផ្សាយនៅលើបណ្តាញសង្គម នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ថា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បានពិនិត្យការដ្ឋាននានាក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីតាមដានការងារអភិរក្ស និងត្រៀមទទួលគណៈប្រតិភូដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាពេលខាងមុខ។ ស្របពេលជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏បានផ្សព្វផ្សាយដែរថា ក្រសួងបានរៀបចំកិច្ចប្រជុំជាមួយតំណាងស្ថានទូត និងដៃគូពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូន» (Village Francophone) ដែលនឹងធ្វើឡើងអំឡុងកិច្ចប្រជុំកំពូល។ បើតាមក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាបង្ហាញវប្បធម៌ ទំនៀមទម្លាប់ ផលិតផល និងសេវាកម្មរបស់ប្រទេសសមាជិកជាង ៩០ប្រទេស ដោយសាធារណជនជាង ១០ម៉ឺននាក់ ត្រូវបានរំពឹងថានឹងចូលរួមទស្សនាក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍។ ជុំវិញរឿងនេះ អ្នកវិភាគនយោបាយលោក ឯម សុវណ្ណរ៉ា យល់ថា ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាឱកាសសំខាន់សម្រាប់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងការទូត ជាពិសេសជាមួយប្រទេសបារាំង និងបណ្តាប្រទេសសមាជិកដទៃទៀត។ លោកបាននិយាយថា៖ «បើយើងរៀបចំមានទំនាក់ទំនងល្អនៅក្នុងសម្ព័ន្ធភាពរវាងទំនាក់ទំនងទ្វេភាគី កម្ពុជា-បារាំង ឬក៏បណ្តារដ្ឋជាសមាជិក ដែលសមាជិកនៃហ្វ្រង់កូហ្វូនី គឺជាកិច្ចការមួយល្អស្វែងរកការគ្រាំទ្រពីសមាជិកដទៃទៀត»។ លោក ឯម សុវណ្ណរ៉ា បានលើកឡើងថាកម្ពុជាគួរប្រើប្រាស់វេទិកាអន្តរជាតិនេះ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគី ជាពិសេស គឺស្វែងរកការគាំទ្រពីប្រទេសសមាជិកនានា ក្នុងការដោះស្រាយបញ្ហាអន្តរជាតិដែលកម្ពុជាកំពុងប្រឈម ជាពិសេសបញ្ហាយោធាថៃឈ្លានពានកម្ពុជា។ បន្ថែមពីលើនេះ លោកថា ក្នុងកំឡុងកិច្ចប្រជុំនេះ កម្ពុជាគួរលើកឡើងពីបញ្ហាដែលបេតិកភណ្ឌខ្មែរមួយចំនួនបានរងផលប៉ះពាល់ដោយសារការបំផ្លិចបំផ្លាញរបស់យោធាថៃ ដូចជាតំបន់ប្រាសាទដែលថៃកំពុងកាន់កាប់ និងប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោកជាដើម។ លោកបានមានប្រសាសន៍ថា៖ «វាជាព្រឹត្តការណ៍សំខាន់ដែលត្រូវការពង្រឹងកម្ពុជាជាមួយនិងទំនាក់ទំនងអន្តរជាតិដែលហៅពហុភាគីត្រូវការកាន់តែខ្លាំងឡើង ជាទិដ្ឋភាពបច្ចុប្បន្ន ទៅដោះស្រាយបញ្ហាជម្លោះដីកម្ពុជា-ថៃ នេះជាកិច្ចការមួយល្អមើល ឃើញថាកម្ពុជាគួរត្រៀមលក្ខណៈសម្បិត្តច្រើនដើម្បីទទួលសមាជិកហ្វ្រង់កូហ្វូនី»។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាកិច្ចប្រជុំរវាងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងនយោបាយអន្តរជាតិ សេដ្ឋកិច្ច សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ។ យោងតាមក្រសួងទេសចរណ៍ ព្រឹត្តិការណ៍អមសំខាន់ៗដែលកម្ពុជានឹងរៀបចំសម្រាប់ព្រឹត្តិការណ៍អន្តរជាតិនោះ រួមមាន «ភូមិហ្វ្រង់កូហ្វូន» (Village Francophone) និង «FrancoTech» ដែលគេរំពឹងថានឹងមានការចូលរួមពីប្រទេសសមាជិកជាង ៩០ប្រទេស និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាច្រើន៕

      ១៣ មិថុនា ២០២៦

    • ជប៉ុន អាមេរិក បារាំង បន្តផ្ដល់ប្រាក់ជួសជុល អភិរក្សប្រាសាទ និងប្រព័ន្ធទឹកនៅតំបន់អង្គរ

      ប្រទេសចំនួនបីគឺសហរដ្ឋអាមេរិក បារាំង និងជប៉ុន ផ្ដល់ប្រាក់ជាង ២លានដុល្លារអាមេរិក សម្រាប់បន្តដំណើរការលើគម្រោងអភិរក្ស ជួសជុលប្រាសាទ និងរៀបចំប្លង់មេគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ លើលទ្ធផល នៃកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ សំបូរព្រៃគុក ចេញផ្សាយថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ សេចក្តីប្រកាសព័ត៌មានឱ្យដឹងទៀតថា ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ សំបូរព្រៃគុក រដ្ឋាភិបាលជប៉ុន ប្រកាសបន្តផ្តល់ជំនួយថវិកាចំនួន ៩សែនដុល្លារអាមេរិក ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុសប្រាសាទបាយ័ន ក្នុងដំណាក់កាលទី៧។ជាមួយគ្នានោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រកាសបន្តផ្តល់ជំនួយថវិកាចំនួន ២សែន៥ម៉ឺន ដុល្លារអាមេរិក ដល់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង។ ក្នុងនោះ ភាគីពាក់ព័ន្ធ បានបង្ហាញការពេញចិត្តលើវឌ្ឍនភាព នៃការជួសជុលប្រាសាទមេបុណ្យខាងលិច ដែលបានដំណើរការអស់រយៈពេល ១៤ឆ្នាំ ក្រោមជំនួយថវិការបស់បារាំងសរុប ១២លានអឺរ៉ូ ព្រមទាំងគម្រោងអភិរក្ស និងអភិវឌ្ឍន៍ដទៃទៀត ដែលអនុវត្តដោយស្ថាប័នដៃគូអន្តរជាតិនានាកន្លងមក។ គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចនេះដែរ គ្រោងនឹងបិទបញ្ចប់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ស្របពេលនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ គណៈកម្មាធិការ នៃអាយស៊ីស៊ី-អង្គរ សំបូរព្រៃគុក ក៏ឱ្យដឹងដែរពីការកៀរគរប្រាក់ជំនួយ បានចំនួនប្រហែល ១លានអឺរ៉ូ ឬប្រហែលជិត ១លាន២សែនដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងរៀបចំប្លង់មេ ក្នុងការគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងក្របខណ្ឌនៃគម្រោង SDGERA ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នបារាំង SIAVB SIAAP AGERA និង Versailles Grand Parc ដើម្បីធានាការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការការពារបេតិកភណ្ឌប្រព័ន្ធធារាសាស្ត្របុរាណ។  លើសពីនេះ ភាគីពាក់ព័ន្ធ គាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្ស ការចងក្រងទិន្នន័យស្រាវជ្រាវ ការរៀបចំប្លង់មេសម្រាប់មជ្ឈមណ្ឌលបដិសណ្ឋារកិច្ច និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ។ ព្រមទាំងការរៀបចំលិខិតបទដ្ឋានគតិយុត្តិ ក្នុងការកំណត់លក្ខខណ្ឌប្រើប្រាស់ដីធ្លី និងការសាងសង់ក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលគ្រប​ដណ្តប់លើភូមិចំនួន ១១៤ភូមិ ដឹកនាំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បានលើកឡើងអំពីផលប៉ះពាល់លើបេតិកភណ្ឌវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក ដែលបណ្តាលមកពីការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ លោកស្រីសង្កត់ធ្ងន់ ដោយទាមទារឱ្យ​សាធារណមតិគ្រប់ទិសទី យកចិត្តទុកដាក់ថែរក្សាសម្បត្តិវប្បធម៌ទាំងនោះ ជាតម្លៃមនុស្សជាតិ។ តាមអាជ្ញាធរជាតិអប្សរា ក្នុងលក្ខខណ្ឌ នៃការអភិរក្សជួសជុលប្រាសាទ ការស្ថាបនាផ្លូវជាដើមក្នុងរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ចាំបាច់ត្រូវសុំអនុសាសន៍ និងអនុញ្ញាតពីគណៈ​កម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុកជាដាច់ខាត។ កិច្ចប្រជុំនេះដែរ ធ្វើឡើងជាទៀងទាត់ចំនួន ២ដងក្នុងមួយឆ្នាំ ដែលលើកទី១ នៅអំឡុងខែមិថុនា ជាកិច្ចប្រជុំបច្ចេកទេស និងលើកទី២ រៀបចំនៅអំឡុងខែធ្នូ ជាកិច្ចប្រជុំបច្ចេកទេស និងពេញអង្គ។ សូមរម្លឹកជូនថា កម្ពុជាបានដាក់តំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីខែធ្នូ ឆ្នាំ១៩៩២។ ចំណែកតំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដែរ កាលខែកក្កដា ឆ្នាំ២០១៧៕

