កម្ពុជាកំពុងពន្លឿនការរៀបចំបេតិកភណ្ឌវប្បធម៌នៅតំបន់អង្គរ និងការត្រៀមព្រឹត្តិការណ៍អមនានាដោយសារកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) លើកទី២០ ក្នុងខេត្តសៀមរាប នៅខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្សព្វផ្សាយនៅលើបណ្តាញសង្គម នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ថា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បានពិនិត្យការដ្ឋាននានាក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីតាមដានការងារអភិរក្ស និងត្រៀមទទួលគណៈប្រតិភូដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាពេលខាងមុខ។
ស្របពេលជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏បានផ្សព្វផ្សាយដែរថា ក្រសួងបានរៀបចំកិច្ចប្រជុំជាមួយតំណាងស្ថានទូត និងដៃគូពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូន» (Village Francophone) ដែលនឹងធ្វើឡើងអំឡុងកិច្ចប្រជុំកំពូល។
បើតាមក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាបង្ហាញវប្បធម៌ ទំនៀមទម្លាប់ ផលិតផល និងសេវាកម្មរបស់ប្រទេសសមាជិកជាង ៩០ប្រទេស ដោយសាធារណជនជាង ១០ម៉ឺននាក់ ត្រូវបានរំពឹងថានឹងចូលរួមទស្សនាក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយលោក ឯម សុវណ្ណរ៉ា យល់ថា ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាឱកាសសំខាន់សម្រាប់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងការទូត ជាពិសេសជាមួយប្រទេសបារាំង និងបណ្តាប្រទេសសមាជិកដទៃទៀត។
លោកបាននិយាយថា៖ «បើយើងរៀបចំមានទំនាក់ទំនងល្អនៅក្នុងសម្ព័ន្ធភាពរវាងទំនាក់ទំនងទ្វេភាគី កម្ពុជា-បារាំង ឬក៏បណ្តារដ្ឋជាសមាជិក ដែលសមាជិកនៃហ្វ្រង់កូហ្វូនី គឺជាកិច្ចការមួយល្អស្វែងរកការគ្រាំទ្រពីសមាជិកដទៃទៀត»។
លោក ឯម សុវណ្ណរ៉ា បានលើកឡើងថាកម្ពុជាគួរប្រើប្រាស់វេទិកាអន្តរជាតិនេះ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគី ជាពិសេស គឺស្វែងរកការគាំទ្រពីប្រទេសសមាជិកនានា ក្នុងការដោះស្រាយបញ្ហាអន្តរជាតិដែលកម្ពុជាកំពុងប្រឈម ជាពិសេសបញ្ហាយោធាថៃឈ្លានពានកម្ពុជា។ បន្ថែមពីលើនេះ លោកថា ក្នុងកំឡុងកិច្ចប្រជុំនេះ កម្ពុជាគួរលើកឡើងពីបញ្ហាដែលបេតិកភណ្ឌខ្មែរមួយចំនួនបានរងផលប៉ះពាល់ដោយសារការបំផ្លិចបំផ្លាញរបស់យោធាថៃ ដូចជាតំបន់ប្រាសាទដែលថៃកំពុងកាន់កាប់ និងប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោកជាដើម។
លោកបានមានប្រសាសន៍ថា៖ «វាជាព្រឹត្តការណ៍សំខាន់ដែលត្រូវការពង្រឹងកម្ពុជាជាមួយនិងទំនាក់ទំនងអន្តរជាតិដែលហៅពហុភាគីត្រូវការកាន់តែខ្លាំងឡើង ជាទិដ្ឋភាពបច្ចុប្បន្ន ទៅដោះស្រាយបញ្ហាជម្លោះដីកម្ពុជា-ថៃ នេះជាកិច្ចការមួយល្អមើល ឃើញថាកម្ពុជាគួរត្រៀមលក្ខណៈសម្បិត្តច្រើនដើម្បីទទួលសមាជិកហ្វ្រង់កូហ្វូនី»។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាកិច្ចប្រជុំរវាងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងនយោបាយអន្តរជាតិ សេដ្ឋកិច្ច សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ។
យោងតាមក្រសួងទេសចរណ៍ ព្រឹត្តិការណ៍អមសំខាន់ៗដែលកម្ពុជានឹងរៀបចំសម្រាប់ព្រឹត្តិការណ៍អន្តរជាតិនោះ រួមមាន «ភូមិហ្វ្រង់កូហ្វូន» (Village Francophone) និង «FrancoTech» ដែលគេរំពឹងថានឹងមានការចូលរួមពីប្រទេសសមាជិកជាង ៩០ប្រទេស និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាច្រើន៕







