ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសបើកឱ្យសាធារណជនចូលទស្សនាព្រះវិហារបុរាណ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស ដែលទើបបញ្ចប់ការជួសជុលរួច នៅលើភ្នំឧដុង្គ ឬភ្នំព្រះរាជទ្រព្យ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែមេសា។ នេះបើតាមការបង្ហោះសារលើទំព័រហ្វេសប៊ុក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
ក្រសួងឱ្យដឹងថា ក្រសួងបានរៀបចំប្រែក្លាយអតីតព្រះវិហារនេះ ទៅជាសារមន្ទីរសម្រាប់តាំងបង្ហាញវត្ថុបុរាណសំខាន់ៗមួយចំនួន ដែលបានបន្សល់ទុកពីព្រះចេតិយ និងបរិវេណអតីតរាជធានីឧដុង្គ ក្នុងគោលបំណងពង្រឹងការអភិរក្ស ថែរក្សាព្រះវិហារបុរាណ និងព្រះពុទ្ធប្រតិមា ក៏ដូចជាពង្រីកការអប់រំផ្សព្វផ្សាយអំពីសម្បត្តិបេតិកភណ្ឌជាតិ ឱ្យបានទូលំទូលាយ។
ក្រសួងបន្ថែមថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ក្រសួងសម្រេចបើកទ្វារព្រះវិហារបុរាណនេះជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ជូនសាធារណជនចូលទស្សនា និងបន្ទាប់មកបើកជាអចិន្ត្រៃយ៍ ដើម្បីឱ្យមហាជន ទេសចរ ចូលទស្សនា សិក្សាស្រាវជ្រាវ នាពេលខាងមុខ។
ក្រសួងវប្បធម៌បញ្ជាក់បន្ថែមថា៖ «ចំពោះកាលបរិច្ឆេទ នៃការបើកជូនឱ្យធារណជនចូលទស្សនា និងសិក្សាស្រាវជ្រាវ ជាអចិន្ត្រៃយ៍ ក្រសួងវប្បធម៌ នឹងជូនដំណឹងនាពេលក្រោយ បន្ទាប់ពីការងាររៀបចំដាក់តាំងទាំងអស់ត្រូវបានបញ្ចប់រួចរាល់»។
គួរជម្រាបថា ព្រះវិហារ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស ស្ថិតនៅ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាលនេះ ត្រូវបានជួសជុលអំឡុងឆ្នាំ២០១៩ និងរួចរាល់តាំងពីឆ្នាំ២០២៥កន្លងមក ក្រោមកិច្ចសហការ រវាងក្រសួងវប្បធម៌ និងសប្បុរសជននានា។
តាមការស្រាវជ្រាវបង្ហាញថា ព្រះពុទ្ធ និងព្រះវិហារអដ្ឋរស្ស ត្រូវបានសាងសង់ក្នុងសម័យកណ្ដាល ប្រហែលក្នុងរជ្ជកាលព្រះបាទអង្គច័ន្ទ ឆ្នាំ១៥៤៦ ដោយប្រើថ្មប្រាសាទបុរាណសម័យអង្គរ ដែលមានរចនាបថឃ្លាំង នាសតវត្សរ៍ទី១១។ សំណង់នេះ ត្រូវបានជួសជុល និងថែរក្សាបន្តបន្ទាប់ ដោយព្រះមហាក្សត្រ និងអាជ្ញាធរខ្មែរ ក្នុងគោលបំណងថែរក្សាបេតិកភណ្ឌជាតិឱ្យនៅស្ថិតស្ថេរ៕