      ១១ មិថុនា ២០២៦

    • អាមេរិកបញ្ជូនវត្ថុបុរាណចំនួន២ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរខុសច្បាប់មកកម្ពុជាវិញ 

      អាមេរិកបញ្ជូនវត្ថុបុរាណចំនួនពីរមកឱ្យកម្ពុជាវិញ ក្រោយពីស៊ើបអង្កេតរកឃើញថាវត្ថុបុរាណទាំងពីរនេះជាប់ពាក់ព័ន្ធនឹងការជួញដូរវត្ថុបុរាណដោយខុសច្បាប់។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសរបស់ក្រសួងវប្បធម៌កម្ពុជានៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ម៉ានហាតានទី បានរឹបអូសវត្ថុបុរាណកម្ពុជាពីសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន និងបានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវវត្ថុបុរាណទាំងពីរនេះ នៅការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ាន់ហាតាន ទីក្រុងញូវយ៉ក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។  វត្ថុបុរាណទាំងពីរខាងលើមាន ផ្តែរធ្វើពីថ្មភក់ មានចម្លាក់រូបរាហូ (ព្រះកាល) សម័យមុនអង្គរ ចន្លោះសតវត្ស ទី៧ ឬទី៨ គ.ស. និងបដិមាធ្វើពីថ្មភក់ (អាចសម្គាល់ជារូបអសុរ ហិរណ្យកសិពុ) សម័យអង្គរ សតវត្សទី១០ ដែលមានប្រភពដើមមកពីប្រាសាទចិន ក្នុងតំបន់កោះកេរ។  ក្រសួងវប្បធម៌បញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២៣ សារមន្ទីរសិល្បៈមេក្រូប៉ូលីតាន ក៏បានប្រគល់វត្ថុបុរាណខ្មែរចំនួន១៤រូប មកឱ្យកម្ពុជាវិញដែរ បន្ទាប់ពីមានការចរចាជាច្រើនឆ្នាំមក។ ពាក់ព័ន្ធករណីនេះ អង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ នៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាន បានផ្តល់ភស្តុតាងទៅសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន ដោយបង្ហាញថា វត្ថុបុរាណទាំងពីរខាងលើពាក់ព័ន្ធនឹងបណ្តាញជួញដូររបស់អ្នកស្រី Nancy Wiener ។  សារមន្ទីរសិល្បៈមេត្រូប៉ូលីតាន ក៏បានពិនិត្យលើឯកសារភស្តុតាង រហូតយល់ព្រមប្រគល់វត្ថុបុរាណទាំងពីរត្រឡប់មកកម្ពុជាវិញ តាមការស្នើរបស់ការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតានផងដែរ។ក្រសួងវប្បធម៌រំលឹកថា ការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាន គឺជាដៃគូដ៏ជិតស្និទ្ធជាមួយកម្ពុជា ក្នុងកិច្ចការស្រាវជ្រាវ និងទាមទារបញ្ជូនវត្ថុបុរាណខ្មែរត្រឡប់មកវិញ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ដំណើរការស៊ើបអង្កេត ស្វែងរកភស្តុតាងរបស់អង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ ពាក់ព័ន្ធនឹងបណ្តាញរបស់អ្នកស្រី Wiener និងរចនាសម្ព័ន្ធជួញដូរទ្រង់ទ្រាយធំ ដែលក្នុងនោះមាន អ្នកស្រី Wiener រួមទាំងលោក Douglas Latchford និងក្រុមហ៊ុន Spink & Son បានឈានដល់ការបញ្ជូនវត្ថុបុរាណខ្មែរជាច្រើនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ ហើយអ្នកស្រី Nancy Wiener ត្រូវបានកាត់ទោសពីបទជួញដូរវត្ថុបុរាណដោយខុសច្បាប់។ ក្រសួងវប្បធម៌បង្ហាញការដឹងគុណដល់រដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតានលោក Attorney Alvin Bragg និងអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ ជាពិសេសជំនួយការរដ្ឋអាជ្ញា លោក Matthew Bogdanos និងក្រុមការងារស៊ើបអង្កេត ចំពោះការបន្តប្តេជ្ញាចិត្តលើគោលការណ៍ដែលថា ការជួញដូរសម្បត្តិវប្បធម៌ដែលត្រូវបានគេលួចមិនត្រឹមតែជាបទឧក្រិដ្ឋប្រឆាំងនឹងប្រទេសដើមនៃវត្ថុទាំងនោះទេ ប៉ុន្តែជាបទឧក្រិដ្ឋក្រោមច្បាប់នៃរដ្ឋញូវយ៉កផងដែរ៕

      ១១ មិថុនា ២០២៦

    • អន្តរក្រសួងណែនាំភាគីពាក់ព័ន្ធប្រតិបត្តិពិធីភ្ជាប់ពាក្យនិងអាពាហ៍ពិពាហ៍ឱ្យបានត្រឹមត្រូវ

      ក្រសួងវប្បធម៌ និងក្រសួងធម្មការ ណែនាំឱ្យភាគីពាក់ព័ន្ធគោរពប្រតិបត្តិកិច្ចពិធីក្នុងពិធីភ្ជាប់ពាក្យ និងរៀបអាពាហ៍ពិពាហ៍ឱ្យបានត្រឹមត្រូវតាមគន្លងប្រពៃណីខ្មែរពីបុរាណកាលមក។  ការណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងទាំងពីរសង្កេតឃើញមានប្រជាជនមួយចំនួនបានបញ្ចូលកិច្ចសំពះផ្ទឹមចងដៃទៅក្នុងពិធីភ្ជាប់ពាក្យ និងមានខ្លះទៀតបានពាក់ឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាលនៅក្នុងកិច្ចពិធីមួយចំនួននៃមង្គលការ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងបានរំលឹកថា កិច្ចសំពះផ្ទឹមចងដៃត្រូវបានរៀបចំតែក្នុងថ្ងៃពិធីមង្គលការតែប៉ុណ្ណោះ រីឯឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល ក៏មិនមែនជាសម្លៀកបំពាក់ដែលត្រូវបានប្រើប្រាស់ក្នុងពិធីមង្គលការនោះដែរ។ ក្រសួងពន្យល់ថា ទម្រង់ដើមនៃអាពាហ៍ពិពាហ៍ ឬមង្គលការ គឺជាពិធីបង្កប់ទៅដោយទស្សនវិជ្ជាអប់រំ សីលធម៌ និងគុណតម្លៃវប្បធម៌ដ៏ឧត្តុង្គឧត្តម ជាពិសេសការផ្តល់តម្លៃដល់ស្ត្រីជាធំ។ ទម្រង់នៃកិច្ចនីមួយៗត្រូវបានដូនតាខ្មែររៀបចំឡើងយ៉ាងត្រឹមត្រូវ និងមានលំដាប់លំដោយច្បាស់លាស់ ដោយបែងចែកដាច់ពីគ្នារវាង «ពិធីភ្ជាប់ពាក្យ» និង «ពិធីមង្គលការ»។ តាមការបញ្ជាក់របស់ក្រសួង អត្ថន័យពិធីភ្ជាប់ពាក្យ (ឬស្តីដណ្តឹង) គឺជាដំណាក់កាលដំបូងនៃការព្រមព្រៀងគ្នារវាងចាស់ទុំទាំងសងខាង ដោយទុកដាក់កូនចៅភ្ជាប់សាច់ភ្ជាប់ឈាមឱ្យបានជាគូស្រករនឹងគ្នាក្នុងពេលខាងមុខ។ ក្រៅពីនេះ នៅក្នុងកិច្ចពិធីភ្ជាប់ពាក្យ ទំនៀមទម្លាប់បុរាណខ្មែរមានតែកិច្ចចែចូវស្តីដណ្តឹង ជូនវត្ថុបញ្ចាំចិត្ត (បំពាក់ចិញ្ចៀន) និងពិសាស្លាបញ្ជាប់ពាក្យ (ពិសាស្លាភ្ជាប់ពាក្យ) ប៉ុណ្ណោះ។ រីឯសាមីខ្លួនប្រុសស្រី នៅមិនទាន់ក្លាយជាប្តីប្រពន្ធពេញលក្ខណៈតាមច្បាប់ និងប្រពៃណីនៅឡើយទេ។ ដោយឡែក ខ្លឹមសារកិច្ចសំពះផ្ទឹម និងចងដៃ គឺជាការសែនព្រេនដល់ជីដូនជីតាមេបាទាំងសងខាង ផ្សំផ្គុំសាមីខ្លួន ប្រុសស្រីជាប្តីប្រពន្ធ ដែលមានញាតិមិត្តទាំងសងខាងបាចផ្កាស្លាឱ្យពរជ័យទទួលស្គាល់ជាប្តីប្រពន្ធស្របតាមប្រពៃណីតរៀងទៅ។ ក្រសួងណែនាំដែរថា ការប្រើប្រាស់ឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល ក៏ជាសកម្មភាពគួរចៀសវាង ពីព្រោះជាឯកសណ្ឋានសម្រាប់ប្រើប្រាស់ក្នុងពិធីផ្លូវការ និងការបំពេញការងារ ដែលត្រូវបានកំណត់នៅក្នុងព្រះរាជក្រឹត្យស្តីពីសញ្ញាស័ក្តិ និងឯកសណ្ឋាននៃសមាជិករាជរដ្ឋាភិបាល និងអនុរដ្ឋលេខាធិការ ព្រមទាំងព្រះរាជក្រឹត្យស្តីពីរូបសញ្ញារដ្ឋបាល សញ្ញាស័ក្តិ និងឯកសណ្ឋានមន្ត្រីនៃក្របខ័ណ្ឌ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីក្រមការ រួមទាំងសេចក្តីណែនាំនានាពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសណ្ឋាននេះ។ ក្រសួងវប្បធម៌ និងក្រសួងធម្មការ អំពាវនាវដល់អ្នកសម្អាងការ អាចារ្យ អ្នកភ្លេង អ្នកសិល្បៈ និងអ្នកប្រកបអាជីពពាក់ព័ន្ធនឹងពិធីមង្គលការទាំងអស់ ចូលរួមគោរពប្រតិបត្តិនូវកិច្ចពិធីអាពាហ៍ពិពាហ៍ទៅតាមក្បួនច្បាប់ឱ្យបានត្រឹមត្រូវ និងពិនិត្យលើការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីឱ្យត្រូវទៅតាមប្រភេទពិធីផងដែរ។  លើសពីនេះ ក្រសួងទាំងពីរក៏បានផ្ដាំដល់ក្រុមហ៊ុនផ្តល់សេវាកម្ម អ្នកពាក់ព័ន្ធ និងសាធារណ ជនដែលត្រូវរៀបចំអាពាហ៍ពិពាហ៍កូនចៅ ជាពិសេសយុវជនជំនាន់ក្រោយត្រូវសិក្សាឈ្វេងយល់ពីទំនៀមទម្លាប់ប្រពៃណី និងចូលរួមសហការ គោរព និងថែរក្សាតម្លៃវប្បធម៌ដ៏ផូរផង់របស់ជាតិឱ្យបានគង់វង្ស និងរុងរឿងជានិច្ចនិរន្តរ៍៕

      ២ មិថុនា ២០២៦

    • មន្ទីរវប្បធម៌កំពង់ឆ្នាំងស្រាវជ្រាវ បន្ទាប់ពីមានអ្នករាំរែកមុខកន្លែងទីសក្ការៈបូជាវត្តត្រឡែងកែង

      មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងដឹកនាំក្រុមការងារចុះជួបជាមួយគណៈកម្មការអាចារ្យវត្តត្រឡែងកែង ខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានមនុស្សមួយក្រុមបានរាំរែកមិនសមរម្យនៅមុខទីសក្ការៈនៃព្រះវិហារវត្ត ហើយមានការរិះគន់ជាច្រើននៅលើបណ្តាញសង្គម។ ជំនួបនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីមន្ទីរវប្បធម៌ខេត្តនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានចាត់ឱ្យមន្រ្តីឆ្មាំប្រចាំស្រុកកំពង់ត្រឡាច ចុះសាកសួរព័ត៌មានជាមួយគណៈកម្មការអាចារ្យវត្តខាងលើ ហើយបានឱ្យដឹងថា ពិតជាមានការរាំរែកមិនសមរម្យនៅមុខទីសក្ការៈរបស់វត្តពិតមែន។ នៅក្នុងបណ្ដាញសង្គមថ្មីៗនេះ មានការរិះគន់ច្រើនទៅលើវីដេអូនៃការរាំរែកនោះ ហើយពលរដ្ឋលើកឡើងសុទ្ធតែមិនពេញចិត្ត និងដាក់បន្ទុកទៅលើគណៈកម្មការវត្ត ព្រមទាំងចង់ឱ្យក្រសួងពាក់ព័ន្ធមានចំណាត់ការទៅលើអ្នកដែលបានទៅរាំរែកនោះ។ អ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះបានអំពាវនាវថា៖«សូមឱ្យក្រសួងវប្បធម៌ និងក្រសួងធម្មការ មេត្តាជួយរៀបចំទីអារាមប្រវត្តិសាស្ត្រនេះឡើងវិញ ខ្ញុំធ្លាប់ទៅទីនោះកាលពីប៉ុន្មានខែមុន វាមិនចំឡែកទេ ដែលទីនោះហាក់ស្ងាត់គ្មានមនុស្សម្នាទៅ បើទោះជាទីកន្លែងនៃរមណីយដ្ឋានប្រវត្តិសាស្ត្រ សូមមេត្តាជួយរៀបចំប្រែក្លាយទីនោះ ឱ្យត្រឡប់មកជាវត្តអារាមបែបព្រះពុទ្ធសាសនាថេរវាទពិតប្រាកដមួយរយភាគរយឡើងវិញ»។ មតិខ្លះទៀតនិយាយថា៖« បើរាំអារក្ខ ឬអ្នកតាមិនអីទេនោះជាប្រពៃណីអ្នកស្រុក តែអ្នករាំផ្តេសផ្តាសកើតឡើងច្រើនណាស់»។ ចំណែកឯអ្នកខ្លះទៀតសរសេរថា៖« វត្តល្បីដែរ មិនគួរណាឱ្យពួកហ្នឹងទៅធ្វើអ៊ីចឹងសោះ»។ ជាមួយគ្នានេះដែរ មន្ទីរវប្បធម៌ខេត្តបានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការថា ទង្វើរាំរែកមិនសមរម្យបែបនេះ ពិតជាកើតមានមែន ដែលមហាជនមើលទៅហាក់ពុំសមសោះ និងមិនគួរកើតឡើងនៅទីតាំងវត្តបុរាណដែលជាទីតាំងប្រវត្តិសាស្រ្តទៀតផង។  ពាក់ព័ន្ធនឹងករណីនេះដែរ អ្នកជំនាញទស្សនវិជា្ជ និងឃ្លំាមើលសង្គម លោកបណ្ឌិត ឈត ប៊ុនថង យល់ថា ការរាំរែកគឺមិនខុសទេ ប៉ុន្តែបើយកកន្លែងទីសក្ការៈរបស់សាសនាណាមួយទៅរាំនោះគឺខុសពីច្បាប់នៃសាសនា ហើយជាសកម្មភាពដែលផ្ទុយនឹងទំនៀមទម្លាប់ប្រពៃណី ដែលជាការបន្ទាបតម្លៃវប្បធម៌ និងប្រាសចាកពីការហាមប្រាមក្នុងព្រះពុទ្ធសាសនា។ លោកបន្ថែមថា៖ «នៅក្នុងរដ្ឋមានច្បាប់ មានអាជ្ញាធរ មានតុលាការ មាននគរបាល នៅតែខ្លះមិនគោរព ចុះទម្រាំតែកម្រិតវប្បធម៌ អ៊ីចឹងហើយធ្វើម៉េចត្រូវតែមានអ្នកឃ្លាំមើល ហើយត្រូវមានការពន្យល់ឱ្យយុវជន មនុស្សទូទៅឱ្យយល់ថា អ្វីគួរធ្វើ និងមិនគួរធ្វើក្នុងទីវត្តអារាម និងទីសក្ការៈផ្សេងៗ»។ ជុំវិញរឿងនេះ ប្រជាកាសែតបានព្យាយាមទាក់ទងសួរបន្ថែមទៅកាន់មន្ទីរវប្បធម៌ខេត្តជាច្រើនលើកដែរ ប៉ុន្តែមិនមានការឆ្លើយតប។ ដោយឡែក ពលរដ្ឋនៅតែមានមន្ទិលថា សកម្មភាពមិនសមរម្យបែបនេះតើខាងក្រសួងពាក់ព័ន្ធនឹងចាត់វិធានការបែបណាបន្ត ឬស្រាវជ្រាវរកអ្នកទាំងនោះមកអប់រំដែរទេ? គួរបញ្ជាក់ថា វត្តត្រឡែងកែងជាវត្តដែលមានវ័យចំណាស់ជាងគេនៅសម័យលង្វែក។ នៅក្នុងសម័យលង្វែង អារាមមួយនេះមានឈ្មោះថា ព្រះវិហារមណ្ឌល កសាងឡើងក្នុងរជ្ជកាលព្រះបាទអង្គច័ន្ទរាជា (១៥២៥-១៥៦៧ )ដើម្បីឧទ្ទិសដល់ជ័យជំនះរបស់ទ្រង់ ក្នុងការធ្វើសឹកសង្គ្រាមប្រឆាំងនឹងការគ្រងរាជ្យសម្បត្តិរបស់ស្តេចកន និងជ័យជំនះលើពួកបច្ចាមិត្តបរទេសដែលចូលមកលុកលុយប្រទេសខ្មែរនៅសម័យរបស់ព្រះអង្គគ្រប់គ្រងប្រទេស៕

      ២៧ ឧសភា ២០២៦

    • អ្នកជំនាញលើកទឹកចិត្តពលរដ្ឋប្រើភាសាជាតិឱ្យបានត្រឹមត្រូវលើអនឡាញ

      អ្នកជំនាញប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយដែលប្រើប្រាស់ភាសាខ្មែរ លើកទឹកចិត្តឱ្យសាធារណជន ប្រើប្រាស់ភាសាខ្មែរឱ្យបានច្រើន និងត្រឹមត្រូវ លើបណ្ដាញអនឡាញ ដើម្បីរក្សាអត្តសញ្ញាណជាតិ និងបង្កើនទិន្នន័យភាសាខ្មែរក្នុងពិភពបច្ចេកវិទ្យាឌីជីថល។ ការអំពាវនាវនេះស្របពេលអ្នកជំនាញមើលឃើញថា ការប្រើប្រាស់ភាសាខ្មែរនៅក្នុងបច្ចេកវិទ្យាឌីជីថលនៅមានភាពខ្សោយនៅឡើយ ខណៈពិភពលោកកំពុងផ្លាស់ប្តូរ និងវិវឌ្ឍយ៉ាងលឿនទៅរកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងស្របពេលពលរដ្ឋខ្មែរខ្លះមានទំនោរប្រើប្រាស់ភាសាខ្មែរលាយឡំជាមួយភាសាបរទេសជាដើម។ អ្នកជំនាញបច្ចេកវិទ្យាឌីជីថល សន្តិសុខគេហទំព័រ និងជាអ្នកបង្កើតមាតិកាអប់រំឌីជីថល លោក ជី សុផាត បានឱ្យដឹងថា ដ្បិតភាសាខ្មែរ ត្រូវបានទទួលស្គាល់ជាអន្តរជាតិក្នុងស្ដង់ដារយូនីកូដ ដែលអាចមើលឃើញភាសាខ្មែរប្រើប្រាស់ទូលំទូលាយជាងមុនលើឌីជីថលក្ដី លោកថាការប្រើប្រាស់ភាសាខ្មែរលើប្រព័ន្ធឌីជីថលនេះ មិនទាន់បានត្រឹមត្រូវនៅឡើយ ដោយសារតែអ្នកប្រើប្រាស់ភាសាទាំងនៅលើប្រព័ន្ធបច្ចេកវិទ្យាតាមវេទិកា (Platform) កម្មវិធីបច្ចេកវិទ្យា មិនបានត្រឹមត្រូវ ឬបាត់អត្តសញ្ញាណដើមនៃភាសាជាតិក្នុងពិភពឌីជីថល។ លោកថា ការបំប្លែងភាសា ឬការប្រើប្រាស់ភាសាឆ្ងាយពីអត្តសញ្ញាណដើម គឺជាកត្តាប្រឈម អាចនាំឱ្យក្មេងៗជំនាន់ក្រោយ ទទួលឥទ្ធិពល និងបង្កជាហានិភ័យសម្រាប់ភាសាជាតិ ដែលអាចក្លាយជាអត្តសញ្ញាណបែបថ្មី។ លោកទទូចឱ្យមហាជនចូលរួមប្រើប្រាស់ភាសាខ្មែរ ឱ្យបានត្រឹមត្រូវ ដើម្បីភាសាខ្មែររស់រវើក ក្នុងពិភព AI។ លោក ជី សុផាត៖ «ខ្ញុំមិនចង់និយាយច្រើន ឬរិះគន់អ្វីទេ ព្រោះខ្ញុំដឹងថាពិភពលោកកំពុងផ្លាស់ប្តូរ ប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបាន គឺធ្វើឱ្យភាសាខ្មែរមានដង្ហើម មានរូបរាង ក្នុងពិភពឌីជីថល តាមរយៈការរួមចំណែកក្នុងកិច្ចការងារឌីជីថលសម្រាប់ភាសាខ្មែរ មិនមែនដើម្បីអួតអាងនោះទេ ប៉ុន្តែគឺដើម្បីកុំឱ្យកូនខ្មែរជំនាន់ក្រោយ បាត់បង់អត្តសញ្ញាណភាសាជាតិខ្លួនឯងនៅលើឌីជីថល»។ លោកបន្ត៖ «ប្រសិនបើក្មេងៗ មិនបានយល់ស៊ីជម្រៅអំពីអត្តសញ្ញាណជាតិយើងទេ វាធ្វើឱ្យមានបញ្ហាថ្ងៃក្រោយបន្តទៀត តែបើគាត់បានសិក្សាស្រាវជ្រាវយល់ច្បាស់ ប្រហែលជាល្អ»។ តាមក្រសួងប្រៃសណីយ៍ គិតត្រឹមឆ្នាំ២០២៤ នៅកម្ពុជាមានអ្នកប្រើប្រាស់សេវាទូរសព្ទជាង ២០លាន និងសេវាអ៊ីនធឺណិតប្រមាណ ១៩លាននាក់ ស្របពេលក្រសួងព័ត៌មាន ឱ្យដឹងដែរថា កម្ពុជាមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកប្រមាណ ១៣លាននាក់។ យ៉ាងណា ក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងនេះ ភាសាខ្មែរនៅតែត្រូវបានចាត់ថ្នាក់ជា «ភាសាដែលមានធនធានទិន្នន័យតិច» នៅលើអ៊ិនធឺណិត បើធៀបនឹងភាសាប្រទេសក្បែរខាង ដែលអ្នកជំនាញថា កង្វះខាតមាតិកាគ្រប់ប្រភេទជាអត្ថបទ គឺជាឧបសគ្គធំ ធ្វើឱ្យបញ្ញាសិប្បនិម្មិត (AI) ពិបាកក្នុងការរៀនសូត្រ និងយល់ពីបរិបទខ្មែរឱ្យបានស៊ីជម្រៅ និងសុក្រឹត។ អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថលម្នាក់ទៀត គឺលោក ង៉ែត ម៉ូសេ បានបង្ហាញការកត់សម្គាល់ថា ការប្រើប្រាស់ភាសាខ្មែរនៅលើបណ្ដាញសង្គម មានសំណេរជាអក្សរ តិចជាងការនិយាយ ព្រោះមាតិកាបែបសំណេរ មិនទទួលចំណាប់អារម្មណ៍ច្រើនដូចជាមាតិកានិយាយជាវិដេអូ។ លោកឱ្យដឹងទៀតថា បច្ចុប្បន្ន មានទម្រង់ នៃការប្រើប្រាស់ជាភាសាខ្មែរផ្សេងៗនៅលើអនឡាញ ដូចជាភាសាខៀវ ការប្រើអក្សរឡាតាំងសរសេរតាមសំឡេងពាក្យខ្មែរ អក្សរឡាតាំងសរសេរកាត់ជាអត្ថន័យភាសាខ្មែរ ដែលមានទាំងល្អ ឬអសុរស ការបំបែកពាក្យខ្មែរ ដើម្បីកុំឱ្យបណ្តាញសង្គមចាប់ថា រំលោភបំពានលើការប្រើប្រាស់ពាក្យហិង្សា (ស្លា/ប់ ឬស្លា.ប់) ក៏ដូចជាការនិយាយពីរភាសាលាយគ្នា ឬភាសាបច្ចេកទេសថា Code-switching ជាដើម។ លោក ម៉ូសេ បញ្ជាក់៖ «ការប្រើប្រាស់បែបនេះ ត្រូវបានមហាជន អ្នកប្រើប្រាស់បណ្តាញសង្គម ដែលយល់ថាការនិយាយបែបនេះខុស ខឹងសម្បារ និងប្រើពាក្យមិនសមរម្យទៅលើអ្នកផលិតមាតិកានោះ»។ តាមបទពិសោធន៍ អ្នកជំនាញផ្នែកឌីជីថលរួបនេះ ឱ្យដឹងទៀតថា ការងារប្រមូលព័ត៌មានជាភាសាខ្មែរនៅលើអនឡាញរបស់លោក មានការលំបាកជាងភាសាអង់គ្លេស ដោយសារមាតិកាវិដេអូនៅលើអនឡាញ មានច្រើនជាងមាតិកាជាអក្សរសរសេរ ស្របពេលកង្វះការសរសេរជាភាសាខ្មែរ ដាក់នៅលើវេទិកាសាធារណៈដូចជាគេហទំព័រជាដើម។ ការណ៍នេះ លោក ង៉ែត ម៉ូសេ ជំរុញឱ្យមហាជនប្រើប្រាស់សំណេរភាសាខ្មែរឱ្យបានច្រើន ទោះក្នុងបណ្តាញសង្គម ឬគេហទំព័រ (Website) ក្តី ដោយសារការប្រើភាសាខ្មែរកាន់តែច្រើនលើប្រព័ន្ធឌីជីថល នឹងផ្ដល់លទ្ធភាពដល់ប្រព័ន្ធ AI ផ្ដល់ព័ត៌មានកាន់តែច្បាស់ ហើយកំណែពាក្យខុសក្នុងភាសាខ្មែរពី AI នឹងកាន់តែល្អនាពេលអនាគត។ លោក ម៉ូសេ ឱ្យដឹងយ៉ាងដូច្នេះ៖ «ដោយសារតែមាតិកាវីដេអូនៅលើអនឡាញទទួលបានការចាប់អារម្មណ៍ច្រើនជាងមាតិកាជាអក្សរសរសេរ ការស្វែងរកទិន្នន័យរបស់ខ្ញុំរឹតតែពិបាកខ្លាំងឡើង។ ទោះជាមានបញ្ហាប្រឈមដូច្នេះក្តី ក៏មិនមានន័យថា វាពិបាកខ្លាំងក្នុងការទាញយកអក្សរពីរូបភាព ពី PDF និងពីវីដេអូ ដើម្បីបំប្លែងជាតួអក្សរសម្រាប់ធ្វើការវិភាគរបស់ខ្ញុំដែរ។ ខ្ញុំបង្កើតនូវកម្មវិធីជំនួយខ្លះៗ ដើម្បីអាចបំប្លែងអត្ថបទពីរូបភាព ឬ PDF ទៅជាអត្ថបទសរសេរ និងពីវីដេអូទៅជាសំឡេង ពីសំឡេងទៅតួអក្សរ។ ខ្ញុំក៏បានផលិតនូវកម្មវិធីដើម្បីត្រួតពិនិត្យមើលពាក្យសម្តីស្អប់ខ្ពើមជាភាសាខ្មែរ ដែលអាចយល់បាននូវភាសាខៀវ ការសរសេរឡាតាំងកាត់ និងការសរសេរបំបែកតួអក្សរជាដើម»។ មាត្រា៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានកំណត់ថា ភាសា និងអក្សរ ដែលប្រើជាផ្លូវការ គឺភាសា និងអក្សរខ្មែរ។ ជាមួយគ្នានេះដែរ និពន្ធនាយិកា នៃសារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) កញ្ញា ខន ចំប៉ា ឱ្យដឹងថា សារព័ត៌មានឌីជីថលថ្មីៗ បានចូលរួមពង្រឹងគុណភាពបន្ថែមលើការប្រើប្រាស់ភាសាជាតិ ស្របពេលសារព័ត៌មានថ្មីៗ ផ្សព្វផ្សាយមាតិកាព័ត៌មានតាមរយៈប្រព័ន្ធឌីជីថល ដែលផ្ដោតលើការសរសេរជាភាសាជាតិមួយដែរ។ សម្រាប់នាយិការូបនេះ ការសរសេរភាសាខ្មែរ ឱ្យបានត្រឹមត្រូវ ជាផ្នែកមួយចូលរួមថែរក្សាវប្បធម៌អត្តសញ្ញាណជាតិ ឱ្យបានរីកចម្រើនបន្តទៀត ខណៈកញ្ញាជំរុញសាធារណជនឱ្យប្រើប្រាស់ភាសាខ្មែរបានត្រឹមត្រូវ…

      ១៦ មេសា ២០២៦

    • ក្រសួងវប្បធម៌ បើកឱ្យពលរដ្ឋចូលទស្សនាព្រះវិហារបុរាណនៅភ្នំឧដុង្គរយៈពេល២សប្ដាហ៍

      ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសបើកឱ្យសាធារណជនចូលទស្សនាព្រះវិហារបុរាណ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស ដែលទើបបញ្ចប់ការជួសជុលរួច នៅលើភ្នំឧដុង្គ ឬភ្នំព្រះរាជទ្រព្យ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែមេសា។ នេះបើតាមការបង្ហោះសារលើទំព័រហ្វេសប៊ុក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ ក្រសួងឱ្យដឹងថា ក្រសួងបានរៀបចំប្រែក្លាយអតីតព្រះវិហារនេះ ទៅជាសារមន្ទីរសម្រាប់តាំងបង្ហាញវត្ថុបុរាណសំខាន់ៗមួយចំនួន ដែលបានបន្សល់ទុកពីព្រះចេតិយ និងបរិវេណអតីតរាជធានីឧដុង្គ ក្នុងគោលបំណងពង្រឹងការអភិរក្ស ថែរក្សាព្រះវិហារបុរាណ និងព្រះពុទ្ធប្រតិមា ក៏ដូចជាពង្រីកការអប់រំផ្សព្វផ្សាយអំពីសម្បត្តិបេតិកភណ្ឌជាតិ ឱ្យបានទូលំទូលាយ។ ក្រសួងបន្ថែមថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ក្រសួងសម្រេចបើកទ្វារព្រះវិហារបុរាណនេះជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ជូនសាធារណជនចូលទស្សនា និងបន្ទាប់មកបើកជាអចិន្ត្រៃយ៍ ដើម្បីឱ្យមហាជន ទេសចរ ចូលទស្សនា សិក្សាស្រាវជ្រាវ នាពេលខាងមុខ។ ក្រសួងវប្បធម៌បញ្ជាក់បន្ថែមថា៖ «ចំពោះកាលបរិច្ឆេទ នៃការបើកជូនឱ្យធារណជនចូលទស្សនា និងសិក្សាស្រាវជ្រាវ ជាអចិន្ត្រៃយ៍ ក្រសួងវប្បធម៌ នឹងជូនដំណឹងនាពេលក្រោយ បន្ទាប់ពីការងាររៀបចំដាក់តាំងទាំងអស់ត្រូវបានបញ្ចប់រួចរាល់»។ គួរជម្រាបថា ព្រះវិហារ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស ស្ថិតនៅ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាលនេះ ត្រូវបានជួសជុលអំឡុងឆ្នាំ២០១៩ និងរួចរាល់តាំងពីឆ្នាំ២០២៥កន្លងមក ក្រោមកិច្ចសហការ រវាងក្រសួងវប្បធម៌ និងសប្បុរសជននានា។ តាមការស្រាវជ្រាវបង្ហាញថា ព្រះពុទ្ធ និងព្រះវិហារអដ្ឋរស្ស ត្រូវបានសាងសង់ក្នុងសម័យកណ្ដាល ប្រហែលក្នុងរជ្ជកាលព្រះបាទអង្គច័ន្ទ ឆ្នាំ១៥៤៦ ដោយប្រើថ្មប្រាសាទបុរាណសម័យអង្គរ ដែលមានរចនាបថឃ្លាំង នាសតវត្សរ៍ទី១១។ សំណង់នេះ ត្រូវបានជួសជុល និងថែរក្សាបន្តបន្ទាប់ ដោយព្រះមហាក្សត្រ និងអាជ្ញាធរខ្មែរ ក្នុងគោលបំណងថែរក្សាបេតិកភណ្ឌជាតិឱ្យនៅស្ថិតស្ថេរ៕

      ១៤ មេសា ២០២៦

    • ស្ថានទូតអាមេរិក ផលិតវីដេអូរំលឹកពីក្បាច់គុនល្បុក្កតោដើម្បីសាទរបុណ្យចូលឆ្នាំខ្មែរ

      ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផលិតវីដេអូមួយ រំលឹកពីក្បាច់គុនល្បុក្កតោដើម្បីសាទរបុណ្យចូលឆ្នាំខ្មែរ ។ វីដេអូនោះមានរយៈពេលជាង៥នាទីហើយត្រូវផ្សព្វផ្សាយតាមបណ្ដាញសង្គមបួនដែលជាកម្មសិទ្ធិរបស់ជនជាតិអាមេរិកកាំងដែលរួមមាន Facebook, YouTube, Instagram និង X។ ស្ថានទូតអាមេរិកបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ៖«សូមចូលរួមជូនពរដោយអស់ពីចិត្ត ដល់ប្រជាជនកម្ពុជាក្នុងឱកាសចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ!ក្នុងឱកាសពិធីបុណ្យដ៏សំខាន់នេះ ស្ថានទូតមានក្តីសោមនសន្សរីករាយក្នុងការបង្ហាញនូវទស្សនីយភាពវីដេអូ អបអរពិធីបុណ្យចូលឆ្នាំខ្មែរ រួមគ្នារក្សាមរតកខ្មែរ»។ សេចក្ដីប្រកាសព័ត៌មានបន្ថែមទៀតថា វីដេអូនោះជាការរំលឹកដល់ក្បាច់គុនល្បុក្កតោដែលជាការស្វែងយល់ពីសិល្បៈគុនដ៏ចំណាស់ពីបុរាណរបស់កម្ពុជា។ ក្នុងវីដេអូរយៈពេល៥នាទីនិង៣២វិនាទី ក្រុមការងារផលិតបានរៀបចំឱ្យមន្ត្រីអាមេរិកមួយក្រុម ទៅស្វែងយលពី ប្រវត្តិក្បាច់គុនខ្មែរដែលជានិមិត្តសញ្ញានៃភាពខ្លាំង ភាពអត់ធន់ និងអត្តសញ្ញាណជាតិខ្មែរ។ជនជាតិអាមេរិកម្នាក់បានដឹកនាំក្រុមការងារទៅហ្វឹកហាត់ក្បាច់គុននិងសាកសួរប្រវត្តិនៃក្បាច់គុននេះពី គ្រូគុនល្បុកក្កតោម្នាក់ដែលជាកូនប្រុសបង្កើតរបស់ព្រឹទ្ធាចារ្យក្រម៉ាមាស សាន គឹមស៊ាន។ គ្រូគុនល្បុកក្កតោនិងជាកូនប្រុសព្រឹទ្ធាចារ្យក្រម៉ាមាស លោកសាន អង្គរាជវ័ន្ត លើកឡើងក្នុងវីដេអូនោះថា ឪពុករបស់ជាអ្នកផ្ដួចផ្ដើមប្រមូលផ្ដុំចងក្រងក្បាច់គុននេះនៅក្រោយសម័យខ្មែរក្រហមដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មី។លោកបន្ថែមថា ៖«មរតកវប្បធម៌យើងមិនត្រឹមតែរក្សាទុកនោះទេ ប៉ុន្តែយើងត្រូវតែបន្តហ្វឹកហាត់និងបន្តចែកចាយ ដ៏រាបណាមនុស្សនៅតែបន្តហ្វឹកហាត់នោះមរតវប្បធម៌យើងនៅតែរស់រានមានជីវិត។គុនល្បុក្កតោយើងដកស្រង់ពីធម្មជាតិហើយក្បាច់គុនល្បុក្កតោ គឺយើងយកអំណាចនៃសត្វតោមកប្រើ»។ មន្ត្រីស្ថានទូតអាមេរិក និយាយថា ៖«ខ្ញុំយល់ថា ក្បាច់គុនល្បុក្កតោយឺតៗ ប៉ុន្តែធ្ងន់និងមានអំណាច»។ ស្ថានទូតអាមេរិកឱ្យដឹងទៀតថា ការផលិតវីដេអូនេះឡើងក៏ដើម្បីបង្ហាញពីឫសគល់វប្បធម៌ដែលចាក់យ៉ាងជ្រៅក្នុងសិល្បៈគុនមួយនេះព្រមទាំងសារៈសំខាន់នៃស្មារតីខ្មែរ។ ក្នុងវីដេអូនេះ ក៏មានការចូលរួមសម្ដែងពីអ្នកស្រី Bridgette L. Walkerភារធារីស្ថានទូតអាមេរិក និងអ្នក ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។ រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា អ្នកស្រី ភឿង សកុណា មានប្រសាសន៍ថា ប្រពៃណីអាចគង់វង្សទៅបានលុះត្រាណាតែមានការចែករំលែក។អ្នកស្រីភឿន សកុណា៖«យើងកំពុងធានាថាកូនចៅជំនាន់ក្រោយទោះបីជាពួកគេទៅដល់ទីណាក៏ដោយ ពួកគេនឹងនៅតែបន្តថែរក្សាអំណាចនិងអត្តសញ្ញាណរបស់យើងជានិរន្តន៍។ជាពិសេសនៅពេលចូលឆ្នាំថ្មីប្រៃណីជាតិនេះគឺគ្មានវិធីណាប្រសើរជាងការរំលឹកគុណរបស់បុព្វបុរសនោះទេ»។ ភារធារីស្ថានទូតអាមេរិកអ្នកស្រី Bridgette L. Walker បានជូនពរឆ្នាំថ្មីជូនដល់ប្រជាពលរដ្ឋខ្មែរនិងចែករំលែកពីសារៈសំខាន់នៃការផ្ទេរប្រពៃណីបុរាណទៅជំនាន់ក្រោយនិងការសហការបន្តរវាងអាមេរិក និងកម្ពុជា ក្នុងការអភិរក្សវប្បធម៌។ វីដេអូរបស់ស្ថានទូតអាមេរិកនេះបានទទួលការចាប់អារម្មណ៍ច្រើនគួរសមពីសំណាក់ពលរដ្ឋខ្មែរ។ក្នុងរយៈពេល២ថ្ងៃនៃការផ្សព្វផ្សាយវីដេអូនេះតាមបណ្ដាញសង្គមមានមនុស្សរាប់ម៉ឺននាក់បានចូលទស្សនា និងរាប់រយនាក់ទៀតបានបញ្ចេញមតិព្រមទាំងចែករំលែក។ ស្ថានទូតអាមេរិកបញ្ជាក់ថា វីដេអូនេះជាផ្នែកមួយគម្រោងរំលឹកពីប្រវត្តិសាស្ត្រអាមេរិកនិងកិច្ចសហការផ្នែកវប្បធម៌ជាមួយកម្ពុជា រួមមាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។ ផលិតករវីដេអូជាជនជាតិខ្មែរ ចូលរួមផលិត។ ស្ថានទូតអាមេរិក៖« សូមផ្ញើពាក្យជូនពរជាអំណរដល់ប្រជាជនកម្ពុជាសម្រាប់បុណ្យឆ្នាំខ្មែរសូមឱ្យមានសុភមង្គល សុខភាពល្អ និងសន្តិភាព»៕

      ១៣ មេសា ២០២៦

    • អ្នកឃ្លាំមើលសង្គមជំរុញរដ្ឋាភិបាលប្តឹងថៃទៅអង្គការអន្តរជាតិចំពោះការបំផ្លាញប្រាសាទព្រះវិហារ

      អ្នកឃ្លាំមើលបញ្ហាសង្គម និងអ្នកនយោបាយបក្សក្រៅរដ្ឋាភិបាល ជំរុញរដ្ឋាភិបាលប្តឹងថៃទៅកាន់អង្គការអន្តរជាតិឱ្យទទួលខុសត្រូវការចំពោះមុខច្បាប់ ករណីយោធាថៃបានបាញ់ផ្លោងគ្រាប់ធុនធ្ងន់ជាច្រើនប្រភេទមកលើប្រាសាទព្រះវិហារបណ្ដាលឱ្យរងការខូចខាតធ្ងន់ធ្ងរ។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីអគ្គនាយករងអាជ្ញាធរជាតិព្រះវិហារលោក ហែម ស៊ីណាត បាននិយាយប្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កាលពេលថ្មីៗនេះថា ប្រាសាទព្រះវិហាររបស់កម្ពុជាបានរងការខូចខាតប្រមាណ ៨០% ដោយសារយោធាថៃបានបាញ់ផ្លោងគ្រាប់ធុនធ្ងន់ជាច្រើនប្រភេទមកចំប្រាង្គប្រាសាទ ដែលបណ្តាលឱ្យប្រាង្គប្រាសាទរងការខូចខាតចំនួន ៥៦២ ទីតាំង។ អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានព្រឹត្តិការណ៍សង្គម លោកបណ្ឌិត ឈត ប៊ុនថង បង្ហាញអារម្មណ៍ក្ដុកក្ដួល និងសោកស្ដាយចំពោះការខូចខាតប្រាសាទព្រះវិហារជាសម្បត្តិវប្បធម៌ខ្មែរ និងជាមរតកខ្មែរ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ប៉ុន្តែបែរជាត្រូវរងការបំផ្លាញដោយយោធាថៃក្នុងសម័យទំនើបនេះទៅវិញ។ លោកថា ការខូចខាតនេះ គេមិនងាយជួសជុលឱ្យដូចដើមនោះឡើយ។ លោកទទូចឱ្យរដ្ឋាភិបាលប្តឹងថៃទៅកាន់ស្ថាប័នអន្តរជាតិឱ្យទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញនេះ។  លោកបណ្ឌិត ឈត ប៊ុនថង បញ្ជាក់បន្ថែមថា៖«ថៃមិនត្រូវរួចខ្លួនពីការទទួលខុសត្រូវនេះទេ កម្ពុជាត្រូវតែប្ដឹងទៅអង្គការយូណេស្កូ និងអង្គការសហប្រជាជាតិ បើមិនដូច្នេះទេថៃអាចបំផ្លាញបន្ថែមទៀតទៅលើប្រាសាទព្រះវិហារ និងប្រាសាទដទៃនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ»។ ក្រសួងវប្បធម៌ធ្លាប់បានអះអាងថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិ ប្រទេសថៃមានកាតព្វកិច្ចគោរព ការពារ និងអភិរក្ស បេតិកភណ្ឌវប្បធម៌ ហើយត្រូវចៀសវាងការប្រើប្រាស់យោធា ការវាយប្រហារ ឬការបង្កគ្រោះថ្នាក់ដល់តម្លៃលេចធ្លោជាសកលរបស់បេតិកភណ្ឌ។ ការកំណត់គោលដៅវាយប្រហារដោយចេតនា ការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ និងការរំលោភលើច្បាប់អន្តរជាតិ គឺជាឧក្រិដ្ឋកម្មសង្គ្រាម។ ក្រសួងវប្បធម៌បានចាត់ទុកសកម្មភាពឈ្លានពានរបស់ថៃ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់រចនាសម្ព័ន្ធប្រាសាទដែលជាបេតិកភណ្ឌរួមរបស់មនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីការមិនគោរពកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិពីសំណាក់ប្រទេសថៃផងដែរ។ ក្រសួងបញ្ជាក់ថា ការខូចខាតប្រាសាទព្រះវិហារ គឺជាសោកនាដកម្មផ្នែកវប្បធម៌ និងសីលធម៌ ដែលគំរាមកំហែងដល់ការខូចខាតទាំងបេតិកភណ្ឌពិភពលោក និងអត្តសញ្ញាណជាតិរបស់ប្រជាជនកម្ពុជា។ អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ លោក ហែម ស៊ីណាត បានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែមីនា ថា៖«ក្រោយពីការចុះសិក្សាស្រាវជ្រាវរបស់អ្នកជំនាញបច្ចេសទេសរបស់អាជ្ញាធរខេត្តព្រះវិហារ យើងឃើញថា ចាប់ពីថ្ងៃទី២៤ ខែកក្កដា ការវាយតម្លៃលើផលប៉ះពាល់ពីគ្រាប់ផ្លោងខាងសៀមមកលើប្រាសាទព្រះវិហារ មានចំនួន ១៤២ទីតាំង ហើយចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ យើងមកចុះសិក្សាបន្តថែមទៀត គឺមានជាង៤០០កន្លែង សរុបរួមទីតាំងខូចខាតដោយសារសង្គ្រាម២លើក គឺមានការខូចខាតចំនួន ៥៦២ទីតាំងនៅលើប្រាសាទទាំងមូលនេះ»។ លោក ហែម ស៊ីណាត បានអះអាងថា៖ «មុនផលប៉ះពាល់ គឺយើងបានរៀបចំចងក្រងទិន្នន័យឯកសារគ្រប់គ្រាន់ក្នុងការជួសជុល ក៏ប៉ុន្តែបន្ទាប់ពីផ្ទុះអាវុធ គឺពិបាកជួសជុលខ្លាំងមែនទែនរចនាសម្ព័ន្ធប្រាសាទមួយចំនួនរកកលនឹងរលំហើយ។ អ្នកជំនាញបច្ចេកទេសជួសជុលបានវាយតម្លៃថាក្នុងរដូវភ្លៀងខាងមុខនេះប្រហែលជាអាចមានកន្លែងមួយចំនួនរលំធ្លាក់»។ ពាក់ព័ន្ធនឹងបញ្ហាដដែលនេះ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា យល់ថា រដ្ឋាភិបាលគួរចាត់វិធានការក្នុងការកសាងសំណុំរឿង ឯកសារ ឬអង្គហេតុនានា ប្ដឹងថៃទៅកាន់អង្គការអន្ដរជាតិ ហើយកម្ពុជាត្រូវយកករណីនេះប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ផងដែរ។  លោក មាជ សុវណ្ណារ៉ា សង្កត់ធ្ងន់ថា៖« ខ្ញុំថាជារឿងដែលត្រូវតែធ្វើ មិនមែនគួរតែធ្វើនោះទេ ឬក៏ប្រើពេលវេលាឱ្យយឺតយ៉ាវនោះដែរ ប៉ុន្តែតាមអ្នកជំនាញ អ្នកឯកទេសរបស់រដ្ឋាភិបាលកម្ពុជាក៏ដូចជាអង្គការសហប្រជាជាតិគេមានរបៀបធ្វើការរបស់គេទៅតាមដំណាក់កាល ដូច្នេះមិនដឹងថារដ្ឋាភិបាលបានប្ដឹងហើយឬយ៉ាងណា និងគ្រោងរៀបចំបែបណា នោះជាយុទ្ធនាការរបស់រដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ»។ ជុំវិញការទទូចនេះ ប្រជាកាសែតមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ និងអគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិការ ជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៨ ខែមីនា។ ប៉ុន្តែកន្លងទៅ ក្រសួងវប្បធម៌បានធ្វើលិខិតតវ៉ាជាច្រើនប្រឆាំងនឹងយោធាថៃដែលបានបំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរនៅក្នុងសង្រ្គាមទាំងពីរលើក រួមមានប្រាសាទព្រះវិហារ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទខ្នារជាដើម៕

      ១៨ មីនា ២០២៦

ប្រជាកាសែត | PK News

ទំនាក់ទំនង

អាសយដ្ឋាន៖ អគារភ្នំពេញវីឡា (បន្ទប់៣០១) ដីឡូលេខ២៦ ផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ទូរសព្ទ៖ (+៨៥៥) ៧៨ ២២២ ៥៨៨
អ៊ីមែល៖ info@cmpokh.org

តាមដាន

  • Follow us on Facebook
  • Follow us on YouTube
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ

Copyright 2026 © ប្រជាកាសែត | PK News